ឯកអគ្គរដ្ឋទូត W.Patrick Murphy

លោក Patrick Murphy ត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតប្រចាំ​នៅប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩។ ជាមន្រ្តីអាជីពជាន់ខ្ពស់ម្នាក់​​នៅក្នុងក្រសួងការបរទេស លោកបានដឹកនាំការិយាល័យទទួល​បន្ទុកកិច្ចការតំបន់​អាស៊ីខាងកើត និងប៉ាស៊ីហ្វិក របស់ក្រសួងការបរទេស​សហរដ្ឋអាមេរិក ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ជាមន្រ្តីជាន់ខ្ពស់ប្រចាំ​នៅការិយាល័យ​ (ឧបការីររដ្ឋមន្រ្តីស្តីទី​)។ លោកបានធ្វើជាឧបការីរងរដ្ឋមន្រ្តី​ក្រសួងការបរទេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ​២០១៨។

លោកឯកអគ្គរដ្ឋទូត Murphy បានធ្វើជាអនុប្រធានបេសកកម្មទូត និងជាភារធារីប្រចាំ​នៅព្រះរាជាណាចក្រថៃ (២០១៣ – ២០១៦)​ និងនៅប្រទេស Lesotho (២០០៦ – ២០០៨)។

តាំងពីចូលបម្រើការងារកិច្ចការបរទេស នៅឆ្នាំ១៩៩២ មក លោកធ្លាប់បានបំពេញ​ការងារ​នៅប្រទេសមីយ៉ាន់ម៉ា ចិន អ៊ីរ៉ាក់ ហ្គីណេ និងប្រទេសម៉ាលី។ ការងាររបស់លោកកន្លងមក ក្នុងក្រសួងការបរទេស នៅរដ្ឋធានី Washington មានដូចជាការធ្វើជាតំណាងពិសេស​​សម្រាប់ប្រទេសមីយ៉ាន់ម៉ា (ស្តីទី) នាយកនិងនាយករង​នៃការិយាល័យទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ដីគោក ជាទីប្រឹក្សានយោបាយ​នៃក្រុមការងារសម្រាប់ប្រទេសហៃទី និងជាមន្រ្តីទទួលបន្ទុកការងារប្រចាំប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ។

លោកឯកអគ្គរដ្ឋទូត Murphy ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារភីសខ័រ (Peace Corps) នៅប្រទេសកាមេរូន។ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងសញ្ញាប័ត្រអនុបណ្ឌិតមួយទៀត​ពីមហាវិទ្យាល័យ National War ដោយបាននិទ្ទេសឆ្នើម ហើយបានទទួលបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Vermont ។  ក្រៅពីនេះ លោកបានសិក្សា​នៅវិទ្យាស្ថាន Institut Européen des Hautes Études Internationales  ក្នុងទីក្រុង Nice នៃប្រទេសបារាំង។

មុនពេលចូលបម្រើការ​ផ្នែកកិច្ចការបរទេស លោកឯកអគ្គរដ្ឋទូត Murphy បានធ្វើជាអ្នកជំនាញធនធានសេដ្ឋកិច្ច​ ឲ្យអង្គការមូលនិធិសត្វព្រៃពិភពលោក និងជាអ្នកវិភាគគោលនយោបាយឲ្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍​បរទេស។ លោកចេះភាសាបារាំង ភូមា ចិន និង អេស្ប៉ាញ។ លោក និងភរិយាឈ្មោះ Kathleen មានកូនប្រុសម្នាក់ និងកូនស្រី ២ នាក់។