ក្រុម​​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត (AYC)

ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត (AYC) ត្រូវ​បាន​បង្កើត​ឡើង នៅ​ខែ​តុលា ឆ្នាំ​២០១២ ដើម្បី​ជ្រោមជ្រែង ដល់​អ្នក​ដឹកនាំ​វ័យ​ក្មេង នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើការ​ទំនាក់ទំនង​ជាមួយ​យុវជន​យុវនារី លើ​ប្រធានបទ ដែល​ពួកគេ​ចាប់​អារម្មណ៍ និង​ដើម្បី​ទទួល​បាន​គំនិត​របស់​ពួកគេ អំពី​កម្មវិធី​របស់​ស្ថានទូត​អាមេរិក និង​គោលនយោបាយ​សហរដ្ឋ​អាមេរិក នៅ​កម្ពុជា​។

ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត ជួប​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​ជា​រៀងរាល់​ខែ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ ដែល​ទាក់ទង​នឹង​យុវជន និង​សង្គម​ទាំង​មូល​។ ក្រៅ​ពី​ប្រឹក្សា​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត សមាជិក AYC ក៏​មាន​រៀបចំ​កម្មវិធី និង​សកម្មភាព​ផ្សេង​ៗ ក្នុង​គោលបំណង​លើក​កំពស់​ការ​យល់​ដឹង អំពី​បញ្ហា​សង្គម និង​ដើម្បី​អភិវឌ្ឍ​សមត្ថភាព របស់​ប្រជាជន​វ័យ​ក្មេង និង​ដើម្បី​ជួយ​អោយ​គេ​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​។

ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត គឺ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម ជា​សកល ក្នុង​ស្ថានទូត​អាមេរិក​នានា នៅ​លើ​ពិភពលោក ដោយ​បច្ចុប្បន្ន​មាន​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត ចំនួន​៦៥ ដែល​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​យុវជន​យុវនារី អោយ​សហការ​គ្នា ដើម្បី​បង្កើត​ការ​ផ្លាស់ប្តូរ​ល្អ ដល់​សង្គម​របស់​ពួកគេ​។