លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិអាមេរិកចំនួន ៧១ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១១ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា នៅក្នុងពិធីពិសេសមួយ នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ៩:០០ ព្រឹក។ ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ប្រព្រឹត្តទៅចំពេលជាមួយនឹងការប្រារព្ធខួបលើកទី ១១ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ អ្នកស្ម័គ្រចិត្តចំនួន ២ នាក់នៃទីភ្នាក់ងារ Peace Corps នឹងចាំឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅក្រោយពិធីស្បថ។
បន្ទាប់ពីរយៈពេល ២ ខែនៃការរៀនភាសា ការរៀនសូត្រពីបច្ចេកទេស និងវប្បធម៌ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅតាមភូមិនិងសហគមន៍ជន បទ ដោយគេធ្វើការនៅទីនោះរយៈពេល ២ ឆ្នាំ។ ការរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះជួយអោយអ្នកស្ម័គ្រចិត្តសំរបខ្លួនទៅក្នុងសហគមន៍ រៀនពីវប្បធម៌ ប្រពៃណីរបស់អ្នកស្រុក និងរៀននិយាយភាសា ខ្មែរ។
គិតតាំងពីឆ្នាំ ២០០៦ មក មានអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ចំនួនជាង ៥០០ នាក់ហើយដែលបានមកធ្វើការនៅប្រទេសកម្ពុជា ដោយពួកគេបានបង្រៀនភាសាអង់គ្លេស និង បណ្តុះបណ្តាលគ្រូ និងធ្វើការអប់រំសុខភាពតាមសហគមន៍។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ ដើម្បីជំរុញសន្តិភាព និងមិត្តភាពក្នុងពិភពលោក ។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី នៅក្នុងប្រទេសដែលមានការពាក់ព័ន្ធ និងលើកកំពស់ការយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ។
អ្នកសារព័ត៌មានអាចចូលរួមយកព័ត៌មាននៅក្នុងពិធីស្បថនេះ។ ពួកគេគួរទៅដល់ត្រឹមម៉ោង ៨:៣០ ព្រឹក។