លោក William A. Heidt ដែលមានអាជីពជាអ្នកធ្វើការក្នុងកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក ក្នុងឋានៈជាអនុប្រធានទូត ពេលនេះកំពុងបំពេញការងារជាជំនួយការប្រតិបត្តិរបស់ឧបការីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកកាន់តំណែងនេះតាំងពីឆ្នាំ ២០១២ មក។ លោក Heidt បានធ្វើជាអនុប្រធានទូតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងវ៉ាសូវី នៃប្រទេសប៉ូឡូញ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ ជាទីប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងបេសកកម្មរបស់ សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុង New York ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ ជាទីប្រឹក្សាសេដ្ឋកិច្ចនៅ ក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Jakarta នៃប្រទេសឥណ្តូនេស៊ី ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ និងជាជំនួយការពិសេសនៅក្នុងការិយាល័យរបស់ឧបការីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកកិច្ចការកសិកម្ម ធុរកិច្ច និងសេដ្ឋកិច្ច ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៤។ មុននឹងចូលកាន់តំណែងនេះ លោកបានធ្វើជាមន្រ្តីផ្នែកអភិវឌ្ឍន៍ និងហិរញ្ញវត្ថុ នៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Jakarta ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៣ និងជាមន្រ្តីផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩។ ការងារពីមុនៗមករបស់លោកក្នុងក្រសួងការបរទេសរួមមានការងារជាមន្រ្តីផ្នែកសេដ្ឋកិច្ចក្នុង ការិយាល័យកិច្ចការសេដ្ឋកិច្ច និងធុរកិច្ច មន្រ្តីផ្នែកសេដ្ឋកិច្ចក្នុងការិយាល័យកិច្ចការប្រទេសកូរេ មន្រ្តីផ្នែកសេដ្ឋកិច្ច ក្នុងការិយាល័យកិច្ចការពាណិជ្ជកម្មទ្វេភាគី និងជាមន្រ្តីកុងស៊ុលនៅក្នុងផ្នែកកុងស៊ុលរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុង Poznan នៃប្រទេសប៉ូឡូញ។ លោក Heidt បានទទួលសញ្ញាប័ត្របរិញ្ញាពីសាកលវិទ្យាល័យ Pennsylvania State University និងសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ The George Washington University ។
