ក្នុងនាមជាអ្នកឧបត្ថម្ភដល់គំរោងវណ្ណ ម៉ូលីវណ្ណ៖ ការសិក្សានៅរដូវក្តៅ ឆ្នាំ២០១៥ ដែលជាគំរោងស្រាវជ្រាវនិងស្ថាបត្យកម្ម មានរយៈពេល ៣ ខែ និងមានបំណងសិក្សា និងអភិរក្សស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករខ្មែរម្នាក់មានឈ្មោះល្បីល្បាញក្នុងពិភពលោក ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ មានសេចក្តីរីករាយសូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា វេលាម៉ោង ៤ រសៀល នៅ Sa Sa Bassac អាគារលេខ ១៨២E មហាវិថីសុធារស។ សន្និសីទសារព័ត៌មាននេះមានការចូលរួមរបស់ស្ថានទូតអាមេរិក Sa Sa Bassac មជ្ឈមណ្ឌលខេមរសិក្សា និងគំរោងវណ្ណ ម៉ូលីវណ្ណ ព្រមទាំងតំណាងរបស់គ្រួសារលោកវណ្ណ ម៉ូលីវណ្ណ ផងដែរ។
ស្ថានទូតអាមេរិកផ្តល់អំណោយថវិកា ដល់គំរោង វណ្ណម៉ូលីវណ្ណ ដើម្បីគាំទ្រកម្មវិធីផ្លាស់ប្តូរគ្នា របស់និស្សិតស្ថាបត្យកម្មអាមេរិកចំនួន ៣ រូប របស់សាលាគូរប្លង់ដ៏ល្បី (Parson School of Design) នៅ New York ដែលមកធ្វើការជាមួយសមភាគីកម្ពុជា។ ពិធីជាសាធារណៈនឹងមានជាបន្តបន្ទាប់ នៅក្នុងខែមិថុនា កក្កដា និងខែសីហា។
គំរោងវណ្ណ ម៉ូលីវណ្ណត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដោយស្ថាបត្យករជនជាតិកាណាដាឈ្មោះ Bill Greaves ដើម្បីធ្វើការសិក្សា គូរ ចងក្រងឯកសារ រៀបចំបណ្ណាសារ បោះពុម្ភ និងបង្កើនការយល់ដឹងទៅលើអាគារពិសេសៗ ដែលនៅពេលនេះ រងការគំរាមកំហែងពីការពុកផុយ និងការអភិវឌ្ឍន៍ក្នុងការសាងសង់។ គំរោងវណ្ណ ម៉ូលីវណ្ណ៖ ការសិក្សានៅរដូវក្តៅ ឆ្នាំ២០១៥ ដឹកនាំដោយប៉ែន សេរីបញ្ញា ដែលជាស្ថាបត្យករ និងជាអ្នកស្រាវជ្រាវតំបន់ក្រុង។
ដោយបានកើតនៅឆ្នាំ១៩៣៣ ហើយសព្វថ្ងៃនេះ កំពុងរស់នៅក្នុងខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា នៅក្នុងទសវត្សឆ្នាំ ១៩៥០ និងទសវត្សឆ្នាំ ១៩៦០។ ស្នាដៃរបស់លោកមានអាគារសំខាន់ៗបំផុតក្នុងពិភពលោក នៅក្រោយសម័យអាណានិគម ហើយមានសារៈសំខាន់ណាស់សំរាប់ជាបេតិកភណ្ឌផ្នែកស្ថាបត្យកម្មទំនើបរបស់ប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថា ជាស្ថាបត្យកម្មថ្មីរបស់ខ្មែរ៕