សេចក្តីថ្លែងការណ៍របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតនៅកម្ពុជា

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

សហរដ្ឋអាមេរិកមានការរំខានចិត្ត ​ដោយការបោះឆ្នោតជាតិ​នៅកម្ពុជា នៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ គ្មានភាពសេរី និងយុត្តិធម៌។

នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតី​នៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិ​ របស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះមិនអាចធ្វើឲ្យប្រជាជនកម្ពុជាមានសម្លេង និងជម្រើស ក្នុងការកំណត់អនាគត​នៃប្រទេសរបស់គេបាន។

ជាការឆ្លើយតបនឹងទង្វើទាំង​នេះ សហរដ្ឋអាមេរិក ​បានធ្វើការរឹតត្បិត​លើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងធ្វើការផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន។

ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងប្រទេស បង្កើតរដ្ឋាភិបាលថ្មី អាជ្ញាធរ មានឱកាសកែលម្អកិត្តិនាមជាអន្តរជាតិរបស់ប្រទេសកម្ពុជា ដូចជាស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលមានលក្ខណៈនយោបាយ កែប្រែការដាក់ទោសដោយតុលាការទៅលើអ្នករិះគន់   រដ្ឋាភិបាល ហើយអនុញ្ញាតឲ្យផ្នែកសារព័ត៌មានឯករាជ្យបើកដំណើរការឡើងវិញ ដោយគ្មានការជ្រៀតជ្រែក។

សហរដ្ឋអាមេរិក​រីករាយនឹងបន្តភាពជាដៃគូ ជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្របំណងប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពច្រើនឡើង ដែល​ក្នុង​នោះ សម្លេងទាំងអស់ត្រូវបានគេស្តាប់។