សេចក្តីថ្លែងការណ៍របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីទង្វើដែលគ្មានលក្ខណៈប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតនៅកម្ពុជា

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣

សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ដោយអាជ្ញាធរកម្ពុជាធ្វើការហាមប្រាមគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេ​នៅព្រះរាជាណាចក្រកម្ពុជា មិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០២៣។

បណ្តឹងបែបប្រឌិត ការគំរាមកំហែង ការយាយី និងបទចោទប្រកាន់ព្រហ្មទណ្ឌ ដែលមានលក្ខណៈនយោបាយ ប្រឆាំងនឹងគណបក្សប្រឆាំង សារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិល បំផ្លាញការប្តេជ្ញាចិត្តដែលធ្វើជាមួយអន្តរជាតិ របស់ប្រទេសកម្ពុជា ក្នុងការចម្រើនទៅជាប្រទេសប្រជាធិបតេយ្យ ពហុបក្ស។

ក្នុងស្ថាន​ភាពបែប​នេះ សហរដ្ឋអាមេរិក មិនមានគម្រោងបញ្ជូនមន្រ្តីមកសង្កេតការណ៍ការបោះឆ្នោត​នៅខែកក្កដា​នេះទេ ដែលជាផ្នែក​មួយ​នៃដំណើរការបោះឆ្នោត ដែលអ្នកជំនាញឯករាជ្យកម្ពុជា និងអ្នកជំនាញអន្តរជាតិជាច្រើន វាយតម្លៃថា គ្មានភាពសេរី និងយុត្តិធម៌។ យើងសូមអំពាវនាវយ៉ាងខ្លាំង ឲ្យអាជ្ញាធរកម្ពុជាធ្វើការកែប្រែ ដើម្បីឲ្យពលរដ្ឋរបស់គេអាចចូលរួម​ក្នុងលទ្ធិប្រជាធិបតេយ្យពហុបក្ស និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា ហើយអាចអនុវត្តសិទ្ធិ​របស់គេ​ដោយសេរី ដែលរួមមានផងដែរ នូវសិទ្ធិក្នុងការចងក្រងជាក្រុម សមាគម សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នា​ដោយសន្តិវិធី និងសិទ្ធិក្នុងការបញ្ចេញមតិ​ដោយគ្មានការភ័យខ្លាចការសងសឹក។