សេចក្តី​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ស្តីពី​ទិវា​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា

តាង​នាម​អោយ​លោក​ប្រធានាធិបតី Obama និង​ប្រជាជន​អាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សរសើរ​ចំពោះ​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​ដែល​ពួកគេ​អបអរ​ខួប​ឯករាជ្យ ៩ វិច្ឆិកា លើក​ទី ៦២ នៃ​ប្រទេស​របស់​គេ ។

សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​មាន​ភាព​ជា​ដៃគូ​ដ៏​រស់​រវើក​និង​រឹង​មាំ​មួយ ដែល​ត្រូវ​បាន​ពង្រឹង​ដោយ​ការ​ប្តេជ្ញាចិត្ត​ទៅ​វិញ​ទៅ​មក​របស់​យើង ក្នុង​ការ​ធ្វើ​អោយ​មាន​សន្តិភាព វិបុលភាព និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​។ នៅ​សហរដ្ឋ​អាមេរិក យើង​មាន​មោទនភាព​ចំពោះ​ចំណង​ទាក់ទង​រឹងមាំ​របស់​យើង​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​ជាមួយ​ប្រទេស​កម្ពុជា​។ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​គោលដៅ​សំខាន់​ជាង​គេ​សំរាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​បរទេស ហើយ​មាន​ជនជាតិ​អាមេរិក​រាប់​ម៉ឺន​នាក់​មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​មើល​ភាព​អស្ចារ្យ​ជា​ពិសេស​ផ្នែក​ធម្មជាតិ និង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​។

សហរដ្ឋ​អាមេរិក​ក៏​អបអរ​ផង​ដែរ​ចំពោះ​សហគមន៍​ដ៏​រស់រវើក​នៃ​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ ដែល​កំពុង​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​វប្បធម៌ និង​ការ​អភិវឌ្ឍន៍​នៃ​សហរដ្ឋ​អាមេរិក និង​ទឹក​ដី​កំណើត​របស់​គេ​។

ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​នៅជុំវិញ​ពិភពលោក អោយ​ជួប​ប្រទះតែ​នឹង​សន្តិភាព និង​វិបុលភាព ក្នុង​ឆ្នាំ​ខាង​មុខ​នេះ​។