ក្រុមហ៊ុនស្ថាប័នហិរញ្ញវត្ថុនិងអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យថាមពលស្អាតរបស់ប្រទេសកម្ពុជា បានជួបប្រជុំគ្នានៅថ្ងៃនេះ ដើម្បីពន្លឿនការវិនិយោគលើថាមពលស្អាត ហើយផ្លាស់ប្តូរការយល់ដឹងស្តីពីនិន្នាការថ្មីៗក្នុងឧស្សាហកម្មផ្នែកថាមពលស្អាត ពិសេសថាមពលព្រះអាទិត្យ។
ដោយមានការជួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បណ្តាញពិគ្រោះយោបល់ឯកជនស្តីពីហិរញ្ញប្បទាន (PFAN-Asia) និងវិទ្យាស្ថាន Enrich Institute បានធ្វើកោះប្រជុំមនុស្សចំនួនជាង ៦០ នាក់ ដែលជាមន្រ្តីរដ្ឋាភិបាល តំណាងវិស័យឯកជន តំណាងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល នៅកម្ពុជា ដើម្បីស្វែងយល់ពីវិធីជំរុញការវិនិយោគលើថាមពលស្អាត និងចងក្រងជាបណ្តាញក្នុងចំណោមអ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មនេះ។
នៅក្នុងវេទិកា Enrich Forum ស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ក្រោមប្រធានបទ “ប្រើប្រាស់ថាមពលស្អាត ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព” នៅរាជធានីភ្នំពេញ អ្នកចូលរួមបានដឹងពីនិន្នាការថ្មីៗ និងជំរើសនានា នៅក្នុងទីផ្សាថាមពលស្អាតរបស់ប្រទេសកម្ពុជា ហើយបានផ្លាស់ប្តូរយោបល់លើយុទ្ធសាស្រ្តស្តីពីវិធីបង្កើនឱកាសវិនិយោគសំរាប់អ្នកអភិវឌ្ឍនៅក្នុងស្រុក។
លោកស្រីភារធារីនៃស្ថានទូតអាមេរិក Julie Chung បានមានប្រសាសន៍ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិករីករាយ ដោយខ្លួនអាចផ្តល់ជំនួយដល់សហគ្រិន និងអ្នកវិនិយោគនៅកម្ពុជា តាមរយៈកម្មវិធី PFAN-Asia ដែលត្រូវបានឧបត្ថម្ភថវិកាដោយទីភ្នាក់ងារ USAID ។ យើងសង្ឃឹមថា ការវិនិយោគទុនច្រើនថែមទៀតទៅលើថាមពលស្អាតផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាជាច្រើន ហើយជួយការពារបរិស្ថានរបស់យើង”។
ផែនការអភិវឌ្ឍថាមពលរបស់ប្រទេសនៅតំបន់មេគង្គក្រោម កន្លងមក ផ្អែកលើការបង្កើតថាមពលតាមលក្ខណៈធម្មតា ដោយមិនបានគិតគូរអោយបានពេញលេញពីសក្តានុពលនៃថាមពលដែលប្រើហើយអាចយកមកប្រើឡើងវិញបាន និងប្រសិទ្ធភាពនៃថាមពលទេ។
ថាមពលដែលប្រើហើយអាចយកមកប្រើឡើងវិញបាន និងប្រសិទ្ធភាពនៃថាមពលអាចធ្វើអោយគេមានថាមពលប្រើប្រាស់បានគត់មុត ពង្រឹងសន្តិសុខផ្នែកថាមពល កែលំអគុណភាពបរិយាកាស និងកាត់បន្ថយការចំណាយផ្នែកសុខភាព។ ថាមពលស្អាតថែមទាំងជំរុញកំណើនលូតលាស់ផ្នែកសេដ្ឋកិច្ច កាត់បន្ថយជំលោះជាអន្តរជាតិ ជំរុញសន្តិសុខស្បៀង និងជីវសាស្រ្តចំរុះ ហើយអាចកាត់បន្ថយការចំណាយដោយផ្ទាល់លើថាមពល។
ពិធីនេះគឺជាផ្នែកមួយនៃការខិតខំរបស់កម្មវិធី USAID PFAN-Asia ដើម្បីលើកកំពស់ការយល់ដឹងលើការអភិវឌ្ឍថាមពលស្អាត នៅកម្ពុជា ព្រមទាំងស្វែងយល់ពីជំរើសក្នុងការធ្វើហិរញ្ញប្បទានសំរាប់គំរោងថាមពលស្អាត ហើយផ្តល់ឱកាសសំរាប់ធ្វើការចងក្រងគ្នាជាបណ្តាញ សំរាប់អ្នករៀបចំគំរោងថាមពលស្អាត និងអ្នកផ្តល់ថវិកាសំរាប់គំរោងទាំងនេះ។
បណ្តាញពិគ្រោះយោបល់ឯកជនស្តីពីហិរញ្ញប្បទានសំរាប់តំបន់អាស៊ី (PFAN-Asia) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារ USAID គឺជាកម្មវិធីថ្នាក់តំបន់ដែលមានរយៈពេល ៥ ឆ្នាំ ដើម្បីគៀងគរការវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លាអាមេរិកទៅលើគំរោងបង្កើតថាមពលដែលគេអាចយកមកប្រើឡើងវិញបាន កម្មវិធីប្រសិទ្ធភាពថាមពល និងគំរោងដឹកជញ្ជូនស្អាត ដើម្បីជៀសវាងឬកាត់បន្ថយការបញ្ចេញជាតិពុលទៅក្នុងបរិយាកាស ដែលមានបរិមាណយ៉ាងហោចណាស់ស្មើនឹង ៤០ លានតោននៃកាបោនឌីអុកស៊ីដ។
វិទ្យាស្ថាន Enrich Institute គឺជាអង្គការឯករាជ្យមួយ មានមូលដ្ឋាននៅរាជធានីភ្នំពេញ ដែលធ្វើការដើម្បីជំរុញការចូលរួមរបស់ពលរដ្ឋដែលមានភាពសកម្ម តាមរយៈការកសាងសមត្ថភាព ការស្រាវជ្រាវ និងការពិភាក្សាលើគោលនយោបាយក្នុងចំណោមអ្នកពាក់ព័ន្ធជាច្រើន ដើម្បីរួមចំណែកដល់ការកែលំអបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។
ចំពោះព័ត៌មានបន្ថែម សូមទាក់ទង៖
- Pheakdey Heng,
Founder and Chairman of Enrich Institute,
hengpheakdey@yahoo.com - Wadee Deeprawat,
Communications Manager, USAID Private Financing Advisory Network-Asia Program
wdeeprawat@deloitte.com - Visit Enrich Institute’s website