សុន្ទរកថា​របស់ លោក Russel ឧបការី​​ក្រសួង​​ការ​បរទេស​ អំពី “​អាទិភាព និង​ការ​បង្វែរ​ការ​យក​ចិត្តទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​មក​អាស៊ី”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
រាជធានី​ភ្នំពេញ
ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៥

សូម​ជំរាបសួ​! សូម​អរគុណ​ព្រះអង្គ​ម្ចាស់ នរោត្តម​សេរីវុឌ្ឍ ប្រធាន​វិទ្យាស្ថាន CICP ចំពោះ​ការ​ណែនាំ​ដ៏​ល្អ​។ សូម​ទទួល​ពរ​ឆ្នាំ​ថ្មី​របស់​ខ្ញុំ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដោយ​បាន​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ហើយ​មក​រួម​ជាមួយ​វិទ្យាស្ថាន CICP ដែល​ជា​អង្គការ​ដ៏ល្អ​មួយ​ដែល អស់​រយៈពេល ២០ ឆ្នាំ​​ហើយ បាន​ធ្វើ​អោយ​រដ្ឋាភិបាល និង​សាធារណជន មាន​ការ​យល់​ដឹង​ពី​បញ្ហា​នយោបាយ​សំខាន់​ៗ​។ ក្រុម​អ្នក​ជំនាញ​ដែល​ផ្តល់​ប្រឹក្សា ដូចជា​វិទ្យាស្ថាន​នេះ រួម​ជាមួយ​នឹង​សង្គម​ស៊ីវិល មាន​សារៈសំខាន់​ណាស់ នៅ​សហរដ្ឋ​អាមេរិក សូម្បី​តែ​​គេ​ធ្វើការ​រិះគន់​ក៏​ដោយ​។ ដូច្នេះ សហរដ្ឋ​អាមេរិក​គាំទ្រ​ស្ថាប័ន​បែប​នេះ នៅ​កម្ពុជា និង​នៅ​គ្រប់​កន្លែង​។

យើង​គូស​បញ្ជាក់​ចំណុច​នេះ និង​ព្រឹត្តិការណ៍​ដទៃ​ទៀត នៅ​ថ្ងៃ​នេះ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ សំរាប់​ធ្វើការ​ទាក់ទង​ជាមួយ​គ្នា​។ សូម​តាមដាន​ព័ត៌មាន​អំពីយើង​តាម Twitter ដែល​មាន​អាសយដ្ឋាន @USAsiaPacific ។ ខ្ញុំ​ដឹង​ថា ក្រុម​បុគ្គលិក​របស់​យើង​នៅ​ក្នុង​ស្ថានទូត​បាន​មាន​ការ​ទាក់ទង​ជាមួយ​លោក​អ្នក​ហើយ​។ យើង​មាន​ក្រុម​បុគ្គលិក​ដ៏​ល្អ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត Todd ។ លក្ខណៈ​នៃ​ក្រុម​បុគ្គលិក​របស់​យើង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។ កាល​ពី​២​ឆ្នាំ​មុន ខ្ញុំ​បាន​មក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អម​ដំណើរ​លោក​ប្រធានាធិបតី Obama ។ លោក​បាន​សំរេច​ចិត្ត​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធានាធិបតី​កំពុង​កាន់​អំណាច​របស់​សហរដ្ឋ​អាមេរិក ដោយសារ​ហេតុផល​ជា​ច្រើន​។

ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​រួម​ច្រើន​។ សុភាសិត​ខ្មែរ​មួយ​ថា “​យល់​ដឹង​តាមរយៈ​ការ​សិក្សា ទទួល​បាន​ជោគជ័យ​តាមរយៈ​ការ​ខិតខំ​” ក៏​ប្រាប់​ពី​ឥរិយាបទ​របស់​ប្រទេស​អាមេរិក​ផង​ដែរ​។ យុវជន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ជឿ​ថា គេ​មាន​ឥទ្ធិពល​ទៅ​លើ​ប្រទេស​របស់​គេ ហើយ​គេ​ប្រែ​ក្លាយ​ជំនឿ​ទាំង​នេះ​អោយ​ទៅ​ជា​សកម្មភាព​។ យើង​មាន​ការ​គោរព​ដូចគ្នា​ចំពោះ​បេតិកភណ្ឌ​វប្បធម៌ និង​អារ្យធម៌​បូរាណ​របស់​ប្រទេស​កម្ពុជា​។ កាល​ពី​ឆ្នាំ​ទៅ យើង​ឃើញ​គំរូ​មួយ​នៃ​លក្ខណៈ​នេះ ដោយ​សហរដ្ឋ​អាមេរិក​បាន​ជួយ​សំរួល​ដល់​ការ​បញ្ជូន​ត្រឡប់​វិញ​នូវ​បដិមាករ​បូរាណ​សម័យ​មុន​អង្គរ ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ រាប់​ទសវត្ស​មុន ហើយ​យើង​មាន​ការ​ទាក់ទង​គ្នា​រឹងមាំ តាមរយៈ​សហគមន៍​ខ្មែរ​អាមេរិក ដែល​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​មិត្តភក្តិ នៅ​កម្ពុជា​។

ទំនាក់ទំនង​នេះ​ គឺ​ជា​ហេតុផល​សំខាន់​មួយ​ ដែល​សហរដ្ឋ​អាមេរិក​មាន​ការ​គាំទ្រ​ចំពោះ​ប្រជាជន​កម្ពុជា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១ ពាន់​លាន​ដុល្លា​អាមេរិក សំរាប់​ប្រជាជន​កម្ពុជា តាំង​ពី​ដើម​ទសវត្សឆ្នាំ ១៩៩០ មក​។ ការ​ទាក់ទង​របស់​យើង​មាន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត តាំង​ពី​លោក​ប្រធានាធិបតី Obama បាន​ចាប់ផើ្តម​គោលនយោបាយ​បំបែរ​ការ​យក​ចិត្ត​ទុក​ដាក់​មក​ទ្វីប​អាស៊ី កាល​ពី​ឆ្នាំ​២០០៩​។ ក្រោយ​ពី​ស្តាប់​ប្រជាជន​កម្ពុជា​អំពី​សេចក្តី​ត្រូវការ​របស់​គេ យើង​បាន​ធ្វើការ​ចំណាយ​លើ​វិស័យ​ជា​ច្រើន​។

យើង​កំពុង​តែ​ធ្វើការ​ចំណាយ​ច្រើន​លើ​ធនធាន​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា គឺ​ប្រជាជន​កម្ពុជា តាមរយៈ​កម្មវិធី​នានា ដូចជា​កម្មវិធី​ស្តីពី​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​ជំងឺ​គ្រុនចាញ់ និង​សុខភាព​សាកល PEPFAR ដែល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។ ការ​ឆ្លើយ​តប​រួម​គ្នា​របស់​យើង​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​បាត់ដំបង​គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​កិច្ចសហការ​ផ្នែក​សុខភាព​សាធារណៈ ក្នុង​ការ​ផ្តល់​ការ​ព្យាបាល និង​ការ​ថែទាំ​ដល់​អ្នក​មាន​តំរូវការ​។ យើង​បាន​ជួយ​ក្នុង​វិស័យ​អប់រំ​តាមរយៈ​គំរោង​កែ​លំអ​ការ​អប់រំ​ជា​មូលដ្ឋាន​នៅ​កម្ពុជា (IBEC)។ យើង​ជួយ​ដល់​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង តាមរយៈ​កម្មវិធី Feed the Future ដែល​ជា​កម្មវិធី​ថ្មី​មួយ ដែល​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​កសិករ​តូច​តាច ដោយ​ផ្តល់​ដល់​កសិករ​ទាំង​នេះ​ចំនួន ៧២ ០០០ នាក់​នូវ​បច្ចេកទេស​ថ្មី​ៗ​ដែល​ជួយ​គេ​អោយ​ផលិត​បាន​ច្រើន ហើយ​យក​ផល​ដំណាំ​របស់​គេ​ទៅ​លក់​។

យើង​គាំទ្រ​ការ​អភិរក្ស​បរិស្ថាន និង​អគ្គិសនី​ស្អាត កសិកម្ម​ដែល​ធានា​និរន្តភាព និង​អ្វី​ច្រើន​ទៀត តាមរយៈ​កម្មវិធី​នៃ​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម (Lower Mekong Initiative) ដែល​ជា​កម្មវិធី​ធំ​មួយ​ដែល​មាន​ការ​ចូលរួម​ផង​ដែរ​នៃ​ប្រទេស​ឡាវ ភូមា ថៃ និង​វៀតណាម។ ដោយ​មើល​ជា​រួម​ទៅ​លើ​បញ្ហា​នានា​នៅ​ក្នុង​ប្រទេស​ទាំង ៥ គំរោង​នេះ​ជួយ​កម្ពុជា និង​ប្រទេស​ជិត​ខាង​ខ្លួន​ក្នុង​ការ​ធ្វើ​ផែនការ និង​ធ្វើការ​ជាមួយ​គ្នា​។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អោយ​ប្រទេស​​កម្ពុជា​ធ្វើ​​ខ្លួន​ជា​ដៃគូ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​នៃ​ទឹក​ទន្លេ ដើម្បី​ជា​ប្រយោជន៍​សំរាប់​ទាំងអស់​គ្នា​។

យើង​គាំទ្រ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ពីព្រោះ​ថា ថ្វី​ត្បិត​តែ​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក​មាន​ការ​កើន​ឡើង​ចំនួន ៨០​% នៅ​ក្នុង​ទសវត្ស​កន្លង​ទៅ​នេះ​ក្តី តែ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​របស់​អាមេរិក​នៅ​មាន​កំរិត​ទាប​នៅ​ឡើយ​។ គំរោង​ពង្រីក​ការ​វិនិយោគ​ចំនួន ១០០ លាន​ដុល្លា​អាមេរិក​ថែម​ទៀត​របស់​ក្រុមហ៊ុន Coca-Cola គ្រាន់តែ​ជា​ឧទាហរណ៍​ចុង​ក្រោយ​មួយ​តែ​ប៉ុណ្ណោះ​។ ការ​នេះ​បញ្ជាក់​អោយ​ឃើញ​ថា សហរដ្ឋ​អាមេរិក​មិន​គ្រាន់តែ​ជា​ទីផ្សា​នាំ​ចេញ​ដ៏​ធំ​ជាង​គេ​តែ​មួយ​របស់​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​យើង​ថែម​ទាំង​ជា​ប្រភព​ធំ​មួយ​នៃ​ការ​វិនិយោគ​ឯកជន​ផង​ដែរ​។

អ្វី​ដែល​សំខាន់​នោះ​មិន​គ្រាន់តែ​ជា​បរិមាណ​នៃ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​តែ​ប៉ុណ្ណោះ​ទេ តែ​គុណភាព​ក៏​សំខាន់​ដែរ​។ ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​អាមេរិក​មាន​ន័យ​ថា អ្នក​ធ្វើការ​កម្ពុជា​ទទួល​បាន​ការ​បណ្តុះបណ្តាល និង​ជំនាញ​បន្ថែម បទដ្ឋាន​ការងារ និង​បរិយាស​ការងារ​ល្អ​ដែល​ពង្រឹង​កំណើន​លូតលាស់ ហើយ​កែ​លំអ​ជីវិត​រស់នៅ​របស់​ប្រជាជន​សាមញ្ញ​។ ឧទាហរណ៍ តាមរយៈ​កម្មវិធី​ស្តីពី​រោងចក្រ​ល្អ​នៅ​កម្ពុជា ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក និង​មជ្ឈមណ្ឌល AFL-CIO Solidarity Center យើង​កែ​លំអ​បរិយាកាស​ការងារ​របស់​កម្មករ​រោងចក្រ​​កាត់​​ដេរ​​រាប់​​ពាន់​​នាក់ ហើយ​​ជួយ​ពួកគេ​ក្នុង​ការ​ចងក្រង​ជា​ក្រុម ជា​សហជីព​។ ការ​ចរចា​អនុសញ្ញា​រួម (Collective bargaining) និង​ការ​ប្រាស្រ័យ​ទាក់ទង​បាន​ល្អ​ឡើង រវាង​កម្មករ និង​ថៅកែ​នឹង​ជួយ​អោយ​គេ​បន្ត​ទទួល​បាន​ជោគជ័យ​ថែម​ទៀត​លើ​ជោគជ័យ​ក្នុង​ពេល​ថ្មី​ៗ​នេះ​។ ការ​នេះ​នឹង​បង្កើន​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា ដែល​កំពុង​មាន​ការ​លូតលាស់​។

នេះ​គឺ​ជា​លក្ខណៈ​រួម​នៃ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ជា​លក្ខណៈ​ទ្វេ​ភាគី​។ ការ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​មក​ទ្វីប​អាស៊ី​ថែម​ទាំង​ជួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់ តាមរយៈ​ការ​បង្កើន​ទំនាក់ទំនង​របស់​យើង​ជាមួយ​តំបន់​ទាំង​មូល ជា​ពិសេស​ជាមួយ​អាស៊ាន​។ លោក​ប្រធានាធិបតី Obama បាន​បង្កើន​ការ​ទាក់ទង​ជាមួយ​អាស៊ាន ដោយ​បាន​បើក​ស្ថានទូត​មួយ ហើយ​បាន​បញ្ជូន​ឯកអគ្គរដ្ឋទូត​ដំបូង ដែល​ឥឡូវ​នេះ​មាន​ឯកអគ្គរដ្ឋទូត​ទី​២ ហើយ​ដែល​មក​ធ្វើការ​ក្នុង​ស្ថានទូត ហើយ​លោក​បាន​សំរេច​ចូលរួម​ដោយ​ផ្ទាល់ ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​។ យើង​គាំទ្រ​សមាហរណកម្ម​អាស៊ាន និង​ការ​អភិវឌ្ឍន៍​របស់​អាស៊ាន ដូចជា​សហគមន៍​សេដ្ឋកិច្ច​ដែល​នឹង​មាន​ក្នុង​ឆ្នាំ​នេះ​។ យើង​ថែមទាំង​ធ្វើការ​ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត​ជា​ច្រើន​ទៀត​ក្នុង​តំបន់ ដើម្បី​ជំរុញ​និតិរដ្ឋ​ហើយ​រក្សា​ស្ថិរភាព​នៅ​ទូទាំង​តំបន់​។ និតិរដ្ឋ​ជួយ​ប្រទេស​តូច​ៗ​ដូចជា​ប្រទេស​កម្ពុជា ក្នុង​​ការ​​ការពារ​​ផល​​ប្រយោជន៍​​របស់​​​គេ​ជាមួយ​ប្រទេស​ជិត​ខាង​ដែល​ធំ​ជាងខ្លួន។ បរិយាកាស​សន្តិសុខ​អន្តរជាតិ​ដែល​មាន​ស្ថិរភាព​មាន​សារៈសំខាន់​ណាស់​សំរាប់​ឧស្សាហកម្ម​នាំ​ចេញ ដែល​ផ្តល់​ការងារ​អោយ​មនុស្ស​ជា​ច្រើន​នៅ​កម្ពុជា​។ សន្តិសុខ​មាន​​ន័យ​​ថា នាវា​​អាច​​នាំ​​ទំនិញ​នាំ​ចេញ​របស់អ្នកទៅកាន់ទីផ្សា ហើយវាជាគ្រឹះនៃកំណើនសេដ្ឋកិច្ច ដែល​បង្កើត​អ្នក​ប្រើប្រាស់​ក្នុង​វណ្ណៈ​កណ្តាល នៅ​ទូទាំង​តំបន់​។

ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ក៏​ជា​ការ​ទទួល​ស្គាល់​ផង​ដែរ​នៃ​ភាព​ជឿនលឿន​ផ្នែក​នយោបាយ​ដែល​ប្រទេស​របស់​អ្នក​បាន​សំរេច​បាន​។ ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៨៩ នៅ​ពេល​ខ្ញុំ​បំរើ​ការងារ​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ ខ្ញុំ​បាន​ធ្វើការ​ដោយ​ផ្ទាល់​ទាក់ទង​នឹង​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ជាមួយ​នឹង​លោក Dick Solomon និង​លោក Ken Quinn ហើយ​បាន​ជួយ​នៅ​ក្នុង​ការ​រៀបចំ​អ៊ុនតាក់​។ ក្នុង​ពេល​ដែល​លោក​នៅ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក ប្រធាន​របស់​ខ្ញុំ គឺ​លោក​រដ្ឋមន្រ្តី Kerry បាន​ជួយ​បង្កើត និង​ផ្តល់​ថវិកា​ដល់​តុលាការ​កាត់ទោស​ខ្មែរ​ក្រហម ដោយ​បាន​ចាប់ផ្តើម​ផ្លូវ​ដ៏​វែង​ទៅ​រក​យុត្តិធម៌​សំរាប់​ជន​រងគ្រោះ​។ ក្នុង​ពេល​ដែល​តុលាការ​ស្វែងរក​យុត្តិធម៌​សំរាប់​អំពើ​ព្រៃផ្សៃ​កន្លង​មក មេ​ដឹកនាំ​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើការ​ដើម្បី​កសាង​អនាគត​នៃ​ប្រទេស​កម្ពុជា​។ ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​។ អ្ន​ក​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស ពិសេស​យុវជន បាន​អំពាវនាវ​យ៉ាង​ច្បាស់​អោយ​មាន​ការ​កែ​ទំរង់​។ យើង​បាន​តាមដាន​យ៉ាង​ជិតដិត​នូវ​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា និង​ការ​ធ្វើ​បាតុកម្ម​នយោបាយ ដែល​ជា​ទូទៅ​មាន​លក្ខណៈ​សន្តិភាព របស់​គណបក្សសង្គ្រោះ​ជាតិ​កម្ពុជា​។ វា​បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​បញ្ចេញ​អោយ​គេ​លឺ និង​គោរព​សំលេង​របស់​គេ​។ កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​​ប្រឆាំង​​​គឺ​​ជា​ជំហាន​​ដំបូង​យ៉ាង​សំខាន់​សំរាប់​ធ្វើ​កំណែ​ទំរង់​។ ពេល​នេះ យើង​ឃើញ​សភា​ធ្វើ​អោយ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ដោយ​ហៅ​រដ្ឋមន្រ្តី​មក​សួរ​។ គណបក្ស​ធំ​ជាង​គេ​ទាំង​ពីរ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​ការ​ធ្វើ​តាម​ការ​អំពាវនាវ​​របស់​​ប្រជាជន​​ដែល​​ចង់​បាន​​កំណែ​ទំរង់​ប្រកប​ដោយ​អត្ថន័យ​។ រឿងសំខាន់គឺមិនត្រូវបន្ធូរការខិតខំឡើយ នៅ​ពេល​នេះ​! ភាគី​ទាំង​ពីរ​គួរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាទិភាព​នេះ​។

ការ​ដែល​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​ធ្វើ​ការ​ជាមួយ​គ្នា​មាន​សារៈសំខាន់​ណាស់ សំរាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​ដែល​ប្រទេស​កំពុង​តែ​ប្រឈម​ជាមួយ រាប់​ពី​អំពើ​ពុក​រលួយ​ដល់​កង្វល់​ពី​​សិទ្ធិ​​មនុស្ស ដល់​បញ្ហា​កម្មករ និង​ការ​ការពារ​បរិស្ថាន​។ការ​សំរេច​ចិត្ត​ក្នុង​ការ​បង្កើន​ប្រាក់​ខែ​អប្បរិមា និង​ការ​អនុវត្ត​ដោយ​ជោគជ័យ និង​ដោយ​សន្តិភាព​លើ​ការ​សំរេច​ចិត្ត​នោះ​គឺ​ជា​សញ្ញា​ដ៏​សំខាន់​នៃ​ភាព​ជឿនលឿន​ទៅ​មុខ​។ សញ្ញា​ទាំង​នេះ​ត្រូវ​បាន​កត់​សំគាល់​នៅ​ជុំវិញ​ពិភពលោក ទាំង​នៅ​ក្នុង​រដ្ឋធានី និង​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​ធំ​ៗ ហើយ​សកម្មភាព​នេះ​នឹង​ជួយ​​រក្សា​​កំណើន​​សេដ្ឋកិច្ច​​ដ៏​​គួរ​អោយ​​ចាប់​អារម្មណ៍របស់ប្រទេស​កម្ពុជា​។ យើង​សូម​ស្វាគមន៍​ដំណោះស្រាយ​នយោបាយ​កាល​ពី​ឆ្នាំ​ទៅ និង​ជំហាន​ទៅ​រក​កំណែ​ទំរង់​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​អត្ថន័យ ដូចជា​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ប្រកប​ដោយ​តំលាភាព និង​ការ​បង្កើត​គណកម្មាធិការ​បោះ​ឆ្នោត​ឯករាជ្យ​មួយ​។

តែ​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​ឡើយ​។ ខ្ញុំ​ដឹង​ថា ប្រជាជន​កម្ពុជា​ចង់​បាន​កំណើន​លូតលាស់​ស្ថិតស្ថេរ និង​ទូលំទូលាយ ដែល​បង្កើន​ប្រាក់​ចំណូល​។ ប្រជាជន​កម្ពុជា​ចង់​មាន​ប្រព័ន្ធ​យុត្តិធម៌​ដែល​គេ​សម​នឹង​ទទួល​បាន គឺ​ប្រព័ន្ធ​ដែល​មាន​យុត្តិធម៌ មិន​លំអៀង និង​ត្រូវ​បាន​អនុវត្ត​ដោយ​ស្មើ​ភាព​គ្នា​។ គេ​ចង់​អោយ​រដ្ឋាភិបាល​ធ្វើ​អោយ​បាន​ច្រើន​ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​ពុករលួយ ហើយ​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្ស​។ យើង​សង្ឃឹម​ថា មេ​ដឹកនាំ​កម្ពុជា​នឹង​ធ្វើការ​ជាមួយ​គ្នាដើម្បី​ជំរុញ​ការ​ខិតខំ នៅ​ក្នុង​ផ្នែក​ទាំង​នេះ​។ តែ​រដ្ឋាភិបាល​គ្រាន់តែ​ជា​ផ្នែក​មួយ​តែ​ប៉ុណ្ណោះ​។ ប្រទេស​កម្ពុជា​មាន​ហេតុផល​ល្អ​ក្នុង​ការ​មាន​មោទនភាព​ចំពោះ​សង្គម​ស៊ីវិល​ដ៏​រស់​រវើក​របស់​ខ្លួន ដែល​មាន​សមាជិក​ខិតខំ​ធ្វើការ​ដើម្បី​ធ្វើ​អោយ​ប្រទេស​កម្ពុជា និង​ពិភពលោក​របស់​យើង​ក្លាយ​ជា​កន្លែង​ល្អ​ប្រសើរ​មួយ​។

សង្គម​ស៊ីវិល​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​ផ្តល់​ជា​មធ្យោបាយ​យ៉ាង​សំខាន់​សំរាប់​អោយ​ប្រជាជន​កម្ពុជា​ធ្វើ​ការ​តស៊ូ​មតិ និង​អនុវត្ត​ការ​ផ្លាស់ប្តូរ​ដែល​គេ​ចង់​បាន​។ នៅ​ពេល​ជនជាតិ​កម្ពុជា​ក្នុង​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​ដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធី នោះ​ប្រទេស​របស់​អ្នក​អាច​ក្លាយ​ជា​ប្រទេស​គំរូ​សំរាប់​ប្រទេស​ដែល​ទើប​នឹង​រះ​ឡើ​ង​ថ្មី​ៗ​។ ប្រទេស​អាមេរិក​ដឹង​ថា ប្រជាជន​កម្ពុជា​ចង់​បាន​អ្វី​​ៗ​ដូ​ច​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ដែរ នោះ​គឺ​ឱកាស​ទទួល​បាន​ការ​សិក្សា ឱកាស​ខំ​ធ្វើការ​និង​សន្សំ​លុយ មាន​សន្តិសុខ​នៅ​ក្នុង​ផ្ទះ និង​នៅ​លើ​ដី​របស់​គេ ជាមួយ​គ្រួសារ​គេ​។ ដោយ​មនុស្ស​ចំនួន ៧០​% នៅ​ក្នុង​ប្រទេស​ស្ថិត​ក្នុង​អាយុ​ក្រោម ៣០ ឆ្នាំ យុវជន​កម្ពុជា​គឺ​ជា​គន្លឹះ​សំរាប់​អនាគត​។ យុវជន​កម្ពុជា​មាន​ការ​ទាក់ទង​គ្នា មាន​ការ​ទាក់ទង​គ្នា​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ច្រើន​ជាង​មនុស្ស​ជំនាន់​មុន ដោយសារ​ភាព​បើក​ចំហ​របស់​ប្រទេស និង​បច្ចេកទេស​ថ្មី​។ ត្រង់​នេះ យើង​មើល​ឃើញ​តាមរយៈ Fan នៃ Facebook របស់​ស្ថានទូត​អាមេរិក ដែល​មាន​ចំនួន​កើន​ដល់ ៣៨០ ០០០ នាក់​នៅ​កម្ពុជា និង​នៅ​មាន​ច្រើន​នាក់​ទៀត​នៅ​ជុំវិញ​ពិភពលោក​ដែល​បាន​ចុច Like លើ Facebook នេះ​។ ប្រទេស​អាមេរិក​​ជួយ​យុវជន​​កម្ពុជា​​តាម​​លក្ខណៈ​ជា​ច្រើន ដូចជា​តាមរយៈ​កម្មវិធី​ផ្លាស់​ប្តូរ​ក្នុង​ការ​សិក្សា កម្មវិធី​វប្បធម៌ និង​ការ​បង្រៀន​ភាសា​អង់គ្លេស​។

កម្មវិធី​ថ្មី​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​របស់​លោក​ប្រធានាធិបតី Obama ដែល​មាន​ឈ្មោះ​ថា កម្មវិធី​ថ្មី​នៃ​គំនិត​ផ្តួចផ្តើម​ស្តីពី​មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) មាន​ការ​ចូលរួម​របស់​យុវជន​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០​។​ យើង​បាន​ជួយ​អោយ​យុវជន​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី YSEALI ដែល​លោក​ប្រធានាធិបតី Obama បាន​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ភូមា ហើយ​កម្មវិធី YSEALI មាន​ភាព​សកម្ម​ក្នុង​ឆ្នាំ​ទាំង​មូល​។យើង​មាន​សេចក្តី​រីករាយ​ដោយ​យុវជន​កម្ពុជា​ប្រមាណ ១៨០០ នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី YSEALI ។ នៅ​ឆ្នាំ​នេះ ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​នឹង​រៀបចំ​សិក្ខាសាលា YSEALI ថ្នាក់​តំបន់​ជា​លើក​ដំបូង​មួយ ដោយ​ផ្តោត​លើ​ការ​តស៊ូ​មតិ​ផ្នែក​បរិស្ថាន ការ​ទទួល​ខុស​ត្រូវ និង​ការងារ​ជា​ក្រុម​។ សិក្ខាសាលា​នេះ​នឹង​មាន​ការ​ចូលរួម​របស់​មេ​ដឹកនាំ​យុវជន​ចំនួន ៧០ នាក់ ដែល​មក​ពី​ទូទាំង​សមាគម​អាស៊ាន នៅ​ខែ​មេសា ដោយ​មាន​ការ​ផ្តោត​ពិសេស​លើ​វិធី​ដែល​សមាជិក​អាច​ជួយ​បាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ នេះ​ជា​ប្រធានបទ​មួយ​បន្ទាន់ និង​សំខាន់​សំរាប់​អនាគត​នៃ​ប្រទេស​កម្ពុជា និង​នៃ​សមាគម​អាស៊ាន​។ កម្មវិធី YSEALI នឹង​មាន​សកម្មភាព​ច្រើន​ទៀត​។

យើង​ថែម​ទាំង​ជួយ​អោយ​និស្សិត​កម្ពុជា​សិក្សា​នៅ​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក​។ កាល​ពី​ឆ្នាំ​ទៅ ចំនួន​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ប្រហែល ៤០០ នាក់។ យើង​ចង់​បង្កើន​ចំនួន​នេះ​អោយ​ឡើង​ទ្វេ​ដង​។ ដើម្បី​សំរេច​គោលដៅ​​នេះ​​បាន​​ត្រឹម​​ឆ្នាំ​​២០២០ យើង​កំពុង​ធ្វើ​ការ​ចំណាយ​លើ​ការ​បង្រៀន​ភាសា​អង់គ្លេស និង​ការ​ណែនាំ​លើ​ការ​សិក្សា ដែល​នឹង​ធ្វើ​អោយ​យុវជន​អាច​ធ្វើការ​ប្រកួត​ប្រជែង​បាន ហើយ​ត្រៀម​ទទួល​ជោគជ័យ​។ នៅ​ពេល​គេ​រៀន​ចប់ យើង​ចង់​អោយ​គេ​វិល​ត្រឡប់​មក​វិញ ដើម្បី​ប្រើ​ជំនាញ​ថ្មី​ៗ​របស់​គេ នៅ​ក្នុង​សហគមន៍​របស់​គេ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដ៏​ល្អ​។ ការ​ជួយ​យុវជន​ដោយ​ពង្រីក​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា និង​ឱកាស​ក្នុង​មុខរបរ​បំរើ​ផល​ប្រយោជន៍​​នៃ​​ប្រទេស​អាមេរិក​នៅ​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​អោយ​នាំ​ប្រទេស​របស់​គេ​អោយ​ក្លាយ​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ស្ថិតស្ថេរ​មួយ ដែល​មាន​រដ្ឋាភិបាល​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដែល​គោរព​សិទ្ធិ​មនុស្ស ហើយ​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​ចូលរួម​របស់​ពលរដ្ឋ​។ ខ្ញុំ​ចង់​ស្តាប់​ពី​គំនិត​របស់​លោក​អ្នក​ស្តីពី​វិធី​ដែល​យើង​អាច​ធ្វើ​បាន​ថែម​ទៀត ដើម្បី​សំរេច​គោលដៅ​នេះ ហើយ​រីករាយ​នឹង​ពិភាក្សា​ជាមួយ​លោក​អ្នក​។ សូម​អរគុណ​។