សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅ​ក្នុង​ពិធី​​ពិព័រណ៍ EducationUSA សម្រាប់​​សិស្ស​ប្រលង​ជាប់​និទ្ទេស A

ស្ថានទូត​អាមេរិក ភ្នំពេញ
ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦

សូមជំរាបសួ និងសូមអរគុណដែលបានមកចូលរួមនៅក្នុងពិព័រណ៍របស់យើងស្តីពីការសិក្សានៅសហរដ្ឋអាមេរិក និងសិស្សប្រលងជាប់បាននិទ្ទេស A ។ ខ្ញុំសូមអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារុន តំណាងរបស់លោក ឯកឧត្តមអនុរដ្ឋលេខាធិការ ឡាវ ឈីវអៀវ ចំពោះការប្តេជ្ញាចិត្តក្នុងការកែលំអការសិក្សាអប់រំនៅកម្ពុជា។

ជាបឋម ខ្ញុំសូមកោតសរសើរសិស្សទាំងអស់ដែលប្រលងបាននិទ្ទេស A។ យើងដឹងថា វាមិនមែនជាការងាយស្រួលទេ ហើយវាទាមទារការយកចិត្តទុកដាក់ ការខំរៀន និងការលះបង់ច្រើន។ គ្រួសារ សាលារៀន និងសហគមន៍របស់អ្នកគួរតែមានមោទនភាពខ្ពស់។

អ្នកគឺជាសិស្សដែលមានប្រាជ្ញា ហើយអ្នកនឹងមានឱកាសច្រើន ក្នុងពេលដែលអ្នកបន្តការសិក្សារបស់អ្នក រួមទាំងការបានទៅសិក្សានៅបរទេស បើអ្នកចង់។ ហេតុផលដែលខ្ញុំអញ្ជើញអ្នកមក នៅថ្ងៃនេះ គឺដើម្បីអោយអ្នកដឹងថា សហរដ្ឋអាមេរិកកំពុងសំលឹងរកសិស្ស ដូចជាអ្នក អោយទៅសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យា ល័យរបស់យើង។

សហរដ្ឋអាមេរិកមានប្រព័ន្ធឧត្តមសិក្សាល្អជាងគេបំផុត ក្នុងពិភពលោក ដោយមានសាលាចំនួនជាង ៥០០០ ដែលមានកម្មវិធីសិក្សាគ្រប់មុខវិជ្ជាទាំងអស់។ ខ្ញុំដឹងថា សហរដ្ឋអាមេរិកស្ថិតនៅឆ្ងាយណាស់ ហើយការជ្រើសរើសសាលាដែលត្រូវ អាចជាការពិបាក។ ខ្ញុំដឹងផងដែរថា មានខ្លះក្នុងចំណោមអ្នកមានការបារម្ភលើការបង់ថ្លៃសិក្សា ឬបារម្ភលើការសុំទិដ្ឋាការ។

ខ្ញុំ​ចង់​អោយ​អ្នក​ដឹង​ថា មាន​កន្លែង​ផ្តល់​ព័ត៌មាន​សំរាប់​ជួយ​អ្នក រាប់​ពី​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក (EducationUSA) ដែល​ផ្តល់​ប្រឹក្សា​ដោយ​មិន​គិត​ថ្លៃ​ដល់​សិស្ស​ដែល​ចង់​ទៅ​សិក្សា​នៅ​​សហរដ្ឋ​អាមេរិក​។ មាន​សិស្ស និស្សិត​កម្ពុជា ដូច​អ្នក​ចំនួន​រាប់​ពាន់​នាក់ ដែល​បាន​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​បាន​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​។ ពួកគេ​ជា​ច្រើន​មាន​វត្តមាន​ជាមួយ​យើង នៅ​ថ្ងៃ​នេះ​។ វិធីដ៏ល្អបំផុតក្នុងការរៀនសូត្រគឺការសួរ ដូច្នេះសូមកុំអៀន។ បើអ្នកមិនទាន់ក្លាយជាសមាជិកទេ សូមចុះឈ្មោះតាមអ៊ិនធ័រណែត ឬនៅក្នុងពិព័រណ៍នេះ ដើម្បីចូលរួមនៅក្នុងបណ្តាញនៃគំរោងគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama ។ នៅទីនេះ មានធនធានព័ត៌មានជាច្រើនដែលផ្តល់ជាគំនិត និងប្រាប់ពីវិធីសំរាប់បន្តការសិក្សារបស់អ្នក។

អ្នកទាំងអស់គឺជាសិស្សនិទ្ទេស A ដូច្នេះ អ្នកពិតជាឆ្លាត។ ការមានភាពវ័យឆ្លាតមានសារៈសំខាន់ តែការមានតែប៉ុណ្ណឹងគឺមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវមានជំនឿលើខ្លួនឯង។ នៅឆ្នាំនេះ មានសិស្ស និស្សិតកម្ពុជាចំនួនជាង ៥០០ នាក់កំពុងសិក្សានៅក្នុងសហរដ្ឋអាមេរិក។ ខ្ញុំសូមសន្យានឹងអ្នកថា អ្វីៗអាចទៅរួច។ អ្នកអាចជាអ្នកបន្ទាប់ បើអ្នកបន្តខិតខំរៀនសូត្រ ហើយមានជំនឿលើសមត្ថភាពខ្លួនឯង។ ក្នុងពេលអ្នកខិតខំដើម្បីសំរេចបានតាមការស្រម៉ៃចង់បានរបស់អ្នក អ្នកទាំងអស់គ្នាមានការទទួលខុសត្រូវក្នុងការជួយអភិវឌ្ឍ និងធ្វើអោយប្រទេសកម្ពុជាមានភាព សំបូរសប្បាយ។ ស្ថានទូតអាមេរិកមានមោទនភាពចំពោះអ្នកទាំងអស់គ្នា ហើយសូមជូនពរអោយអ្នកទទួលបានជោគជ័យជាច្រើន។