សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅក្នុងពិធីអបអរខួបលើកទី ១៥ នៃកម្មវិធីរោងចក្រល្អ នៅកម្ពុជា

Better Factories Cambodia 15th Anniversary Celebration [U.S. Embassy photo by Un Yarat]
សណ្ឋាគារ​សូហ្វីតែល ភូគីត្រា ភ្នំពេញ
ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ២០១៦

សូមជំរាបសួ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧកញ្ញ៉ា វណ្ណ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា តំណាងកិត្តិយសនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកិត្តិយសនៃអង្គការពលកម្មអន្តរជាតិ និងកម្មវិធីរោងចក្រល្អនៅកម្ពុជា (Better Factories Cambodia ឬ BFC) តំណាងនៃសហជីពកម្ពុជា សមាជិកអង្គទូត លោក លោកស្រី។

សូមអរគុណដែលបានចូលរួមនៅក្នុងពិធីអបអរថ្ងៃនេះនៃខួបលើកទី ១៥ នៃកម្មវិធី BFC ។ ខ្ញុំរីករាយនឹងឆ្លៀតឱកាសនេះដើម្បីធ្វើការឆ្លុះបញ្ចាំងលើជោគជ័យជាច្រើន ក្នុងរយៈពេល ១៥ ឆ្នាំដំបូងរបស់យើង និងចាប់ផ្តើមគិតអំពីបញ្ហាប្រឈម ដែលយើងនឹងមាន ក្នុងពេលយើងបន្តឆ្ពោះទៅរករយៈពេល ១៥ ឆ្នាំបន្ទាប់។

ខ្ញុំសូមនិយាយរឿងពីរ នៅថ្ងៃនេះ។ ទីមួយ ខ្ញុំសូមនិយាយអំពីមេរៀនខ្លះៗ ចាប់ពីអំឡុងពេលដំបូងៗនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា និងការបង្កើតកម្មវិធី BFC។ បន្ទាប់មកខ្ញុំនឹងនិយាយពិធីវិធីដែលគេអាចយកមេរៀនទាំងនេះទៅអនុវត្តចំពោះអនាគតនៃឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង និងអាចមានរហូតដល់ឧស្សាហកម្មផលិតរបស់សំរាប់ប្រើក្នុងការធ្វើដំណើរ។

ការចាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ទៅលើវិស័យកាត់ដេរសំលៀកបំពាក់នៅកម្ពុជាផ្តើមចេញពីការងាររបស់ខ្ញុំជាមន្រ្តីផ្នែកការងារ និងសេដ្ឋកិច្ចរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ កាលពីចុងទសវត្សឆ្នាំ ១៩៩០។ នៅពេលនោះ ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់របស់កម្ពុជាបានចាប់ផ្តើមមានកំណើនយ៉ាងលឿន ដោយសារមន្រ្តីរដ្ឋាភិបាល និងសហគ្រិនខ្លះដែលមានការមើលវែងឆ្ងាយ កម្មករខ្មែររាប់ពាន់នាក់ដែលឧស្សាហ៍ព្យាយាម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរយ៉ាងសំខាន់ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។

ចំណុចជាប្រវត្តិសាស្រ្តទី១របស់ខ្ញុំគឺជាចំណុចដែលគួរតែធ្វើអោយប្រជាជនកម្ពុជាទាំងអស់មានមោទនភាព។ ពេលនេះ គេមើលមកវិស័យកាត់ដេរសំលៀកបំពាក់ថាគ្មានអ្វីអស្ចារ្យទេ តែការដែលមានវិស័យនេះពិតជារឿង អស្ចារ្យមួយ។ ចូរចាំថា វាជាទំនិញនាំចេញលើកដំបូងរបស់ប្រទេសកម្ពុជា ហើយមានឡើងតែរយៈពេល ៥ ឆ្នាំតែប៉ុណ្ណោះ បន្ទាប់ពីសម័យអ៊ុនតាក់។ ពេលនោះ ប្រជាជនកម្ពុជាមានចំនួនតិច ហើយក្រខ្លាំង។ រោងចក្រភាគច្រើនដើរដោយម៉ាស៊ីនម៉ាស៊ូតដែលមានតំលៃថ្លៃ។ សំភារៈទាំងអស់ត្រូវនាំចូល។ ពីមុនមក កម្មករភាគច្រើនគ្មានជំនាញ ហើយមិនដែលធ្វើការតាមម៉ោងកំណត់ ឬធ្លាប់ប្រើក្រដាសកំណត់ម៉ោងចេញចូលទេ។ វាជាការចាំបាច់ដែលផ្លូវទៅកាន់កំពង់ផែ និងកំពង់ផែត្រូវល្អ។ (ផ្លូវជាតិលេខ ៤ គឺជាគំរោងមួយនៅក្នុងចំណោមគំរោងផ្លូវថ្នល់ធំៗចុងក្រោយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលជាការវិនិយោគដ៏ល្អមួយ។

ចំណុចទី២ តាំងពីដើមមក ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ឈរលើមូលដ្ឋាននៃភាពជាដៃគូរវាងប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ។ ប្រទេសកម្ពុជាបានចាប់យកឱកាស តែទ្វារត្រូវបានបើកដោយសហគមន៍អន្តរជាតិ ដោយនៅពេលនោះ សំខាន់គឺសហរដ្ឋអាមេរិក។

ពេលនោះ មានកិច្ចព្រមព្រៀងពីរសំខាន់ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដែលត្រួសត្រាយផ្លូវទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរបស់យើង ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៩៦ ហើយបានផ្តល់អោយកម្ពុជានូវអ្វីដែលយើងបានហៅនៅពេលនោះថា ឋានៈប្រទេសមានភាពអនុគ្រោះបំផុត ហើយបានបើកទីផ្សារសហរដ្ឋអាមេរិកសំរាប់ប្រទេសកម្ពុជា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មវាយនភណ្ឌទ្វេភាគី ឆ្នាំ ១៩៩៩ របស់យើង ដែលធ្វើអោយប្រទេសកម្ពុជាធ្វើសមាហរណកម្មចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មវាយនភណ្ឌសាកលលោកនៅពេលនោះ ដែលគេហៅថា MFA ។

ចំណុចពិសេសមួយស្តីពីកិច្ចព្រមព្រៀងវាយនភណ្ឌរបស់យើងគឺថា វារួមមានចំណុចលើកទឹកចិត្តធំៗសំរាប់អោយឧស្សាហកម្មកាត់ដេរសំលៀកបំពាក់កម្ពុជាគោរពតាមបទដ្ឋានការងារអន្តរជាតិ និងច្បាប់ការងារនៅកម្ពុជា។ ដោយសារកម្ពុជាមានការគោរពកាន់តែច្រើនឡើងចំពោះបទដ្ឋានការងារអន្តរជាតិ សហរដ្ឋអាមេរិកបានផ្តល់អោយកម្ពុជានូវកូតាបន្ថែមទៀត ចំនួនរហូតដល់ ១៨% ក្នុងមួយឆ្នាំ។ ការផ្តល់នេះបានធ្វើអោយម្ចាស់រោងចក្របង្កើនទំហំនៃការរកស៊ីរបស់គេរាប់លានដុល្លាថែមទៀត ហើយនៅក្នុងប្រព័ន្ធនៃការកំណត់កូតា ការបង្កើននេះគឺជាការលើកទឹកចិត្តដ៏ខ្លាំងសំរាប់អោយមានការគោរពតាមបទដ្ឋានពលកម្មអន្តរជាតិ។ មានតែកិច្ចព្រមព្រៀងបែបនេះទេដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ។

កិច្ចព្រមព្រៀងទាំងនេះផ្តល់ផលយ៉ាងច្រើនឥតគណនា។ នៅឆ្នាំ ១៩៩៥ ប្រទេសកម្ពុជា គ្មានបានលក់សំលៀកបំពាក់អ្វីទៅអោយសហរដ្ឋអាមេរិកទេ។ មួយឆ្នាំក្រោយមក ពេលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរបស់យើង កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិកដែលមានតំលៃសរុប ៣,៧ លានដុល្លា។ រយៈពេល ៣ ឆ្នាំក្រោយពីនោះទៀត ដែលជាឆ្នាំចុងក្រោយរបស់ខ្ញុំ នៅភ្នំពេញ មានរោងចក្រចំនួនប្រហែល ១២០ បានកើតឡើងនៅកម្ពុជា ហើយទំនិញនាំចេញទៅសហរដ្ឋអាមេរិកមានតំលៃកើនដល់ ៧០០ លានដុល្លា! មកដល់ត្រឹមឆ្នាំ ២០០៤ សំលៀកបំពាក់នាំចេញកើនឡើងទ្វេដងម្តងទៀត ហើយបន្តកើនឡើងរហូតដល់សព្វថ្ងៃ។

ទីបី ពេលវេលាសំរាប់ប្រទេសកម្ពុជាផ្តល់សំណាងណាស់។ ការឈានឡើងរបស់ប្រទេសកម្ពុជាជាប្រទេសផលិតសំលៀកបំពាក់មានឡើង ៦ ឬ ៧ ឆ្នាំ នៅមុនដំណាច់ MFA ដែលផ្តល់អោយអ្នកផលិតថ្មីៗនូវការការពារ ដោយវាដាក់បញ្ចូលគេទៅក្នុងប្រព័ន្ធកូតាសាកលលោក ដែលរឹតត្បិតលើការប្រកួតប្រជែងរវាងប្រទេស។ វាមានន័យថា ប្រទេសកម្ពុជាមិនចាំបាច់ត្រូវប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីប្រទេសផ្គត់ផ្គង់ខ្លាំងៗ ពីដើមទៅទេ។ វាត្រូវផងដែរនឹងពេលដែលអ្នកទិញ និងអ្នកប្រើមានកង្វល់កាន់តែច្រើនឡើងលើសាកលភាវូបនីយកម្ម និងប្រភពផ្គត់ផ្គង់ដែលមានបញ្ហាទាក់ទងនឹងសីលធម៌។

ចំណុចសំខាន់មួយគឺថា នៅពេលការផ្តល់កូតាបន្ថែមរបស់យើងបានផុតពេលកំណត់ នៅឆ្នាំ ២០០៥ ហើយពិភពលោកឈានទៅរកប្រព័ន្ធមួយដែលមានភាពសេរីជាងមុន ហើយគ្មានការកំណត់កូតា កម្មវិធី BFC ក៏ត្រូវបានបង្កើតអោយដំណើរការឡើង ហើយកម្ពុជាបានពង្រឹងខ្លួនឯងជាប្រទេសផ្គត់ផ្គង់សំលៀកបំពាក់ដែលមានសមត្ថភាពប្រកួតប្រជែង និងប្រកបដោយសីលធម៌។ វាគឺជាអ្វីដែលពាណិជ្ជកម្មសំលៀកបំពាក់អន្តរជាតិចង់បាន នៅពេលនោះ។ ខ្ញុំដឹងមិនច្បាស់ទេថា តើអាចមានយ៉ាងដូច្នេះទេ ប្រសិនបើកម្ពុជាយឺត ៥ ឆ្នាំ ឬលឿន ៥ ឆ្នាំជាងនេះ។

ចំណុចទី ៤ របស់ខ្ញុំផ្តើមចេញពីរឿងនេះ ហើយវាមានការទាក់ទងបំផុតសំរាប់កិច្ចប្រជុំនេះ។ ដោយក្រលេកមើលទៅក្រោយវិញ ក្នុងនាមជាអ្នកដែលមានការពាក់ព័ន្ធនៅក្នុងកំណើតនៃឧស្សាហកម្មនេះ គេមើលឃើញច្បាស់ថា កម្មវិធី BFC មានសារៈសំខាន់ចាំបាច់នៅក្នុងការកសាងទំនុកចិត្តរបស់ពិភពលោក ទៅលើអ្នកផ្គត់ផ្គង់នៅកម្ពុជា នៅក្នុងឆ្នាំដំបូងៗនៃឧស្សាហកម្មកាត់ដេរ ហើយផលរបស់វាបន្តមានរហូតមកដល់ពេលនេះ។

នៅពេលសហរដ្ឋអាមេរិកនិងកម្ពុជាបានព្រមព្រៀងគ្នាលើប្រព័ន្ធបន្ថែមកូតា នៅឆ្នាំ ១៩៩៩ គេមើលឃើញច្បាស់ថា ភាគីទាំងពីរត្រូវការប្រភពព័ត៌មានដែលគួរអោយទុកចិត្តបាន ស្តីពីស្ថានភាពការងារ និងការអនុវត្ត នៅតាមរោងចក្រ ដើម្បីអោយប្រព័ន្ធនេះមានប្រសិទ្ធភាព។ តើតាមវិធីអ្វីផ្សេងទៀតដែលសហរដ្ឋអាមេរិកអាចសំរេចបានត្រឹមត្រូវលើទំហំនៃកំណើនកូតា?

នៅក្នុងរយៈពេលមួយឆ្នាំដំបូងនៃការអនុវត្តប្រព័ន្ធនេះ ដែលនេះគឺជាតួនាទីរបស់ខ្ញុំ និងជាការងារមួយក្នុងចំណោមការងារសំខាន់ៗ ដែលខ្ញុំបានធ្វើ នៅភ្នំពេញ កាលនោះ គឺការចុះមើលតាមរោងចក្រកាត់ដេរ ម្តងឬពីរដងក្នុងមួយសប្តាហ៍ នៅក្នុងអំឡុងពេលស្ទើរតែទាំងមូលនៃការងាររបស់ខ្ញុំ នៅពេលនោះ។

តែការធ្វើដូច្នេះពិតជាមិនធានាបាននូវនិរន្តភាពទេ ដូច្នេះរដ្ឋាភិបាលយើងទាំងពីរក៏បានបែរទៅរកអង្គការពលកម្មអន្តរជាតិ (ILO) ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ដែលរហូតដល់ពេលនោះ បានផ្តោតការយកចិត្តទុកដាក់ទៅលើការតាមដានថា តើប្រទេស មិនមែនក្រុមហ៊ុន បានគោរពយ៉ាងដូចម្តេចខ្លះតាមបទដ្ឋានពលកម្មអន្តរជាតិ។ ដោយគិតរហូតដល់ពេលនោះ អង្គការ ILO មិនដែលបានតាមដានវិស័យឯកជន ឬក៏បានចូលរួមនៅក្នុងការចុះធ្វើអធិការកិច្ច នៅតាមកន្លែងធ្វើការទេ។ វាមិនមែនជាតួនាទីដែលងាយសំរាប់អង្គការ ILO ទេ។ ពង្រាងដំបូងនៃកិច្ចព្រមព្រៀងលើគំរោងដែល នៅទីបំផុត បានក្លាយជាកម្មវិធី BFC បានផ្តោតលើការកសាងសមត្ថភាពដូចដែលធ្លាប់ធ្វើមក នៅក្រសួងការងារ មិនមែនផ្តោតលើការតាមដាននៅតាមរោងចក្រដោយផ្ទាល់ទេ។ តែអង្គការ ILO មើលឃើញសារៈសំខាន់នៃការសាកល្បងអ្វីមួយថ្មី ហើយបានធ្វើការជាមួយសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដើម្បីធ្វើអោយវាចេញជារូបរាងឡើង។ ការនេះនាំអោយគេបង្កើតបាននូវកម្មវិធី BFC ។ ដោយក្រលេកមើលទៅរយៈពេល ១៥ ឆ្នាំកន្លងទៅ គេអាចនិយាយបានថា កម្មវិធីនេះបានទទួលជោគជ័យ រហូតដល់អង្គការ ILO បានបង្កើតកម្មវិធីការងារល្អ (Better Works) នៅតាមប្រទេសចំនួន ៨ ដែលគ្របដណ្តប់លើកម្មកររាប់លាននាក់។

នៅក្នុងរយៈពេល ១៥ ឆ្នាំមកនេះ កម្មវិធី BFC បានផ្តល់របាយការណ៍ច្បាស់លាស់ និងផ្អែកតាមភស្តុតាង ដែលបង្ហាញពិភពលោកអោយឃើញថា រោងចក្រនៅកម្ពុជាធ្វើតាមបទដ្ឋានការងារអន្តរជាតិ ហើយធានាអោយមានស្ថានភាពការងារសមរម្យ។ តាមការយល់ឃើញរបស់ខ្ញុំ កេរ្តិ៍ឈ្មោះនេះគួរតែត្រូវបានការពារលើសអ្វីទាំងអស់។

រដ្ឋាភិបាលនិងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) គួរទទួលបាននូវការកោតសរសើរចំពោះការ គាំទ្រកម្មវិធី BFC ទាំងកាលពី ១៥ ឆ្នាំ ទាំងនៅពេលនេះ។ មនុស្សជាច្រើនមានការថប់បារម្ភ ពីព្រោះកម្មវិធី BFC គឺជាកម្មវិធីថ្មីមួយដែលទទួលខុសត្រូវលើមុខងារមួយ ដែលជាតាមធម្មតា ត្រូវបានបំពេញដោយក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម។ តែដោយនិយាយតាមត្រង់ទៅ នៅចុងទសវត្សឆ្នាំ ១៩៩០ និងរយៈពេល ៥ ឆ្នាំដំបូងនៃសតវត្សនេះ ក្រសួងទាំងពីរនេះគ្មានសមត្ថភាពគ្រប់គ្រងលើឧស្សាហកម្មមួយ ដែលមានកំណើនយ៉ាងលឿនដូច្នេះទេ។

ដូច្នេះ នៅពេលខ្ញុំបែរក្រោយមើលទៅកំណើននៃវិស័យនេះ នៅក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដោយពេលនេះមានរោងចក្ររហូតដល់ទៅ ៧០០ ជាមួយនឹងកម្មករជិត ៧០០ ០០០ នាក់ និងទំនិញនាំចេញដែលមានតំលៃជាង ៦ ពាន់លានដុល្លាអាមេរិក ខ្ញុំគិតថា យើងមិនអាចសំរេចបានដូច្នេះ បើគ្មានកម្មវិធី BFC ទេ។

ឥឡូវ ខ្ញុំចង់ឆ្លុះបញ្ចាំងរយៈពេលប្រហែល ១៥ ឆ្នាំកន្លងមកនេះ។ តើយើងអាចទាញមេរៀនអ្វី រាប់ពីកំណើនក្នុងពេលដំបូងៗនៃឧស្សាហកម្មនេះ និងការបង្កើតកម្មវិធី BFC ដល់បរិយាកាសខុសគ្នាយ៉ាងខ្លាំងនៅពេលនេះ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង? ខ្ញុំសូមមានមតិខ្លីៗស្តីពីមេរៀនបីសំខាន់ គឺបញ្ហានៃពេលវេលា តំរូវការលើភាពជាដៃគូអន្តរជាតិថ្មី ដើម្បីទ្រទ្រង់ឧស្សាហកម្មនេះ និងតួនាទីនៃកម្មវិធី BFC ក្នុងការដើរទៅមុខ។

ទី១ បញ្ហានៃពេលវេលា។ សេដ្ឋកិច្ចកម្ពុជាមានកំណើនយ៉ាងច្រើន និងមានការកើនមុខវិស័យខ្លះ នៅក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ តែសំលៀកបំពាក់និងស្បែកជើងនៅតែជាវិស័យនាំចេញធំជាងគេ ហើយមានសារៈសំខាន់ជាខ្លាំងសំរាប់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាគឺជាប្រទេសផលិតសំលៀកបំពាក់ក្នុងកំរិតមធ្យម ហើយជាអ្នកមានចំណែកសំខាន់មួយដែរ តែមិនធំដូចជាប្រទេសបង់ក្លាដេស ចិន ឬវៀតណាមទេ។

ជារួម ការនាំចេញសំលៀកបំពាក់ និងស្បែកជើងទៅកាន់សហរដ្ឋអាមេរិកបន្តមានកំណើន ថ្វីបើក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះគ្មានការឡើងចុះក្តី។ ចំនួនរោងចក្រនៅស្មើ គឺប្រហែល ៧០០។ អ្វីដែលគេចាប់អារម្មណ៍ជារួមគឺថា វាជាឧស្សាហកម្មដែលទទួលបានជោគជ័យ និងមានភាពរឹងមាំល្អ។ តែបើអ្នកបោះជំហានទៅក្រោយមួយជំហានក្រលេកមើលទៅបរិកាសប្រកួតប្រជែងជារួម ហើយនិយាយទៅកាន់ក្រុមហ៊ុនអន្តរជាតិដែលជាអ្នកទិញ អ្នកនឹងមានការថប់បារម្ភចំពោះអនាគតនៃឧស្សាហកម្មនេះ។

របាយការណ៍ដ៏ល្អរបស់កម្មវិធី BFC កាលពីរដូវក្តៅកន្លងទៅនេះ គូសបញ្ជាក់បានយ៉ាងល្អនូវបញ្ហាប្រឈមសំរាប់ឧស្សាហកម្មនេះ គឺកំណើននៃការប្រកួតប្រជែងពីប្រទេសវៀតណាម ពិសេសនៅក្នុងបរិបទនៃសមាជិកភាពរបស់ប្រទេសវៀតណាមនៅក្នុងកិច្ចព្រមព្រៀង TPP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហភាពអឺរ៉ុប កង្វះនៃសមាហរណកម្មតាមខ្សែបណ្តោយនៅក្នុងឧស្សាហកម្មនេះ តំលៃនៅតែខ្ពស់នៃការដឹកជញ្ជូន និងអគ្គិសនី ទំនាក់ទំនងរវាងថៅកែនិងកម្មករមិនទាន់មានភាពជឿនលឿន ហើយនិងតំរូវការត្រូវបង្កើនជំនាញរបស់កម្មករ។

បញ្ហាទាំងនេះគឺជាប្រធានបទពិភាក្សាយ៉ាងច្រើន នៅរសៀលនេះ។ ដូច្នេះ ខ្ញុំនឹងមិនវិភាគលំអិតទៅលើវាទេ។ តែខ្ញុំគិតថា វាចង្អុលទៅរកតំរូវការអោយមានអ្នកដឹកនាំដែលមានការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត នៅក្នុងរដ្ឋាភិបាលកម្ពុជា នៅពេលនេះ។ ខ្ញុំសង្ឃឹមថា ការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តបែបនេះគឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលដែលចេញមកពីសន្និសីទនេះ។

ការនេះធ្វើអោយខ្ញុំគិតទៅដល់ចំណុចទី ២ ស្តីពីវិធីកសាងឡើងវិញនូវភាពជាដៃគូអន្តរជាតិមួយ ដើម្បីទ្រទ្រង់កំណើនលូតលាស់ និងការអភិវឌ្ឍន៍នៃឧស្សាហកម្មកាត់ដេរសំលៀកបំពាក់និងស្បែកជើងរបស់ប្រទេសកម្ពុជា។ ដូចដែលខ្ញុំបាននិយាយមកហើយ កម្ពុជាមានភាពជាដៃគូអន្តរជាតិដ៏ខ្លាំងមួយ នៅពីក្រោយកំណើតនៃ ឧស្សាហកម្មនេះ កាលពីចុងទសវត្សទី ១៩៩០។ សហរដ្ឋអាមេរិក ដៃគូបរទេសដទៃទៀត អង្គការ ILO និងក្រុមហ៊ុនកំរិតពិភពលោកមានការប្តជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការជួយប្រទេសកម្ពុជាក្នុងការកសាងឧស្សាហកម្មនាំចេញដំបូងរបស់ខ្លួនប្រកបដោយសមត្ថភាពប្រកួតប្រជែង។ ខ្ញុំនៅតែមានមោទនភាពចំពោះតួនាទីដ៏តិចតួចរបស់ខ្ញុំ នៅក្នុងការខិតខំនេះ។ តែរយៈពេលរាប់ឆ្នាំ ចាប់តាំងពីពេលនោះមក ពិភពលោក និងក្រុមហ៊ុនវានភណ្ឌនិងសំលៀកបំពាក់មានលក្ខណៈស្មុគស្មាញកាន់តែច្រើន។ មានអ្នកផ្គត់ផ្គង់ថ្មីៗបានកើតឡើង ឬកំពុងកើតឡើង នៅពេលនេះ។ មានខ្លះធំជាងប្រទេសកម្ពុជាទៅទៀត ហើយអាចជាគូប្រជែងដ៏ខ្លាំង ហើយមានខ្លះទៀតក្រជាងកម្ពុជាច្រើន ហើយនឹងទទួលបាននូវការជួយពីអន្តរជាតិ។ ទាំងអស់គ្នាចង់បានចំណែកមួយនៃពាណិជ្ជកម្មអន្តរជាតិ។ តែប្រទេសកម្ពុជាមានប្រៀបរឹងមាំខ្លះ នៅក្នុងពិភពលោកនេះ ដែលថ្មី និងមានការប្រកួតប្រជែងកាន់តែច្រើនផងដែរ៖

  • ទីមួយ ប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះជាប្រទេសផ្គត់ផ្គង់ប្រកបដោយគុណភាព និងសីលធម៌ ដែលកម្ពុជាបានធ្វើអោយមានឡើង ដោយមានការជួយពីកម្មវិធី BFC ។
  • កម្ពុជាមានកំលាំងពលកម្មដែលមានជំនាញ និងការអំណត់ព្យាយាមកាន់តែច្រើន ហើយមានសមាគមរោងចក្រកាត់ដេររឹងមាំ និងប្រកបដោយប្រសិទ្ធភាព។
  • កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនដែលកំពុងមានការកែលំអ ដែលត្រូវបានបង្ហាញជានិមិត្តរូបដោយការសំរេចចិត្តរបស់រដ្ឋាភិបាលក្នុងការចូលរួមនៅក្នុងកិច្ចព្រមព្រៀងសំរបសំរួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO’s Trade Facilitation Agreement) ។
  • កម្ពុជាមានការជួយច្រើនពីរដ្ឋាភិបាលបរទេស ដែលរួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានដណើ្តមតំណែងរបស់សហរដ្ឋអាមេរិកជាទីផ្សាធំជាងគេសំរាប់សំលៀកបំពាក់ និងស្បែកនាំចេញរបស់កម្ពុជា នៅឆ្នាំ២០១១ រហូតដល់ត្រឹមពេលដែលប្រទេសអង់គ្លេសប្រកាសចាកចេញពីសហភាពអឺរ៉ុប!
  • នៅក្នុងបរិបទនេះ ខ្ញុំកត់សំគាល់ឃើញថា លោកប្រធានាធិបតី Obama បានអនុម័ត នៅក្នុងពេលថ្មីៗនេះ លើការពង្រីកដ៏ធំលើការមិនយកពន្ធលើទំនិញនិងរបស់ចាំបាច់សំរាប់ការធ្វើដំណើរ ដែលនាំចូលពីប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍដទៃទៀត ចំនួន ៤២ ប្រទេស។ ការបើកទីផ្សានេះនឹងជួយកម្ពុជាក្នុងការបង្កើនមុខវិស័យនៃមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ហើយកាត់បន្ថយភាពក្រីក្រថែមទៀត។ កំណើននៃការនាំចេញទៅសហរដ្ឋអាមេរិកនៃទំនិញសំរាប់ការធ្វើដំណើរ អាចបង្កើតអោយមានការងារថ្មីរហូតដល់ ១០០ ០០០ សំរាប់កម្មករកម្ពុជា។
  • ក្រុមហ៊ុនអន្តរជាតិក៏មានការតាំងចិត្តរឹងមាំផងដែរក្នុងការបន្តទិញទំនិញពីកម្ពុជា ហើយធ្វើការដោយ សហការជាមួយផលិតករ និងរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហា នៅក្នុងឧស្សាហកម្ម។ លោកអ្នកនឹងបានលឺពីពួកគេ នៅថ្ងៃនេះ។
  • ទីភ្នាក់ងារផ្តល់ជំនួយបរទេសនានា ដែលមានរួមទាំងទីភ្នាក់ងារ USAID ផង កំពុងដំណើរការកម្មវិធីជួយឧស្សាហកម្មនេះ។ ក្នុងចំណោមកម្មវិធីដទៃទៀតដែលគេជួយគឺក្រុមប្រឹក្សាអាជ្ញាកណ្តាល (Arbitration Council) ព្រមទាំងកម្មវិធីដើម្បីលើកកំពស់ការថែទាំសុខភាព ដែលភាគច្រើនសំរាប់កម្មការិនី។
  • ចំណុចគួរអោយចាប់អារម្មណ៍មួយទៀតគឺថា សហគ្រាសង្គមកំពុងកើតមានឡើងដើម្បីផ្តល់វិធីថ្មីៗក្នុងការកែលំអស្ថានភាពរស់នៅរបស់កម្មករ ដោយអោយថៅកែចំណាយតិចតួច ឬមិនចំណាយអ្វីសោះ។ សហគ្រាសទាំងនេះធ្វើសកម្មភាពនៅក្នុងប្រទេសដទៃជាច្រើន ហើយចង់ពង្រីកការងាររបស់គេដល់ប្រទេស កម្ពុជាផងដែរ។

ចំណុចដែលខ្ញុំចង់និយាយគឺថា ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់ប្រទេសកម្ពុជា មានមិត្តជាច្រើន តែយើងត្រូវមានការរៀបចំបានល្អ។ ដូច្នេះ ខ្ញុំសង្ឃឹមថា លទ្ធផលមួយនៃសន្និសីទនេះគឺការសំរេចចិត្តរបស់រដ្ឋាភិបាលនៅក្នុងការប្រមូលមិត្តភក្តិរបស់ខ្លួន កំណត់ផែនការ ឬចក្ខុវិស័យស្តីពីការអភិវឌ្ឍវិស័យនេះ ហើយបន្ថែមកាលបរិច្ឆេទដើម្បីជំរុញសកម្មភាព ហើយផ្តើមដំណើរការមួយ ដើម្បីស្តារស្មារតីនៃការធ្វើអោយមាន ថាមពលរស់រវើកចំពោះឧស្សាហកម្មនេះ។ សហរដ្ឋអាមេរិកគឺជាដៃគូដែលមានឆន្ទៈខ្ពស់ នៅក្នុងគំនិតផ្តួចផ្តើមបែបនេះ។

ជាចុងបញ្ចប់ ខ្ញុំសូមបញ្ចប់ជាមួយពាក្យខ្លីៗមួយចំនួនស្តីពីតួនាទីរបស់កម្មវិធី BFC នៅក្នុងការដើរទៅមុខ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជួយផ្នែកថវិកាដល់កម្មវិធី BFC តាំងពីដើមដំបូងមក។ យើងមានចិត្តរីករាយដែល រដ្ឋាភិបាល សមាគមរោងចក្រកាត់ដេរកម្ពុជា និងអង្គការ ILO នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅរសៀលនេះដើម្បីបន្តភាពជាដៃគូរបស់គេ តាមរយៈកម្មវិធី BFC។ កិច្ចព្រមព្រៀងនេះនឹងជួយធ្វើអោយប្រទេសកម្ពុជានៅតែត្រូវបានគេស្គាល់ថា ជាអ្នកផ្គត់ផ្គង់ប្រកបដោយសីលធម៌មួយ ដែលសំរាប់ខ្ញុំ មានសារៈសំខាន់បំផុតសំរាប់ “ម៉ាកយីហោ”របស់កម្ពុជា។

បើអ្នកបោះជំហានទៅក្រោយមួយជំហាន កម្មវិធី BFC គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នគន្លឹះដែលកំណត់ឧស្សាហកម្មកាត់ដេរ ស្របជាមួយនឹងក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហព័ន្ធការងារនានា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដំណើរការកំណត់បៀវត្សអប្បបរិមា។

តាមទស្សនៈរបស់ខ្ញុំ បញ្ហាប្រឈមសំរាប់ប្រទេសកម្ពុជាគឺការត្រូវពង្រឹងស្ថាប័នទាំងអស់ ដើម្បីកែលំអការគ្រប់គ្រងជារួមលើវិស័យនេះ។ ។ និយាយអោយត្រង់ទៅ ការពិភាក្សាដេញដោលគ្នាថាតើប្រទេសកម្ពុជា “ត្រូវការ” កម្មវិធី BFC ឬអត់នោះ គឺជារឿងមួយខុស។ ប្រទេសកម្ពុជាត្រូវការស្ថាប័នទាំងមូលដែលរឹងមាំ បើខ្លួនចង់ប្រកួតប្រជែងនៅក្នុងពាណិជ្ជកម្មកាត់ដេរនៅក្នុងពិភពលោក។ សំរាប់រយៈពេលយូរអង្វែង យើងគួរតែចាប់ផ្តើមគិតអំពីគំរូបែបផែន “កម្មវិធី BFC ២.០” ដោយមានរបៀបធ្វើអធិការកិច្ចយ៉ាងម៉ត់ចត់ ដូចដែលកម្មវិធី BFC បានធ្វើជាគំរូមក និងដោយធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលដែលក្រសួងដើរតួនាទីឯករាជ្យ នៅក្នុងការធ្វើអធិការកិច្ចនៅតាមរោងចក្រ។ តែក្នុងពេលដែលដំណើរការនេះរីកកាន់តែធំទៅ ខ្ញុំសូមលើកទឹកចិត្តអោយភាគីទាំងអស់ផ្តោតអោយបានច្រើនឡើងលើការការពារយីហោរបស់ប្រទេសកម្ពុជា ជាអ្នកផ្គត់ផ្គង់មួយប្រកបដោយសីលធម៌។

ខ្ញុំបាននិយាយមកច្រើនពេកហើយ ហើយយើងមានក្រុមវាគ្មិនសំខាន់ពីរក្រុមទៀត ដែលត្រូវឡើងនិយាយ ដូច្នេះ ខ្ញុំសូមបញ្ចប់ត្រឹមនេះ។ ខ្ញុំសូមអរគុណជាថ្មីដល់លោកអ្នកដែលមកចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ហើយខ្ញុំសូមអោយលោកអ្នកទាំងអស់បន្តការងារដ៏ប្រពៃរបស់លោកអ្នក នៅក្នុងការធ្វើអោយមានកំណើនលូតលាស់ប្រកបដោយនិរន្តភាព សំរាប់ប្រជាជនកម្ពុជាទាំងអស់។

សូមអរគុណច្រើន។