សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ផ្តល់​ថវិកា​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សំរាប់​ការ​អភិរក្ស​វប្បធម៌

(ថ្លែង​ជា​ភាសា​ខ្មែរ)
អង្គរបុរី តាកែវ
ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦

សូមជំរាបសួ និងសូមអរគុណលោកអ្នកទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ។ ខ្ញុំសូមអរគុណជាពិសេសចំពោះលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំពិធីនាថ្ងៃនេះ និងអរគុណចំពោះភាពជាដៃគូដ៏យូរមក របស់ក្រសួងជាមួយស្ថានទូតអាមេរិក នៅភ្នំពេញ។ ខ្ញុំសូមសំដែងការកោតសរសើរចំពោះលោកជំទាវ និងក្រុមបុគ្គលិករបស់លោកជំទាវ ដែលបានខិតខំដោយមិនខ្លាចនឿយហត់ ក្នុងការដឹកនាំការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្មែរ។ លើសពីនេះទៀត យើងសូមអរគុណលោក ឌឹម គឹមសាន អភិបាលស្រុកមង្គលបូរី និងលោកស្រី ព្រំ សុគន្ធា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។

សុទ្ធីហើយនិងខ្ញុំមានសេចក្តីរីករាយក្នុងការចូលរួមជាមួយលោកជំទាវរដ្ឋមន្រ្តី នាថ្ងៃនេះ ដើម្បីចុះហត្ថលេខាលើអំណោយថវិកា សំរាប់ជួយក្រសួងវប្បធម៌ក្នុងការចងក្រងឯកសារស្តីពីប្រាសាទចំនួន ២៤ ដែលត្រូវបានសង់ពីសតវត្សទី ៦ និងទី ៧ នៅក្នុងខេត្តតាកែវនិងខេត្តចំនួន ៦ ផ្សេងទៀត។ គំរោងនេះនឹងបង្កើនការយល់ដឹងរបស់យើងទៅលើបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយជួយក្នុងការខិតខំអភិរក្សទីតាំងដ៏សំខាន់ទាំងនេះ។

អំណោយថវិកាដែលយើងចុះហត្ថលេខាលើ នៅថ្ងៃនេះ បានមកពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) នៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក។

នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយប្រាក់ចំនួន ៣,៨ លានដុល្លាអាមេរិក លើគំរោងចំនួនជិត ១៨ នៅទូទាំងប្រទេសកម្ពុជា នៅឆ្នាំ ២០០៣ មូលនិធិ AFCP បានជួយដល់ការសិក្សាស្រាវជ្រាវផ្នែកបូរាណវិទ្យា ដើម្បីរកមើលទំនាក់ទំនងរវាងភូមិករនៅសម័យបូរាណនៅភ្នំបូរី និងភូមិករនៅអង្គរបូរី។

មូលនិធិ AFCP គឺជាការវិនិយោគមួយទៅលើប្រវត្តិសាស្រ្តនៃវប្បធម៌របស់ប្រទេសកម្ពុជា លើវប្បធម៌ និងប្រជាជនកម្ពុជា។ យើងធ្វើការវិនិយោគទៅលើក្រុមអ្នកធ្វើការផ្នែកអភិរក្សវប្បធម៌ ដូចជាអ្នកបូរាណវិទ្យា អ្នកអភិរក្ស និងបុគ្គលិកកម្មករ។ យើងធ្វើការវិនិយោគទៅលើមនុស្ស ដែលរស់នៅជិតប្រាសាទទាំងនេះ យើងធ្វើការវិនិយោគទៅលើយុវជន ដើម្បីអោយគេអាចបង្រៀន មនុស្សជំនាន់ក្រោយ។

សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់ប្រទេសកម្ពុជា ដើម្បីការពារ ចងក្រងឯកសារ និងបង្ហាញដល់ក្រុមមនុស្សដទៃ និងរំលឹកដល់ពិភពលោកនូវបេតិកភណ្ឌវប្បធម៌ដ៏ពិសេសរបស់កម្ពុជា។

ខ្ញុំមានកិត្តិយសដោយមានចំណែកមួយនៅក្នុងការខិតខំនេះ ហើយសូមជូនពរអោយលោកជំទាវរដ្ឋមន្រ្តី និងសហការីរបស់លោកជំទាវទទួលបានជោគជ័យច្រើន នៅក្នុងគំរោង នេះ។

សូមអរគុណ ច្រើននិងសូមជំរាបលា។