សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី Summerfest

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
​សាលា​​អន្តរជាតិ Northbridge រាជធានីភ្នំពេញ
ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៦

សូម​ជំរាបសួ លោក លោកស្រី​! ខ្ញុំ​សូម​អរគុណ​លោក លោកស្រី​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូល​រួម​ជាមួយ​យើង នៅ​ក្នុង​ពិធី Summerfest របស់​អាមេរិក នៅ​ថ្ងៃ​នេះ ដែល​ជា​ពេល​វេលា​សំរាប់​ធ្វើ​ការ​អបអរ និង​ការ​ចងចាំ​។ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក នៅ​រដូវ​ក្តៅ គេ​ចូលចិត្ត​កំសាន្ត​នៅ​ក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ​។ យើង​ចូលចិត្ត​ហូប​អាហារ​មាន​ឱជារស​ដែល​ចេញ​ពី​ភ្លើង​ថ្មី​ៗ និង​ភេសជ្ជៈ​ត្រជាក់​ៗ​សំរាប់​ការ​សម្រន់​ការ​ស្រេក​ទឹក ពិសេស​នៅ​ថ្ងៃ​ក្តៅ​ដូច​ជា​ថ្ងៃ​នេះ​អញ្ជឹង​។ នៅ​តាម​សហគមន៍​ជា​ច្រើន​គេ​មាន​រៀបចំ​ការ​ប្រគំ​តន្រ្តី ហើយ​គេ​អាច​អង្គុយ​នៅ​លើ​ស្មៅ ដើម្បី​ស្តាប់​តន្រ្តីករ​បញ្ចេញ​ទេពកោសល្យ​របស់​គេ​។ ការ​លោត​បាវ​ប្រណាំង​គ្នា ​និង​ការ​លេង​បាល់​បោះ​ឬ​បាល់ទះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ចំណែក​តូច​មួយ​នៃ​ស្មារតី​ប្រលង​ប្រណាំង និង​ស្មារតី​កីឡា ក្នុង​ពេល​ដែល​គេ​លេង​ជាមួយ​គ្នា​។ យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​នាំ​ជូន​លោក​អ្នក​នូវ​ស្មារតី​រដូវ​ក្តៅ​របស់​អាមេរិក នៅ​ភ្នំពេញ​នា​ថ្ងៃ​នេះ​។

ខ្ញុំ​សូម​អរគុណ​អ្នក​ដែល​បាន​ជួយ​យើង​ក្នុង​ការ​សំរួល​ដល់​ការ​ចែក​រំលែក​ប្រពៃណី​ខ្លះ​របស់​ជនជាតិ​អាមេរិក ជាមួយ​លោក​អ្នក ​នៅ​ថ្ងៃ​នេះ ដែល​ក្នុង​នោះ​មាន​៖

  • លោក Brett Sciaroni និង​សមាជិក​នៃ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយ​រៀបចំ និង​ផ្សព្វផ្សាយ​ពី​ពិធី​នេះ​។
  • ការ​ខិត​ខំ​សហការ​របស់​សាលា​អន្តរជាតិ Northbridge International School ដែល​បាន​ផ្តល់​ទីតាំង​នៅ​ក្រៅ​អាគារ​។
  • ក្រុមហ៊ុន​កូកា កូឡា និង​ស្រាបៀ​កម្ពុជា ដែល​បាន​ផ្តល់​ភេសជ្ជៈ សំរាប់​ថ្ងៃ​នៃ​រដូវ​ក្តៅ​ដ៏​សប្បាយ​នេះ​។
  • ក្រុម​បុគ្គលិក​របស់​ស្ថានទូត​អាមេរិក ដែល​ដឹកនាំ​ដោយ​ការិយាល័យ​ទំនាក់ទំនង​សហគមន៍ (​ដែល​យើង​ច្រើន​ហៅ​ថា CLO) ដែល​បាន​ធ្វើការ​សំរបសំរួល​ជាមួយ​ក្រុមហ៊ុន ដែល​ខ្ញុំ​បាន​និយាយ​មក​នេះ និង​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ជួយ​រៀបចំ​ពិធី​ដ៏​ល្អ​នេះ​ឡើង​។

មាន​ភេសជ្ជៈ​និង​អាហារ​ជា​ច្រើន​នៅ​ទីនេះ សំរាប់​លោក​អ្នក​បរិភោគ​ជាមួយ​មិត្ត​ភក្តិ​និង​គ្រួសារ នៅ​កន្លែង​ដ៏​ស្រស់​ស្អាត​នេះ​។ វា​ជា​ការ​ល្អ​ណាស់ ដែល​មាន​ការ​ចូលរួម​របស់​យុវជន​ជា​សមាជិក​នៃ​កម្មវិធី YSEALI និង​ក្រុម​ប្រឹក្សា​យុវជន​របស់​ស្ថានទូត នៅ​ថ្ងៃ​នេះ​។ សូម​អរគុណ​ដែល​បាន​អញ្ជើញ​មក​។