សណ្ឋាគារអាំងទែរកុងទីណង់តាល់ រាជធានីភ្នំពេញ
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦
សូមជំរាបសួឯកឧត្តម យឹម ឆៃលី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។
សូមអរគុណចំពោះការចូលរួមជាមួយខ្ញុំ នៅថ្ងៃនេះ ដើម្បីអបអររយៈពេល ៥ ឆ្នាំដំបូងនៃកម្មវិធី “សន្តិសុខស្បៀងសំរាប់អនាគត” នៅកម្ពុជា។ ដូចលោកអ្នកជ្រាបស្រាប់ហើយ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតគឺជាគំនិតផ្តួចផ្តើមសំខាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអត់ឃ្លាន និងសន្តិសុខស្បៀងនៅទូទាំងសាកលលោក ដែលស្ថិតក្នុងចំណោមគំនិតផ្តួចផ្តើមជាគន្លឹះ ផ្នែកអភិវឌ្ឍន៍ របស់លោកប្រធានាធិបតី Obama។
កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតត្រូវបានបង្កើតឡើង ជាមួយនឹងជំនឿដ៏មុតមាំថា ភាពអត់ឃ្លាននៅក្នុងសាកលលោកគឺជាបញ្ហាប្រឈមមួយដែលយើងអាច និងត្រូវតែប្រឈមដោះស្រាយជាមួយគ្នា។ វាគឺជាភាពជាដៃគូរវាងប្រទេស និងប្រជាជន ដែលត្រូវបានបង្កើតឡើងនៅជុំវិញយុទ្ធសាស្រ្តសន្តិសុខស្បៀងរបស់ប្រទេស នៅក្នុងប្រទេសចំនួន ១៩ ក្នុងពិភពលោក។
នៅប្រទេសកម្ពុជា ខ្ញុំមានមោទនភាពនឹងនិយាយថា ភាពជាដៃគូរបស់យើងជាមួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមានភាពរឹងមាំខ្លាំង និងថា តាមរយៈការប្រឹងប្រែងរួមគ្នារបស់យើង យើងកំពុងតែមានដំណើរជឿនលឿនទៅមុខពិតប្រាកដ ក្នុងការបញ្ចប់ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងអសន្តិសុខស្បៀង នៅកម្ពុជា។
ការលុបបំបាត់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅជុំវិញពិភពលោក គឺជាអាទិភាពមួយបន្ទាន់បំផុតផ្នែកមនុស្សធម៌ ដែលសហរដ្ឋអាមេរិកបានផ្តោតការយកចិត្តទុកដាក់ទៅលើ អស់រយៈពេលរាប់ទសវត្សមកហើយ។ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដែលមានជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ដែលមានតាំងពី “បដិវត្តន៍បៃតង” ដែលផ្តើមឡើងដោយជនជាតិអាមេរិកម្នាក់ដែលបានទទួលរង្វាន់ណូបែល គឺបណ្ឌិត Norman Borlaug នៅពាក់កណ្តាលសតវត្សទី២០។
បណ្ឌិត Borlaug និងមនុស្សស្រករគាត់បានជួយជីវិតមនុស្សរាប់លាននាក់ តាមរយៈការស្រាវជ្រាវដើម្បីកែលំអគ្រាប់ពូជ បង្កើតពូជដែលផ្តល់ទិន្នផលខ្ពស់ ហើយបង្កើតបច្ចេកទេសកសិកម្មទំនើប។ ក្នុងពេលមានគ្រោះអត់ឃ្លានខ្លាំង បដិវត្តន៍បៃតងបានរីករាលដាលនៅជុំវិញពិភពលោក ដោយរួមទាំងមកដល់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ហើយធ្វើអោយគេមានលទ្ធភាពច្រើនឡើងក្នុងការមានគ្រាប់ពូជ និងបច្ចេកទេសដទៃទៀត ដែលជួយអោយប្រទេសអាចផលិតស្បៀងសំរាប់ចិញ្ចឹមប្រជាជនរបស់គេបាន។
ជនជាតិអាមេរិកច្រើនតែភ្លេចថា សហរដ្ឋអាមេរិកខ្លួនឯងធ្លាប់ឆ្លងកាត់ភាពអត់ឃ្លាន ដែលល្បីបំផុតនោះគឺនៅសម័យ Dust Bowl ក្នុងទសវត្ស ១៩៣០ ដែលមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។ តាមរយៈបទពិសោធន៍របស់យើង និងតាមរយៈការធ្វើការជាមួយប្រទេសដទៃ យើងដឹងថា ការវិនិយោគទៅលើកសិកម្មប្រែក្លាយទៅជាការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។
វាស្តែងអោយឃើញថា ស្បៀងអាហារមិនមែនត្រឹមតែជាជីវជាតិចិញ្ចឹមរាងកាយតែប៉ុណ្ណោះទេ តែវាមានភាពចាំបាច់សំរាប់ការអភិវឌ្ឍន៍អោយសហគមន៍មានភាពរឹងមាំល្អ។
គំនិតថ្មីមួយជាគន្លឹះនៃកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតគឺថា វាដើរហួសពីការគ្រាន់តែផ្តល់ស្បៀងអាហារដល់ប្រជាជន ហើយដោះស្រាយបញ្ហាដល់ប្រភពរបស់វា ដោយឈរលើយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលខ្ញុំបាននិយាយមក។ នៅប្រទេសកម្ពុជា វាមានន័យថា ជាការដោះស្រាយបញ្ហាប្រឈមរបស់គ្រួសារ និងកសិករនៅជនបទ ដែលជាឆ្អឹងខ្នងនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។
វាមានន័យថា ជាការបង្រៀនកសិករពីបច្ចេកទេសកសិកម្ម និងទំលាប់ក្នុងការគ្រប់គ្រង។ វាមានន័យថា ជាការបង្រៀនគេពីយុទ្ធសាស្រ្តល្អៗក្នុងមុខរបរ។ វាមានន័យថា ជាការភ្ជាប់ពួកគាត់ទៅនឹងអ្នកផ្គត់ផ្គង់ធនធាន និងទីផ្សា ទាំងនៅកម្ពុជា ទាំងនៅបរទេស។ វាមានន័យផងដែរថា ជាការធ្វើការជាមួយដៃគូរបស់យើងនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ហើយនិងជាមួយវិស័យឯកជន ដែលនឹងនាំការងារនេះទៅមុខ ក្នុងរយៈពេលយូរ។
រយៈពេល ៥ ឆ្នាំដំបូងនៃកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតបានបង្ហាញអោយឃើញថា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានការសហការគ្នានេះ ក្នុងការដោះស្រាយបញ្ហានៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភពិតជាមានប្រសិទ្ធភាពមែន។ គំរោងនេះបានជួយកសិករចំនួនជាងមួយសែននាក់ក្នុងការបង្កើនទិន្នផលរបស់គេ។ វាបានជួយកុមារចំនួនជាង ១៣ ០០០ នាក់អោយមានអាហារូបត្ថម្ភប្រសើរឡើង។ វាបានបង្កើនផលិតផលកសិកម្មសំរាប់លក់ដល់រាប់លានដុល្លា ដែលនាំអោយកសិករមានចំណូលច្រើនឡើង។
តែដើម្បីឃើញផលពិតប្រាកដនៃកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតនៅកម្ពុជា គេត្រូវចុះទៅមើលតាមខេត្តដែលកម្មវិធីនេះកំពុងដំណើរការ។ ខ្ញុំមានឱកាសបានចុះទៅមើលប៉ុន្មានដងមកហើយ។
ខ្ញុំបានចុះទៅមើលកសិករបណ្តុះដំណាំលក់ម្នាក់ នៅខេត្តពោធិសាត់ ដែលមានថ្នាលសណ្តែក និងត្រសក់ដ៏គួរអោយចាប់អារម្មណ៍។ ដោយប្រើបច្ចេកទេសសាមញ្ញ ហើយចំណាយអស់តិច ដូចជាគំរបប្លាស្ទិក ការបន្តក់ទឹក និងទ្រើងដំណាំ គាត់អាចបង្កើនផលិតកម្មរបស់គាត់ដល់មួយកំរិតថ្មី។
ចំណូលបន្ថែមដែលគាត់ទទួលបានជួយអោយកូនគាត់អាចបន្តរៀនសូត្របាន ដែលធ្វើអោយពួកគេអាចមានលទ្ធភាពរៀនចប់ចុងចប់ដើម ហើយមានជោគជ័យក្នុងសេដ្ឋកិច្ច។ នេះគ្រាន់តែជាឧទាហរណ៍មួយតូច តែច្បាស់ ស្តីពីតំលៃនៃកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគត ហើយនិងលក្ខណៈតូចៗរាប់ពាន់នៃការប្រែប្រួល ដែលរួមគ្នាទៅ អាចធ្វើអោយប្រទេសកម្ពុជាមានការផ្លាស់ប្តូរបាន។
សន្និសីទនេះនឹងក្រលេកទៅក្រោយ មើលទៅរយៈពេល ៥ ឆ្នាំនៃកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគត ស្វែងយល់ថា តើយើងអាចរៀនសូត្រអ្វីខ្លះពីអតីតកាល និងវិធីដែលយើងអាចយកមេរៀនទាំងនោះទៅអនុវត្ត នៅពេលអនាគត។ ការគិតគូរបែបនេះគឺជាការងារដ៏មានសារៈសំខាន់ ហើយមានសារៈសំខាន់ចាំបាច់សំរាប់ជោគជ័យជាបន្តនៃកម្មវិធីនេះ។
បន្ទប់នេះពោរពេញទៅដោយមនុស្សដែលកំពុងធ្វើការរួមចំណែក ទោះធំក្តី តូចក្តី ដល់គោលដៅដ៏ប្រសើរនៃការធ្វើអោយលែងមានភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅកម្ពុជា។ ខ្ញុំសូមអរគុណដល់លោកអ្នកទាំងអស់ ដែលមានវត្តមាននៅពេលនេះ ចំពោះទឹកចិត្តប្តេជ្ញារបស់លោកអ្នកចំពោះការងារដ៏ស្មុគស្មាញ តែមានសារៈសំខាន់។
ខ្ញុំមានមោទនភាពចំពោះអ្វីដែលយើងបានសំរេចកន្លងមក ហើយខ្ញុំរីករាយនឹងឃើញការសំរេចបានច្រើនថែមទៀតជាមួយគ្នា ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ទៀត។ សូមអរគុណច្រើន។