សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ឯករាជ្យ

សណ្ឋាគារ​​សុខា ភ្នំពេញ
ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦

សូម​ជំរាបសួ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​កិត្តិយស​ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សមាជិក​អង្គទូត​ដទៃ​ទៀត អស់​លោក លោកស្រី​។

ខ្ញុំ​សូម​អរគុណ​ច្រើន​ចំពោះ​ការ​អញ្ជើញ​មក​ចូលរួម​ជាមួយ​យើង នៅ​យប់​នេះ នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​២៤០ នៃ​ការ​ចាប់​កំណើត​របស់​សហរដ្ឋ​អាមេរិក​។

សុទ្ធី​ហើយ​និង​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដោយ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មិត្តភក្តិ​ជា​ច្រើន នៅ​យប់​នេះ ក្នុង​រាជធានី​ភ្នំពេញ​។ ចាប់​តាំង​ពី​យើង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ យើង​បាន​ជួប​ជាមួយ​មនុស្ស​ដែល​ធ្វើ​អោយ​យើង​ចង់​យក​គំរូ​តាម នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រកប​មុខ​ជំនួញ​ជាមួយ​ប្រទេស​អាមេរិក ធ្វើ​ជា​ដៃគូ​ជាមួយ​យើង​នៅ​ក្នុង​កម្មវិធី​ផ្តល់​ជំនួយ ជួយ​កសាង​សង្គម​ស៊ីវិល​អោយ​រឹងមាំ​។ មនុស្ស​ដ៏​អស្ចារ្យ​ទាំង​នេះ​តំណាង​អ្វី​ដែល​ល្អ​បំផុត ដែល​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​អាច​សំរេច​បាន នៅ​ពេល​យើង​ធ្វើការ​ជាមួយ​គ្នា​។

គ្រប់គ្រាន់​ហើយ​។ ជា​បន្តទៅ​ទៀត ជា​ភាសា​អង់គ្លេស​។

ឧទាហរណ៍ សយ ពិសី មក​ពី​ខេត្ត​រតនៈគីរី ស្ទើរ​តែ​មិន​ចេះ​ភាសា​អង់គ្លេស​សោះ រហូត​ដល់​នាង​សិក្សា​ចប់​ក្នុង​កម្មវិធី​អាហារូបករណ៍​ខ្នាត​តូច​ផ្នែក​ភាសា​អង់គ្លេស ដែល​មាន​រយៈពេល ២ ឆ្នាំ របស់​ស្ថានទូត​អាមេរិក​។ តាំង​ពី​ពេល​នោះ​មក នាង​បាន​ទទួល​ជោគជ័យ​ជា​លំដាប់​។ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ ពិសី​នឹង​ចូល​រៀន​នៅ​ក្នុង​សាកលវិទ្យាល័យ North Carolina ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់​។ នាង​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​មក​ពី​កុលសម្ព័ន្ធ​ជនជាតិ​ព្រៅ ដែល​នឹង​បាន​ទៅ​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​។ នាង​នឹង​ចូលរួម​ជាមួយ​និស្សិត​ខ្មែរ​ចំនួន ៥០០ នាក់ទៀត ដែល​កំពុង​សិក្សា​នៅ​ក្នុង​សាលា​ក្នុង​សហរដ្ឋ​អាមេរិក​។

តាំង លី គឺ​ជា​កសិករ​ម្នាក់​នៅ​ជនបទ ក្នុង​ខេត្ត​សៀមរាប​។ ដោយ​មាន​ការ​ជួយ​ពី​កម្មវិធី​សនិ្តសុខ​ស្បៀង​សំរាប់​អនាគត (Feed the Future program) របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លី​បាន​ក្លាយ​ជា​កសិករ​គំរូ និង​ជា​អ្នក​ផ្គត់ផ្គង់​សំខាន់​នៃ​អាហារ​សំរាប់​សាលារៀន នៅ​ក្នុង​ស្រុក​របស់​គាត់​។ បន្លែ​របស់​លី​មាន​ន័យ​ថា សិស្ស​នៅ​ក្នុង​សហគមន៍​របស់​គាត់​ទទួល​បាន​អាហារ​ប្រកប​ដោយ​ជីវជាតិ រាល់​ថ្ងៃ សំរាប់​ជួយ​ពួកគេ​ក្នុង​ការ​ខិតខំ​រៀន​សូត្រ​។

យើង​មាន​មោទនភាព​ចំពោះ​ហេង សំណាង ដែល​បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​គ្រួសារ​អ្នក​ធ្វើ​ស្រែ​ក្រីក្រ​មួយ នៅ​ខេត្ត​ព្រះវិហារ​។ សំណាង​បាន​ជិះ​កង់​លើ​ចំងាយ​ផ្លូវ​ប្រវែង ១៨ គម ទៅ​រៀន​នៅ​សាកលវិទ្យាល័យ ដោយ​បាន​ទទួល​ពិន្ទុ​ខ្ពស់​ជាង​គេ​។ កាល​ពី​ឆ្នាំ​ទៅ សំណាង​ត្រូវ​បាន​ទទួល​អោយ​ចូល​រៀន​ក្នុង​បណ្ឌិត​សភា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង Annapolis ក្នុង​រដ្ឋ Maryland ដែល​ជា​សាកលវិទ្យាល័យ​មួយ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​គេ​បំផុត​របស់​សហរដ្ឋ​អាមេរិក​។ គាត់​គឺ​ជា​ជនជាតិ​ខ្មែរ​ទី​៧ ហើយ​ដែល​បាន​ចូល​រៀន​នៅ​ក្នុង​បណ្ឌិត​សភា​យោធា​របស់​សហរដ្ឋ​អាមេរិក ហើយ​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​កាន់​តែ​រីកធំ​ឡើង រវាង​យោធា​នៃ​សហរដ្ឋ​អាមេរិក និង​យោធា​នៃ​ប្រទេស​កម្ពុជា​។

ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ពិសី បាន​កើត​នៅ​ខេត្ត​ព្រៃវែង នៅ​ឆ្នាំ​១៩៩៩ ហើយ​បាន​កំព្រា​តាំង​ពី​នៅ​ជា​ទារក​។ គាត់​ត្រូវ​បាន​បុរស​ជនជាតិ​អាមេរិក​ម្នាក់​យក​ទៅ​ចិញ្ចឹម​ជា​កូន នៅ​ពេល​គាត់​មាន​អាយុ ២ ឆ្នាំ ហើយ​បាន​ធំ​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​មាន​ឈ្មោះ​ថ្មី គឺ​ឈ្មោះ Jordan Windle ។ Jordan មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ដ៏​អស្ចារ្យ តាំង​ពី​តូច​មក ហើយ​ដោយ​មាន​ការ​ខិតខំ បាន​ក្លាយ​ជា​កីឡាករ​លោត​ទឹក​លំដាប់​ពិភពលោក​។ កាលពី​ខែ​ឧសភា Jordan និង​ឳពុក​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ដើម្បី​លើក​ទឹកចិត្ត​អោយ​យុវជន​វ័យ​ក្មេង​កម្ពុជា​ខិតខំ​សំរេច​ការ​ស្រម៉ៃ​ចង់​បាន​របស់​គេ​។ Jordan គ្រោង​នឹង​ប្រឡប់​មក​វិញ​ច្រើន​ដង​ទៀត ហើយ​ប្រហែល​នៅ​ថ្ងៃ​ណា​មួយ នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​តំណាង​អោយ​ប្រទេស​កំណើត​របស់​គាត់​។

ចុង​ក្រោយ មាន​រឿង​មួយ​ស្តីពី​កុមារី​ម្នាក់​នៅ​ខេត្ត​ពោធិសាត់ ដែល​មិន​ខុស​ពី​ប្រជាជន​កម្ពុជា​ដទៃ​ជា​ច្រើន​ទៀត​ដែរ មាន​ជីវិត​មួយ​ដែល​មាន​ការ​ក្រឡាប់​ចាក់​ដោយសារ​ពួកខ្មែរ​ក្រហម​។ បន្ទាប់​ពី​ទៅ​តាំង​ទី​លំនៅ​ជាមួយ​បងស្រី​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នាង​បាន​ទទួល​សញ្ញាប័ត្របរិញ្ញា និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ពី​សាលា​ដ៏​ល្បី​បំផុត បាន​ចាប់ផ្តើម​អាជីព​មួយ ហើយ​នៅ​ទីបំផុត បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ទសវត្ស​ឆ្នាំ​១៩៩០​។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ជួប​គាត់​។ ខ្ញុំ​កំពុង​និយាយ​ពី​ភរិយា​ដ៏​ស្រស់​ស្អាត​របស់​ខ្ញុំ ឈ្មោះ សុទ្ធី ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើ​ជា​ស្ពាន​រវាង​ប្រទេស​យើង​ទាំង​ពីរ ហើយ​កំពុង​ជួយ​អភិវឌ្ឍ​មាតុភូមិ​របស់​គេ​។

លោក​រដ្ឋមន្រ្តី រឿង​ដ៏​គួរ​អោយ​កត់​សំគាល់​ទាំង​នេះ​គឺ​ជា​និមិត្តរូប​ដែល​បង្ហាញ​ច្បាស់​ជាង​កម្មវិធី​ណា​ទាំងអស់​របស់​រដ្ឋាភិបាល នូវ​មូលដ្ឋាន​រឹងមាំ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។ ទំនាក់ទំនង​របស់​យើង​ឈរ​នៅ​លើ​មូលដ្ឋាន​នៃ​ការ​គោរព​វប្បធម៌ និង​ប្រវត្តិសាស្រ្ត​របស់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និង​ឈរ​លើ​មូលដ្ឋាន​នៃ​គុណតំលៃ​រួម ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​យើង​ទាំង​ពីរ​។

ទំនាក់ទំនង​នេះ​ឈរ​នៅ​លើ​មូលដ្ឋាន​នៃ​ការងារ​យូរ​អង្វែង ក្នុង​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ និង​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សិទ្ធិ​មនុស្ស ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ សំខាន់​ជាង​អ្វី​ទាំងអស់ ទំនាក់ទំនង​នេះ​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​នូវ​ការ​មាន​ចំណង​ទាក់ទង​គ្នា​យ៉ាង​ជ្រាលជ្រៅ រវាង​ប្រជាជន​របស់​យើង និង​ក្តី​សង្ឃឹម​ដូចគ្នា​របស់​កុមារ​កម្ពុជា និង​កុមារ​អាមេរិក​ថា ពួកគេ​នឹង​មាន​អនាគត​មួយ​ភ្លឺ​ស្វាង​ជាមួយ​គ្នា​។

ដូច្នេះ នៅ​ខួប​ទី​២៤០ នេះ​នៃ​ការ​ចុះ​ហត្ថលេខា​ លើ​សេចក្តី​ប្រកាស​ឯករាជ្យ​​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​អញ្ជើញ​ឯកឧត្តម និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ចូលរួម​លើក​កែវ​ស្រា​ប្រសិទ្ធិពរ​ជាមួយ​ខ្ញុំ​។

ដើម្បី​ព្រះ​សុខភាព​របស់​ព្រះ​ករុណា​ជីវិត​តំកល់​លើ​ត្បូង ព្រះបាទ​នរោត្តម សីហមុនី សម្តេច​ព្រះមហាក្សត្រី ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ លោក​ប្រធានាធិបតី Barack Obama និង​ដើម្បី​ចំណង​មិត្តភាព​យូរ​អង្វែង រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។