សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត William A. Heidt នៅក្នុងពិធីបើកកម្មវិធីនិស្សិតដៃគូ Microsoft នៅកម្ពុជា

(តាមការថ្លែង)
សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ
ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦

សូមជំរាបសួ លោក លោកស្រីទាំងអស់។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅពេលនេះ ក្នុងពិធីបើកកម្មវិធីនិស្សិតដៃគូ Microsoft នៅកម្ពុជា និងដោយបានចូលរួមជាមួយមិត្តភក្តិរបស់យើងមកពីក្រសួងអប់រំ យុវជន និងកីឡា អង្គការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)នៅកម្ពុជា ហើយនិងក្រុមហ៊ុន Microsoft ។

ខ្ញុំមានសេចក្តីរីករាយជាពិសេសដោយថ្ងៃនេះ យើងមានការចូលរួមនៃនិស្សិតក្មេងៗ និងមានភាពឆ្លាតវៃជាច្រើន ដែលកំពុងរៀនក្នុងមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា ដែលចង់បង្ហាញពីការស្រឡាញ់របស់គេលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកកម្ម និងគណិតវិទ្យា ដល់មិត្តភក្តិ និងមិត្តរួមថ្នាក់របស់គេ។

កាលពីប៉ុន្មានខែមុន ខ្ញុំបានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីអនាគតនៃវិស័យបច្ចេកវិទ្យារបស់កម្ពុជា ជាមួយភ្ញៀវជាន់ខ្ពស់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យបច្ចេកវិទ្យា (យើងហៅថា សេដ្ឋកិច្ចប្រកបដោយការច្នៃប្រឌិត) និងមន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រសួងប៉ុស្ត៍ និងទូរគមនាគម។ ខ្ញុំស្គាល់ឈ្មោះគាត់ថា Allen Tan ។ គាត់ជាអ្នកសំរបសំរួល។

នេះជាពិធីដ៏គួរអោយចាប់ចិត្តជាខ្លាំង ដោយសារហេតុផលច្រើនយ៉ាង។ តែផ្នែកដែលធ្វើអោយមានការចាប់ចិត្តខ្លាំងជាងគេគឺការបានលឺពីមេដឹកនាំសហព័ន្ធផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនង (ITC) ស្តីពីការដែលវិស័យបច្ចេកទេសដ៏តូចនៅកម្ពុជា កំពុងមានការរីកដុះដាលយ៉ាងឆាប់រហ័ស នៅពេលបច្ចុប្បន្ននេះ។

ខាងក្រោមនេះគឺជាការពិតមួយចំនួននៅកម្ពុជា៖

  • ចំនួនអ្នកអាចបើកចូលអ៊ិនធ័រណែតមានកំណើនពី ២៧ ០០០ នាក់ កាលពី ៧ ឆ្នាំមុន ដល់ជិត ៧ លាននាក់ នៅពេលនេះ។
  • ចំនួននិស្សិតមហាវិទ្យាល័យដែលចាប់យកជំនាញព័ត៌មានវិទ្យា មានកំណើនពី ១៥០០ នាក់ កាលពី៧ ឆ្នាំមុន ដល់ចំនួន ១៦ ០០០ នាក់ នៅពេលបច្ចុប្បន្ននេះ។ មាននិស្សិតព័ត៌មានវិទ្យាចំនួន ៤០០០ នាក់ប្រលងចេញពីសាលាក្នុងមួយឆ្នាំៗ។
  • ប្រទេសកម្ពុជាមានក្រុមហ៊ុនផ្នែក ITC ចំនួនប្រហែល ៣០០ ដែលមានអ្នកធ្វើការក្នុងជំនាញនេះចំនួនពី ៣ ទៅ ៤ ម៉ឺននាក់។
  • អ្វីដែលគួរអោយកត់សំគាល់ខ្លាំងជាងគេនោះគឺថា អ្នកចូលរួមប៉ាន់ប្រមាណថា នៅក្នុងរយៈពេល ៥ ឆ្នាំទៀត វិស័យនេះនឹងមានទំហំទ្វេដង ហើយនៅក្នុងពេល ១០ ឆ្នាំទៀត វិស័យនេះនឹងត្រូវការមនុស្សធ្វើការចំនួនជាង ១០០ ០០០ នាក់។

តែអ្នកចូលរួមក៏បានពិភាក្សាគ្នាផងដែរពីឧបសគ្គខ្លះៗចំពោះការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា។ លោកអ្នកនឹងគ្មានការភ្ញាក់ផ្អើលទេ នៅពេលលឺថា ទោះបីមានអ្នករៀនជំនាញ IT ចេញពីសាលាច្រើនក្តី តែឧបសគ្គមួយក្នុងចំណោមឧបសគ្គសំខាន់ៗចំពោះវិស័យនេះគឺកង្វះធនធានមនុស្ស។

រឿងហ្នឹងហើយដែលធ្វើអោយកម្មវិធីដូចជាកម្មវិធីនិស្សិតដៃគូ Microsoft (MSP) អាចជួយបាន។ ចំណុចល្អមួយនៃកម្មវិធី MSP គឺថា វាជាបណ្តាញនៃអ្នកមានអាជីពជំនាញដូចគ្នា ដោយនិស្សិតជាដៃគូត្រូវបានផ្តល់អោយនូវមធ្យោបាយក្នុងការធ្វើជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា។

បណ្តាញទាំងនេះគឺជាវិធីដ៏ល្អមួយដែលបំពេញបន្ថែមលើការសិក្សាផ្លូវការផ្នែកបច្ចេកវិទ្យា ហើយលើកកំរិតយល់ដឹងនិងជំនាញផ្នែកបច្ចេកវិទ្យា នៅក្នុងចំណោមយុវជន។

កម្មវិធី MSP ថែមទាំងជាយន្តដ៏ប្រពៃសំរាប់កសាងជំនាញនៃភាពជាអ្នកដឹកនាំ ការទំនាក់ទំនងគ្នា និង ជំនាញបច្ចេកទេស នៅក្នុងចំណោមនិស្សិតជាដៃគូ ដែលនឹងជួយគេក្នុងការកសាងអាជីពផ្នែកបច្ចេកទេសប្រកបដោយជោគជ័យ។

ប្រទេសកម្ពុជាត្រូវការអ្នកឈានមុខគេផ្នែកបច្ចេកវិទ្យា ដែលមានការតាំងចិត្តច្បាស់លាស់ ក្មេង និងមានប្រាជ្ញាឈ្លាសវៃ ហើយខ្ញុំសង្ឃឹមថា អ្នកខ្លះនៅទីនេះនឹងបើកក្រុមហ៊ុនបច្ចេកវិទ្យា បង្កើតកម្មវិធីផ្នែកទុនថ្មីៗ ក្លាយជាគ្រូបង្រៀន IT នៅក្នុងសាកលវិទ្យាល័យ ឬរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា តាមមធ្យោបាយផ្សេងទៀត។

លក្ខណៈល្អមួយទៀតនៃកម្មវិធីនេះគឺថា វាបង្ហាញអោយឃើញពីការដែលក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Microsoft កំពុងរួមចំណែកប្រកបដោយអត្ថន័យដល់ការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ដូចជាការផ្តល់បច្ចេទេស ធ្វើអោយបច្ចេកទេសមានប្រយោជន៍ ត្រូវតាមសេចក្តីត្រូវការរបស់អតិថិជនកម្ពុជា។

ខ្ញុំរីករាយដោយឃើញថា ក្រុមហ៊ុន Microsoft បានចូលរួមជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកដ៏ល្អខ្លះ ដើម្បីជួយដល់ការអភិវឌ្ឍបច្ចេកវិទ្យា នៅកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ហង់ ជួនណារុន យល់ពីតួនាទីនៃបច្ចេកវិទ្យាក្នុងការកែលំអលទ្ធផលនៃការសិក្សាសំរាប់កុមារ និងយុវជន ហើយបានផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមថ្មីៗជាច្រើន។

មិត្តភក្តិរបស់យើងនៅក្នុងអង្គការ STEM Cambodia បានទទួលជោគជ័យច្រើនក្នុងការធ្វើអោយយុវជនកម្ពុជាមានការចាប់អារម្មណ៍ច្រើនទៅលើការសិក្សា និងអាជីពផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តែក្នុងរយៈខ្លី ហើយកំពុងប្រើអំណាចនៃបណ្តាញរបស់យុវជនកម្ពុជា។

ខ្ញុំគិតថា សំរាប់ការពង្រឹងវិស័យបច្ចេកវិទ្យានៅកម្ពុជា គ្មានវិធីណាល្អជាងការបង្កើនចំនួនយុវជនសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទវិទ្យា វិស្វកម្ម និងគណិតវិទ្យាឡើយ។ លោកអ្នកអាចចាត់ទុកស្ថានទូតអាមេរិកជាដៃគូមួយ។ យើងគឺជាស្ថាបនិកដែលផ្តល់ការឧបត្ថម្ភក្នុងការរៀបចំបុណ្យស្តីពីវិស្វកម្ម និងវិទ្យាសាស្រ្តនៅកម្ពុជា ហើយនៅខែក្រោយ យើងនឹងរៀបចំការបោះជំរំបច្ចេកវិទ្យា (TechCamp) ពិសេសមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយមានអ្នកចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និងប្រទេសភូមា ដើម្បីជំរុញអោយមានផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម។

និស្សិតអាហារូបករណ៍ Fulbright ថ្មីរបស់យើងដែលត្រូវចាប់ផ្តើមការសិក្សានៅសហរដ្ឋអាមេរិកនៅក្នុងខែនេះ មាន ៧ នាក់ ហើយក្នុងចំណោម ៧ នាក់នេះ មាន ៣ នាក់នឹងរៀនមុខវិជ្ជាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។ យើងសង្ឃឹមថា នឹងមាននិស្សិតកម្ពុជាច្រើនទៀតនឹងសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅតាមសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក នៅពេលអនាគត។

ដូចដែលខ្ញុំបាននិយាយពីដើមមកហើយ ខ្ញុំមានសេចក្តីរីករាយ និងមានកិត្តិយសដោយបានមកចូលរួមជាមួយលោក អ្នកទាំងអស់គ្នា នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណម្តងទៀតដល់ក្រុមហ៊ុន Microsoft អង្គការ STEM Cambodia និងក្រសួងអប់រំ យុវជន និងកីឡា ហើយសំខាន់ជាងគេនោះ ខ្ញុំសូមជូនពរដល់និស្សិតដៃគូ Microsoft ដែលជាអ្នកធ្វើអោយគំនិតផ្តួចផ្តើមនេះមានជោគជ័យ។ សូមអរគុណច្រើន។