ស្ថានទូតអាមេរិក រាជធានីភ្នំពេញ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦
សូមជំរាបសួ លោក កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា ភ្ញៀវកិត្តិយស សហការីក្នុងស្ថានទូត អស់លោក លោកស្រី។
សូមអរគុណ ដែលបានអញ្ជើញមកចូលរួមជាមួយយើងនាថ្ងៃនេះ ដើម្បីអបអរទិវាផែនដី និងខួបលើកទី១០ នៃទីតាំងស្ថានទូតដ៏ស្រស់ស្អាតរបស់យើងនេះ។ អាគារស្ថានទូតនេះគឺជានិមិត្តរូបរូបវ័ន្ត នៃចំណងរឹងមាំរវាងប្រទេសយើងទាំងពីរ។ យើងមានមោទនភាពថា វាមានលក្ខណៈជាច្រើន ដែលកាត់បន្ថយផលប៉ះពាល់របស់វាទៅលើបរិស្ថាន។
ឯកឧត្តម ខ្ញុំសូមសរសើរលោកចំពោះការដឹកនាំរបស់លោកក្នុងការធ្វើអោយគេមានភ្លើងអគ្គិសនីប្រើប្រាស់កាន់តែច្រើនឡើងនៅកម្ពុជា តាំងពីលោកចូលគ្រប់គ្រង EDC កាលពី ៨ ឆ្នាំមុន។ ដោយយើងចុះហត្ថលេខានៅទីក្រុងប៉ារីសស្តីពីអាកាសធាតុ នៅសប្តាហ៍នេះ យើងផ្តោតការយកចិត្តទុកដាក់យ៉ាងត្រឹមត្រូវលើផលប៉ះពាល់នៃឧស្សាហកម្មថាមពលក្នុងពិភពលោក ដោយរួមទាំងឧស្សាហកម្មថាមពលអគ្គិសនីផងដែរ។
តែវាជាការពិតផងដែរថា ការមានថាមពលប្រើប្រាស់គឺជាកំលាំងជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ ហើយ EDC សំរេចបានលទ្ធផលច្រើន លើរឿងនេះ នៅក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ។ ជោគជ័យនេះបានបើកទ្វារសំរាប់កំណើនសេដ្ឋកិច្ចបន្ថែមទៀត នៅកម្ពុជា។ យើងរីករាយនឹងធ្វើការជាមួយលោកដើម្បីរកមើលប្រភពថាមពលនានាដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបាន (Renewable energy sources) ដើម្បីផ្តល់ថាមពល ដល់ប្រទេសកម្ពុជា នៅពេលអនាគត។
យើងមានមោទនភាពផងដែរ ដោយបានចូលរួមជាចំណែកមួយនៃក្រុមមនុស្សដែលមានចំនួនកាន់តែច្រើនឡើង នៅកម្ពុជា ដែលមានការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថានរបស់ប្រទេសសំរាប់មនុស្សជំនាន់ក្រោយ។ ក្រុមមនុស្សទាំងនេះរួមមានអង្គការមិនមែនរដ្ឋាភិបាលរាប់រយ ទាំងតូច ទាំងធំ ក្រុមហ៊ុនដែលមានមនៈសិការ ដូចជា EDC GE និង Coca Cola ដែលសុទ្ធតែមានវត្តមាននៅពេលនេះ មនុស្សសាមញ្ញរាប់លាននាក់ នៅទូទាំងប្រទេស ហើយសំខាន់ដែរនោះ គឺការដឹកនាំរឹងមាំរបស់រដ្ឋាភិបាលកម្ពុជា។
យើងមានក្តីរំភើបជាខ្លាំងចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានជាច្រើន ក្នុងផ្នែកបរិស្ថាន។ រាជធានីភ្នំពេញមានផែនការមេមួយ ដែលរួមមានកន្លែងមានដើមឈើបន្ថែម និងលទ្ធភាពនៃការបង្កើតថាមពល តាមរយៈការប្រើកាកសំណល់រឹង។
ការយល់ដឹងពីបរិស្ថានរីកសាយភាយយ៉ាងឆាប់ ជាទំរង់នៃការខិតខំជាសហគមន៍ ដូចជាសកម្មភាពដែលមានឈ្មោះថា Pop-Up Clean-Up ចលនាធ្វើអោយរាជធានីភ្នំពេញស្អាត និងសកម្មភាពផ្តួចផ្តើមដទៃទៀត។ ក្នុងសប្តាហ៍នេះ លោករដ្ឋមន្រ្តី សាយ សំអាល់ និងខ្ញុំបានជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់។ ការសំរេចចិត្តរបស់រដ្ឋាភិបាល ក្នុងការការពារព្រៃឡង់ និងតំបន់ព្រៃចំនួន ៤ ទៀត គឺជាការប្តេជ្ញាចិត្តមួយដ៏សំខាន់ ហើយវាជាអ្វីដែលយើងទាំងអស់គ្នាអាចគាំទ្របាន។
អាគាររបស់ស្ថានទូតនេះក៏ជានិមិត្តរូបផងដែរនៃដំណើរជឿនលឿនទៅមុខដ៏គួរអោយចាប់អារម្មណ៍ នៅក្នុងរាជធានីភ្នំពេញ និងប្រទេសកម្ពុជា ជារួម។ នៅពេលអាគារនេះត្រូវបានកសាងឡើង កាលពី ១០ ឆ្នាំមុន វាគឺជាគំរូនៃភាពទំនើបនៅរាជធានីភ្នំពេញ។ តែពេលនេះ លោកអ្នកអាចឃើញនៅគ្រប់កន្លែង នូវអាគារថ្មីទំនើបៗ ដែលសង់ដោយប្រើដែកថែប និងមានកញ្ចក់ ហើយឡើងខ្ពស់ពីលើយើង។
ពិតមែនតែអាគាររបស់យើងលែងជាអាគារឆើតឆាយថ្មី នៅម្តុំនេះក្តី ក្នុងពេលដ៏ខ្លីខាងមុខនេះ វាគឺជាអាគារតែមួយគត់នៅភ្នំពេញ ដែលប្រើផ្ទាំងស្រូបយកថាមពលព្រះអាទិត្យ របស់អាមេរិក ដើម្បីបំពេញមួយចំណែកធំនៃតំរូវការថាមពលរបស់យើង។ យើងសង្ឃឹមថា ការសាកល្បងរបស់យើងលើការប្រើផ្ទាំងស្រូបយកថាមពលព្រះអាទិត្យ រួមជាមួយនឹងការគាំទ្រនៃនយោបាយប្រកប ដោយគតិបណ្ឌិតរបស់រដ្ឋាភិបាល គឺជាការបង្ហាញអោយឃើញគំរូដ៏ច្បាស់មួយ ហើយលើកទឹកចិត្តអោយក្រុមហ៊ុនកម្ពុជាដទៃទៀតនិងអ្នកប្រើប្រាស់ដំឡើងផ្ទាំងថាមពលបែបនេះតាមដែរ។
លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក John Kerry បានសុំអោយយើងធ្វើអ្វីៗតាមដែលអាចធ្វើបាន ដើម្បីជំរុញគំនិតផ្តួចផ្តើមផ្នែកការទូតទាក់ទងនឹងបរិស្ថាន នៅតាមស្ថានទូតរបស់យើង នៅទូទាំងសាកលលោក។ យើងបានបង្កើតក្រុមបរិស្ថាន (Green Team) ដែលនឹករកគំនិតស្តីពីវិធីកាត់បន្ថយសារធាតុពុលក្នុងបរិយាកាស។ Susan សូមគ្រវីដៃអោយគេឃើញផង។ មកដល់ពេលនេះ យើងសំរេចបានលទ្ធផលច្រើន។
យើងប្រើប្រាស់ឡើងវិញនូវទឹកលាងដៃ និងទឹកលាងចាន ដើម្បីស្រោចសួនរបស់យើង។ យើងដំឡើងអំពូលភ្លើង GE LED នៅក្នុងផ្ទះទាំង៩៣ របស់យើង ដើម្បីកាត់បន្ថយភ្លើងអគ្គិសនីដែលបានប្រើ។ យើងដាក់អោយនៅដាច់ពីគ្នានូវក្រដាស កំប៉ុងអាលុយមីញ៉ូម ជ័រប្លាស្ទិក និងរហូតដល់កាកសំណល់សំរាប់សួនច្បារ ហើយធ្វើជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ដើម្បីប្រែក្លាយរបស់ទាំងនេះអោយទៅជារបស់អាចប្រើបាន។
អង្គការខ្លះនៃអង្គការទាំងនេះមានវត្តមាននៅពេលនេះ ដើម្បីលក់របស់ដែលត្រូវបានកែច្នៃប្រើឡើងវិញ។ ខ្ញុំសូមអោយលោកអ្នកទាំងអស់គ្នាចូលមើលតាមតុមួយៗ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការទាំងនេះ និងវិធីដែលយើងអាចធ្វើបាន ដើម្បីធ្វើអោយប្រទេសកម្ពុជាកាន់តែស្រស់ស្អាតជាងនៅពេលនេះ។
ខ្ញុំគិតថា ខ្លួនខ្ញុំមានសំណាងដែលបានមកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា នៅក្នុងពេលដែលការយល់ដឹងពីបរិស្ថានមានការវិវត្តយ៉ាងលឿន។ ខ្ញុំមានសេចក្តីរីករាយសូមផ្តើមរយៈពេល ១០ ឆ្នាំបន្ទាប់នៃភាពជាដៃគូរបស់យើងក្នុងការកសាងបរិស្ថានអោយកាន់តែល្អថែមទៀត។
សូមអរគុណច្រើន។