សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt ក្នុង​ឱកាស​ការ​ប្រគំ​តន្រ្តី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាក្នុងឱកាសការប្រគំតន្រ្តីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០
សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ រាជធានីភ្នំពេញ
ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៦

សូម​ក្រាប​ថ្វាយ​បង្គំ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

សូម​ក្រាប​ថ្វាយ​បង្គំ សម្តេច ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

សូម​គោរព សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់​ក្សត្រី ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​យាង និង​អញ្ជើញ​ចូលរួម​ជា​ទី​មេត្រី​។

ទូលបង្គំ​ខ្ញុំ​បាទ និង​សុទ្ធី​ជា​ភរិយា​ទូល​បង្គំ ពិត​ជា​មាន​កិត្តិយស​ជា​អនេកបការ ដោយ​មាន​វត្តមាន​នា​រាត្រី​នេះ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពង់​បំផុត​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រី ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ

ថ្ងៃ​ស្អែក​គឺ​ជា​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ការ​ដែល​ក្រុម​តន្រ្តី​របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បាន​មក​ប្រគំ​នៅ រាជធានី​ភ្នំពេញ ថ្វាយ​ជូន​ដល់ អតីត​ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះ រោត្តម សុរាម្រិត និង សម្តេច ព្រះមហាក្សត្រិ​យានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា។ របាយការណ៍​ក្នុង​សារព័ត៌មាន​ពី​ពេល​នោះ​បង្ហាញ​ថា ពិធី​នោះ​គឺ​ពិត​ជា​ពិធី​ដ៏​អស្ចារ្យ​។

ពិធី​នៅ​រាត្រី​នោះ បាន​ចាប់​ផ្តើម​ដោយ​ភោជនីយហារ​ជាមួយ​ស្រា​សំប៉ាញ ដែល​រៀបចំ​ដោយ ឯកឧត្តម រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ជាមួយ​សមាជិក​អង្គ​ទូត​។ បន្ទាប់​ពី​កម្មវិធី​ពិសារ​ភោជនីយហារ​រួច ក្រុម​តន្រ្តី​បាន​ប្រគំ​នៅ​ខាង​ក្រៅ នៅ​មុខ​ព្រះបរមរាជវាំង ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង និង សម្តេច ព្រះមហាក្សត្រិយានី និង​ជូន​ដល់​ប្រជារាស្រ្ត​ខ្មែរ​រាប់​ពាន់​នាក់ ដោយ​មាន​ជា​ច្រើន​នាក់​ទៀត​ស្តាប់​តាម​វិទ្យុ​។

បន្ទាប់​ពី​ក្រុម​តន្រ្តី​ប្រគំ​ចប់ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង​បាន​ត្រាស់​បង្គាប់​ឲ​ក្រុម​សិល្បៈ​ខ្មែរ​សំដែង​ជូន​សមាជិក​ក្រុម​តន្រ្តី​សហរដ្ឋ​អាមេរិក​។ ការ​សំដែង​នោះ​បន្ត​រហូត​ដល់​ម៉ោង ១១ យប់​។

មាន​ឱកាស​រីករាយ​បែប​នេះ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​បណ្តា​ឆ្នាំ​កន្លង​ទៅ តែ​ឱកាស​ភាគ​ច្រើន​មិន​ត្រូវ​បាន​គេ​ចងចាំ​ទេ​។ យ៉ាង​ណា​មិញ​ឱកាស​មួយ​នេះ​មិន​ត្រូវ​បាន​គេ​ភ្លេច​ទេ ដោយសារ​តែ​មាន​មិត្ត​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ម្នាក់ គឺ​លោក Anton Isselhardt ដែល​ធ្វើការ​នៅ​មូលនិធិ ArtPlus Foundation។

លោក Anton បាន​រក​ឃើញ​ព្រឹត្តិប័ត្រ​ដែល​កប់​នៅ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​១៩៥៦ មក ។ ព្រឹត្តិប័ត្រ​នោះ​និយាយ​ថា សមាជិក​មួយ​ចំនួន​នៃ​ក្រុម​តន្រ្តី​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ផ្តល់​កិត្តិយស​អោយ នៅ​ក្នុង​ពិធី​មួយ​ក្នុង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ចំពោះ​មុខ​ឯកឧត្តម នង គិមនី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​។

ជាមួយ​នឹង​ភស្តុតាង​ដ៏​តូច​នេះ ទូល​បង្គំ​យើង​ខ្ញុំ​បាន​ចាប់ផើ្តម​ស្រាវជ្រាវ​ព្រឹត្តិការណ៍​និង​ឯកសារ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រគំ​តន្រ្តី​នៅ​ឆ្នាំ​១៩៥៦​។

ទូលបង្គំ​យើង​ខ្ញុំ​ស្វែង​យល់​បាន​ច្រើន​កាលណា ទូលបង្គំ​យើង​ខ្ញុំ​រឹត​តែ​ចង់​បង្កើត​ឡើង​វិញ​នូវ​ភាព​អស្ចារ្យ​ដែល​បាន​កើត​ឡើង នៅ​រាត្រី​នោះ​ក្នុង​ឆ្នាំ​១៩៥៦ ច្រើន​កាល​នោះ​។

ទូលបង្គំ​យើង​ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ក្រុម​តន្រ្តី​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ដដែល​នេះ ដែល​បាន​មក​ប្រគំ​តន្រ្តី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី ៦០ ឆ្នាំ​មុន​។

រាត្រី​នេះ​ទូល​បង្គំ​យើង​ខ្ញុំ​មាន​សេចក្តី​រីករាយ​បំផុត​សូម​ស្វាគមន៍​សមាជិក ៤ រូប​នៃ​ក្រុម​តន្រ្តី​លេង​ឧបករណ៍​ខ្សែ​របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក មក​ពី​ទីក្រុង​វ៉ាស៊ីតោន​នៃ​សហរដ្ឋ​អាមេរិក​ដែល​នឹង​ចូលរួម​ប្រគំ​រួម​គ្នា​ជាមួយ​នឹង​សិល្បករ​កិត្តិយស​ផ្សេង​ៗ​ទៀត​។

នា​រាត្រី​នេះ យើង​នឹង​បាន​លឺ​បទ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​លេង​ជា​លើក​ដំបូង​បង្អស់ នៅ​ក្នុង​ពិធី​ប្រគំ​តន្រ្តី កាលពី​ខែ​ឧសភា ឆ្នាំ​១៩៥៦ នោះ​។ បទ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ដក់​ជាប់​ក្នុង​បេះដូង​នៃ​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីព្រោះ​បទ​ទាំង​ពីរ​នេះ​គឺ​ជា​ព្រះរាជ​និពន្ធ​របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរម​រតនកោដ្ឋ នរោត្តម សីហនុ ដែល​មាន​ចំណង​ជើង​ថា “​កម្ពុជា​” និង “​សក្រវាទិ៍​”​។

យើង​នឹង​បាន​លឺ​ផង​ដែរ​នូវ​បទ​ជ្រើសរើស​ខ្លះ​របស់​អ្នក​និពន្ធ​អាមេរិក និង​អ្នក​និពន្ធ​អឺរ៉ុប​ល្បី​ៗ​។

ទូល​បង្គំ​ខ្ញុំ​បាទ​សង្ឃឹម​ថា ការ​ប្រគំ​តន្រ្តី​នៅ​រាត្រី​នេះ​គឺ​ជា​ការ​រំលឹក​មួយ​ដល់​ចំណង​មិត្តភាព រវាង​ប្រជាជន​សហរដ្ឋ​អាមេរិក និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ជា​ច្រើន​ទសវត្ស​មក​ហើយ ហើយ​ដែល​ពេល​នេះ មាន​ភាព​រឹងមាំ​ជាង​ពេល​ណា​ទាំងអស់​។

មុន​នឹង​ទូលបង្គំ​ខ្ញុំ​បាទ​បញ្ចប់​នូវ​ការ​ថ្លែង​សុន្ទករថា ទូលបង្គំ​ខ្ញុំ​បាទ​សូម​សំដែង​ការ​ស្វាគមន៍​ជា​ពិសេស​ដល់​លោក ឧត្តមសេនីយ​ទោ Gary Sayler នៃ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក ឧត្តមសេនីយ​នៃ​ឆ្មាំ​ជាតិ​រដ្ឋ Idaho និង សហការី​របស់​លោក​។ ទូលបង្គំ​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​លោក​អាច​ប្តូរ​ថ្ងៃ​ធ្វើ​ដំណើរ​របស់​លោក ដើម្បី​អាច​មក ចូលរួម​ជាមួយ​ទូល​បង្គំ​យើង​ខ្ញុំ នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ដែល​មាន​ការ​សំដែង​របស់​ក្រុម​តន្រ្តី​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​។

ទូលបង្គំ​ខ្ញុំ​បាទ​សូម​ថ្លែង​អំណរគុណ​ផង​ដែរ​ដល់​ក្រុម​តន្រ្តីករ​របស់​យើង​ខ្ញុំ ដៃ​គូរ​សហការ​រៀបចំ​របស់​យើង​ខ្ញុំ និង​មិត្តភក្តិ​របស់​យើង​ខ្ញុំ​ក្នុង​​សណ្ឋាគារ Raffles Hotel ។

ទូលបង្គំ​ខ្ញុំ​បាទ​សូម​អរ​ព្រះគុណ​និង​សូម​អរគុណ​ជា​ពិសេស​ដល់ ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​ជួយ​ធ្វើ​អោយ​រាត្រី​នេះ​ជា​រាត្រី​ដែល​គួរ​អោយ​ចងចាំ​។

សូម​អរព្រះគុណ និង​សូម​អរគុណ​ច្រើន​។