ស្ថានទូតអាមេរិក ភ្នំពេញ
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥
សូមជំរាបសួឯកឧត្តម អ៊ឹម គុជ ឯកឧត្តម បណ្ឌិត ឱ វណ្ណឌីន លោក ម៉ុក សារុំ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps និងបុគ្គលិក ភ្ញៀវកិត្តិយស និងសំខាន់បំផុត ដល់សិក្ខាកាមជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ។ សូមស្វាគមន៍ក្នុងពិធីស្បថចូលបំពេញការងារនៃក្រុមទី៩ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ ខ្ញុំសូមអរគុណអស់លោកអ្នកទាំងអស់ដែលបានអញ្ជើញមក។ ថ្ងៃនេះ យើងមានកិត្តិយសធ្វើជាសាក្សីនៃការឆ្លើយតបនឹងការអំពាវនាវអោយចូលបំរើការងាររបស់បុរសនារីអាមេរិកដ៏ល្អចំនួន ៦៤ នាក់។
ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងដោយបានចូលរួមក្នុងពិធីនាថ្ងៃនេះ តាំងពីខ្ញុំបានមកដល់ប្រទេសកម្ពុជា កាលពីចុងសប្តាហ៍មុន។ ទីភ្នាក់ងារ Peace Corps តំណាងអោយការទាក់ទងគ្នាដ៏ល្អ រវាងប្រជាជន និងប្រជាជន ដែលយើងមានរវាងប្រទេសយើងទាំងពីរ ហើយខ្ញុំរីករាយនឹងធ្វើដំណើរជុំវិញប្រទេសកម្ពុជា នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជួបនិងស្គាល់អ្នកស្ម័គ្រចិត្តរបស់យើង និងស្វែងយល់ពីសហគមន៍ដែលពួកគេរស់នៅ និងធ្វើការ។
ក្នុងនាមជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ពួកគេនឹងចូលរួមជាមួយជនជាតិអាមេរិកពិសេសចំនួនប្រហែល ២២០ ០០០ នាក់ ដែលបានចូលបំពេញការងារ ចាប់តាំងពីលោកប្រធានាធិបតី John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នេះឡើង នៅឆ្នាំ១៩៦១ ហើយពួកគេដើរតាមដានរបស់អ្នកស្ម័គ្រចិត្តចំនួនជាង៤០០នាក់ ដែលបានមកបំពេញការងារនៅកម្ពុជា តាំងពីឆ្នាំ២០០៦ មក។
ពួកគេគឺជាមុខមាត់ពិតប្រាកដនៃប្រទេសអាមេរិក ប្រហែលមានតែពួកគេទេដែលជាជនជាតិអាមេរិក ដែលប្រជាជនកម្ពុជាភាគច្រើនស្គាល់។ ក្នុងការកសាងទំនាក់ទំនងនេះ ម្តងមួយម្តងមួយ តាមរយៈទឹកចិត្តបំរើការងារ ការចង់រៀនសូត្រ ការចង់ចែករំលែក ជំនឿលើការផ្លាស់ប្តូរ និងភាពសោមនស្សយ៉ាងច្រើន ពួកគេជួយធ្វើអោយទីភ្នាក់ងារ Peace Corps បន្តនៅតែជាវិធីមួយក្នុងចំណោមវិធីល្អៗបំផុតរបស់យើងក្នុងការកសាងទំនាក់ទំនងរឹងមាំជាមួយប្រទេស និងប្រជាជនកម្ពុជា។ នៅពេលប្រជាជនកម្ពុជារៀនពីពួកគេ ពួកគេក៏នឹងរៀនពីប្រជាជនកម្ពុជាវិញដែរ ពិសេសគ្រួសារដែលគេនៅជាមួយ។
កេរ្តិ៍ដំណែលយូរអង្វែងនៃទីភ្នាក់ងារ Peace Corps ក៏ត្រូវបានគេមើលឃើញផងដែរ នៅក្នុងស្ថានទូតអាមេរិក ដែលក្នុងនោះ សហការីជាច្រើនរបស់ខ្ញុំគឺជាអតីតអ្នកស្ម័គ្រចិត្ត ដែលបានបំពេញការងារនៅតាមកន្លែងនានាដូចជាប្រទេស Moldova, Zambia, Morocco, China, Thailand និងប្រទេស Cote d’Ivoire ។ ពេលនេះ គេមកប្រទេសកម្ពុជា ដើម្បីបំពេញការងារតាមរបៀបថ្មីនៃការពង្រីកទំនាក់ទំនងរបស់យើង។
ខ្ញុំសូមសរសើរការខិតខំរបស់បុគ្គលិកនៃទីភ្នាក់ងារ Peace Corps ដែលបានខិតខំឆ្លងកាត់វគ្គរៀនសូត្រនេះ រហូតទទួលបានជោគជ័យ នៅទីបំផុត។ ខ្ញុំសូមអរគុណអាជ្ញាធរខេត្តកណ្តាលនិងសហគមន៍របស់គេ ដែលបានទទួលសិក្ខាកាមមករៀនសូត្រ ហើយគាំទ្រការខិតខំរបស់ទីភ្នាក់ងារ Peace Corps ។ នៅទីបញ្ចប់ ខ្ញុំសូមអរគុណសមាជិកថ្មីៗបំផុតនៃគ្រួសារ Peace Corps ចំពោះការងាររបស់ពួកគេ។ ខ្ញុំសូមអបអរសាទរពួកគេ ដែលបានបញ្ចប់វគ្គរៀនសូត្រប្រកបដោយជោគជ័យ និងចំពោះការផ្សងព្រេងដ៏ធំដែលរង់ចាំពួកគេ។