សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ​ស្តីពី​ការ​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ

ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦

សូម​ជំរាបសួ​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ឯកឧត្តម​​បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ជំទាវ​បណ្ឌិត​ អ៊ឹង គន្ធាផាវី រដ្ឋមន្រ្តី​ក្រសួង​​កិច្ច​ការ​នារី លោក​ជំទាវ ជូ ប៊ុនអេង អនុប្រធាន​អចិន្រ្តៃ​នៃ​គណកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ ភ្ញៀវ​កិត្តិយស អស់​​លោក​ លោកស្រី ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​មាន​វត្តមាន​នៅ​ព្រឹក​នេះ នៅ​ក្នុង​អង្គ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណកម្មាធិការ​ជាតិ​​ប្រយុទ្ធ​​​ប្រឆាំង​នឹង​ការ​ជួញដូរ ដែល​ហៅ​កាត់​ថា NCCT ។ ស្រប​ជាមួយ​នឹង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កិច្ច​ប្រជុំ​​​នេះ​​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​​ដ៏​មាន​សារៈសំខាន់​បំផុត​នៅ​ឆ្នាំ​នេះ ក្នុង​ការ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ជួញ​ដូរ​មនុស្ស​​របស់​ប្រទេស​កម្ពុជា​។ វា​ផ្តល់​អោយ​រដ្ឋាភិបាល​នូវ​ឱកាស​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ផែនការ​ប្រឆាំង​ការ​ជួញ​ដូរ​​របស់​ខ្លួន និង​សកម្មភាព​ផ្តួចផ្តើម​សំរាប់​ឆ្នាំ​ខាង​មុខ ហើយ​ផ្តល់​អោយ​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា​នូវ​ព័ត៌មាន​​ដែល​គេ​​ត្រូវការ ដើម្បី​​ធ្វើ​ការ​ជួយ​។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​​លំអិត​​ដែល​យើង​បាន​លឺ​នៅ​ព្រឹក​​នេះ ហើយ​និង​​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​របស់​ក្រសួង​នានា ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​។

យើង​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ជួញដូរ​មនុស្ស ពីព្រោះ​វា​ប៉ះពាល់​មិន​ត្រឹមតែ​ចំពោះ​បុគ្គល​និង​គ្រួសារ​របស់​​គេ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ប៉ះពាល់​ដល់​សហគមន៍ និង​ប្រទេស​ទាំង​មូល​ថែម​ទៀត​ផង​។ យើង​វាយ​តំលៃ​ខ្ពស់​​ចំពោះ​ការងារ​ដ៏​ប្រពៃ​របស់ NCCT ដែល​មាន​សម្តេច ស ខេង​ជា​ប្រធាន និង​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ជំទាវ ជូ ប៊ុនអេង​។ តាមរយៈ​បទពិសោធន៍​​នៅ​ជុំវិញ​ពិភពលោក យើង​ដឹង​ថា ការ​សំរបសំរួល​គ្នា​រឹង​មាំ​ក្នុង​ចំណោម​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​មាន​សារៈសំខាន់​ចាំបាច់​សំរាប់​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។ NCCT បាន​ផ្តល់​ការ​​ដឹកនាំ​ និង​ការ​សំរបសំរួល​ចាំបាច់​សំរាប់​ឈាន​ទៅ​ទទួល​បាន​ភាព​ជឿនលឿន​​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​។

នៅ​ពេល​ខ្ញុំ​បាន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​លើក​ដំបូង នៅ​ចុង​ទសវត្ស​ទី ១៩៩០ ការ​ជួញដូរ​ផ្លូវ​ភេទ​​​នៅ​​កម្ពុជា​មាន​​ច្រើន ជា​ពិសេស​លើ​អនីតិជន​។ នេះ​គឺ​ជា​បញ្ហា​សង្គម​ដ៏​លំបាក​មួយ ​ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កេរ្តិ៍​ឈ្មោះ​​របស់​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​។ តែ​ដោយ​មាន​ការ​ខិតខំ​របស់​រដ្ឋាភិបាល នគរបាល សង្គម​ស៊ីវិល ព្រមទាំង​ដោយ​មាន​ជំនួយ​ពី​ដៃគូ​អន្តរជាតិ ប្រទេស​កម្ពុជា​បាន​កែប្រែ​ស្ថាន​ភាព​​​នេះ​ឡើង​វិញ​។

តាម​ពិត​ទៅ ការ​សិក្សា​មួយ​ក្នុង​ពេល​ថ្មី​ៗ​​នេះ​​របស់​អង្គការ​បេសកកម្ម​យុត្តិធម៌​​អន្តរជាតិ (International Justice Mission) បង្ហាញ​អោយ​ឃើញ​ថា ចំនួន​អនីតិជន​ដែល​ស្ថិត​នៅ​ក្នុង​របរ​រក​ស៊ី​ផ្លូវ​ភេទ មាន​ការ​ធ្លាក់​ចុះ​ក្នុង​​ចំនួន​​ពី​១៥ ទៅ ៣០ ភាគរយ នៅ​ក្នុង​ចំណោម​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​កាល​ពី​១៥ ឆ្នាំ​មុន ហើយ​នៅ​ពេល​នេះ​ មាន​ចំនួន​​​តែ​ជាង ១​% ប៉ុណ្ណោះ​។ នេះ​គឺ​ជា​ជោគជ័យ​មួយ ហើយ​អាច​ជា​មោទនភាព​មួយ​​សំរាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។

ជោគជ័យ​​​របស់​​កម្ពុជា​ក្នុង​​ការ​​ប្រយុទ្ធ​​នឹង​​ការ​​ជួញដូរ​​ផ្លូវ​​ភេទ​​លើ​​កុមារ​​ធ្វើ​អោយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា កម្ពុជា​​អាច​​សំរេច​ជោគជ័យ​បែប​នេះ នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ជួញដូរ​ពលកម្ម​។ បើ​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) មាន​ប្រជាជន​កម្ពុជា​ចំនួន​ជាង ១ លាន​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដែល​ភាគ​ច្រើន​គឺ​នៅ​ប្រទេស​ថៃ​។ ពួកគេ​​ជា​ច្រើន​ប្រើប្រាស់​មធ្យោបាយ​ខុស​ច្បាប់ ឬ​គ្មាន​សុវត្ថិភាព​​ ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​។ តាម​ពិត​ទៅ​ការិយាល័យ​អន្តោ​ប្រវេសន៍​​អន្តរជាតិ​បាន​រក​ឃើញ​ថា ៨៥​% នៃ​ជន​ចំណាក​ស្រុក​កម្ពុជា ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ នៅ​ខែ​​មិថុនា ឆ្នាំ​២០១៤ បាន​ប្រើប្រាស់​មធ្យោបាយ​មិន​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​។

នៅ​ពេល​គេ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដោយ​មិន​បាន​ទទួល​ព័ត៌មាន​ស្តីពី​មធ្យោបាយ​ធ្វើ​ចំណាក​​ស្រុក​ស្រប​ច្បាប់ និង​ប្រកប​ដោយ​សុវត្ថិភាព កម្មករ​កម្ពុជា​អាច​ត្រូវ​បាន​គេ​រំលោភ កេង​ប្រវ័ញ្ច ឬ​មិន​ត្រូវ​បាន​គេ​បើក​​ប្រាក់ខែ​អោយ​។ ពួកគេ​ជា​ច្រើន​បាន​ប្រថុយ​ជីវិត​។ ដោយ​មិន​ដឹង​ច្បាស់​ពី​លំហូរ​នៃ​អ្នក​ធ្វើ​ចំណាក​ស្រុក រដ្ឋាភិបាល​មាន​ការ​ពិបាក​ជា​ខ្លាំង​ក្នុង​ការ​យក​ធនធាន​ផ្នែក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទៅ​ប្រើ​អោយ​ចំ​គោលដៅ ​ឬ​ផ្តល់​សេវា​ដោយ​​មាន​ការ​សំរបសំរួល​គ្នា សំរាប់​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ជឿ​ថា កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ច្រើន​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង និង​ដោយ​ឡែក គោលការណ៍​ណែនាំ​ថ្មី​ស្តីពី​ការ​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ មាន​សារៈសំខាន់​ណាស់​។ គោល​ការណ៍​ណែនាំ​ថ្មី​ធ្វើ​អោយ​គេ​មាន​ការ​យល់​ដឹង​រួម​ថា​តើ​អ្នក​ធ្វើ​ចំណាក​ស្រុក​ណា​ខ្លះ​ជា​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ ជួយ​រដ្ឋាភិបាល និង​ដៃគូ​អោយ​ដឹង​ពី​ទំហ៊ំ​​នៃ​មធ្យោបាយ​ជួញដូរ​ពលកម្ម ហើយ​ធ្វើ​អោយ​រដ្ឋាភិបាល​អាច​បញ្ជូន​ជន​​រង​គ្រោះ​ទៅ​កន្លែង​ផ្តល់​សេវា​សង្គម​សមស្រប​។ គោលការណ៍​នេះ​គឺ​ជា​ការ​សំរេច​បាន​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស​។

យើង​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ពិចារណា​បន្ថែម​មធ្យោបាយ​មួយ​ទៀត​ដល់​វិធាន​ការ​ប្រឆាំង​ការ​ជួញដូរ​​​នៅ​​កម្ពុជា នោះ​គឺ​សមត្ថភាព​របស់​នគរបាល​កម្ពុជា​ក្នុង​ការ​ប្រើ​បច្ចេកទេស​ស៊ើប​អង្កេត​ដោយ​សំងាត់ នៅ​ក្នុង​ករណី​តាម​​ចាប់​ករណី​ជួញដូរ​។ ការ​ស៊ើប​អង្កេត​ដោយ​សំងាត់​គឺ​ជា​មធ្យោបាយ​យ៉ាង​សំខាន់​មួយ​​សំរាប់​សមត្ថកិច្ច នៅ​សហរដ្ឋ​អា​មេរិក​។ នគរបាល​ប្រើ​ការ​ស៊ើប​អង្កេត​ដោយ​សំងាត់ នៅ​ពេល​តាមដាន​ករណី​រត់​ពន្ធ​គ្រឿង​ញៀន នៅ​កម្ពុជា​ផង​ដែរ​។ តែ​ការ​ស៊ើប​អង្កេត​បែប​នេះ​មិន​ត្រូវ​បាន​ប្រើ​ក្នុង​ករណី​ជួញ​ដូរ​មនុសុ្ស​ទេ​។ យើង​ជឿ​ថា ការ​ផ្តល់​អោយ​នគរបាល​នូវ​​អំណាច​​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត ដោយ​សំងាត់​នៅ​ក្នុង​ករណី​ជួញដូរ​មនុស្ស នឹង​ធ្វើ​អោយ​ការ​​ស៊ើប​​អង្កេត​​មាន​​ប្រសិទ្ធភាព​ជាង​មុន នាំ​ដល់​ការ​កាត់ទោស​ច្រើន​ជាង​មុន ហើយ​នៅ​ទី​បញ្ចប់ គឺ​ចំនួន​ជន​រងគ្រោះ​តិច​ជាង​​មុន​។

ខ្ញុំ​មាន​មោទនភាព​ចំពោះ​ភាព​ជា​ដៃគូ​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ក្នុង​រយៈ​ពេល ១៥ ​ឆ្នាំ​មក​នេះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​។ នៅ​ក្នុង​ស្មារតី​នេះ ​ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​​ប្រកាស​នៅ​ថ្ងៃ​នេះ​ នូវ​ជំពូក​ថ្មី​បំផុត​មួយ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់​យើង គឺ​កម្មវិធី​ថ្មី មាន​រយៈពេល ៤ ឆ្នាំ​ស្តីពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​ឧបត្ថម្ភ​ថវិកា ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។ កម្មវិធី​នេះ​ជួយ​ផែនការ​សកម្មភាព​ជាតិ​កម្ពុជា ព្រមទាំង​គណកម្មាធិការ​ប្រឆាំង​ការ​ជួញដូរ​​ខេត្ត នៅ​តាម​ខេត្ត​មួយ​ចំនួន​។

ក្រៅ​ពី​ការ​ជួយ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​បទល្មើស​ជួញដូរ កម្មវិធី​នេះ​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​​ឱកាស​ការងារ​សម​ប្រកប​ ដល់​ប្រជាជន​កម្ពុជា​ដែល​ប្រឈម​នឹង​ការ​ជួញដូរ​មនុស្ស​។ វា​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​​របស់​យើង​​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ជួញដូរ យើង​ត្រូវ​ដោះស្រាយ​បុព្វេហតុ​ជា​ឬស​គល់​ដែល​ធ្វើ​អោយ​គេ​មាន​ការ​​ប្រឈម​​នឹង​ការ​ជួញដូរ នោះ​គឺ​ការ​សិក្សា​អប់រំ និង​ឱកាស​ផ្នែក​សេដ្ឋកិច្ច​។

ជា​ទី​បញ្ចប់​នេះ ខ្ញុំ​សូម​សំដែង​ការ​អបអរសាទរ​ម្តង​ទៀត​ចំពោះ​ជោគជ័យ​ដ៏​សំខាន់​ដែល​ប្រទេស​កម្ពុជា និង​ដៃគូ​របស់​ខ្លួន​សំរេច​បាន នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​គ្រប់​ប្រភេទ​។ យើង​មាន​ការ​ប្តេជ្ញាចិត្ត​​ក្នុង​ការ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល នៅ​ក្នុង​បញ្ហា​ប្រឈម​ដ៏​សំខាន់​នេះ នៅ​ក្នុង​ខែ និង​ឆ្នាំ​ខាង​មុខ​ៗ​។ យើង​​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ នៅ​ពេល​ប្រជាជន​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ​ថ្មី ពួកគេ​អាច​ទៅ​​ដោយ​សុវត្ថិភាព និង​ដោយ​ស្រប​ច្បាប់ ហើយ​ធ្វើការ​និង​រស់​នៅ​ដោយ​ភាព​ថ្លៃថ្នូរ ដោយ​មិន​ខ្លាច​រង​គ្រោះ​ដោយ​ការ​​ជួញដូរ​ឡើយ​។

សូម​អរគុណ​ច្រើន​។