សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត Todd នៅ​ក្នុង​ពិធី​ផ្លូវការ​អបអរ​ខួប​លើក​ទី ២៣៩ នៃ​ទិវា​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
ស្ថានទូតអាមេរិក ភ្នំពេញ
ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៥

សូម​អរគុណ Jay ។ សូម​ទះ​ដៃ​អបអរ​ម្តង​ទៀត​ដល់​អ្នក​ចំរៀង​អាមេរិក​មក​ពី​ក្រុម​តន្រ្តី Holden Moyer និង​ក្រុម​អ្នក​ចំរៀង​កុមារ​មក​ពី​អង្គការ Don Bosco ដែល​បាន​ច្រៀង​យ៉ាង​ពិរោះ​។

សូម​ជំរាបសួ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រះអង្គ​ម្ចាស់ អ្នក​អង្គម្ចាស់ ឯកឧត្តម លោក​ជំទាវ ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ សូម​ស្វាគមន៍​មក​កាន់​ពិធី​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​២៣៩ របស់​សហរដ្ឋ​អាមេរិក នា​ព្រឹក​នេះ​។

មុន​នឹង​ចាប់ផ្តើម​សុន្ទរកថា​ផ្លូវការ​របស់​ខ្ញុំ ខ្ញុំ​សូម​សម្តែង​ការ​អបអរសាទរ​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែល​ទើប​បាន​ទទួល​គោរមងារ​ជា សម្តេច នា​ពេល​ថ្មី​ៗ​នេះ​។ សម្តេច​គឺ​ជា​មិត្ត​នៃ​អង្គទូត​ក្នុង​កំឡុង​ពេល​នៃ​ការ​ផ្លាស់ប្តូរ​យ៉ាង​សំខាន់​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​កំឡុង​ពេល​នៃ​ការ​បំពេញ​បេសកកម្មការទូត​របស់​ខ្ញុំ​។ សូម​ទះ​ដៃ​អបអរសាទរ​ភ្ញៀវ​កិត្តិយស​របស់​យើង​។

នៅ​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​១៧៧៦ បិតា​ស្ថាបនិក​របស់​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ឯករាជ្យ នៅ​ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania ។ អ្វី​ដែល​ជា​គំនិត​ថ្មី​នៅ​ពេល​នោះ នៅ​ពេល​នេះ ត្រូវ​បាន​ទទួល​យក​ទាំង​ស្រុង​។ គំនិត​នេះ​មាន​ន័យ​ថា “​មនុស្ស​គ្រប់​រូប​កើត​មក​មាន​ភាព​ស្មើ​គ្នា ហើយ​មាន​សិទ្ធិ​មួយ​ចំនួន​ដែល​មិន​អាច​កាត់​ផ្តាច់​បាន ក្នុង​នោះ​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត សេរីភាព និង​សិទ្ធិ​ក្នុង​ការ​ស្វែង​រក​សុភមង្គល​”​។

គោលការណ៍​នេះ​បាន​បង្ហាញ​ផ្លូវ​ដល់​សហរដ្ឋ​អាមេរិក អស់​រយៈពេល ២៣៩​ឆ្នាំ​កន្លង​មក​ហើយ​។ វា​បាន​កំណត់​លក្ខណៈ​នៃ​ប្រទេស និង​កំណត់​គោលនយោបាយ​របស់​យើង ហើយ​វា​ជា​ផ្នែក​ជា​គន្លឹះ​នៃ​កិច្ចការ​ទូត​របស់​យើង​ផង​ដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ ការ​អនុម័ត​យក​គោលការណ៍​នេះ​មិន​មែន​ជា​ទី​បញ្ចប់​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ជំហ៊ាន​ចាប់ផ្តើម​តែ​ប៉ុណ្ណោះ​។ សហរដ្ឋ​អាមេរិក​បន្ត​រីក​ចម្រើន និង​រឹងមាំ​ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ ។ ដូច​ដែល​លោក​ប្រធានាធិបតី Obama បាន​មាន​ប្រសាសន៍​ថា​៖ ពិត​មែន​តែ​ការ​រួបរួម​គ្នា​របស់​យើង​អាច​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្តី តែ​ជំនាន់​មនុស្ស​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ បាន​បង្ហាញ​ថា ការ​រួបរួម​គ្នា​អាច​ត្រូវ​បាន​គេ​ធ្វើ​អោយ​មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​ឡើង​ៗ​បាន​” ។

នៅ​ពេល​យើង​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​មក​លើ​ថ្ងៃ​មួយ​នេះ វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​ចងចាំ​ថា​គុណតម្លៃ​ទាំងអស់​នេះ​គួរ​ប្រកាន់​យក​ដោយ​ប្រជាជន​ទាំងអស់ មិន​មែន​ត្រឹមតែ​ប្រជាជន​អាមេរិក​ប៉ុណ្ណោះ​ទេ​។ តាមរយៈ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ជួបជុំ គេ​អាច​លឺ​សំលេង​របស់​ប្រជាជន ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​យើង​ជម្រុញ​អោយ​មាន​ការ​ជជែក​គ្នា​រវាង​ភាគី​ផ្សេង​ៗ​ដែល​មាន​ការ​ពាក់ព័ន្ធ លើ​បញ្ហា​ទាំង​ឡាយ​ណា​ដែល​មាន​ឥទ្ធិពល​លើ​សង្គម​ស៊ីវិល ដូចជា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ជាដើម​។

ក្នុង​ស្មារតី​នៃ​ទិវា ៤ កក្កដា​នេះ ខ្ញុំ​នៅ​តែ​ជឿជាក់​ថា សង្គម​ស៊ីវិល​ដែល​មាន​សេរីភាព និង​រឹង​មាំ​គឺ​ជា​ក្បាល​ម៉ាស៊ីន​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ភាព​រីក​ចម្រើន​។ សង្គម​ស៊ីវិល​មួយ​ដ៏​រឹងមាំ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ចម្រុងចម្រើន និង​សេរីភាព​របស់​ប្រទេស​នីមួយ​ៗ រួមទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ ហើយ​ប្រទេស​កម្ពុជា​ពិត​ជា​មាន​សំណាង​ដោយ​មាន​ធនធាន​ដ៏​ល្អ​ទាំង​នេះ​។ នេះ​ជា​មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​បន្ត​អបអរសាទរ​ចំពោះ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ល្អ ប្រសិទ្ធភាព និង​តម្លាភាព ដែល​សុទ្ធ​តែ​ជា​ធាតុ​ផ្សំ​នៃ​សេដ្ឋកិច្ច និង​លិទ្ធិ​ប្រជាធិបតេយ្យ​ដែល​រឹង​មាំ និង​ការ​អភិវឌ្ឍ​សំរាប់​ទាំងអស់​គ្នា​។

នៅ​ពេល​ខ្ញុំ​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ជាង​៣​ឆ្នាំ​កន្លង​ទៅ អាទិភាព​ចំបង​របស់​ខ្ញុំ​មួយ​គឺ ព្យាយាម​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ជីវភាព​ប្រជាជន​សាមញ្ញ​កម្ពុជា និង​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​។ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សហរដ្ឋ​អាមេរិក​បាន​ជួយ​លើក​កម្ពស់​សុខភាព​ប្រជាជន​ខ្សត់ខ្សោយ បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ចំណោម​ជន​ងាយ​រងគ្រោះ និង​បាន​ជួយ​ផ្តល់​ឱកាស​ដល់​យុវជន​នៃ​ប្រទេស​ដ៏​ល្អ​នេះ​។

មាន​មនុស្ស និង​អង្គការ​រាប់​ពាន់​នៅ​កម្ពុជា​ដែល​មាន​ស្នាដៃ​ការងារ​លេច​ធ្លោ ដោយ​រួម​ទាំង​អ្នក​ដែល​មាន​វត្តមាន​នៅ​ពេល​នេះ​ផង​ដែរ​។ គឺ​មាន​ច្រើន​ពេក ដែល​នាំ​អោយ​ពិបាក​រាប់​ឈ្មោះ​មួយ​ៗ​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ទាំងអស់​គ្នា រួម​ទាំង​សហគមន៍​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ដៃគូ​អនុវត្ត​ការងារ​របស់​យើង ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍន៍​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ ការ​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ និង​ការ​ការពារ​បរិស្ថាន​។ ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​សភា​ពាណិជ្ជកម្ម​អាមេរិក និង​ប្រតិភូ​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​ពាណិជ្ជកម្ម​របស់​ខ្ញុំ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​នាំ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស និង​ការងារ​អោយ​កម្ពុជា។ ជា​ចុង​ក្រោយ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​បុគ្គលិក​ដ៏​ល្អ​របស់​ខ្ញុំ​ក្នុង​ស្ថានទូត​អាមេរិក​។ ពួកគេ​ជា​ក្រុម​បុគ្គលិក​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​ក្រុម​បុគ្គលិក​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ នៅ​ក្នុង​អាជីព​ដែល​មាន​រយៈពេល ៣០ ឆ្នាំ​មក​នេះ​របស់​ខ្ញុំ​។ សូម​អរគុណ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​។

ជា​ទី​បញ្ចប់ សូម​អ្នក​ទាំងអស់​គ្នា​ចងចាំ​ថា ថ្ងៃ​នេះ​យើង​មិន​មែន​អបអរសាទរ​តែ​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​អបអរសាទរ​ដល់​គុណ​តម្លៃ​នៃ​សេរីភាព សមភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​យើង​មាន​ជាមួយ​គ្នា​ផង​ដែរ​។ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន និង​កំពុង​បន្ត​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដល់​ប្រទេស​កម្ពុជា​។ សូម​បន្ត​ការងារ ដោយ​ក្តី​សង្ឃឹម និង​ដោយ​សុទិដ្ឋិនិយម​។

សូម​ព្រះ​ជា​ម្ចាស់​ជួយ​ប្រទាន​ពរ​ជ័យ​ដល់​លោក​អ្នក​ទាំងអស់ ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​ដល់​សហរដ្ឋ​អាមេរិក​។ សូម​អរគុណ​!

សូម​សម្តេច ព្រះអង្គ​ម្ចាស់ អ្នក​អង្គម្ចាស់ ឯកឧត្តម លោកជំទាវ និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​មេត្តា​លើក​កែវ​ឡើង​ដើម្បី​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ និង​ព្រះវរៈ​រាជមាតា​នៃ​កម្ពុជា និង​ចំណង​មិត្តភាព​រឹងមាំ រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​។