ផ្សាររាត្រី រាជធានីភ្នំពេញ
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥
សូមជំរាបសួ អស់លោកអ្នកទាំងអស់។ ខ្ញុំរីករាយដោយឃើញមានគ្នាច្រើនមកចូលរួមក្នុង ការប្រគំតន្រ្តីស្តីពី”ព្រៃដើម្បីជីវិត!” ខ្ញុំឃើញថាផ្សារាត្រីមានការរៀបចំសំរាប់ពិធីនេះ។ ស្ថានទូតអាមេរិកមានមោទនភាពក្នុងការឧបត្ថម្ភដល់ការប្រគំតន្រ្តីនេះ ដោយសារការខិតខំរបស់ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូត។ តាមរយៈភាពស្វាហាប់ និងគំនិតច្នៃប្រឌិតរបស់គេ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតរបស់ខ្ញុំបានជួយបង្រៀនមនុស្សរាប់ពាន់នាក់ស្តីពីសារៈសំខាន់នៃការការពារព្រៃឈើ និងសត្វព្រៃដ៏មានតំលៃរបស់ប្រទេសកម្ពុជា។ យើងទាំងអស់គ្នាដឹងថា ប្រទេសកម្ពុជាប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរផ្នែកបរិស្ថាន ដូចជាការបរបាញ់និងលក់សត្វព្រៃ ការកាប់ឈើ ការប្រែប្រួលអាកាសធាតុ។ ស្ថានទូតអាមេរិកមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយអង្គការ ដូចជាអង្គការសម្ព័ន្ធភាពសត្វព្រៃ ដើម្បីដោះស្រាយបញ្ហាដ៏មានសារៈសំខាន់ទាំងនេះ។
ខ្ញុំសូមអរគុណលោក John Willis និងលោកស្រី Amy Van Nice ក្នុងអង្គការសម្ព័ន្ធភាពសត្វព្រៃ ចំពោះទឹកចិត្តប្តេជ្ញាដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា និងចំពោះការសហការជាមួយធនធានដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា គឺយុវជនកម្ពុជា។
ពិតមែនហើយ ខ្ញុំសូមអរគុណច្រើនដល់សមាជិកនៃក្រុមប្រឹក្សាយុវជនរបស់ខ្ញុំ។ ការប្រគំតន្រ្តីនេះគឺជាលទ្ធផលនៃការខិតខំរបស់អ្នក ហើយខ្ញុំរង់ចាំមើលជោគជ័យជាបន្តទៀត នៅពេលអនាគត។ នេះជាឱកាសល្អសំរាប់អោយខ្ញុំលើកទឹកចិត្តដល់អ្នកម្នាក់ៗអោយចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ឬ YSEALI ដែលជាកម្មវិធីដ៏សំខាន់មួយរបស់លោកប្រធានាធិបតី Obama សំរាប់អភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន ហើយធ្វើអោយគេធ្វើការទាក់ទងគ្នាជាបណ្តាញ នៅអាស៊ីអាគ្នេយ៍។
YSEALI មានភាពរឹងមាំនៅកម្ពុជា។ នេះគឺជាសញ្ញានៃការយកចិត្តទុកដាក់របស់អ្នក ក្នុងការធ្វើអោយប្រទេស និងតំបន់មានអនាគតល្អ។ មានជនជាតិកម្ពុជាចំនួន ១៨០០ នាក់ហើយដែលបានចុះឈ្មោះចូលជាសមាជិកនៃ YSEALI ។ អ្នកអាចឃើញព័ត៌មានច្រើនទៀតស្តីពីរឿងនេះ នៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិក។
ខ្ញុំដឹងថា នឹងមានបទភ្លេង និងរឿងកំប្លែងល្អៗ នៅពេលបន្តិចទៀតនេះ។ ខ្ញុំសូមអរគុណដល់ទាំងអស់គ្នាដែលបានអញ្ជើញមក នៅយប់នេះ ហើយសូមរីករាយជាមួយនឹងការសំដែង!