សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត Heidt នៅ​ក្នុង​ឱកាស​សម្ពោធ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ ភូមិ​ភាគ​កំពង់​ចាម និង​មន្ទីរ​ពិសោធន៍​របស់​មន្ទីរពេទ្យ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
កំពង់ចាម
ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦

សូម​ជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ឯកឧត្តម លន់ លឹមថៃ អភិបាល​ខេត្ត​​កំពង់ចាម ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី

សូម​អរគុណ​ចំពោះ​ការ​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​​ក្នុង​ពិធី​នា​ថ្ងៃ​នេះ​។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ប្រកប​ដោយ​មោនទនភាព​​មួយ​​សំរាប់​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ការ​សំរេច​បាន​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​​របស់​ខ្លួន ក្នុង​រយៈពេល ១៥ ឆ្នាំ​​កន្លង​ទៅ​នេះ​។

ខ្ញុំ​នៅ​ចាំ​ច្បាស់​ពី​ស្ថានភាព​​​នៃ​ប្រទេស​កម្ពុជា នៅ​ពេល​ខ្ញុំ​ធ្វើការ​ក្នុង​ស្ថានទូត​អាមេរិក នៅ​ចុង​ទសវត្ស​ទី​១៩៩០ ។ នៅ​ពេល​នោះ គំនិត​ដែល​ថា ខេត្ត​កំពង់ចាម​អាច​មាន​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិ​ភាគ​របស់​ខ្លួន និង​​មន្ទីរ​ពិសោធន៍​មួយ​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កំណត់​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ មិន​ត្រូវ​បាន​គេ​គិត​ដល់​ទេ​។ ពេល​នេះ ដោយសារ​ការ​ខិតខំ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន និង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​របស់​គេ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​​អន្តរជាតិ​​របស់​គេ កន្លែង​វេជ្ជសាស្រ្ត​ដ៏​ទំនើប​នេះ​បាន​ក្លាយ​ជា​ការ​ពិត​។

អស់​រយៈកាល​ជិត ២០ ឆ្នាំ​មក​ហើយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​​និង​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​ថ្នាក់​ជាតិ​។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ភូមិ​ភាគ​ថ្មី​នេះ​នឹង​ផ្តល់​​ឈាម​សំរាប់​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ ដែល​បាត់​បង់​ឈាម សង្គ្រោះ​ម្តាយ​ដែល​បាត់បង់​ឈាម​​ច្រើន​​​នៅ​ពេល​ឆ្លង​ទន្លេ ហើយ​ការពារ​សំរាប់​ពេល​មាន​ជំងឺ​រាលដាល​ទាក់ទង​នឹង​ឈាម​។

ក្រៅ​ពី​នេះ​ទៀត មន្ទីរ​ពិសោធន៍​របស់​មន្ទីរពេទ្យ​កំពង់ចាម​អាច​ផ្តល់​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដូចជា​ជំងឺ​គ្រុនចាញ់ ជំងឺ​គ្រុន​ផ្តាសាយ​បក្សី និង​ជំងឺ​គ្រុនឈាម បាន​ឆាប់​រហ័ស ដែល​ជួយ​អោយ​វេជ្ជបណ្ឌិត​​ផ្តល់​​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​ដល់​អ្នក​ជំងឺ​បាន​ឆាប់​រហ័ស​។

ជា​បថម ខ្ញុំ​សូម​អរគុណ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​ឯកឧត្តម លន់ លឹមថៃ អភិបាល​ខេត្ត​កំពង់ចាម ចំពោះ​ការ​ដឹកនាំ​របស់​លោក​។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​វេជ្ជបណ្ឌិត ហុក គឹមចេង នាយក​​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​លោកស្រី ញ៉ែម សុម៉ារី ប្រធាន​មន្ទីរ​ពិសោធន៍​​ពេទ្យ​កំពង់ចាម​។

ជា​ទី​បញ្ចប់ ខ្ញុំ​សូម​អរគុណ​ដល់​ដៃគូ​អន្តរជាតិ​ទាំងអស់​របស់​កម្ពុជា ជា​ពិសេស បញ្ជាការដ្ឋាន​នៃ​កងទ័ព​​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង​ទីភ្នាក់ងារ​កាត់​បន្ថយ​ការ​គំរាម​កំហែង​ក្នុង​វិស័យ​ការពារ​ជាតិ (Defense Threat Reduction Agency) ។

តាង​នាម​អោយ​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​ការ​ប្តេជ្ញាចិត្ត​ជា​បន្ត​របស់​យើង​ក្នុង​ការ​ជួយ​លើក​កំពស់​ការ​​ថែ​ទាំ​សុខភាព សំរាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។

សូម​អរគុណ​ច្រើន​។