ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់
លោក បិន វណ្ណា អភិបាលស្រុកក្រគរ
លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
លោកវេជ្ជបណ្ឌិត ណុប សុភិន ប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រគរ
ភ្ញៀវកិត្តិយស បុគ្គលិកមន្ទីរពេទ្យបង្អែក និងបងប្អូនប្រជាពលរដ្ឋស្រុកក្រគរទាំងអស់ ជាទីគោរព!
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានអញ្ជើញខ្ញុំមកចូលរួមមានមតិសំណេះសំណាលជាមួយបងប្អូនទាំងអស់ ក្នុងពិធីសម្ពោធអគារថ្មីនេះ ថ្ងៃនេះ។ ចំពោះខ្ញុំ ពិធីនេះមានលក្ខណៈពិសេសពីរយ៉ាង៖
ទីមួយ អគារថ្មី ដ៏ទំនើប នៅពីក្រោយយើងទាំងអស់គ្នានេះ គឺជាភស្តុតាងជាក់ស្តែង ដែលបង្ហាញនូវភាពជាដៃគូរដ៏រឹងមាំ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើង ដល់សេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ អគារដែលមាន ១១ បន្ទប់នេះ នឹងនាំមកជូនប្រជាពលរដ្ឋប្រមាណ ៩០ ០០០ នាក់នៅក្នុងស្រុកក្រគរ និងស្រុកជិតខាងមួយចំនួនទៀតនូវការលើកកម្ពស់សេវាសុខាភិបាលមួយចំនួនដូចជាសេវាពិគ្រោះជម្ងឺជាលក្ខណៈបុគ្គល សេវាសម្រាកព្យាបាលមុន និងក្រោយសម្រាលកូន និងសេវាបន្ទប់សង្គ្រោះបន្ទាន់សម្រាប់កុមារ ។
សូមជម្រាបថា អគារមន្ទីរពេទ្យមួយនេះបានទទួលការឧបត្ថម្ភថវិកាពីផ្នែកកិច្ចការមនុស្សធម៌របស់យោធាអាមេរិក។ នេះគឺជាគម្រោងទី ៣២ ក្នុងចំណោមគ្រោងផ្នែកសុខាភិបាល សាលារៀន និងអនាម័យបរិស្ថាន ដែលសហរដ្ឋអាមេរិកបានកសាងនៅកម្ពុជា ដោយប្រើប្រាស់មូលនិធិមនុស្សធម៌ តាំងពីឆ្នាំ ២០១៣ ដែលមានតម្លៃជាទឹកប្រាក់សរុបជាង ៦ លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណងពីប្រជាពលរដ្ឋអាមេរិក និងមិនមែនជាកម្ចីទេ។ យើងនៅមានគម្រោង ៦ ទៀតដែលយើងសង្ឃឹមថានឹងត្រូវបញ្ចប់នៅក្នុងកំឡុងពេលពីរឆ្នាំខាងមុខនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែគាំទ្រការងាររបស់យើងទាំងអស់ នៅទូទាំងប្រទេស។
ចំណុចពិសេសទីពីររបស់ពិធីនេះ នៅថ្ងៃនេះ គឺទាក់ទងនឹងភរិយារបស់ខ្ញុំ សុទ្ធី។ ដូចដែលបងប្អូនបានដឹងហើយ ភរិយាខ្ញុំបានកើត និងចម្រើនវ័យនៅក្នុងស្រុកក្រគរនេះ។ តាមពិត ផ្ទះដែលគាត់បានរស់នៅកាលពីរវ័យកុមារ គឺស្ថិតនៅម្ខាងផ្លូវ ទល់មុខមន្ទីរពេទ្យនេះឯង។ បងប្អូនដែលស្គាល់ស្រុកក្រគរ ប្រហែលជានៅចាំ កាលពីទសវត្សឆ្នាំ ១៩៧០ ឪពុករបស់គាត់គឺជាមន្ត្រីព្យាករអាកាសធាតុ ឬឧត្តុនិយម ប្រចាំស្រុកនេះ។
តាមពិត គម្រោងនេះត្រូវបានបង្កើតឡើងតាំងពីយូរណាស់មកហើយ គឺថាមុនពេលខ្ញុំមកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាយូរណាស់។ ដូច្នេះ នៅពេលដែលខ្ញុំបានឃើញថាមានសំណង់អគារមន្ទីរពេទ្យនេះ នៅក្នុងបញ្ជីឈ្មោះគម្រោងរបស់យើងនោះ ខ្ញុំគិតថាវាពិតជាចៃដន្យមែន។ ចៃដន្យត្រង់ថា ស្រុកខ្មែរមានក្រុងច្រើនណាស់ ចុះហេតុអីបានជាគម្រោងដ៏សំខាន់បែបនេះ បែរជាត្រូវបានកសាងនៅក្នុងស្រុកកំណើតរបស់ភរិយាខ្ញុំទៅវិញដូច្នេះទៅវិញ?
ខ្ញុំក៏បានស្នើរឲ្យខាងទាហ៊ានជួយបញ្ចប់គម្រោងនេះឲ្យបានលឿន ដើម្បីឲ្យយើងបានសម្ពោធដាក់ឲ្យប្រើប្រាស់មុនអណត្តិឯកអគ្គរដ្ឋទូតរបស់ខ្ញុំត្រូវបញ្ចប់។ ខ្ញុំចង់កាត់ខ្សែបូរដោយផ្ទាល់ដៃ ព្រោះថាអគារថ្មីនេះមិនត្រឹមតែបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លារបស់សហរដ្ឋអាមេរិកក្នុងការជួយកម្ពុជាលើកកម្ពស់ប្រព័ន្ធសុខាភិបាលរបស់ខ្លួននោះទេ ប៉ុន្តែក៏បង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ រវាងពលរដ្ឋអាមេរិក និងកម្ពុជា ដែលមានអគារមន្ទីរពេទ្យថ្មីនេះ ទីប្រជុំជនស្រុកក្រគរនេះ និងភរិយាខ្ញុំ សុទ្ធី ជានិមិត្តរូប។
ក្នុងរយៈពេលពីរបីខែខាងមុខទៀតនេះ យើងខ្ញុំនឹងចាកចេញពីកម្ពុជា ហើយឯកអគ្គរដ្ឋទូតថ្មីក៏នឹងមកដល់កម្ពុជាដើម្បីកាន់តំណែងនេះជំនួសខ្ញុំដែរ។ ខ្ញុំនឹងនាំយកអនុស្សាវរីយ៍ដ៏ច្រើនដែលខ្ញុំមាននៅទីនេះទៅអាមេរិកជាមួយខ្ញុំ ជាពិសេសគឺទស្សនកិច្ចមកកាន់ស្រុកក្រគរទាំងប្រាំលើករបស់ខ្ញុំ។
កាលណោះ យើងបានជិះឧត្ថម្ភាគចក្រមកកាន់ទីនេះ ហើយបានទៅប្រារព្ធពិធីនៅឯវត្តមួយ និងបានទស្សនាការសម្តែងរបាំក្ងោកដ៏អស្ចារ្យ របស់ក្មួយៗសិស្សានុសិស្សមួយក្រុមទៀតផង។ ខ្ញុំពិតជារីករាយណាស់ ដែលបានរាប់អានលោកអភិបាលស្រុក បិន វណ្ណា ជាមិត្តភក្តិ។
ចំពោះក្មួយសិស្សានុសិស្សទាំងអស់ដែលកំពុងមានវត្តមាននៅទីនេះ ថ្ងៃនេះ ពូសង្ឃឹមថាក្មួយៗនឹងខិតខំរៀនសូត្រ ជាពិសេសរៀនភាសាអង់គ្លេស ហើយបានទៅអាមេរិកនៅថ្ងៃមួយ និងបានទៅលេងស្រុកកំណើតរបស់ពូវិញផងដែរ។
ជាថ្មីម្តងទៀត ខ្ញុំពិតជារីករាយណាស់ដែលបានមកចូលរួមក្នុងពិធីកាត់ខ្សែបូរនៅទីនេះ ថ្ងៃនេះ ហើយខ្ញុំសូមជូនពរបងប្អូនទាំងអស់បានជួបប្រទះតែសំណាងល្អ ភាពរីកចម្រើន សុភមង្គល និងសុខភាពល្អជានិច្ច។
សូមអរគុណច្រើន ជាពិសេសអរគុណដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។