សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​កិច្ច​ប្រជុំពហុភាគី​នៃ​ក្រុម​ការងារ​ប្រឆាំង​ហឹង្សា​ជ្រុល​និយម

ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦

សូម​ជំរាបសួ ឯកឧត្តម ឱម យិនទៀង ទីប្រឹក្សា​ផ្ទាល់​សម្តេច​នាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​នៃ​គណកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ឯកឧត្តម អ៊ុង អៀង រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្នុង​លេខាធិការដ្ឋាន​នៃ​គណកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ឧត្តមនាវី​ទោ Colin Kilrain ភ្ញៀវ​កិត្តិយស និង​សហការី​កម្ពុជា និង​សហការី​មក​ពី​ជុំវិញ​តំបន់ អស់​លោក លោកស្រី

ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​មាន​វត្តមាន​នៅ​ថ្ងៃ​នេះ ដើម្បី​ចំណាយ​ពេល​ជាមួយ​ក្រុម​អ្នក​ជំនាញ​ដ៏​ចំណាន​ៗ​ក្នុង​អាជីព ការ​ប្តេជ្ញាចិត្ត​ដូច​គ្នា​ចំពោះ​ការ​ចែក​រំលែក​ព័ត៌មាន​សំខាន់​ៗ ការ​សំរបសំរួល​គ្នា និង​ចំពោះ​ការ​កសាង​ស្ពាន​មេត្រី​ចាំបាច់​សំរាប់​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​ហឹង្សា នៅ​ក្នុង​ប្រទេស​ទាំងអស់​របស់​យើង​។

ខ្ញុំ​សូម​អរគុណ​ជា​ពិសេស​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ​ឡើង នៅ​ថ្ងៃ​នេះ​។ ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម ហើយ​ខ្ញុំ​សូម​អរគុណ​លោក​ទេសរដ្ឋមន្រ្តី ឱម យិនទៀង និង​ឯកឧត្តម អ៊ុង អៀង និង​អ្នក​ចូលរួម​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ក្នុង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដែល​បាន​ខិតខំ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ​ឡើង​។

ជា​បឋម ខ្ញុំ​សូម​សំដែង​សមានទុក្ខ​ដល់​សហការី​របស់​យើង​ដែល​មក​ពី​ប្រទេស​ឥណ្តូនេស៊ី ចំពោះ​ការ​បាត់បង់​ជីវិត​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​គួរ​អោយ​រន្ធត់​ដោយ​ពួក ISIS នៅ​ទីក្រុង Jakarta កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​។ ខ្ញុំ​ជឿ​ថា ពួកយើង​ទាំងអស់​នៅ​ទីនេះ​គាំទ្រ​ប្រជាជន​ឥណ្តូនេស៊ី​ប្រឆាំង​នឹង​ភេរវកម្ម និង​មនោគមវិជ្ជា​ជ្រុល​និយម ដែល​នាំ​អោយ​មាន​ហឹង្សា​ភេរវកម្ម​។

ការ​វាយ​ប្រហារ​នៅ​ទីក្រុង Jakarta ព្រមទាំង​ឧប្បត្តិហេតុ​ដទៃ​ទៀត​ក្នុង​ពេល​ថ្មី​ៗ​នេះ នៅ​ទីក្រុង Paris និង​នៅ​រដ្ឋ California រំលឹក​យើង​ថា យុទ្ធសាស្រ្ត​ស្នូល​នៃ​អង្គការ​ជ្រុលនិយម គឺ​ដើម្បី​ប៉ុនប៉ង​ឆ្លៀត​ទាញ​ប្រយោជន៍​ពី​ភាព​ខុស​គ្នា​ខាង​សាសនា និង​វប្បធម៌ ដើម្បី​ធ្វើ​អោយ​សង្គម​របស់​យើង​មាន​ការ​បែកបាក់​។

គោលដៅ​របស់​គេ​គឺ​មិន​ត្រឹមតែ​ដើម្បី​បន្ថែម​ភាព​ភ័យ​ខ្លាច​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដើម្បី​បំផ្លាញ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​នៃ​គ្រួសារ និង​អ្នក​ជិត​ខាង​របស់​យើង​ថែម​ទៀត​ផង ​ដោយ​ធ្វើ​អោយ​អ្នក​វិនិយោគ និង​ទេសចរ​មិន​ហ៊ាន​មក ហើយ​បំផ្លាញ​ជំនឿ​ជា​ធម្មតា ដែល​ជា​គ្រឹះ​នៃ​សេដ្ឋកិច្ច​ទាំងអស់ ដែល​មាន​ដំណើរ​ការ​ទៅ​មុខ​ល្អ​។ នេះ​គឺ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​នានា​ដែល​ពួក ISIS បាន​កំទេច​បេតិកភណ្ឌ​វប្បធម៌ និង​វត្ថុ​បូរាណ​ដែល​មាន​តំលៃ​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ប្រទេស​អ៊ីរ៉ាក់ សេរី និង​ប្រទេស​លីប៊ី​។

ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​សារៈសំខាន់​លើសលុប​នៃ​ការ​ដែល​​ប្រទេស​របស់​យើង​ត្រូវ​ធ្វើ​អោយ​ពួក​ហឹង្សា​ជ្រុល​និយម​បរាជ័យ​។ នេះ​គឺ​ជា​យុទ្ធានាការ​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​សមរភូមិ​ដោយ​ចលនា​សាកលលោក​មួយ​ដែល​មាន​ការ​សាមគ្គី​គ្នា​ក្នុង​បេសកកម្ម​បន្ថយ​ឥទ្ធិពល ហើយ​នៅ​ទី​បំផុត លុប​បំបាត់​ក្រុម ISIS អោយ​អស់​តែ​ម្តង​។

តែ​ក្រៅ​ពី​ការ​បំបាក់​ពួក ISIS នៅ​លើ​សមរភូមិ យើង​ត្រូវ​ការពារ​កុំ​អោយ​ក្រុម​នេះ និង​ក្រុម​ជ្រុលនិយម​ដទៃ​ទៀត​អាច​ធ្វើការ​ជ្រើសរើស​មនុស្ស​បាន ហើយ​កុំ​អោយ​បំផុស​អ្នក​ដទៃ​អោយ​ប្រកាន់​យក​ធម៌ហឹង្សា ពី​ដំបូង​ទៅ​។ មធ្យោបាយ​នេះ​ធ្វើ​អោយ​មនោគមវិជ្ជា​របស់​ពួកគេ​បរាជ័យ លើក​សំឡេង​របស់​អ្នក​ប្រាជ្ញ អាចារ្យ និង​អ្នក​ដឹកនាំ​មតិ​ដែល​មិន​ប្រកាន់​គំនិត​ជ្រុល​និយម ហើយ​ធ្វើ​មិន​អោយ​គេ​ជឿ​លើ​ការ​ឃោសនា​របស់​ពួក​ជ្រុលនិយម ពិសេស​ការ​ឃោសនា​តាម​អ៊ិនធ័រណែត​។

គេ​ត្រូវ​ប្រឈម​ដោះស្រាយ​ផង​ដែរ​ចំពោះ​ការ​មិន​សប្បាយ​ចិត្ត​ទាក់ទង​នឹង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ដែល​នាំ​អោយ​ចំណេញ​ដល់​ពួក​ហឹង្សា​ជ្រុលនិយម​។ ភាព​ក្រីក្រ​មិន​បង្ករ​អោយ​មាន​ភេរវកម្ម​ទេ តែ​អំពើ​ពុករលួយ និង​ភាព​គ្មាន​សង្ឃឹម​ដែល​មាន​មក​ជាមួយ​នឹង​អំពើ​ពុករលួយ អាច​ជំរុញ​អោយ​មាន​ភាព​ទោមនស្ស ដែល​ពួកភេរវករ​អាច​ឆ្លៀត​កេង​ចំណេញ​បាន​។

ដូច្នេះ ការ​អភិវឌ្ឍន៍​ដែល​មាន​និរន្តភាព ពោល​គឺ​ការ​បង្កើត​អោយ​មាន​ឱកាស និង​ភាព​ថ្នៃថ្នូរ ពិសេស​សំរាប់​យុវជន គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឆាំង​តប​ទៅ​នឹង​ភាព​ជ្រុលនិយម​ហឹង្សា​។ ដូច្នេះ​ត្រូវ​មាន​ការ​បង្កើត​ស្ថាប័នរដ្ឋ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន ហើយ​ត្រូវ​មាន​ការ​ការពារ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី សេរីភាព​សាសនា និតិរដ្ឋ និង​សង្គម​ស៊ីវិល​ដែល​រឹងមាំ​ល្អ​។

តែ​នៅទី​បំផុត ដៃគូ​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​ជន​ងាយ​រងគ្រោះ​ពី​មនោគមវិជ្ជា​របស់​ក្រុម​ជ្រុល​និយម​ដែល​ប្រើ​ហឹង្សា គឺ​សហគមន៍​ខ្លួន​ឯង ពោល​គឺ​គ្រួសារ មិត្តភក្តិ អ្នក​ជិត​ខាង និង​មេ​ដឹកនាំ​សាសនា​ដែល​ស្រឡាញ់ ហើយ​គិត​គូរ​ពី​យុវជន នៅ​ក្នុង​សហគមន៍​របស់​គេ​។ ការងារ​របស់​យើង​គឺ​កសាង​ភាព​ជា​ដៃគូ​ពិត​ប្រាកដ​ជាមួយ​សហគមន៍ ដែល​ប្រឈម​នឹង​បញ្ហា ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ទុកចិត្ត និង​ការ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​អោយ​គេ​អាច​ជួយ​ការពារ​មនុស្ស​ដែល​គេ​ស្រឡាញ់​កុំ​អោយ​ក្លាយ​ជា​មនុស្ស​មាន​គំនិត​ជ្រុល​និយម​បាន​។

នៅ​ត្រង់​នេះ​ហើយ​ដែល​ក្រុម​ការងារ​ពហុភាគី​ប្រឆាំង​ហឹង្សា​ជ្រុលនិយម​អាច​ធ្វើ​ការ​រួម​ចំណែក​យ៉ាង​សំខាន់​។ ក្រុម​ការងារ​នេះ​ធ្វើ​សកម្មភាព ដោយ​ឈរ​លើ​ជំនឿ​និង​ទស្សនៈ​ថា គ្រួសារ សហគមន៍ និង​ស្ថាប័ន​ក្នុង​ស្រុក គឺ​ជា​ការ​ការពារ​យ៉ាង​មាំ​ទប់ទល់​នឹង​មនោគមវិជ្ជា​នៃ​ពួក​ជ្រុលនិយម​។

អង្គប្រជុំ​ប្រមូល​ផ្តុំ​នូវ​បុគ្គលិក​ផ្នែក​សន្តិសុខ អ្នក​ជំនាញ​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​ចែក​រំលែក​គ្នា​នូវ​ការ​អនុវត្ត​ល្អ កសាង​ទំនាក់ទំនង​ក្នុង​តំបន់ ហើយ​រក​ដំណោះស្រាយ​សំរាប់​ប្រឆាំង​ទប់ទល់ និង​ធ្វើ​កុំ​អោយ​មាន​នូវ​ភាព​ជ្រុលនិយម​ហឹង្សា​។ នៅ​ក្នុង​ការ​ប្រឹងប្រែង​ទាំងអស់​នេះ ការ​សហការ​គ្នា​រវាង​ប្រទេស​នានា​មាន​សារៈសំខាន់​ជាង​ពេល​ណា​ៗ​ទាំងអស់ ពីព្រោះ​ភេរវករ​ខិតខំ​ពង្រីក​បណ្តាញ​របស់​គេ​ទៅ​តំបន់​ថ្មី​ៗ ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

អ្នក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​ការងារ​នេះ​គឺ​ជា​អ្នក​ជំនាញ​និង​អ្នក​អនុវត្ត ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការ​ប្រឆាំង​នឹង​ភាព​ជ្រុលនិយម និង​ភេរវកម្ម​។ ខ្ញុំ​រំពឹង​ថា ​អស់​លោក​អ្នក​ជា​ច្រើន​មាន​ការ​យល់​ដឹង​អំពី​យុទ្ធសាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ប្រទេស​របស់​លោក​អ្នក អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​ដើម្បី​អោយ​មាន​ភាព​ប្រសើរ​ជាង​នេះ និង​វិធី​ដែល​យើង​អាច​ចែក​រំលែក​ព័ត៌មាន​និង​មេរៀន​ដែល​បាន​រៀន បាន​ឆាប់​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ខ្ញុំ​មាន​សេចក្តី​រីករាយ​ផង​ដែរ​ដោយ​ដឹង​ថា​នៅ​ថ្ងៃ​ពុធ លោក​អ្នក​នឹង​មាន​ឱកាស​បាន​ដើរ​មើល​ប្រាសាទ​អង្គរ ដែល​ជា​កន្លែង​ទាក់ទាញ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​ដែល​ជា​និមិត្តរូប​រួបរួម​ជាតិ​មួយ​របស់​កម្ពុជា​។ វា​ជា​ប្រាសាទ​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវ​បាន​កសាង​ដោយ​មនុស្ស ហើយ​នៅ​ឆ្នាំ ២០១៥ មាន​មនុស្ស​ចំនួន ២ លាន​នាក់​បាន​មក​ទស្សនា​សួន​ឧទ្យាន​អង្គរ​។ តែ​ប្រាសាទ​នេះ​បាន​រង​ផល​ដោយ​មិន​ផ្ទាល់​ពី​ភេរវកម្ម​ផង​ដែរ កាលពី​ឆ្នាំ​ទៅ​។ អ្នក​ជំនាញ​ជឿ​ថា ការ​វាយ​ប្រហារ​នៅ​ទីក្រុង Paris នៅ​ខែ​វិច្ឆិកា​បាន​កាត់​បន្ថយ​ចំនួន​ទេសចរ​មក​ពី​អឺរ៉ុប​យ៉ាង​ច្រើន ដែល​ធម្មតា​គេ​ធ្វើ​ដំណើរ​មក​កម្ពុជា នៅ​រដូវ​ឈប់​សំរាក​។

លើស​ពី​នេះ​ទៀត អង្គរវត្ត​បង្ហាញ​អោយ​ឃើញ មិន​ដូច​កន្លែង​ផ្សេង​ទៀត​ទេ​ថា ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​គឺ​ជា​អ្វី​ដែល​គេ​ត្រូវ​ធ្វើ​អោយ​ខាង​តែ​បាន មិន​មែន​តែ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​នៅ​ក្នុង​តំបន់​ដទៃ​ទៀត​ដែល​ងាយ​រង​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ភាគី​ម្ចាស់​ផ្ទះ​កម្ពុជា​ដែល​ធ្វើការ​ចែក​រំលែក​បេតិកភណ្ឌ ដ៏​អស្ចារ្យ​នេះ​អោយ​យើង​ឃើញ​។

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត ដល់​អស់​លោក​អ្នក​ទាំងអស់​គ្នា​អោយ​ប្រើ​ឱកាស​នៅ​សប្តាហ៍​នេះ អោយ​បាន​ច្រើន​បំផុត​ដើម្បី​ចាកចេញ​ពី​សៀមរាប​ទៅ​វិញ ដោយ​មាន​គំនិត​ថ្មី​ៗ បណ្តាញ​ទំនាក់ទំនង​កាន់តែ​ធំ ​និង​ការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​អោយ​ពួក​ជ្រុល​និយម​ប្រើ​ហឹង្សា​ទទួល​ការ​បរាជ័យ​។

ខ្ញុំ​សូម​អរគុណ​ម្តង​ទៀត​ដែល​ផ្តល់​ឱកាស​អោយ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​លោក​អ្នក​នៅ​ព្រឹក​នេះ​។ សូម​អោយ​ការ​ប្រជុំ​នៃ​ក្រុម​ការងារ​នេះ​ទទួល​បាន​ជោគជ័យ និង​សូម​អោយ​ការ​ប្រឹងប្រែង​នៅ​ពេល​អនាគត​របស់​លោក​អ្នក​ជួប​តែ​នឹង​សំណាង​ល្អ​។ សូម​អរគុណ​ច្រើន​។