ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦
សូមជំរាបសួឯកឧត្តម សុខ សង្វារ សហការីមកពីអាជ្ញាធរអប្សារា និងមូលនិធិប្រាសាទពិភពលោក (WMF) អស់លោក លោកស្រី
ភរិយាខ្ញុំ ឈ្មោះសុទ្ធី និងខ្ញុំមានសេចក្តីរីករាយ ដោយមានវត្តមាននៅពេលនេះជាមួយអស់លោកអ្នកទាំងអស់ ដើម្បីអបអរខួបលើកទី៥០ នៃ WMF ។ ខ្ញុំមានកិត្តិយសពិសេសដោយបានមកឈរនៅពីមុខប្រាសាទអង្គរដ៏ល្អឯក ដែលស្ថិតនៅក្នុងចំណោមប្រាសាទដ៏អស្ចារ្យបំផុតដែលត្រូវបានកសាងដោយមនុស្ស និងជានិមិត្តរូបដែលបង្រួបបង្រួម និងកំណត់អត្តសញ្ញាណរបស់ប្រទេសកម្ពុជា។
ខ្ញុំបានមកមើលប្រាសាទអង្គរជាលើកដំបូង កាលពីជិត២០ឆ្នាំមុន ដោយនៅពេលនោះ ខ្ញុំគឺជាមន្រ្តីទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ។ នៅពេលនោះ ទេសចរមកលេងខេត្តសៀមរាបមានមិនច្រើនទេ។ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មិនទាន់មានការអភិវឌ្ឍទេ ហើយទីតាំងជាច្រើន ដូចជាប្រាសាទបន្ទាយស្រី និងប្រាសាទព្រះវិហារ មិនអាចអោយគេទៅបានទេ។ តែវាធ្វើអោយគេមានការរំភើបអស្ចារ្យណាស់ ដែលបានមកទីនេះ ហើយការមកជាលើកដំបូងនេះធ្វើអោយខ្ញុំចងចាំជានិច្ច នៅក្នុងជីវិតរបស់ខ្ញុំ។
សព្វថ្ងៃនេះ ប្រាសាទអង្គរនៅតែធ្វើអោយគេមានការស្ញប់ស្ញែង សូម្បីតែទទួលបានអ្នកទស្សនាចំនួនជាង២លាននាក់ក្នុងមួយឆ្នាំៗ ដែលមកពីទូទាំងពិភពលោកក្តី។ ព្រលានយន្តហោះត្រូវបានពង្រីកយ៉ាងច្រើន ហើយនៅពេលនេះ ទទួលអ្នកដំណើរច្រើនជាងព្រលានយន្តហោះភ្នំពេញ។ ការមានចំនួនច្រើនបែបនេះមានផលមិនល្អរបស់វាដែរ ដូចដែលអ្នកដែលប្រជ្រៀតគ្នាទៅមើលព្រះអាទិត្យរះអាចប្រាប់លោកអ្នកបាន តែការដែលគេបានឃើញកាន់តែច្រើននូវបេតិកភណ្ឌវប្បធម៌របស់ខ្មែរមានសារៈសំខាន់ណាស់ ដើម្បីធានាភាពគត់មុតយូរអង្វែងរបស់វា។
ពិតណាស់ ប្រជាប្រិយភាពនៃប្រាសាទអង្គរនាំមកនូវផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រទេសមួយ ដែលក្នុងនោះសូម្បីតែបន្ទាប់ពីមានការរីកចំរើនផ្នែកសេដ្ឋកិច្ចរយៈពេល២ទសវត្សមកក្តី ក៏នៅតែមានមនុស្សជាច្រើនដែលនៅរស់ក្នុងភាពក្រីក្រ ឬភាពក្បែរក្រ នៅឡើយ។
តែអ្វីដែលប្រហែលជាសំខាន់ជាងគេបំផុតនោះគឺថា ប្រាសាទអង្គរគឺជានិមិត្តរូបដ៏ខ្លាំងនៃប្រជាជនកម្ពុជាផង និងជាផ្នែកមួយនៃសរសៃរបស់មនុស្សជាតិរួមគ្នារបស់យើងផង។ ដូច្នេះ មិនមែនមានតែប្រទេសកម្ពុជាទេដែលមានភារកិច្ចត្រូវការពារនិងអភិរក្សប្រាសាទទាំងនេះ តែវាថែមទាំងជាការទទួលខុសត្រូវរួមគ្នានៃមនុស្ស និងប្រជាជាតិទាំងអស់ផងដែរ។
រដ្ឋាភិបាលកម្ពុជាបានធ្វើអោយមានភាពជឿនលឿនច្រើនគួរសម ក្នុងពេលប៉ុន្មានទសវត្សមកនេះ ក្នុងការអភិរក្ស និងចងក្រងឯកសារស្តីពីបេតិកភណ្ឌវប្បធម៌របស់ខ្លួន ដោយមានជំនួយពីដៃគូក្នុងស្រុក និងដៃគូអន្តរជាតិរបស់ខ្លួន។ សួនឧទ្យានអង្គរគឺជាគំរូមួយនៃកិច្ចសហប្រតិបត្តិការ ដោយសារការខិតខំរបស់អាជ្ញាធរអប្សារា និងគណកម្មាធិការសំរបសំរួលអន្តរជាតិសំរាប់ការការពារ និងការអភិវឌ្ឍទីតាំងប្រវត្តិសាស្រ្តអង្គរ ដែលត្រូវបានគេស្គាល់ថា ជាគណកម្មាធិការសំរបសំរួលអន្តរជាតិ (ICC) ។
ICC មានការចូលរួមពីរដ្ឋាភិបាល សហគមន៍អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងភាគីដទៃទៀតដែលមានការចាប់អារម្មណ៍ ដើម្បីធ្វើការជាមួយគ្នាដើម្បីបុព្វហេតុរួមមួយ គឺការធានាការអភិរក្សយូរអង្វែង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពនៃប្រាសាទអង្គរ។
សហរដ្ឋអាមេរិកមានមោទនភាពក្នុងការធ្វើជាដៃគូសំខាន់បំផុតមួយរបស់កម្ពុជា នៅក្នុងការខិតខំទាំងនេះ ទាំងនៅអង្គរ ទាំងនៅទូទាំងប្រទេសកម្ពុជា។ យើងបានផ្តល់ថវិកាចំនួនជាង ៣,៥ លានដុល្លាអាមេរិកសំរាប់កម្មវិធីអភិរក្សបេតិកភណ្ឌវប្បធម៌ នៅកម្ពុជា នៅក្នុងទសវត្សកន្លងមកនេះ ដោយរាប់ពីការគាស់កកាយនៅតាមទីតាំងបូរាណដល់ការចងក្រងឯកសារស្តីពីវត្ថុបូរាណ និងដល់ការធានាសន្តិសុខសំរាប់ទីតាំងនានា។
ខ្ញុំមានមោទនភាពយ៉ាងខ្លាំងផងដែរចំពោះតួនាទីដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការនាំយកមកកម្ពុជាវិញនូវវត្ថុបូរាណវប្បធម៌។ នៅឆ្នាំ២០០៣ សហរដ្ឋអាមេរិកនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌ ដែលធ្វើការរឹតត្បិតលើការនាំចូលវត្ថុបូរាណជាច្រើន ដែលងាយរងការលួចប្លន់។
តាំងពីពេលនោះមក ដោយសារសកម្មភាពអនុវត្តច្បាប់បានជោគជ័យ និងការស្ម័គ្រចិត្តបញ្ជូនត្រឡប់មកវិញនូវវត្ថុបូរាណដែលរក្សាទុកដោយក្រុមហ៊ុនឯកជន សហរដ្ឋអាមេរិកកំពុងតែរួមចំណែកប្រកបដោយអត្ថន័យពិតប្រាកដ ដល់គោលដៅរួមរបស់យើង ក្នុងការការពារបេតិកភណ្ឌវប្បធម៌ខ្មែរសំរាប់មនុស្សជំនាន់ក្រោយ។ ក្នុងពេលថ្មីៗបំផុតនេះ សារមន្ទីរ Cleveland Museum of Art បានព្រមបញ្ជូនត្រឡប់មកវិញនូវរូបចំលាក់ហនុមាន ពីសតវត្សទី១០ មកកម្ពុជាវិញ ហើយកំពុងធ្វើការលើកម្មវិធីផ្លាស់ប្តូរទៅអនាគតជាមួយសារមន្ទីរជាតិកម្ពុជា។
អស់រយៈពេល ៥០ ឆ្នាំមកហើយ ដែលមូលនិធិ WMF បានខិតខំក្នុងការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ខ្លះដែលសំខាន់បំផុត នៅក្នុងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ គំរោងនៅប្រាសាទព្រះខ័ណ្ឌនិងនៅប្រាសាទអង្គរវត្តគឺជាកម្មវិធីអភិរក្សដ៏សំខាន់ និងមានការចាប់អារម្មណ៍បំផុត នៅក្នុងប្រវត្តិសាស្រ្តនៃសួនឧទ្យានបូរាណអង្គរ។
តែអ្វីដែលខ្ញុំចាប់អារម្មណ៍ជាពិសេសគឺការងារដែលកំពុងតែប្រព្រឹត្តទៅនៅប្រាសាទភ្នំបាក់ខែង។ តាំងពីឆ្នាំ២០០៤ មក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឧបត្ថម្ភថវិកាសំរាប់ការងាររបស់មូលនិធិ WMF នៅប្រាសាទភ្នំបាក់ខែង ជាពិសេសតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌របស់ក្រសួងការបរទេសហរដ្ឋអាមេរិក។ ដោយគិតមកដល់ពេលនេះ យើងបានចំណាយថវិកាអស់ជិត ៣ លានដុល្លាសំរាប់គំរោងពិសេសនេះ។
នៅពេលខ្ញុំមកទស្សនាអង្គរវត្តជាលើកដំបូង កាលពីចុងទសវត្សឆ្នាំ១៩៩០ ប្រាសាទភ្នំបាក់ខែងកំពុងតែបាក់ស្រុត។ ពេលនេះ ប្រាសាទនេះមានលំនឹង និងមានភាពគត់មុត ហើយដោយសារផែនការមេក្នុងការអភិរក្សដែលមូលនិធិ WMF បានរៀបចំឡើងជាមួយនឹងអាជ្ញាធរអប្សារា ប្រាសាទនេះនឹងមានលំនឹងគត់មុតដូច្នេះសំរាប់រយៈពេលច្រើនទសវត្សទៅមុខទៀត។
អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតគឺថា ការងារនេះត្រូវបានធ្វើស្ទើរតែទាំងស្រុងដោយបុគ្គលិកកម្ពុជា។ ខ្ញុំបានជួបជាមួយអ្នកដឹកនាំស្ថាបត្យករ ឈ្មោះ ជាម ផល្លី និងបុគ្គលិករបស់គាត់ នៅពេលខ្ញុំទៅមើលប្រាសាទភ្នំបាក់ខែង កាលពីខែវិច្ឆិកា ហើយខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់គេចំពោះគំរោងនេះ។ មោទនភាពរបស់គេចំពោះការងាររបស់គេធ្វើអោយយើងមានការរំភើបណាស់។
យោងតាមរឿងនិទាន ប្រាសាទអង្គរត្រូវបានកសាងឡើងដោយព្រះឥន្ទ្រា នៃសាសនាហិណ្ឌូ តែក្នុងរយៈពេលមួយយប់ សំរាប់យកធ្វើជាវាំងសំរាប់បុត្រារបស់ព្រះអង្គ។ តែសូម្បីតែប្រាសាទនេះត្រូវបានកសាងឡើងតែក្នុងរយៈពេលមួយយប់ក្តី តែការអភិរក្សប្រាសាទនេះមានភាពស្មុគស្មាញច្រើន។ ដូចលោកអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ ការអភិរក្សបេតិកភណ្ឌវប្បធម៌គឺជាដំណើរការមួយដែលត្រូវមានជាប់រហូត ហើយទាមទារអោយមានការប្តេជ្ញាចិត្ត ការអត់ធ្មត់ ការចេះទំនាក់ទំនង ហើយសំខាន់បំផុតនោះ គឺភាពជាដៃគូយូរអង្វែង។
មូលនិធិ WMF ពិតជាដៃគូយូរអង្វែង ដែលមានការប្តេជ្ញាចិត្ត។ ការងាររយៈពេលជាង ២៥ ឆ្នាំរបស់មូលនិធិនេះនៅអង្គរតំណាងអោយអ្វីដែលល្អបំផុតនៃការងារបរិច្ចាករបស់អាមេរិក។ ក្នុងនាមជាឯកអគ្គរដ្ឋទូត និងជាមិត្តម្នាក់នៃប្រទេសកម្ពុជា ខ្ញុំមានចិត្តសប្បាយដោយមានវត្តមាននៅពេលនេះ ដើម្បីអបអរជោគជ័យរបស់គេ។
ការឃើញអង្គរវត្តភ្លឺនៅពេលយប់ដូចនេះធ្វើអោយគេមានការស្ញប់ស្ញែង។ វាជាការអស្ចារ្យណាស់ដែលអង្គរវត្តនៅគង់វង្សអស់រយៈពេលជិត ១០០០ ឆ្នាំ ទោះបីមានការរំជើបរំជួល ការមិនយកចិត្តទុកដាក់ និងសង្គ្រាមក្តី។ វាថែមទាំងសបង្ហាញអោយឃើញពីការខិតខំ រាប់ឆ្នាំមក ក្នុងការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ ព្រមទាំងជាការរំលឹកអោយដឹងថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។
សូមអរគុណច្រើន និងសូមសប្បាយរីករាយ នាយប់នេះ។