ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦
សូមជំរាបសួ លោកអ្នកទាំងអស់! ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាន នៅពេលនេះ ដើម្បីចាប់ផ្តើមសិក្ខាសាលា TechCamp Cambodia H2.0។ ខ្ញុំសូមអរគុណឯកឧត្តម អៀង សុផល្លែត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ដែលមានវត្តមានជាមួយយើង នៅថ្ងៃនេះ។ ក្រោមការដឹកនាំដ៏រឹងមាំរបស់ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ ដែលបានធ្វើជាតំណាងអោយប្រទេសកម្ពុជា នៅក្នុងសន្និសីទ “សមុទ្រ” របស់យើង នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអោយមានការវិវត្តវិជ្ជមាន នៅក្នុងវិស័យបរិស្ថាន ដោយជួយកាត់បន្ថយការកាប់ឈើខុសច្បាប់ ការពារជីវសាស្រ្តចំរុះនៅកម្ពុជា និងជំរុញធ្វើអោយផ្លូវទឹកមានសភាពល្អ ដែលជាប្រធាននៃសិក្ខាសាលានេះ។
ខ្ញុំសូមអរគុណផងដែរដល់សហការីរបស់យើងមកពីកម្មវិធីនៃការិយាល័យព័ត៌មានអន្តរជាតិ (IPP)របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយរួមទាំងមិត្តល្អរបស់ខ្ញុំម្នាក់ ឈ្មោះ Thomas Smitham ដែលបានខកជើងយន្តហោះ កាលពីយប់ម៉ិញ តែនឹងចូលរួមជាមួយយើង នៅក្នុងរយៈពេលប្រហែលមួយម៉ោងទៀត។ ខ្ញុំសូមស្វាគមន៍ផងដែរចំពោះ ក្រុមបុគ្គលិកដ៏ប្រពៃមកពីមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដែលបានសហការជាមួយបុគ្គលិកនៃស្ថានទូតរបស់យើង នៅក្នុងការរៀបចំសិក្ខាសាលា TechCamp នេះឡើង។ ខ្ញុំសូមអរគុណផងដែរដល់អង្គការ Raintree Cambodia ដែលបានទទួលយើង នៅកន្លែងដ៏ប្រពៃនេះ។
ពិតមែនហើយ យើងមិនអាចបើកសិក្ខាសាលា TechCamp បានទេ ប្រសិនបើគ្មានក្រុមមនុស្សពិសេសពីរក្រុមនេះ គឺគ្រូបណ្តុះបណ្តាលក្នុងស្រុក និងគ្រូបណ្តុះបណ្តាលអន្តរជាតិ ដែលមកចែករំលែកជំនាញឯកទេសរបស់គេ និងសមាជិកទាំង ៥០ នៃគំរោងសំខាន់ស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមកចូលរួមជាសិក្ខាកាមក្នុងសិក្ខាសាលានេះ ដោយធ្វើជាតំណាងអោយប្រទេសកម្ពុជា ឡាវ ភូមា វៀតណាម និងថៃ ដែលជាប្រទេសស្ថិតនៅក្នុងតំបន់មេគង្គក្រោម។
ជាមួយក្រុមមនុស្សខុសៗគ្នាបែបនេះ គឺសិស្ស និសិ្សត អ្នកដឹកនាំអង្គការមិនស្វែងរកកំរ៉ៃ អ្នកជំនាញបច្ចេកទេស ជាដើម ដែលធ្វើការជាមួយគ្នាដើម្បីប្រើបច្ចេកវិទ្យា ដើម្បីប្រយោជន៍ទូទៅ ខ្ញុំដឹងថា ចុងសប្តាហ៍នេះគឺជាឱកាសសំរាប់រៀនសូត្រ និងចងក្រងគ្នាជាបណ្តាញដ៏ប្រពៃសំរាប់យើងទាំងអស់គ្នា។
ខ្ញុំមានភាពប្រាកដក្នុងចិត្តថា លោកអ្នកជាច្រើនដឹងច្រើនអំពីបច្ចេកទេសជាងខ្ញុំ ដូច្នេះខ្ញុំនឹងមិននិយាយពីការគិតរបស់ខ្ញុំទៅលើវគ្គរៀនសូត្របច្ចេកទេសទេ។ តែ ខ្ញុំសូមធ្វើការឆ្លុះបញ្ចាំងបន្តិចពីសិក្ខាសាលានេះ។
ដូចលោកអ្នកធ្លាប់លឺកន្លងមកហើយថា TechCamp គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ដែលធ្វើអោយមានការចូលរួម និងផ្តល់អំណាចដល់មនុស្ស ដោយបង្រៀនពួកគេអោយប្រើផលនៃបច្ចេកទេសដែលធ្វើអោយចុះសោហ៊ុយតិច ស្រួលប្រើ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ គោលបំណងសំខាន់ជាងគេនៃសិក្ខាសាលានេះគឺដើម្បីផ្តល់អោយយុវជនមកពីតំបន់មេគង្គក្រោមនូវមធ្យោបាយក្លាយជាអ្នកតស៊ូមតិដោយខ្លួនគេបានល្អ ហើយធ្វើអោយមានដំណោះស្រាយរួមសំរាប់បញ្ហាប្រឈមចំពោះផ្លូវទឹក។
ហេតុអ្វីក៏វាមានសារៈសំខាន់? ដូចលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានកត់សំគាល់ឃើញហើយថា ការអភិវឌ្ឍន៍ និងកំណើនលូតលាស់ដែលគ្មាននិរន្តភាព នៅតាមបណ្តោយទន្លេមេគង្គទាំងមូលកំពុងតែបង្ករអោយមានគ្រោះថ្នាក់យូរអង្វែងដល់ទន្លេនេះ និងវិបុលភាពរបស់តំបន់។ តំរូវការកាន់តែច្រើនឡើងទៅលើស្បៀងអាហារ ថាមពល និងទឹកកំពុងតែបំផ្លាញប្រព័ន្ធបរិស្ថានអេកូឡូស៊ី និងធ្វើអោយគ្រោះថ្នាក់ដល់មុខរបរចិញ្ចឹមជីវិតរបស់មនុស្សចំនួន ២៤០ លាននាក់។ គេត្រូវការអោយមានយុទ្ធសាស្រ្តទូលំទូលាយមួយ ដើម្បីធានាបានថា កំណើនលូតលាស់នៃតំបន់ទន្លេមេគង្គមិនត្រូវមានឡើងដោយធ្វើអោយខូចដល់ស្ថានភាពផ្លូវទឹកទេ។
នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលចំបងៗដែលសហរដ្ឋអាមេរិកបានចូលរួមជាមួយប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម កាលពីឆ្នាំ ២០០៩ ដើម្បីបង្កើតឡើងនូវគំរោងស្តីពីគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម LMI។ យើងកំពុងធ្វើការជាមួយគ្នាដើម្បីពង្រឹងការគ្រប់គ្រងទឹក ជំរុញការប្រើថាមពលដែលអាចប្រើឡើងវិញបាន កែលំអប្រព័ន្ធសុខាភិបាល និងទ្រទ្រង់វិស័យអប់រំអោយបានល្អ ដោយមានគោលដៅចុងក្រោយគឺលើកកំពស់ការគ្រប់គ្រងដែលធានានិរន្តភាពចំពោះប្រព័ន្ធទឹកទន្លេ។
ជាមួយនឹងសិក្ខាសាលា TechCamp យើងមានឱកាសប្រើប្រាស់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដើម្បីជំរុញគោលដៅដ៏ត្រឹមត្រូវទាំងនេះ និងធ្វើអោយមនុស្សកាន់តែច្រើនចូលរួមនៅក្នុងការខិតខំទាំងនេះ ពិសេសក្នុងចំណោមយុវជន។ យុវជននៃតំបន់នេះ ដែលជាចំនួនភាគច្រើននៃប្រជាជននៅក្នុងតំបន់នេះ មានសារៈសំខាន់ចាំបាច់សំរាប់ជោគជ័យរបស់អាស៊ាន និងទន្លេមេគង្គ។
ខ្ញុំគិតថា គ្មានវិធីណាមួយ ក្នុងការពង្រឹងវិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាប្រសើរជាងការបង្កើនចំនួនយុវជនដែលរៀនមុខវិជ្ជាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម ឬគណិតវិទ្យាទេ។ ហេតុដូច្នេះហើយបានជាគោលបំណងទី២នៃសិក្ខាសាលា TechCamp នេះគឺដើម្បីជំរុញការសិក្សាលើមុខវិជ្ជាទាំងនេះ ដែលស្ថិតក្នុងចំណោមមធ្យោបាយដ៏ល្អបំផុតមួយសំរាប់ប្រទេសនៅក្នុងតំបន់មេគង្គក្រោម ក្នុងការបង្កើនចំនួនអ្នកចេះ ហើយបង្កើនមុខវិស័យនៃសេដ្ឋកិច្ចរបស់គេ។
សមាជិក YSEALI ទាំង ៥០ នាក់ដែលមានវត្តមាននៅថ្ងៃនេះតំណាងអោយចំនួនកាន់តែច្រើនឡើងនៃយុវជន ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអភិរក្សបរិស្ថានសំរាប់មនុស្សជំនាន់ក្រោយ។ ចលនាបរិស្ថានមានភាពកាន់តែរឹងមាំឡើង នៅកម្ពុជា ហើយខ្ញុំគិតថា ការនេះក៏មានដូចគ្នាដែរ នៅតាមប្រទេសដទៃ ដែលមានអ្នកតំណាងនៅក្នុងបន្ទប់នេះ។
ដោយមានសមាជិកចំនួនជាង ៦០០០ នាក់នៅកម្ពុជា និង ជាង ១០០ ០០០ នាក់នៅទូទាំងតំបន់អាស៊ាន យើងមានមោទនភាពថា គំរោង YSEALI បានក្លាយជាយានដ៏មានប្រសិទ្ធភាព សំរាប់ផ្តល់អោយយុវជន នូវជំនាញ ធនធាន និងបណ្តាញដែលគេត្រូវការ ដើម្បីប្រែក្លាយគំនិតអោយទៅជាសកម្មភាព។ ជាអ្នកចូលរួមម្នាក់ នៅក្នុងសិក្ខាសាលា TechCamp ពេលនេះ អ្នកគឺជាផ្នែកមួយនៃបណ្តាញដ៏មានឥទ្ធិពលមួយទៀត ដែលយើងរំពឹង ថា នឹងផ្តល់ការទ្រទ្រង់ផ្នែកបច្ចេកវិទ្យា ដើម្បីការពារផ្លូវទឹករួមរបស់យើង។ ខ្ញុំសូមលើកទឹកចិត្តអោយគ្រប់គ្នាប្រើ មធ្យោបាយ បច្ចេកទេស និងមនុស្ស ដែលត្រូវបានណែនាំអោយលោកអ្នកស្គាល់ តាមរយៈសិក្ខាសាលានេះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ទាំងនៅពេលនេះ ទាំងទៅអនាគត។
ដូច្នេះ តើអ្នកត្រៀមខ្លួនដើម្បីរៀនអ្វីៗដែលល្អ និងស្គាល់មនុស្សថ្មីៗដ៏ល្អហើយឬនៅ? សូមអបអរសាទរដែលត្រូវបានជ្រើសរើសអោយមកធ្វើជាតំណាងអោយប្រទេសរបស់អ្នក ហើយចូលរួមនៅក្នុងពិធីនេះ? ខ្ញុំរំពឹងថា គ្រប់គ្នានឹងមានការសប្បាយ មានមិត្តថ្មីៗ ហើយរៀនសូត្រពីវិធីថ្មីៗសំរាប់ដោះស្រាយបញ្ហា។ សូមអរគុណច្រើន។