ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦
សូមជំរាបសួ ឯកឧត្តម នាយឧត្តមសេនីយ មាស សុភា លោកឧត្តមសេនីយទោ McCaffrey ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ សមាជិកនៃអនុព័ន្ធយោធាអន្តរជាតិ និងភ្ញៀវកិត្តិយសដទៃទៀតរបស់យើង។
ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅពេលនេះ ដើម្បីឃើញផ្ទាល់នូវជោគជ័យនៃសមយុទ្ធឆ្មាំអង្គរ ដែលជាសមយុទ្ធមួយក្នុងចំណោមសមយុទ្ធប្រចាំឆ្នាំសំខាន់ៗ នៅក្នុងទំនាក់ទំនងរវាងយោធាអាមេរិក និងយោធាកម្ពុជា។
បុរស និងនារីនៅក្នុងកងយោធពលខេមរភូមិន្ទ និងកងទ័ពសហរដ្ឋអាមេរិក ដែលនៅចំពោះមុខខ្ញុំនេះ មើលទៅគួរអោយរំភើបណាស់។ ខ្ញុំមានមោទនភាពណាស់ដែលសមយុទ្ធឆ្មាំអង្គរបានធ្វើអោយយោធារបស់យើងបានជួបគ្នា ដើម្បីលើកកំពស់ការឆ្លើយតបក្នុងការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។
ភាសាអង់គ្លេសនិងភាសាខ្មែរខុសគ្នាខ្លាំងណាស់ តែខ្ញុំចាប់អារម្មណ៍នឹងភាពដូចគ្នាដ៏គួរអោយចាប់អារម្មណ៍មួយ។ នៅក្នុងភាសាអង់គ្លេស ក៏ដូចក្នុងភាសាខ្មែរដែរ នៅពេលយើងនិយាយអំពីមនុស្សនៅក្នុងយោធា យើងមិននិយាយថា គេ “ធ្វើការ” ទេ យើងនិយាយថា គេ “បំរើ” ប្រទេសរបស់គេក្នុងយោធា។
ខ្ញុំមិនមែនជាអ្នកជំនាញផ្នែកភាសាទេ តែចំពោះខ្ញុំ វាហាក់ដូចជាថា ទាំងភាសាអង់គ្លេស ទាំងភាសាខ្មែរមើលឃើញតួនាទីពិសេស និងសំខាន់ ដែលក្នុងនោះ កាតព្វកិច្ចចំពោះប្រទេសជាតិ និងចំពោះប្រជាជនគឺជារឿងទី១។ ភាពដូចគ្នានេះ នៅក្នុងភាសារបស់យើង ក៏ឆ្លុះបញ្ចាំងផងដែរនូវទស្សនៈវិស័យរួម ដែលបានធ្វើអោយសមយុទ្ធឆ្មាំអង្គរមានជោគជ័យ។
យើងមើលឃើញថា បុរស នារីនៅក្នុងកងយោធពលខេមរភូមិន្ទបានស្តែងអោយឃើញម្តងហើយម្តងទៀតនូវការប្តេជ្ញាចិត្តរបស់គេក្នុងការបំរើជាតិ។ នៅពេលមានព្យុះ និងទឹកជំនន់នៅកម្ពុជា យោធាឆ្លើយតប។
គេបានប្រើបាវខ្សាច់ដើម្បីទប់ទឹកជំនន់ ការពារកុំអោយមានការខូចខាត បានជួយក្នុងការកសាងឡើងវិញនូវផ្ទះដែលត្រូវបានបំផ្លាញ ហើយបានជិះទូកមកជួយអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពអាសន្ន។ យោធាកម្ពុជាគឺជាទុនដ៏សំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះមហន្តរាយ។
ខ្ញុំសូមអបអរសាទរផងដែរចំពោះសមិទ្ធផលសំខាន់មួយទៀតរបស់កងយោធពលខេមរភូមិន្ទ។ ក្នុងពេលប៉ុន្មានសប្តាហ៍មុននេះ ខ្ញុំបានចូលរួមនៅក្នុងពិធីដ៏គួរអោយចាប់អារម្មណ៍មួយ នៅវិមានសន្តិភាព ដែលអបអរខួប ១០ ឆ្នាំនៃសមិទ្ធផលថែរក្សាសន្តិភាពរបស់ប្រទេសកម្ពុជា។
នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ កងទ័ពកម្ពុជាបានបំរើបានយ៉ាងល្អ នៅក្នុងតំបន់ពិបាកៗ ដូចជានៅប្រទេសស៊ូដង់ខាងត្បូង ឆាដ ម៉ាលី និងប្រទេសលីបង់។ ការងារនេះទាមទារការប្តេជ្ញាចិត្ត ការតាំងចិត្ត និងជំនាញអាជីពរបស់ថ្នាក់ដឹកនាំយោធា និងកងទ័ពកម្ពុជាខ្លួនគេ។ ខ្ញុំមានមោទនភាពដែលសហរដ្ឋអាមេរិកអាចផ្តល់ការគាំទ្រដល់កម្ពុជា នៅក្នុងភារកិច្ចដ៏សំខាន់នេះ។
ដូចលោកអ្នកទាំងអស់ដឹងហើយ នេះគឺជាឆ្នាំទី៧ នៃសមយុទ្ធឆ្មាំអង្គរ។ វាមានកំរិតកាន់តែខ្ពស់ឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកងទ័ពនៃប្រទេសយើងទាំងពីរចាប់ស្គាល់គ្នាកាន់តែច្រើនឡើង។ សហរដ្ឋអាមេរិកបានទទួលប្រយោជន៍ច្រើនពីសមយុទ្ធនេះ ហើយយើងសង្ឃឹមថា ការសហការគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក និងគ្រប់សាខាទាំងអស់នៃយោធាអាមេរិក នឹងបន្ត ហើយរីកធំថែមទៀត។
បើមើលតាមទស្សនៈទូលំទូលាយ សហរដ្ឋអាមេរិកនិងកម្ពុជាមានបញ្ហាប្រឈមដូចគ្នាច្រើន ដូចជាអាកាសធាតុគំរាមកំហែង បំផ្លាញដែលស្មានមិនដល់ មានកាន់តែច្រើនឡើង ក្រុមហឹង្សាជ្រុលនិយម ជំងឺថ្មីៗ និងជំលោះក្នុងតំបន់។ រាប់ឆ្នាំមកនេះ យើងបានដឹងថា បញ្ហាទាំងនេះអាចដោះស្រាយបានល្អតាមរយៈការពិភាក្សាគ្នា និងកិច្ចសហប្រតិបត្តិការគ្នា រួមទាំងសមយុទ្ធឆ្មាំអង្គរនេះផងដែរ។
សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងយុទ្ធពលខេមរភូមិន្ទជាដៃគូ តាមរយៈសកម្មភាពសហប្រតិបត្តិការយោធា ដូចជាសមយុទ្ធឆ្មាំអង្គរ។ យើងសង្ឃឹមផងដែរថា នឹងអាចបញ្ចូលដៃគូយោធាដទៃទៀតក្នុងតំបន់ ទៅក្នុងសកម្មភាពទាំងនេះ តាមភាពសមស្រប។ កិច្ចសហប្រតិបត្តិការធំទូលាយនិងល្អប្រសើរ នៅក្នុងចំណោមដៃគូដែលស្គាល់គ្នា ហើយធ្វើការបានល្អជាមួយគ្នា គឺជាអ្វីដែលសកម្មភាពដូចជាសមយុទ្ធឆ្មាំអង្គរចង់ធ្វើអោយមានឡើង។ ខ្ញុំមានការជឿជាក់ថា អ្វីៗទាំងនេះបានមាននៅក្នុងអំឡុងនៃសមយុទ្ធនេះ។
ខ្ញុំសូមបញ្ចប់ដោយសំដែងការអបអរសាទរដល់អ្នកចូលរួមខាងអាមេរិក និងកម្ពុជា ចំពោះការខិតខំក្នុងរយៈពេល ២ សប្តាហ៍មកនេះ និងចំពោះការយកចិត្តទុកដាក់ក្នុងការងារអាជីពរបស់គេដើម្បីបំរើប្រទេសនិងប្រជាជន។ ខ្ញុំសូមជូនពរអោយអស់លោកអ្នកទាំងអស់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព និងជោគជ័យនៅក្នុងការងារទៅអនាគតរបស់លោកអ្នក។ សូមអរគុណច្រើន។