សុន្ទរកថា​​បើក​​របស់​​លោក​​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​​ក្នុង​​សិក្ខាសាលា​​យល់​​ដឹង​​ពី​​ការ​​គ្រប់គ្រង EXBS ជា​​យុទ្ធសាស្រ្ត ក្នុង​​ពាណិជ្ជកម្ម

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ រាជធានីភ្នំពេញ
ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥

សូម​ជំរាបសួ​ឯកឧត្តម ជួន ចាន់ថន ឯកឧត្តម លោកជំទាវ ភ្ញៀវ​កិតិ្តយស អស់លោក លោកស្រី

សូម​ស្វាគមន៍​មក​កាន់​សិក្ខាសាលា​លើក​ដំបូង​ស្តីពី​ការ​យល់​ដឹង​លើ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្រ្ត​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​វត្តមាន​ជាមួយ​អស់​លោក លោកស្រី នៅ​ព្រឹក​នេះ នៅ​ក្នុង​ពិធី​ជា​សាធារណៈ​លើក​ទី​១ សំរាប់​ខ្ញុំ តាំង​ពី​ខ្ញុំ​បាន​ជូន​សារតាំង​ដល់​ប្រមុខ​រដ្ឋ​ស្តីទី នៅ​ព្រឹក​ម្សិលម៉ិញ​។

ខ្ញុំ​រីករាយ​ណាស់ ដោយ​មាន​ឱកាស​និយាយ​ជាមួយ​លោក លោកស្រី​បន្តិច អំពី​ការ​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ សំរាប់​សេដ្ឋកិច្ច និង​សន្តិសុខ​របស់​ខ្លួន តាមរយៈ​ការ​ធ្វើ​អោយ​មាន​របប​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្រ្ត​រឹង​មាំ​មួយ​។

ខ្ញុំ​គិត​ថា លោក លោកស្រី​ជា​ច្រើន​ដឹង​ថា ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​បាន​អវត្តមាន​អស់រយៈពេល ១៥ ឆ្នាំ​មក​។ តាំង​ពី​ខ្ញុំ​បាន​វិល​ត្រឡប់​មក​វិញ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​វិស័យ​សង្គមកិច្ច សុខាភិបាល និង​សេដ្ឋកិច្ច​។ កំណើន​សេដ្ឋកិច្ច​ចំនួន ៧​% ក្នុង​រយៈពេល ២០ ឆ្នាំ​មក​​នេះ​របស់​ប្រទេស​កម្ពុជា​គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​។ សព្វថ្ងៃ​នេះ​ ប្រទេស​កម្ពុជា​នឹង​ចូលរួម​ជាមួយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ក្រោម​មធ្យម នៅ​ក្នុង​ពិភពលោក​។

តែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក៏​មាន​ន័យ​ផង​ដែរ​ថា មាន​ការ​នាំ​ចេញ និង​នាំ​ចូល អ្នក​ទេសចរ​ឆ្លងកាត់​ព្រំដែន នៃ​ប្រទេស​កម្ពុជា​ច្រើន​ឡើង​ផង​ដែរ ក្នុង​មួយ​ឆ្នាំ​ៗ​។ និន្នាការ​នេះ​នឹង​មាន​ល្បឿន​កាន់​តែ​លឿន ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​តំបន់ ក្រោម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ នៅ​ពេល​ដែល​ក្រុមហ៊ុន​អន្តរជាតិ​ច្រើន​ឡើង​មក​រក​ស៊ី​នៅ​ទី​នេះ កម្ពុជា​នឹង​រឹត​តែ​ទទួល​បាន​ផល​ចំណេញ​ថែម​ទៀត ពី​ការ​បង្កើត​អោយ​មាន​ក្របខ័ណ្ឌ​ច្បាប់​ទំលាប់​កំរិត​ពិភពលោក​ផ្នែក​ពាណិជ្ជកម្ម​។

ការ​គ្រប់គ្រង​ជា​យុទ្ធសាស្រ្ត​ផ្នែក​ពាណិជ្ជកម្ម គឺ​ជា​ផ្នែក​សំខាន់​ចាំបាច់​មួយ​នៃ​ការ​ខិតខំ​ជា​អន្តរជាតិ ដើម្បី​ការពារ​កុំ​អោយ​មាន​ការ​សាយភាយ​នៃ​អាវុធ​ប្រល័យលោក​។ វា​ជំរុញ​ដល់​សន្តិសុខ និង​ស្ថិរភាព​សាកលលោក ហើយ​សំរួល​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ផ្តោត​ធនធាន​របស់​រដ្ឋាភិបាល ទៅ​លើ​សកម្មភាព​ជួញដូរ​ខុស​ច្បាប់ ឬ​ដែល​គួរ​អោយ​សង្ស័យ​។ វា​ពង្រឹង​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ ដោយ​សំរួល​ដល់​ការ​ផ្ទេរ​បច្ចេកទេស រវាង​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​។ វា​ថែម​ទាំង​បណ្តុះ​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​រដ្ឋាភិបាល និងឧស្សាហកម្ម ដែល​ចូលរួម នៅ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ​។

កម្មវិធី​ស្តីពី​ការ​គ្រប់គ្រង​ការ​នាំ​ចេញ និង​សន្តិសុខ​ព្រំដែន​ ដែល​មាន​ការ​ទាក់ទង​ជាមួយ​រឿង​នេះ ដែល​ហៅ​កាត់​ថា EXBS ហើយ​ដែល​ធ្វើការ​ឧបត្ថម្ភ​ដល់​សន្និសីទ​នេះ គឺ​ជា​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ក្នុង​ការ​គាំទ្រ ដល់​ការ​ខិតខំ​របស់​ប្រទេស​ដទៃ​ទៀត ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​គេ នៅ​ក្រោម​សេចក្តី​សំរេច​ចិត្ត​លេខ ១៥៤០ នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​។

សេចក្តី​សំរេច​ចិត្ត​នេះ​អំពាវនាវ​អោយ​បណ្តា​ប្រទេស​នានា​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ពាណិជ្ជកម្ម ជា​យុទ្ធសាស្រ្ត​ជាតិ​ដ៏​មាន​ប្រសិទ្ធភាព​។ ប្រព័ន្ធ​បែប​នេះ​គួរ​បញ្ចូល​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​លើ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម ជា​យុទ្ធសាស្រ្ត នៅ​តាម​ព្រំដែន​របស់​គេ​។ ហេតុដូច្នេះហើយ​បាន​ជា​យើង​មាន​ការ​ចូលរួម​របស់​តំណាង​នៃ​ផ្នែក​គយ​កម្ពុជា នៅ​ថ្ងៃ​នេះ​។ EXBS កំពុង​ធ្វើការ​ជាមួយ​ប្រទេស​ចំនួន​ជាង ៦០ ដើម្បី​ពង្រឹង​សមត្ថភាព​ថ្នាក់​ជាតិ​ក្នុង​ការ​តាមដាន និងការពារ​កុំ​អោយ​មាន​ការ​ផ្ទេរ​គ្រាប់​រំសេវ និង​របស់​ដែល​អាច​ប្រើ​បាន​ពីរ​យ៉ាង និង​ក្នុង​ការ​ធ្វើ​កុំអោយ​ភេរវជន និង​អ្នក​ដែល​មាន​បំណង​អាក្រក់ អាច​​ទទួល​បាន​នូវ​អាវុធ​ដ៏​គ្រោះថ្នាក់​ទាំងនេះ​។

ការ​ចុះផ្សព្វផ្សាយ​មាន​សារៈសំខាន់​ណាស់​ សំរាប់​បង្កើន​ការ​យល់​ដឹង​លើ​គ្រោះថ្នាក់​នៃ​ការរីក​រាលដាល​។ សន្និសីទ​ដូចជា​សន្តិសីទ​នេះ​ គឺ​ជា​ឱកាស​មួយ​ក្នុង​ចំណោម​ឱកាស​នានា​សំរាប់​អោយ​លោក​អ្នក​កសាង និង​រក្សា​អ្នក​ធ្វើ​គោលនយោបាយ និង​អ្នក​ជំនាញ​បច្ចេកទេស ដែល​យក​​ចិត្ត​ទុកដាក់ ចំពោះ​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ពាណិជ្ជកម្ម​ដ៏​មាន​ប្រសិទ្ធភាព ដែល​បំពេញ​បាន​តាម​ការ​ទាមទារ​ជា​អន្តរជាតិ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​ទៅ​មុខ​។

ខ្ញុំ​សង្ឃឹម​ថា លោក​​អ្នក​​ចង់​​លឺ​​ដោយ​​ផ្ទាល់​ពី​អ្នក​គ្រប់គ្រង​ច្បាប់​ទំលាប់​នៅ​ក្នុង​ប្រទេស​ជិត​ខាង ​ដែល​មាន​វត្តមាន​ជាមួយ​យើង នៅ​ថ្ងៃ​នេះ ដើម្បី​ប្រាប់​ពី​វិធី ដែល​គេ​បង្កើត និង​រក្សា​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្រ្ត​។

យើង​អាច​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីកសាយ​នៃ​អាវុធ​ប្រល័យ​លោក ហើយ​ការពារ​កុំ​អោយ​មាន​ការ​ផ្ទេរ​ដោយ​ខុស​ច្បាប់​នូវ​អាវុធ​ធម្មតា​។ យើង​អាច​រួម​គ្នា​ធ្វើ​អោយ​មាន​សុវត្ថិភាព​ដល់​ផែនដី ដែល​ជា​ផ្ទះ​របស់​យើង ហើយ​ខ្ញុំ​សូម​ជូនពរ​អោយ​សនិ្នសីទ​នេះ​ប្រកប​ដោយ​ផ្លែផ្កា​។

សូម​អរគុណ​។