ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥
តាងនាមអោយស្ថានទូតសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងការសរសើរដល់លោកអ្នកទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីបិទនាថ្ងៃនេះ នូវកម្មវិធីយុវជនស្ម័គ្រចិត្តអាស៊ាន (AYVP) ដែលបានទទួលការឧបត្ថម្ភពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ។ តាមរយៈភាពស្វាហាប់ និងការសាទរ នៅក្នុងបន្ទប់នេះ ខ្ញុំអាចដឹងបានថា តើកម្មវិធីនេះមានអត្ថន័យយ៉ាងណា។ ខ្ញុំសូមអរគុណដល់ក្រសួងអប់រំ យុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា ដែលបានរៀបចំទទួលកម្មវិធីនេះ និងសហព័ន្ធអន្តរជាតិនៃសមាគមឧ្ឍចន្ទក្រហម និងកាកបាទក្រហមនៅអាស៊ីអាគ្នេយ៍ ដែលព្រមចែករំលែកការប្រតិបត្តិល្អ។ ខ្ញុំសូមអរគុណផងដែរដល់ក្រសួងយុវជន និងកីឡាម៉ាឡេស៊ី និងសាកលវិទ្យាល័យ Kebangsaan Malaysia ចំពោះការដឹកនាំក្នុងការផ្តើម និងអនុវត្តកម្មវិធី AYVP នៅកម្ពុជា និងនៅទូទាំងតំបន់។ ខ្ញុំសូមអរគុណផងដែរដល់យុវជនចំនួន ៤៩ នាក់ ដែលធ្វើជាយុវជនស្ម័គ្រចិត្ត នៅកម្ពុជា។ ការងាររបស់គេគឺជាការជំរុញទឹកចិត្តដល់អ្នកដទៃ។
ដោយបន្តពីការបង្កើតឡើងប្រកបដោយជោគជ័យនៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០១៣ របស់លោកប្រធានាធិបតី Obama កម្មវិធី AYVP ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន នៅទូទាំងអាស៊ាន ធ្វើអោយការចូលរួមរបស់មេដឹកនាំយុវជនលើបញ្ហាប្រឈមសំខាន់ៗ នៅក្នុងតំបន់ និងក្នុងសាកលលោក មានភាពជ្រាលជ្រៅ ហើយបង្កើនការយល់គ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។ ដោយប្រមូលផ្តុំយុវជននៅក្នុងតំបន់ កម្មវិធី AYVP កំពុងតែរួមចំណែកដល់គោលដៅស្នូលនៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍របស់លោកប្រធានាធិបតី ដោយធ្វើអោយមានភាពជ្រាលជ្រៅដល់កិច្ចសហការគ្នាជាមួយមេដឹកនាំយុវជននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបណ្តុះអោយសហគមន៍អាស៊ានមានភាពរឹងមាំខ្លាំងឡើង។
នៅពេលខ្ញុំមើលវីដេអូស្តីពីបទពិសោធន៍របស់អ្នក នៅភ្នំពេញ និងនៅភូមិបណ្តែតទឹកក្រគ ក្នុងការជួយសហគមន៍អោយដោះស្រាយបញ្ហាអនាម័យទឹក ខ្ញុំមានការចាប់អារម្មណ៍ចំពោះអ្វីដែលអ្នកសំរេចបាន នៅក្នុងពេលតែ ៤ សប្តាហ៍តែប៉ុណ្ណោះ។ ថ្វីបើកម្មវិធី AYVP នៅប្រទេសកម្ពុជាមានរយៈពេលតែមួយខែក្តី តែខ្ញុំដឹងច្បាស់ថា បណ្តាញ និងមិត្តភាពដែលអ្នកបានធ្វើអោយមានឡើងជាមួយសហគមន៍ និងជាមួយអ្នកស្ម័គ្រចិត្តគ្នាឯងក្នុងកម្មវិធី AYVP នឹងមានរយៈពេលមួយជីវិត។ យើងសង្ឃឹមថា អ្នកបានទទួលការយល់ដឹងស៊ីជំរៅស្តីពីប្រទេសជិតខាងរបស់អ្នកនៅក្នុងសមាគមន៍អាស៊ាន ហើយមើលឃើញពីការដែលយើងទាំងអស់គ្នារៀនអ្វីដែលថ្មី ពីគ្នាទៅវិញទៅមក។
តើលោក គាត មុនីវុទ្ថាមានវត្តមានជាមួយយើងនៅថ្ងៃនេះទេ? ខ្ញុំសូមអរគុណនិងសរសើរដល់វុទ្ថា ចំពោះតួនាទីរបស់គាត់ជាមួយកម្មវិធី AYVP ព្រមទាំងជាសមាជិកសកម្មម្នាក់នៃក្រុមប្រឹក្សាយុវជនរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ វុទ្ថាបានក្លាយជាអ្នកការពារបរិស្ថានម្នាក់ នៅកម្ពុជា តាមរយៈការចូលរួមរបស់គាត់នៅក្នុងសកម្មភាពសំខាន់ៗមួយចំនួន។ កាលពីឆ្នាំទៅ បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងនាមជាសមាជិកម្នាក់របស់កម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ គាត់បានវិលត្រឡប់មកកម្ពុជាវិញ ហើយបានផ្តើមគំរោង “ដាំដើមឈើ ដាំអនាគតរបស់អ្នក”។ ក្នុងពេល ៤ សប្តាហ៍កន្លងទៅនេះ គាត់បានជួយសំរបសំរួលអ្នកស្ម័គ្រចិត្តទាំង ៤៩ នាក់ ក្នុងនាមជាអ្នកសំរបសំរួលផ្លូវការក្នុងកម្មវិធី AYVP ។ នៅពេលខ្ញុំឃើញពីការដែលវុទ្ថាយកចំណេះដឹង និងបទពិសោធន៍របស់គាត់ទៅប្រើដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សំរាប់យុវជនកម្ពុជា និងយុវជនអាស៊ាន ខ្ញុំនឹកឃើញដល់សុភាសិតមួយរបស់ខ្មែរដែលនិយាយថា “ចេះដប់មិនស្មើប្រសប់មួយ”។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះចំណេះដឹង និងជំនាញ ដែលវុទ្ថាបន្តបង្ហាញអោយឃើញ នៅក្នុងសកម្មភាពការងាររបស់គាត់។
ខ្ញុំមានចិត្តរំភើបផងដែរចំពោះយុវនារីជាច្រើនដែលខ្ញុំឃើញនៅក្នុងចំណោមមនុស្ស នាថ្ងៃនេះ។ នៅពេលលោកជំទាវទី១ Michelle Obama មកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែមិនាកន្លងទៅនេះ ដើម្បីសម្ពោធគំរោងផ្តួចផ្តើមមួយស្តីពីការ “អោយកុមារីបានរៀនសូត្រ” លោកជំទាវបានដាស់តឿនអោយសិស្សស្រីរៀនអោយចប់ចុងចប់ដើម ដើម្បីក្លាយជាជនគំរូដ៏សកម្មមួយ នៅក្នុងសហគមន៍មូលដ្ឋានរបស់គេ។
ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់របស់កម្មវិធី AYVP ខ្ញុំសូមជូនពរអោយអ្នកជួបតែសំណាងល្អ ក្នុងសកម្មភាពរបស់អ្នកទៅអនាគត រួមទាំងសំណើសុំការពិចារណាលើគំរោងរបស់អ្នក។ រួមជាមួយនឹងប្រជាជនក្នុងសមាគមអាស៊ាន យើងសង្ឃឹមថា អ្នកនឹងបន្ស៊ីថាមពលរបស់អ្នកជាមួយនឹងគំនិតល្អថ្មីៗ ដែលនឹងធ្វើអោយពិភពលោកយើងនេះមានភាពកាន់តែល្អឡើង។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងចាកចេញពីទីនេះទៅប្រកបដោយសមត្ថភាព និងលទ្ធភាព ពីព្រោះថា បើនិយាយអោយត្រង់ទៅ ពិភពលោកត្រូវការអ្នក។ អ្នកគឺជាអនាគត។ ថ្ងៃនេះ ខ្ញុំសូមអោយអ្នកវិលត្រឡប់ទៅប្រទេសខ្លួនរៀងៗខ្លួនវិញ ដោយចាត់ទុកខ្លួនឯងថាជាភ្នាក់ងារមួយនៃការផ្លាស់ប្តូរ និងជាគំរូល្អសំរាប់យើងទាំងអស់គ្នា។
សូមអរគុណ។