ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥
សូមជំរាបសួ ឯកឧត្តមអគ្គនាយករង កែន សេរីរដ្ឋា ភ្ញៀវកិត្តិយស អស់លោក លោកស្រី។
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមជាមួយអស់លោក លោកស្រី នៅក្នុងវេទិកាស្តីពី “ការប្រើថាមពលស្អាតដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព”។ ការរកឃើញវិធីល្អក្នុងការផលិតថាមពលដែលអាចយកមកប្រើឡើងវិញបាន ហើយស្អាត គឺជាអាទិភាពរបស់សាកលលោក ហើយខ្ញុំរីករាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងឧបត្ថម្ភគាំទ្រដល់បណ្តាញពិគ្រោះយោបល់ឯកជនស្តីពីហិរញ្ញប្បទាន (PFAN-Asia) និងវិទ្យាស្ថាន Enrich Institute អោយធ្វើការងារនេះ។ ខ្ញុំគិតថា គ្មានវិធីណាល្អដើម្បីសំរេចបំណងនេះជាងតាមរយៈការធ្វើការជាមួយលោកអ្នក ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងភាពជាសហគ្រិនទេ។
ដូចលោកអ្នកជាច្រើនបានដឹងហើយ ថាមពលគឺជាផ្នែកសំខាន់ចាំបាច់សំរាប់ធ្វើអោយមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ ជិត ៧០% នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (Greenhouse gas emission) គឺចេញពីការប្រើថាមពល។ វាជាប្រភពធំជាងគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងពិភពលោក។ ហេតុដូច្នេះហើយបានជាថាមពលស្អាត និងដែលអាចយកមកប្រើឡើងវិញបានពីព្រះអាទិត្យ វារីអគ្គិសនីខ្នាតតូច ថាមពលពីជីវសាស្រ្ត និងខ្យល់មានសារៈសំខាន់ មិនត្រឹមតែក្នុងការកាត់បន្ថយផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុតែប៉ុណ្ណោះទេ តែថែមទាំងបង្កើតអោយមានការងារធ្វើពិសេសសំរាប់យុវជន ហើយធ្វើអោយអ្នកក្រមានភ្លើងអគ្គិសនីប្រើបានច្រើនឡើង។
តាមធម្មតា អ្នកក្រត្រូវបង់ថ្លៃច្រើនជាងអ្នកមានសំរាប់ភ្លើងអគ្គិសនី។ ដោយសារគ្មានខ្សែតភ្លើងដល់កន្លែង អ្នកក្រនៅតាមជនបទត្រូវពឹងលើម៉ាស៊ីនភ្លើងដែលដើរដោយប្រេងម៉ាស៊ូត អុស និងធ្យូង ដែលជាប្រភពថាមពលមានតំលៃថ្លៃ ធ្វើអោយបរិយាកាសពុល និងមិនល្អសំរាប់សុខភាព។ គំនិតផ្តួចផ្តើមដូចជាបណ្តាញ PFAN កំពុងតែជួយដល់ការអភិវឌ្ឍថាមពលស្អាត និងដែលអាចយកមកប្រើឡើងវិញបាន ដោយភ្ជាប់គំនិតទៅនឹងធនធាន ដែលល្អបរិស្ថាន សេដ្ឋកិច្ច និងប្រជាជនកម្ពុជា។ PFAN សង្ឍឹមថា នឹងគៀងគរបានថវិកាចំនួនជាង ១ លានដុល្លាជាហិរញ្ញប្បទានសំរាប់ Sun-eee ដែលជាក្រុមហ៊ុនខ្មែរមួយ សំរាប់ការពង្រីកថាមពលព្រះអាទិត្យ និងថាមពលជីវសាស្រ្ត សំរាប់ប្រជាជនចំនួនជាង ៤ ០០០ នាក់ នៅតាមភូមិជនបទ។ នៅពេលថ្លែងសង្កត់លើតួនាទីដ៏មានសារៈសំខាន់ដែលក្រុមហ៊ុនអាចមាន នៅក្នុងសន្និសីទកំពូលថ្នាក់ជាតិស្តីពីថាមពលស្អាត នៅក្នុងសហរដ្ឋអាមេរិក លោកប្រធានាធិបតី Obama បានមានប្រសាសន៍ថា “…បើអ្នកគិតគូរពីការប្រែប្រួលអាកាសធាតុ ការដែលក្រុមហ៊ុនដឹងថា ថាមពលស្អាត និងប្រសិទ្ធភាពនៃថាមពលមិនត្រឹមតែមានប្រសិទ្ធភាពលើការចំណាយតែប៉ុណ្ណោះទេ តែការសន្សំដែលបានមកពីប្រសិទ្ធភាពចំណាយ ផ្តល់អោយអ្នកនូវក្តីសង្ឃឹមច្រើន”។
ប្រទេសកម្ពុជាពឹងផ្អែកលើប្រេងនាំចូលសំរាប់ការផលិតថាមពលស្ទើរតែទាំងអស់របស់ខ្លួន ដែលជាការធ្វើអោយតំលៃភ្លើងអគ្គិសនីនៅកម្ពុជាស្ថិតក្នុងចំណោមតំលៃដែលថ្លៃជាងគេ ក្នុងពិភពលោក។ ជិត ៨៥% នៃគ្រួសារនៅតាមជនបទគ្មានភ្លើងអគ្គិសនីប្រើប្រាស់ទេ។ បណ្តាញភ្លើងតមិនដល់កន្លែងរបស់ពួកគេទេ ហើយគេមិនងាយនឹងបានភ្លើងរដ្ឋតដល់ទេ។ ថាមពលដែលស្អាតហើយអាចយកមកប្រើឡើងវិញបានអាចផ្តល់ភ្លើងអគ្គិសនី ដែលមានតំលៃថោក ហើយដែលត្រូវបានផលិតក្នុងមូលដ្ឋាន សំរាប់តំបន់ឆ្ងាយដាច់ស្រយ៉ាលបាន។ សំរាប់អ្នកជនបទ វាមានន័យថា ការមានអំពូលភ្លើងតែមួយ កុមារអាចរៀនសូត្របាន នៅពេលយប់។ ខ្ញុំចូលចិត្តអានអោយកូនរបស់ខ្ញុំស្តាប់ រាល់យប់ ហើយខ្ញុំចង់អោយឪពុកម្តាយគ្រប់រូបមានឱកាសនេះក្នុងការមានពេលដ៏ពិសេសជាមួយកូនរបស់គេ។ ការអាចសាកថ្មទូរស័ព្ទដៃមានន័យថា គ្រួសារនានាអាចធ្វើការទាក់ទងគ្នា ហើយទទួលបានព័ត៌មានស្តីពីតំលៃផលដំណាំ រហូតដល់ការទទួលបានការណែនាំទាក់ទងនឹងសុខភាពពីអ្នកដែលស្ថិតនៅឆ្ងាយពីពួកគេ។ ការប្រើប្រាស់បច្ចេកទេសបែបនេះគឺគ្មានព្រំដែនទេ តែវាចាប់ផ្តើមពីការមានភ្លើងអគ្គិសនីដែលមានតំលៃអាចទទួលយកបាន។
យើងកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់ សំរាប់ធានាការមានថាមពលសំរាប់ទាំងអស់គ្នានៅកម្ពុជា ដែលមានន័យថា ប្រទេសកំពុងមានការខ្វះខាត ដែលធ្វើអោយរាំងស្ទះដល់ការរីកចំរើននៃសេដ្ឋកិច្ច។ លោកអ្នកទាំងអស់គ្នាមកនេះ ពីព្រោះលោកអ្នកដឹងថា ការគ្រប់គ្រងផលិតកម្មថាមពល និងការបង្កើនជំរើសក្នុងការប្រើប្រាស់ថាមពលមានសារៈសំខាន់ ដើម្បីអោយប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យម នៅក្នុងរយៈពេល ១៥ ឆ្នាំខាងមុខនេះ។
នេះគឺជាអ្វីដែលលោកនាយករដ្ឋមន្រ្តីបានថ្លែងសង្កត់ជាគោលដៅមួយនៅក្រោមផែនការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរបស់លោក។
ការអភិវឌ្ឍប្រភពថាមពលស្អាតហើយអាចយកមកប្រើឡើងវិញបានអាចផ្តល់អោយប្រទេសកម្ពុជានូវប្រៀបមួយនៅក្នុងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បន្ទាប់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ដូចលោកអ្នកដឹងហើយ បច្ចេកទេសស្តីពីថាមពលស្អាតហើយអាចយកមកប្រើឡើងវិញបានទាមទារអោយមានជំនាញថ្មីៗ មិនមែនត្រឹមតែក្នុងផ្នែកវិស្វកម្មតែប៉ុណ្ណោះទេ តែថែមទាំងក្នុងផ្នែកហិរញ្ញវត្ថុ ទីផ្សា និងសំណង់ថែមទៀតផង។ ការវិនិយោគទៅលើមនុស្សដើម្បីអោយចេះអភិវឌ្ឍជំនាញទាំងនេះអាចផ្តល់នូវអាជីពគត់មុតសំរាប់យុវជនកម្ពុជា។
យើងរីករាយនឹងគាំទ្រវេទិកា ដូចជាវេទិកា PFAN នេះ ដែលមានការចូលរួមនៃអ្នកពាក់ព័ន្ធនានាជាច្រើន ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ដូចជាការប្រែប្រួលអាកាសធាតុ។យើងទាំងអស់គ្នា ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងផ្នែកសិក្សាស្រាវជ្រាវ ត្រូវការធ្វើការជាមួយគ្នា ដើម្បីរកមើលវិធីដែលយើងអាចប្រើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមាននិរន្តភាព និងសមធម៌។ បើយើងធ្វើនៅពេលនេះ យើងមានឱកាសអាចធ្វើអោយសេដ្ឋកិច្ចមានការដុះដាល នៅជុំវិញថាមពលស្អាតហើយអាចយកមកប្រើឡើងវិញបាន។
ការវិនិយោគលើថាមពលស្អាតហើយអាចយកមកប្រើឡើងវិញបានមិនត្រឹមតែជាជំនួញដ៏ល្អតែប៉ុណ្ណោះទេ តែវាថែមទាំងជាផ្នែកមួយនៃការទទួលខុសត្រូវរបស់យើងចំពោះភពផែនដីយើង។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសេចក្តីរីករាយក្នុងការជួយសហគ្រិន និងអ្នកវិនិយោគ នៅកម្ពុជា តាមរយៈកម្មវិធី PFAN-Asia ។ យើងសង្ឃឹមថា ជំនួយនេះនឹងបង្កើនការវិនិយោគទៅលើថាមពលស្អាត នៅទូទាំងប្រទេស។ ដោយឡែក ខ្ញុំសូមអរគុណក្រុមប្រឹក្សាជាតិសំរាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងក្រសួងបរិស្ថាន ដែលបានខិតខំជំរុញអោយមានការបញ្ចេញជាតិពុលតិចទៅក្នុងបរិយាកាស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ ខ្ញុំសូមអរគុណផងដែរចំពោះតំណាងសង្គមស៊ីវិល វិស័យឯកជនកម្ពុជា និងបណ្តាវិទ្យាស្ថានស្រាវជ្រាវ ចំពោះការខិតខំដើម្បីជំរុញអោយដំណើរការនេះដើរទៅមុខ។ ជាទីបញ្ចប់ ខ្ញុំសូមអរគុណដល់ក្រុមបុគ្គលិកនៃកម្មវិធី PFAN-Asia និងវិទ្យាស្ថាន Enrich Institute ដែលបានរៀបចំពិធីដ៏មានសារៈសំខាន់នេះ។ ខ្ញុំគ្មានការសង្ស័យទេថា លោកអ្នកនឹងយល់ឃើញថា ពិធីនៅថ្ងៃនេះគួរជាទីចាប់អារម្មណ៍ខ្លាំង ហើយខ្ញុំសូមអោយលោកអ្នកមានការពិភាក្សាគ្នាបានយ៉ាងល្អ។