មជ្ឈមណ្ឌល WECREATE Cambodia
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥
សូមជំរាបសួ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ខ្ញុំមានកិត្តិយសដោយបានមកចូលរួមនៅក្នុងពិធីបើកនៃមជ្ឈមណ្ឌល WECREATE នេះ។ វាជាការល្អណាស់ដោយឃើញក្នុងចំណោមនេះនូវបុរស និងស្រ្តីជាច្រើន ដែលមានភាពស្វាហាប់ និងរឹងមាំ។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការគាំទ្របេសកកម្មរបស់មជ្ឈមណ្ឌលក្នុងការផ្តល់អំណាចដល់ស្រ្តីកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញ ការផ្តល់ការអប់រំណែនាំ ដើម្បីផ្តល់គ្រឹះរឹងមាំមួយសំរាប់ភាពជាសហគ្រិនប្រកបដោយជោគជ័យរបស់ស្រ្តី នៅកម្ពុជា។
ជាបឋម ខ្ញុំសូមអរគុណឯកឧត្តមបណ្ឌិត សុខ ស៊ីផាណា ដែលបានធ្វើការតស៊ូមតិក្នុងការជំរុញភាពជាសហគ្រិន និងការចូលរួមរបស់ស្រ្តីនៅក្នុងគំរោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម (Lower Mekong Initiative ឬ LMI)។ ខ្ញុំសូមអរគុណផងដែរដល់ដៃគូរបស់យើ់ងនៅក្នុងការខិតខំនេះ ដែលមាន Emerging Markets Consulting, StartUp Cup ព្រមទាំងបុគ្គលិកដ៏ប្រពៃរបស់មជ្ឈមណ្ឌល WECREATE នៅកម្ពុជា។
មជ្ឈមណ្ឌល WECREATE នេះមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលដំបូងនៅកម្ពុជាតែប៉ុណ្ណោះទេ តែវាជាមជ្ឈមណ្ឌលដំបូង នៅអាស៊ីអាគ្នេយ៍។ វាមិនមែនគ្រាន់តែជាអាគារដែលមានជញ្ជាំង តែជាកន្លែងផ្តួចផ្តើមសំរាប់សហគ្រិនជាស្រ្តី នៅទូទាំងតំបន់ ដើម្បីធ្វើការអភិវឌ្ឍសកម្មភាពធុរកិច្ចដែលមានលក្ខណៈសហការគ្នា និងប្រកួតប្រជែង ដើម្បីបំបែកឧបសគ្គដែលរារាំងមិនអោយគេមានជោគជ័យទៅមុខបាន។ មជ្ឈមណ្ឌលនេះនឹងក្លាយជាកំលាំងជំរុញមួយក្នុងការលើកកំពស់ការទំនាក់ទំនងគ្នាក្នុងចំណោមស្រ្តី នៅក្នុងប្រទេសទាំង ៥ ជាសមាជិកនៃគំរោង LMI និងជាមួយអ្នកឯទៀត នៅក្នុងតំបន់អាស៊ាន។ ខ្ញុំសង្ឃឹមថា នេះគ្រាន់តែជាការចាប់ផ្តើមទេ ហើយមានច្រើនទៀតនឹងត្រូវបានបង្កើតឡើង នៅក្នុងតំបន់។
ការងាររបស់មជ្ឈមណ្ឌល WECREATE ក្នុងការណែនាំដល់សហគ្រិនជាស្រ្តី ដើម្បីប្រែក្លាយគំនិតយោបល់របស់គេអោយទៅជាមុខជំនួញរស់រវើក នឹងជួយប្រទេសកម្ពុជាក្នុងការបន្តការរីកចំរើនជាលំដាប់នៃសេដ្ឋកិច្ចរបស់ខ្លួន។ មជ្ឈមណ្ឌលនេះថែមទាំងជាកន្លែងមួយសំរាប់បណ្តុះគំនិតក្នុងការធ្វើអោយស្រ្តីនៅកម្ពុជា នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងក្នុងសាកលលោកទាំងមូល មានអំណាចសេដ្ឋកិច្ចច្រើនថែមទៀត។ ធនធានដែលមជ្ឈមណ្ឌល WECREATE នៅកម្ពុជាផ្តល់អោយស្រ្តីរួមមាន៖
- បច្ចេកទេស និងការសិក្សាស្តីពីវិធីប្រើប្រាស់បច្ចេកទេស ដើម្បីមុខជំនួញ
- បរិយាកាសដែលជួយដល់ការអភិវឌ្ឍមុខជំនួញ
- ការរៀបចំកម្មវិធីតាមវិស័យមួយៗ ដូចជាកសិកម្ម កម្មន្តសាល និងព័ត៌មានវិទ្យា ហើយនិង
- ឱកាសធ្វើការទំនាក់ទំនងគ្នាជាបណ្តាញ
ការផ្តល់អំណាចដល់ស្រ្តីគឺជាផ្នែកសំខាន់ចាំបាច់មួយនៃការធ្វើដំណើរជាបន្តរបស់ប្រទេសកម្ពុជា ដើម្បីក្លាយជាប្រទេសមួយដែលមានចំណូលមធ្យម នៅត្រឹមឆ្នាំ២០៣០។ ខ្ញុំសង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងក្លាយជាដៃគូមួយយ៉ាងសំខាន់ សំរាប់សំរេចគោលដៅនេះ។ ការផ្តល់អំណាចអោយស្រ្តីអនុវត្តគំនិតផ្នែកធុរកិច្ច នៅក្នុង មជ្ឈមណ្ឌលនេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា និងគោលដៅរបស់ខ្លួន ក្នុងការលើកកំពស់តំលៃ និងខ្សែចង្វាក់ផលិត ដើម្បីក្លាយជាសមាជិកដែលរួមចំណែកពេញលេញដល់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះគឺជាផ្នែកសំខាន់មួយនៃផែនការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ គំរោងរបស់មជ្ឈមណ្ឌល WECREATE គឺជាយន្តការគន្លឹះមួយសំរាប់ឈានទៅសំរេចគោលដៅនេះ ដោយជំរុញស្មារតីសហគ្រិននៃការពឹងលើខ្លួនឯង និងការវិនិយោគ។
នៅពេលខ្ញុំទៅមើលសាលារៀនមួយក្នុងមូលដ្ឋាន នៅខេត្តសៀមរាប ក្នុងឆ្នាំនេះ ជាមួយលោកជំទាវ Michelle Obama ខ្ញុំបានលឺសុភាសិតខ្មែរមួយដែលមាននិយាយថា “ស្រ្តីជាមាតានៃពិភពលោក”។ និយាយម្យ៉ាងទៀតគឺថា ស្រ្តីគឺជាអនាគត ហើយការផ្តល់អំណាចដល់ពួកគាត់នឹងធ្វើអោយអនាគតយើងល្អ។ ការលឺលោកជំទាវនិយាយទៅកាន់សិស្សអំពីប្រវត្តិរបស់លោកជំទាវ និងគ្រួសារលោកជំទាវ រួមទាំងបុត្រីទាំងពីរ ហើយនិងការលើកទឹកចិត្តអោយពួកគេមានភាពរឹងប៉ឹងនៅចំពោះមុខឧបសគ្គគឺជាសារជំរុញទឹកចិត្តមួយសំរាប់យើងទាំងអស់គ្នា ទាំងបុរសទាំងស្រ្តី។
ខ្ញុំសូមលើកទឹកចិត្តអោយសហគ្រិនជាស្រ្តីទាំងអស់ប្រើធនធាននៅមជ្ឈមណ្ឌល WECREATE ហើយចាំថា មិនមែនមានតែពួកគេទេ។ អ្នកខ្លះទៀតបានទៅមុនពួកគេ ដើម្បីស្វែងរកការណែនាំ។ សូមឡើងនិយាយ។ បើគេមិនលឺអ្នក សូមនិយាយអោយខ្លាំង។ សំខាន់បំផុតគឺថា នេះគឺជាការស្រម៉ៃចង់បានរបស់គេ ដូច្នេះ គេត្រូវតស៊ូ តែត្រូវព្រមទទួលយកយោបល់ណែនាំ និងការតំរ៉ង់ផ្លូវ នៅទន្ទឹមនឹងនោះ។
ខ្ញុំមានកិត្តិយសដោយបានចូលរួមជាមួយឯកឧត្តម បណ្ឌិត សុខ ស៊ីផាណា និងលោក អ្នកទាំងអស់ នៅក្នុងការអបអរភាពជាអ្នកដឹកនាំ និងការផ្តល់អំណាចដល់ស្រ្តី ជាមួយនឹងការបើកមជ្ឈមណ្ឌល WECREATE នេះនៅប្រទេសកម្ពុជា។ សូមអោយលោកអ្នកទទួលបានជោគជ័យនៅក្នុងការខិតខំទៅអនាគតរបស់លោកអ្នក។ សូមអរគុណ។