ភ្នំពេញ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥
សូមជំរាបសួឯកឧត្តម ខៀវ កាញ៉ារិទ្ធ ភ្ញៀវកិត្តិយស អស់លោក លោកស្រី។ សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។
ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានចូលរួមជាមួយក្រុមហ៊ុន RMA Cambodia នៅក្នុងការសម្ពោធរថយន្តថ្មីស្រឡាង ម៉ាក Ford Mustang ឆ្នាំ២០១៥។ អស់រយៈពេលជាង ៥០ ឆ្នាំមកហើយដែល Mustang ត្រូវបានគេចាត់ទុកថា ជារថយន្តបែបអាមេរិកពិតប្រាកដ។ មិនថាត្រូវបានឃើញនៅក្នុងភាពយន្តហូលីវូដ ឬឃើញផ្ទាល់ក្តី រថយន្ត Ford Mustang ធ្វើអោយគេមានអារម្មណ៍រំភើប រាល់ពេលដែលគេឃើញវា។ ហេតុដូច្នេះហើយបានជាខ្ញុំមានមោនភាពជាខ្លាំង នៅពេលឃើញផ្នែកជាទីស្រឡាញ់នេះ នៃការវិលត្រឡប់នៃវប្បធម៌អាមេរិកមកលើផ្លូវថ្នល់នៃប្រទេសកម្ពុជា។
នៅសហរដ្ឋអាមេរិក ជនជាតិអាមេរិក រួមទាំងរូបខ្ញុំផងដែរ ញញឹម ពេលឃើញរថយន្ត Mustang ។ ក្នុងនាមជាអ្នករស់នៅក្នុងរដ្ឋ California ភាគខាងត្បូង ខ្ញុំនៅចាំអនុស្សាវរីយ៍ល្អនៃការឃើញរថយន្ត Mustang ដែលមានដំបូលបិទបើកដោយខ្លួនឯង រត់តាមផ្លូវយន្តបទតាមឆ្នេរនៃសមុទ្រប៉ាស៊ីហ្វិក…ហើយនឹកច្រណែនគេ ដោយខ្ញុំគ្មានមួយនឹងគេ។ ជាមួយនឹងការវិលត្រឡប់មកប្រទេសកម្ពុជាវិញនៃរថយន្តដ៏ល្អនេះរបស់ក្រុមហ៊ុន Ford អ្នកដទៃនឹងមានឱកាសកសាងអនុស្សាវរីយ៍ល្អៗ ជាមួយមិត្តភក្តិ និងគ្រួសាររបស់គេ។ ដោយសារការខិតខំរបស់លោកអ្នក ខ្ញុំអាចសង្ឃឹមថា នឹងឃើញរថយន្ត Mustang ថ្មីៗរត់នៅលើផ្លូវថ្នល់នៃប្រទេសកម្ពុជា។
រថយន្តប្រភេទ Ford Mustang ឆ្នាំ២០១៥ តំណាងអោយជោគជ័យសំខាន់មួយទៀតនៃក្រុមហ៊ុនរថយន្ត Ford ដែលបន្ទាប់ពីរយៈពេល ១១០ ឆ្នាំមក នៅតែជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗបំផុតដែលគ្រប់គ្រងដោយគ្រួសារ នៅក្នុងពិភពលោក។ Mustang គឺជាគំរូជាតួយ៉ាងមួយនៃគំនិតច្នៃប្រឌិតរបស់អាមេរិក ចេញពីក្រុមហ៊ុនមួយ ដែលចាប់ផ្តើមបញ្ចេញរថយន្តជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ១៩០៩ ហើយក្រោយមក បានឆ្លងផុតការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយក្លាយជាក្រុមហ៊ុនផលិតរថយន្តនាំមុខគេមួយ ក្នុងពិភពលោក។ និយាយតាមត្រង់ទៅ ខ្ញុំមិនដឹងថា មានរថយន្តណាផ្សេងទៀតទេដែលតំណាងបានត្រឹមត្រូវជាងនេះ នូវការឧស្សាហ៍ព្យាយាម ទេពកោសល្យ និងចក្ខុវិស័យរបស់សហគ្រិនអាមេរិក។
ខ្ញុំមានចិត្តរំភើបជាពិសេសចំពោះអ្វីដែលការវិលត្រឡប់វិញនៃរថយន្ត Mustang តំណាងអោយ ពោលគឺឱកាសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ការទាក់ទងគ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជំរុញអោយមានការងារធ្វើនៅក្នុងប្រទេសទាំងពីរ រក្សាអោយមានស្ថិរភាព ហើយកែលំអជីវិតរស់នៅរបស់ប្រជាជនកម្ពុជាសាមញ្ញ។ ក្រុមហ៊ុន RMA Cambodia និងវត្តមាននៃផលិតផលអាមេរិកជាទីស្រឡាញ់នេះនៅក្នុងទីផ្សាបើកចំហផ្តល់អោយក្រុមហ៊ុនពហុជាតិនូវឱកាសបានឃើញអ្វីដែលគេអាចសំរេចបាន នៅកម្ពុជា សព្វថ្ងៃនេះ។ ការឃើញរថយន្ត Mustang នៅលើផ្លូវគឺជាការរំលឹកមួយថា ប្រទេសកម្ពុជា មានភាព “បើកចំហសំរាប់ការរកស៊ី” តាមរយៈគោលនយោបាយដែលមានភាពអនុគ្រោះសំរាប់ការរកស៊ី និងការគាំទ្រចំពោះកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។
ដោយធ្វើការជាមួយក្រុមហ៊ុនអាមេរិក សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចពង្រីកការតាំងចិត្តដោយឥតងាករេរបស់យើងចំពោះប្រទេសកម្ពុជា និងតំបន់នេះ។ តាងនាមអោយស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ ខ្ញុំសូមអរគុណលោកអ្នកទាំងអស់ចំពោះការអនុញ្ញាតអោយខ្ញុំចូលរួមនៅក្នុងពិធីដ៏សំខាន់នេះ។ សូមអបអរសាទរចំពោះរថយន្ត Ford Mustang 2015 ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយខ្ញុំសូមជូនពរអោយលោកអ្នកទាំងអស់ទទួលបានជោគជ័យជាបន្តទៀត។
សូមអរគុណ។