តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥
ឯកឧត្តម គាត ឈន់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់។ អរុណសួស្តី!
ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានចូលរួមនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ផលិតដបនិងផលិតផល Coca-Cola ថ្មី។ អស់រយៈពេលជាង១២៩ឆ្នាំមកហើយ ក្រុមហ៊ុន Coca-Cola បានចាប់ផ្តើមបង្កើតឡើងពីក្រុមហ៊ុនថ្នាំពេទ្យដ៏តូចមួយក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ។ បច្ចុប្បន្ននេះ Coca-Cola ក្លាយជាក្រុមភេសជ្ជៈដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយនិម្មិតសញ្ញា ពណ៌ក្រហម និងពណ៌ស គឺជាម៉ាកសំគាល់ដ៏ល្បីនៅជុំវិញពិភពលោក។ មានអ្នកប្រើប្រាស់ពីជាង២០០ ប្រទេសនៅជុំវិញពិភពលោកបានប្រើប្រាស់ផលិលផលរបស់ Coca-Cola ហើយបានជឿទុកចិត្តទៅលើ គុណភាពនិងការមិនផ្លាស់ប្តូររបស់វា។
សំរាប់យើងទាំងអស់គ្នា Coca-Cola មានទីតាំងដ៏ពិសេសមួយនៅក្នុងការចងចាំនិងនៅក្នុងបេះដូងរបស់យើង។ រាប់តាំងពីកម្មវិធីខួបកំណើត រហូតដល់ការទៅមើលខ្សែភាពយន្ត ក៏ដូចជាការបរិភោគអាហារពេលល្ងាចនៅក្នុងផ្ទះផងដែរ ភេសជ្ជៈ Coca-Cola គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ ជាអ្នកកាទូតមួយរូបរបស់សហរដ្ឋអាមេរិក ខ្ញុំពិតជាមានសំណាងដែលបានរីករាយជាមួយនិងផលិតផលរបស់ក្រុមហ៊ុន Coca-Cola នៅពេលធ្វើដំណើរនិងរស់នៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ ខ្ញុំបានឃើញពីការតាំងចិត្តរបស់ក្រុមហ៊ុន Coca-Cola នៅក្នុងការប្រើប្រាស់ការអនុវត្តន៏ជំនួញដ៏សកម្ម របស់ខ្លួននៅលើពិភពលោក ដើម្បីផ្តល់នូវផលិតផលដ៏ល្អបំផុតនិងគ្មានការផ្លាស់ប្តូររបស់ខ្លួន ដល់អ្នកប្រើប្រាស់ព្រមទាំងធ្វើការជាមួយសហគមន៏ក្នុងស្រុក ដើម្បីចូលរួមក្នុងគំរោងក្រុមហ៊ុនដែលមានការទទួលខុសត្រូវក្នុងសង្គម។
អាស្រ័យហេតុនេះ ខ្ញុំមានសេចក្តីរីករាយណាស់ដែលក្រុមហ៊ុន Coca-Cola បានសំរេចចិត្តធ្វើជា ដៃគូរជាមួយប្រទេសកម្ពុជា។ ការធ្វើវិនិយោគនេះ បានកើតមានឡើងចំពេលដ៏ប្រសើរ ដែលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាកំពុងមានការរីកចំរើន វណ្ណៈកណ្តាលកំពុងមានការរីកទូលាយ ហើយប្រទេសកម្ពុជា កំពុងត្រៀមខ្លួនទទួលយកនូវផលប្រយោជន៏ច្រើនថែមទៀត ពីការធ្វើសម្មាហរណកម្មសេដ្ឋកិច្ច ក្នុងនាម ជារដ្ឋសមាជិកមួយនៃប្រទេសអាស៊ាន។
តួនាទីដ៏សំខាន់បំផុតមួយរបស់ស្ថានទូតអាមេរិក គឺគាំទ្រក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក និងលើកទឹកចិត្តអោយមានទំនាក់ទំនងការធ្វើជំនួញអោយកាន់តែជិតស្និទ្ធថែមទៀត រវាងសហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលមានក្រុមហ៊ុនអាមេរិក ដូចជា Coca-Cola ជាដើម សំរេចធ្វើវិនិយោគទុននៅក្នុងប្រទេសកម្ពុជា ប្រការនេះបានធ្វើអោយយើងមានមោទនភាព។
ការវិនិយោគទុនរបស់ក្រុមហ៊ុន Coca-Cola នឹងនាំយកមកនូវបច្ចេកទេសផលិត ការអនុវត្តន៏ការគ្រប់គ្រង និងបច្ចេកវិជ្ជាចុងក្រោយរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដោយជួយប្រទេសនេះអោយមានការអភិវឌ្ឍន៏ធនធានមនុស្ស និងពង្រឹងនូវរូបភាពរបស់ខ្លួនជាគោលដៅនៃការធ្វើវិនិយោគទុនដែលមានការទាក់ទាញ។ បន្ថែមលើនេះទៀត វាបានបញ្ជូននូវសារដ៏ច្បាស់មួយទៅកាន់ក្រុមហ៊ុនផ្សេងៗនៅលើពិភពលោកថា ប្រទេសកម្ពុជាមានការបើកទូលាយសំរាប់ការធ្វើជំនួញ ហើយត្រៀមខ្លួនជាស្រេចសំរាប់ការធ្វើវិនិយោគទុនបន្ថែម។ នេះជាថ្ងៃដែលមានសារសំខាន់ពិតប្រាកដមួយសំរាប់ទំនាក់ទំនងធុរកិច្ចរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមជូនពរ អោយគំរោងវិនិយោគរបស់ក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យជាបន្តទៀត។ សូមអរគុណ៕