សុន្ទរកថារបស់លោកស្រីភារធារី Julie Chung នៅឯពិធីសំដែងរបាំរបស់ក្រុមរបាំ Dana Tai Soon Burgess Dance Company

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៦

សូម​ជំរាបសួ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​តំណាង​​ដទៃ​ទៀត ​​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា សមាជិក​អង្គទូត ភ្ញៀវ​កិត្តិយស លោក លោកស្រី និង​អ្នក​ស្នេហា​របាំ​​គ្រប់​វ័យ​ទាំង​អស់​។

ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់ ដែល​មាន​វត្តមាន​នៅ​ល្ងាច​នេះ ក្នុង​សាលសន្និសីទ​ចតុមុខ​ដ៏​​ល្អ​​ពិសេស ដើម្បី​​ស្វាគមន៍​​លោក​អ្នក​ទាំងអស់ ដែល​អញ្ជើញ​មក​ទស្សនា​ការ​សំដែង​រួម​គ្នា​ដ៏​ពិសេស​នេះ របស់​​ក្រុម​របាំ Dana Tai Soon Burgess Dance Company ដែល​មក​ពី​សហរដ្ឋ​អាមេរិក និង​ក្រុម​របាំ​កម្ពុជា ​ដែល​​មាន​ឈ្មោះ​ថា ក្រុម​សិល្បះ សុភីលីន ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

ក្រុម​របាំ Dana Tai Soon Burgess Dance Company ដែល​មក​ពី​ទីក្រុង​វ៉ាស៊ីនតោន ស្ថិត​​ក្នុង​​ចំណោម​ក្រុម​របាំ​ល្បី ដែល​បកស្រាយ​របាំ​សម័យ​ទំនើប ដែល​យើង​មាន មិន​ត្រឹមតែ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅ​ក្នុង​ប្រទេស​អាមេរិក​ទាំង​មូល​ថែម​ទៀត​ផង​។ លោក Dana និង​ក្រុម​របស់​​គាត់​គឺ​​ពិត​​​ជា​ឯកអគ្គរដ្ឋទូត​របាំ​មែន ដោយ​បាន​ធ្វើ​ដំណើរ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក និង​ពិភពលោក ដើម្បី​​សំដែង​របាំ​បែប​ថ្មី ពិបាក និង​ធ្វើ​អោយ​គេ​ចាប់អារម្មណ៍ ដែល​តាម​សំដី​របស់​លោក Dana គឺ​ថា​ជា “​ភាសា​របាំ​ជា​សាកល​”​។

ថ្វី​បើ​យើង​មិន​បាន​ស្គាល់​គ្នា​នៅ​មុន​ថ្ងៃ​នេះ​ក្តី តែ​ខ្ញុំ​មាន​អារម្មណ៍​​ថា មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​​លោក Dana ពីព្រោះ​យើង​មាន​អ្វី​ៗ​ដូច​គ្នា​ច្រើន​។ ខ្ញុំ​មិន​អាច​រាំ​បាន​ដូច​គាត់​ទេ​…តែ​យើង​មាន​អាយុ​​ប្រហែល​​គ្នា យើង​គឺ​ជា​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ពី​កូរ៉េ យើង​ទាំង​ពីរ​នាក់​ធំឡើង​នៅ​រដ្ឋ California​។ វា​ជា​ការ​បង្ហាញ​យ៉ាង​ពិត​ប្រាកដ​នៃ “​ភាសា​របាំ​ជា​សាកល​” ដែល​យើង​ជួប​គ្នា​ជា​លើក​ដំបូង​​​នៅ​រាជធានី​ភ្នំពេញ​នេះ នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ពិភពលោក​។

ពិត​មែន​ហើយ ក្រុម​សិល្បៈ​សុភីលីន និង​អ្នក​ដឹកនាំ​ក្រុម​នេះ គឺ​លោកស្រី Sophiline Shapiro មិន​​ត្រូវការ​ការ​ណែនាំ​អោយ​ស្គាល់​ទេ នៅ​ក្នុង​សាលចតុមុខ​នេះ ដែល​គេ​មក​សំដែង​ជា​ធម្មតា​។ លោកស្រី Sophiline គឺ​ជា​ដៃគូ​ដ៏​ល្អ​សំរាប់​គំរោង​នេះ ពីព្រោះ​លោកស្រី​ភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​វប្បធម៌​​របស់​យើង​​ទាំង​ពីរ​បាន​ល្អ​ជាង​អ្នក​ណា​ទាំងអស់ ដោយ​លោកស្រី​បាន​សិក្សា និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង នៅ​​សហរដ្ឋ​អាមេរិក​ផង​។ លោកស្រី Sophiline និង​ក្រុម​របាំ​របស់​លោកស្រី​តំណាង​អោយ​អ្វី ដែល​ល្អ​បំផុត​​នៃ​របាំ​បូរាណ និង​របាំ​សម័យ​​របស់​ខ្មែរ​។ ខ្ញុំ​រីករាយ​នឹង​រាប់​លោកស្រី និង​ស្វាម៉ី​របស់​លោកស្រី​ជា​មិត្ត និង​ជា​​ជន​រួមជាតិ​អាមេរិក​។

របាំ​គឺ​ជា​ឧបករណ៍​ពិសេស និង​មាន​ប្រសិទ្ធភាព​មួយ សំរាប់​សំរេច​បាន​លើ​រឿង​​នេះ ពីព្រោះ​​របាំ​មិន​​ទាមទារ​ភាសា​​រួម​​ទេ​។ វា​ពឹង​តែ​នៃ​ចលនា​នៃ​ខ្លួន​មនុស្ស ដើម្បី​បំផុស​អារម្មណ៍ និង​នាំ​សារ​ទៅ​កាន់​មនុស្ស​​ដែល​មាន​វប្បធម៌​​ខុស​ៗ​​គ្នា​។ សមត្ថភាព​នេះ​ដែល​សំខាន់​លើស​វប្បធម៌ ​និង​ភាសា គឺ​ជា​ហេតុផល​មួយ​ក្នុង​​ចំណោម​ហេតុផល​​នានា ​ដែល​​មនុស្ស​ជាតិ​បាន​រាំ​របាំ ​តាំងពី​ការ​ចាប់ផ្តើម​នៃ​អារ្យធម៌​របស់​យើង ឬ​ប្រហែល​​ជា​មុន​ហ្នឹង​ទៀត​ផង​។ ជា​ការ​ពិត ការ​​រាំ​គឺ​ជា​​ផ្នែក​មួយ​នៃ​អ្វី​ដែល​ធ្វើ​អោយ​យើង​មាន​លក្ខណៈ​​ជា​មនុស្ស​ជាតិ​។ ហេតុដូច្នេះ​ហើយ​បាន​ជា​កម្មវិធី​​​នៅ​យប់​នេះ សំខាន់​ពិសេស​ខ្លាំង​។

មុន​ពេល​ខ្ញុំ​បញ្ចប់​សុន្ទរកថា​របស់​ខ្ញុំ​នៅ​យប់​នេះ ខ្ញុំ​សូម​និយាយ​ពី​យុវជន​បី​ក្រុម​ដ៏​អស្ចារ្យ ដែល​មាន​​វត្តមាន​ជាមួយ​យើង​នៅ​ពេល​នេះ ហើយ​ដែល​តំណាង​អោយ​អ្វី​ដែល​ល្អ​បំផុត​នៃ​អនាគត​របស់​ប្រទេស​​កម្ពុជា​។

ក្រុម​ទី​១ យើង​មាន​សិស្ស​ក្នុង​កម្មវិធី​អាហារូបករណ៍​ខ្នាត​តូច​ផ្នែក​ភាសា​អង់គ្លេស​របស់​យើង​នៅ​​ភ្នំពេញ​។ កម្មវិធី​នេះ​ផ្តល់​ការ​បណ្តុះបណ្តាល​ផ្នែក​ភាសា​អង់គ្លេស​ចំនួន ២ ឆ្នាំ ដល់​សិស្ស​ដែល​រៀន​ពូកែ​​នៅ​​វិទ្យាល័យ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​អោយ​គេ​មាន​ជំនាញ​សំរាប់​យក​ទៅ​ប្រើ​ក្នុង​ការងារ ឬ​ដើម្បី​បន្ត​​ការ​​សិក្សា​របស់​គេ​។ សិស្ស​ក្នុង​កម្មវិធី​នេះ សូម​លើក​ដៃ​ឡើង​។

ក្រុម​ទី​២ មក​ពី​មជ្ឈមណ្ឌលសិក្សា Liger Learning Center ដែល​ជា​អង្គការ​មិន​ស្វែង​រក​កំរៃ​ដ៏​​ល្អ​​មួយ​​របស់​អាមេរិក ហើយ​ដែល​ផ្តល់​អោយ​យុវជន​កម្ពុជា​នូវ​ធនធាន និង​ការ​តំរង់​ផ្លូវ ​ដើម្បី​អោយ​គេ​ក្លាយ​ជា​ “​ភ្នាក់ងារ​នៃ​ការ​ផ្លាស់ប្តូរ​” សំរាប់​អនាគត​។ ក្រុម​ទី​២ សូម​លើក​ដៃ​ឡើង ដើម្បី​អោយ​គេ​ស្គាល់​។

ក្រុម​ទី​៣ គឺ​សមាជិក​នៃ​ក្រុម​យុវជន​ក្នុង​កម្មវិធី​មេ​ដឹកនាំ​យុវជន​វ័យ​ក្មេង​របស់​យើង​នៅ​អាស៊ី​​អា​គ្នេយ៍ ឬ YSEALI។ YSEALI គឺ​ជា​កម្មវិធី​ផ្តួចផ្តើម​សំខាន់​របស់​លោក​ប្រធានាធិបតី Obama ដើម្បី​​ធ្វើ​​អោយ​មាន​ការ​ចូលរួម​របស់​យុវជន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ តាំង​ពី​កម្មវិធី​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​នៅ ឆ្នាំ​២០១៣ សមាជិក YSEALI នៅ​កម្ពុជា​បាន​ទទួល​អំណោយ​ថវិកា​សំរាប់​ផ្តើម​សកម្មភាព​គំរោង បាន​​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ ​និង​ថ្នាក់​តំបន់ ហើយ​រហូត​ដល់​បាន​ធ្វើ​ដំណើរ​ទៅ​សេតវិមាន ដើម្បី​ជួប​​ជា​មួយ​លោក​ប្រធានាធិបតី Obama ។ ឯ​ណា​សមាជិក YSEALI របស់​យើង នៅ​យប់​នេះ​?

ខ្ញុំ​សូម​អរគុណ​លោក​អ្នក​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​យប់​នេះ និង​សូម​អរគុណ​ដល់​​ក្រសួង​​វប្បធម៌ អ្នក​រាំ​របាំ​​ទាំងអស់ និង​អរគុណ​ដល់​មនុស្ស​គ្រប់​គ្នា ដែល​បាន​ខិតខំ​ធ្វើ​អោយ​មាន​យប់​នេះ​ឡើង​។ សូម​ទស្សនា​ការ​សំដែង​របាំ​​ដោយ​​​រីករាយ​​ទាំងអស់​គ្នា​!