សុន្ទរកថា​​របស់​​លោកស្រី​ភារធារី Julie Chung នៅ​ក្នុង​ទិវា​អបអរ​ម៉ោង​ផែនដី ឆ្នាំ​២០១៦

Chargé d’affaires Julie Chung at the Earth Hour 2016
(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៦

សូម​ជំរាបសួ ឯកឧត្តម​បណ្ឌិត​សាបូ អូយ៉ាណូ រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន លោក​ឈិត សំអាត ប្រធាន​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក (WWF) នៅ​កម្ពុជា សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ភ្ញៀវ​កិត្តិយស សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី​។

សូម​អរគុណ និង​សួស្តី​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ​ជាមួយ​លោក​អ្នក​ទាំងអស់ សំរាប់​អ្វី​ដែល​ពិត​ជា​បទពិសោធន៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​។ ម៉ោង​អបអរ​ទិវា​ផែនដី ឆ្នាំ​២០១៦ ទី​បំផុត បាន​មក​ដល់​ហើយ ដូច្នេះ សូម​ចាប់​ដៃ​គ្នា ដើម្បី​អបអរ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​!

ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ស្វាហាប់ និង​ភាព​សាទរ​របស់​លោក​អ្នក​ម្នាក់​ៗ នៅ​យប់​នេះ​។ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​បាន​ជួប​មនុស្ស​មួយ​ចំនួន ពិសេស​យុវជន ដែល​មាន​ការ​គិតគូរ​ខ្ពស់​ក្នុង​ការ​ការពារ អភិរក្ស និង​ធ្វើ​ការ​អប់រំ​អ្នក​ដទៃ​ស្តីពី​បរិស្ថាន​។ ខ្ញុំ​សូម​សរសើរ​ក្រសួង​បរិស្ថាន ដែល​បាន​ធ្វើការ​ដើម្បី​កែ​លំអ​ការងារ​អភិរក្ស សំរួល​ដល់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព ហើយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។

ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ចំពោះ​មិត្ត​ដ៏​ល្អ​របស់​យើង​នៅ​ក្នុង​អង្គការ WWF នៅ​កម្ពុជា ដែល​ជា​អង្គការ​ឈាន​មុខ​គេ​មួយ​ផ្នែក​បរិស្ថាន នៅ​កម្ពុជា​។ លោក​ប្រធាន​អង្គការ ឈិត សំអាត បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​យល់​ដឹង និង​ការ​ធ្វើ​សហប្រតិបត្តិការ​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​គំរាមកំហែង​ចំពោះ​បរិស្ថាន​។ គំរូ​របស់​លោក​គឺ​ជា​ការ​បំផុស​ទឹក​ចិត្ត​ដល់​ខ្ញុំ និង​អ្នក​ដទៃ​ទៀត នៅ​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក​។ យើង​សូម​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​របស់​លោក​អ្នក ក្នុង​ការ​ធ្វើ​អោយ​មនុស្ស​ជំនាន់​ក្រោយ​មាន​ការ​យល់​ដឹង​ច្រើន​លើ​បញ្ហា​បរិស្ថាន ហើយ​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​ការងារ​។

ពេល​នេះ ខ្ញុំ​សូម​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចុង​ក្រោយ គឺ​មេ​ដឹកនាំ​យុវជន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​យុវជន (AYC) របស់​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William Heidt ។ សូម​សមាជិក AYC ទាំងអស់​លើក​ដៃ​ឡើង​ដើម្បី​អោយ​គេ​ស្គាល់​។ ស្ថានទូត​អាមេរិក​មាន​មោទនភាព​នឹង​ធ្វើការ​ឧបត្ថម្ភ​ម្តង​ទៀត​ដល់​ការ​អបអរ​ម៉ោង​ផែនដី នៅ​ឆ្នាំ​នេះ តាមរយៈ AYC ដែល​បាន​ដឹកនាំ​ក្នុង​ការ​រៀបចំ​ពិធី​នេះ​ឡើង ជា​លើក​ទី ២ ជាប់​គ្នា​មក​នេះ​។ ជាមួយ​នឹង​ភាព​ស្វាហាប់ និង​គំនិត​ច្​នៃប្រឌិត​ខ្ពស់ AYC មិន​គ្រាន់​តែ​ធ្វើ​ជាទី​ប្រឹក្សា​អោយ​លោក​ឯកអគ្គរដ្ឋទូត Heidt លើ​បញ្ហា​នានា ដែល​មាន​សារៈសំខាន់​សំរាប់​យុវជន​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែម​ទាំង​រៀបចំ និង​ដំណើរការ​គំរោង​មួយ​ចំនួន ដែល​ផ្តល់​ផល​ដល់​ជីវិត​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​។ ការងារ​និង​ទឹក​ចិត្ត​ដែល​មិន​ខ្លាច​នឿយ​ហត់​របស់​គេ នៅ​ក្នុង​ការ​រៀបចំ​ពិធី​អបអរ​ម៉ោង​ផែនដី ឆ្នាំ ២០១៦ គឺ​ជា​ការ​បំផុស​ទឹក​ចិត្ត​មួយ​ដល់​យើង​ទាំងអស់​គ្នា​។

សមាជិក AYC ម្នាក់​ៗ​គឺ​ជា​សមាជិក​នៃ​គំរោង​គំនិត​ផ្តួចផ្តើម​ស្តីពី​មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) ដែល​មាន​ការ​ចូលរួម​របស់​យុវជន​កម្ពុជា​ជាតិ ៥ ០០០ នាក់​! ដូច​លោក​អ្នក​ជា​ច្រើន​ជ្រាប​ស្រាប់​ហើយ គំរោង YSEALI ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ប្រធានាធិបតី Barack Obama ជា​គំនិត​ផ្តួចផ្តើម​របស់​លោក​ក្នុង​ការ​ជំរុញ​អោយ​យុវជន​មាន​សិទ្ធិ​អំណាច ធ្វើការ​ទំនាក់ទំនង​គ្នា​ជា​បណ្តាញ និង​ធ្វើការ​អភិវឌ្ឍន៍​លើ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ទូទាំង​តំបន់​នៃ​សមាគម​អាស៊ាន​។ វា​បាន​បើក​ទ្វារ​សំរាប់​យុវជន​អោយ​ធ្វើ​សកម្មភាព​លើ​បញ្ហា​ជា​គន្លឹះ ដូចជា​ការ​ការពារ​បរិស្ថាន ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ការ​អប់រំ ​និង​ការ​ចូលរួម​របស់​ពលរដ្ឋ​។ ខ្ញុំ​បាន​ជួប​យុវជន​ឆ្នើម​ៗ​ខ្លះ​ជា​សមាជិក YSEALI ហើយ​ខ្ញុំ​សូម​អោយ​អ្នក​លើក​ទឹកចិត្ត​អ្នក​ដទៃ​ទៀត​អោយ​ចូលរួម​នៅ​ក្នុង​គំរោង​នេះ ដែល​នៅ​ពេល​នេះ មាន​សមាជិក​ជាង ៦០ ០០០ នាក់ នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។

នៅ​ក្នុង​សន្និសីទ​នៅ​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​ទៅ លោក​ប្រធានាធិបតី Obama បាន​និយាយ​អំពី​ការ​ជួប​ជាមួយ​យុវជន​មក​ពី​ប្រទេស​កម្ពុជា និង​មក​ពី​ទូទាំង​តំបន់ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល YSEALI ឆ្នាំ​២០១៥ នៅ​ប្រទេស​ម៉ាឡេស៊ី​។ នៅ​ពេល​លោក​ប្រធានាធិបតី​បើក​អោយ​មាន​វគ្គ​សួរ​ឆ្លើយ​ជាមួយ​មេ​ដឹកនាំ​វ័យ​ក្មេង​ទាំង​នោះ សំណួរ​ដំបូង​មិន​ទាក់ទង​នឹង​ភេរវកម្ម សេដ្ឋកិច្ច ឬ​សិទ្ធិ​មនុស្ស​ទេ​។ គឺ​វា​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ និង​អ្វី​ដែល​យុវជន​អាច​ជួយ​បាន​។ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ជិត ២០០ ដែល​ចូលរួម​នៅ​ក្នុង​សន្និសីទ​នោះ គេ​មើល​ឃើញ​ថា នៅ​ពេល​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​ការពារ​បរិស្ថាន និង​និរន្តភាព យុវជន​គួរ​ត្រូវ​បាន​គេ​លើក​ទឹកចិត្ត​អោយ​ឡើង​និយាយ ហើយ​ចូលរួម​។ ក្នុង​ពេល​យើង​អបអរ​ម៉ោង​ផែនដី ឆ្នាំ​២០១៦ នេះ​គឺ​ជា​ឱកាស​របស់​យើង​សំរាប់​បង្ហាញ​ពិភពលោក​ទាំង​មូល​ថា យុវជន​កម្ពុជា​កំពុង​តែ​ធ្វើការ​លើ​រឿង​នេះ​។

ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​ដឹង​ថា លោក​អ្នក​ទាំងអស់ ដែល​មាន​វត្តមាន​នៅ​ពេល​នេះ សំរាប់​ពេល​ឥឡូវ និង​ទៅ​អនាគត មាន​ការ​ប្តេជ្ញាចិត្ត ក្នុង​ការ​ធ្វើ​អោយ​សហគមន៍​របស់​លោក​អ្នក​មាន​ភាព​ប្រសើរ ដោយ​ធ្វើ​សកម្មភាព​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ចំពោះ​បរិស្ថាន​រួម​របស់​យើង​។ ក្នុង​នាម​ជា​ម្តាយ​ម្នាក់ ខ្ញុំ​ចង់​ធ្វើ​យ៉ាង​ណា​អោយ​កូន​ប្រុស​ខ្ញុំ​ធំ​ឡើង​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ផ្តល់​សុខភាព​ល្អ និង​សុវត្ថិភាព​។ នេះ​គ្រាន់តែ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​នានា ដែល​នាំ​អោយ​ខ្ញុំ​គិត​ថា វា​ជា​ការ​សំខាន់​ដែល​ត្រូវ “​បញ្ចាំង​ភ្លើង​” អោយ​គេ​ឃើញ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ សូម្បី​តែ​ម៉ោង​អបអរ​ផែនដី​បាន​កន្លង​ទៅ​ហើយ​ក្តី​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ការ​ចូលរួម​របស់​លោក​អ្នក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​ជា​ទង្វើ​មួយ​ក្នុង​ចំណោម​ទង្វើ​សំខាន់​ៗ​ជា​ច្រើន ដែល​មាន​ផល​យ៉ាង​ជ្រាលជ្រៅ មិន​មែន​ត្រឹមតែ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅ​ទូទាំង​តំបន់ និង​ពិភពលោក​ផង​ដែរ​។

ខ្ញុំ​​សូម​​បញ្ចប់​​សុន្ទរកថា​​ដោយ​​ដក​ស្រង់​​សំដី​​របស់​បណ្ឌិត Seuss ដែល​ជា​អ្នក​និពន្ធ​​សៀវភៅ​ប្រជាប្រិយ​កុមារ​ម្នាក់ ដែល​មាន​ចំណងជើង​ដូចជា The Cat in the Head, Green Eggs និង How the Grinch Stole Christmas ។ សៀវភៅ​មួយ​ដែល​កូន​ប្រុស​ខ្ញុំ​ចូលចិត្ត​ក្នុង​ចំណោម​សៀវភៅ​របស់​បណ្ឌិត Seuss មាន​ចំណង​ជើងថា The Lorax ដែល​ក្នុង​នោះ តួនិយាយ​ថា “​បើ​អ្នក​ណា​ម្នាក់​ដូច​អ្នក មិន​គិត​គូរ​ទេ គ្មាន​អ្វី​នឹង​បាន​ប្រសើរ​ទេ​។ មិន​បាន​ទេ​”​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រសួង​បរិស្ថាន អង្គការ WWF ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត និងលោក​អ្នក​ទាំងអស់​ដែល​មាន​វត្តមាន​នៅ​ពេល​នេះ ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ និង​ចំពោះ​ការ​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​អោយ​ធ្វើ​សកម្មភាព​លើ​បញ្ហា​នេះ​។ សូម​អរគុណ​។