សុន្ទរកថា​របស់​លោកស្រី ភារធារី Julie Chung នៅ​ក្នុង​ពិធី​បញ្ចាំង​ភាពយន្ត​ឯកសារ “វាល​ពិឃាត​ហាំងង៉ោ”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥

តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​ការ​ស្វាគមន៍ និង​អំណរគុណ​ដល់​លោក​លោកស្រី​ទាំងអស់ ដែល​មាន​វត្តមាន​ជាមួយ​យើង នៅ​ពេល​នេះ​។ យើង​មាន​កិត្តិយស​ដោយ​បាន​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផាណា ដើម្បី​ឧបត្ថម្ភ​ដល់​ការ​បញ្ចាំង​ជា​អន្តរជាតិ​លើក​ដំបូង​នូវ​ភាពយន្ត ដែល​មាន​ចំណងជើង​ថា វាលពិឃាត វេជ្ជបណ្ឌិត ហាំង ង៉ោ ដែល​ជា​ភាពយន្ត​ឯកសារ​បាន​ទទួល​រង្វាន់ ហើយ​ត្រូវ​បាន​ផលិត​ដោយ​អ្នក​ផលិត​ភាពយន្ត​អាមេរិក ដែល​ត្រូវ​បាន​តែងតាំង​សំរាប់​ទទួល​រង្វាន់ Oscar គឺ​លោក Arthur Dong ។ យើង​រីករាយ​ដោយ​លោក Arthur មាន​វត្តមាន​ជាមួយ​យើង​នា​យប់​នេះ សំរាប់​ឱកាស​ដ៏​ពិសេស​មួយ​នេះ​។

ភាយន្ត​របស់​លោក Arthur គឺ​ស្តីពី​រឿង​ដែល​ធ្វើ​អោយ​មាន​ការ​ទាក់ទាញ​ចិត្ត​យ៉ាង​ខ្លាំង ​ស្តីពី​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​វេជ្ជបណ្ឌិត ហាំង ង៉ោ ដែល​មាន​ឈ្មោះ​ល្បី​ចំពោះ​ការ​សំដែង​ដែល​នាំ​អោយ​លោក​ទទួល​បាន​រង្វាន់ Oscar នៅ​ក្នុង​រឿង វាល​ពិឃាត ។ ក្នុង​នាម​ជា​អ្នក​រួច​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម វេជ្ជបណ្ឌិត ហាំង ង៉ោ បាន​គេ​ចេញ​ពី​រយៈពេល​រាប់​ឆ្នាំ​នៃ​ការ​ធ្វើ​ទារុណកម្ម ហើយ​ក្រោយ​មក បាន​ទទួល​ការ​សាទរ​ជា​អន្តរជាតិ​ជា​អ្នក​សំដែង​ភាពយន្ត និង​ជា​អ្នក​តស៊ូ​មតិ​។ ដូច​ដែល​លោក​អ្នក​នឹង​ឃើញ​នៅ​ក្នុង​ភាពយន្ត​នៅ​យប់​នេះ ដំណើរ​ដ៏​អស្ចារ្យ​របស់​លោក​តំណាង​អោយ​ភាព​ខ្លាំង និង​ស្មារតី​រឹងប៉ឹង​នៃ​ប្រជាជន​កម្ពុជា​។

អំណាច​នៃ​ភាពយន្ត​មាន​ភាព​អស្ចារ្យ​មែន​។ ភាពយន្ត​ធ្វើ​អោយ​មនុស្ស​រួបរួម​គ្នា បំពេរ​អារម្មណ៍ ហើយ​មាន​ខ្លះ​ទៀត​ធ្វើ​អោយ​គេ​សើច ឬ​យំ​។ ខ្ញុំ​ជឿ​ផង​ដែរ​ថា ភាពយន្ត​បង្រៀន​យើង​អំពី​សង្គម​របស់​យើង ទាំង​នៅ​ពេល​អតីតកាល ទាំង​នៅ​ពេល​បច្ចុប្បន្នកាល ដោយ​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ចងចាំ​របស់​យើង​ស្តីពី​ប្រវត្តិសាស្រ្ត​។ វេជ្ជបណ្ឌិត ហាំង ង៉ោ យល់​ហើយ​អោយ​តំលៃ​ដល់​ភាពយន្ត និង​សិល្បៈ ដូច​ដែល​គាត់​ធ្លាប់​បាន​មាន​ប្រសាសន៍ថា “​សិល្បៈ​អាច​ពន្យល់​អ្វី​ៗ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប្រាប់​ទៅ​ពិភពលោក​”​។ រឿង​មួយ​ដែល​ភាពយន្ត​នេះ​ប្រាប់​យើង​គឺ​ថា យើង​មិន​ត្រូវ​ភ្លេច​មេរៀន​ពី​អតីតកាល​ទេ ក្នុង​ពេល​ដែល​យើង​ដើរ​ទៅ​មុខ​។

ខ្ញុំ​សូម​សំដែង​អំណរគុណ ដោយ​ស្មោះ​ចំពោះ​លោក ជា សុភាព និង​មិត្តភក្តិ​របស់​យើង​នៅ​មជ្ឈមណ្ឌល​បុប្ផា ណា ដែល​ជា​ដៃគូ​ដ៏​ល្អរបស់​ស្ថានទូត​អាមេរិក នៅ​ក្នុង​ការងារ និង​គំរោង​មួយ​ចំនួន ហើយ​ព្រឹត្តិការណ៍​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ភាព​ជា​ដៃ​គូ​ដ៏​ល្អ​នេះ​។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​រោងភាពយន្ត Major Cineplex by Cellcard របស់​ផ្សា​ទំនើប​អេអន ដែល​បាន​ជួយ​ធ្វើ​អោយ​មាន​ការ​បញ្ចាំង​ភាពយន្ត​នេះ​ឡើង​។ ការ​ខិតខំ​របស់​លោក​អ្នក​ពិត​ជា​ជួយ​ធ្វើ​អោយ​ចំណង​ទាក់ទង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​មាន​ភាព​កាន់តែ​ជ្រាលជ្រៅ​។

ជា​ទី​បញ្ចាប់​នេះ ខ្ញុំ​សូម​លើក​ឡើង​នូវ​សុភាសិត​ខ្មែរ​ដ៏​ល្បី​មួយ ដែល​ទូន្មាន​កុមារ​អោយ​ប្រតិបត្តិ​តាម និង​អភិរក្ស​វប្បធម៌ ដ៏​សំបូរ​បែប​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សុភាសិត​ដែល​និយាយ​ថា “​វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​”​ ។ យើង​សូម​អរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក Arthur Dong និង​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​នាំ​យក​រឿង​របស់​វេជ្ជបណ្ឌិត ង៉ោ​ អោយ​គេបាន​ដឹង​លឺ​គ្រប់​គ្នា ដែល​ជា​ការ​ជួយ​អោយ​ប្រទេស​កម្ពុជា​ធ្វើ​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​ខ្លួន​។

សូម​អរគុណ​ច្រើន ហើយ​ខ្ញុំ​សង្ឃឹម​ថា លោក​អ្នក​នឹង​ពេញ​ចិត្ត​ភាពយន្ត​នេះ​។