សូមជំរាបសួ ឯកឧត្តមឧត្តមសេនីយឯក ជា សារ៉ន ឧត្តមសេនីយទោ Dorman ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ សមាជិកនៃអនុព័ន្ធយោធាអន្តរជាតិ និងភ្ញៀវកិតិ្តយសដទៃទៀត ដែលមានវត្តមាន នៅថ្ងៃនេះ។ សូមអរគុណដែលបានអញ្ជើញរូបខ្ញុំមកចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ។ ចំពោះនាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកសហរដ្ឋអាមេរិក ដែលនៅចំពោះមុខខ្ញុំថ្ងៃនេះ ពួកគេមើលទៅល្អណាស់ ហើយខ្ញុំសូមវាយតំលៃខ្ពស់ចំពោះការរៀបចំ និងការហ្វឹកហ្វឺន មិនមែនសំរាប់តែពិធីនាថ្ងៃនេះតែប៉ុណ្ណោះទេ តែថែមទាំងសំរាប់ការយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះការងារយោធា។ ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅក្នុងចំណោមពួកគេ។
ការធ្វើដំណើរតាមរថយន្តឆ្លងកាត់ច្រកចូលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាព ពហុជាតិ ជាមួយនឹងការគំនាប់យ៉ាងត្រឹមត្រូវរបស់ឆ្មាំ ហើយនៅទីបំផុត មកដល់ទីពិធីនេះដែលមានទៅដោយទាហានក្នុងឯកសណ្ឋានឈរជាជួរ នាំអោយខ្ញុំមានក្តីរំភើប។
ទាក់ទងនឹងការរំពឹងទុកនៃកងកំលាំងយោធា “ខ្ញុំជឿថា សមយុទ្ធឆ្មាំអង្គរ ដែលចាប់ផ្តើមនៅថ្ងៃនេះ បង្ហាញជាគំរូនូវប្រការល្អបំផុតមួយចំនួន ដែលយោធាអាចសំរេចបាន សំរាប់ប្រទេសនិងប្រជាជនរបស់គេ។ សកម្មភាពនៃសមយុទ្ធឆ្មាំអង្គររួមមានការហ្វឹកហ្វឺន និងការផ្លាស់ប្តូរគ្នា ទាក់ទងនឹងជំនួយមនុស្សធម៌ ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ការផ្តល់ការសង្គ្រោះបន្ទាន់ វិស្វកម្ម ការកំចាត់គ្រឿងផ្ទុះ ការប្រឆាំងនឹងគ្រឿងផ្ទុះកែច្នៃ ការដឹកជញ្ជូនមនុស្ស និងគ្រឿងផ្គត់ផ្គង់ ហើយនិងការពង្រឹងសមត្ថភាពនៃអ្នកដឹកនាំ។ ប្រទេសទាំងអស់ រួមទាំងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ នឹងមានសុវត្ថិភាពច្រើនឡើងសំរាប់ការរស់នៅ បើផ្នែកយោធាមានជំនាញខ្ពស់នៅក្នុងកិច្ចការអស់ទាំងនេះ។
ឧទាហរណ៍ នៅឆ្នាំ២០១៥ ព្យុះត្រូពិច ដែលមានឈ្មោះថា Vamco បានបណ្តាលអោយមានការខូចខាតដោយទឹកជំនន់ និងខ្យល់ នៅតាមខេត្តមួយចំនួន នៅកម្ពុជា រាប់ពីខេត្តកែប ខេត្តកំពតរហូតដល់ខេត្តប៉ៃលិន។ កងយោធពលខេមរភូមិន្ទមានវត្តមាន ដើម្បីផ្តល់ជំនួយសង្រ្គោះបន្ទាន់ និងជួយក្នុងការកសាងឡើងវិញ។ នៅពេលគ្រោះមហន្តរាយបែបនេះគំរាមកំហែងតំបន់ និងមនុស្សជាច្រើន រដ្ឋាភិបាលអាចប្រើកំលាំងយោធាក្នុងអង្គភាព ដែលមានទាហានប្រុសស្រីត្រៀមចូលរួមនៅក្នុងការឆ្លើយតបចំពោះគ្រាអាសនុ្នទាំងឡាយ ដែលសហគមន៍មូលដ្ឋានត្រូវការ។ ទាហានស្ម័គ្រចិត្ត ហើយមានការហ្វឹកហ្វឺនសំរាប់បំពេញការងារដែលមានគ្រោះថ្នាក់ និងត្រូវការកំលាំងខ្លាំង ដែលយើងមិនអាចរំពឹងអោយជនស៊ីវិលធម្មតាធ្វើបាន។ ទាហានថែមទាំងមានការរៀបរយ មានលក្ខណៈត្រៀមសំរាប់គ្រាអាសន្ន នៅពេលមានការចាំបាច់ត្រូវទៅអោយដល់មនុស្ស និងកន្លែងដែលមានផ្លូវថ្នល់រងការខូច ឬប្រហែលត្រូវទឹកជន់លិច។ ទាហានមានរថយន្តធំ និងទូកសំរាប់ចូលទៅដល់។ កំលាំងយោធាគឺជាទុនដ៏សំខាន់សំរាប់ប្រទេសកម្ពុជា នៅពេលគេបង្ហាញអោយឃើញ តាមរយៈការងារជូនសាធារណៈបែបនេះ នូវការគិតគូរខ្ពស់ក្នុងអាជីពការងារ ដើម្បីបំរើប្រជាជនទាំងអស់ ដោយមិនគិតថា ពួកគេជានរណា ឬមកពីណាឡើយ។ ពិតណាស់ ប្រជាជនកម្ពុជាទាំងអស់ទទួលប្រយោជន៍ពីទាហានជាតិ ដែលមានជំនាញអាជីព ដែលមានការរៀបរយ មានសមត្ថភាព និងគ្រឿងប្រដាប់ ប្រកបដោយការហ្វឹកហាត់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ហើយមានការត្រៀមជាស្រេច ដើម្បីឆ្លើយតបនឹងស្ថានភាពអាក្រក់ មិនធម្មតា។
ខ្ញុំសូមទទួលស្គាល់ផងដែរថា កងយោធពលខេមរភូមិន្ទមិនមែនមាននាទីគ្រាន់តែនាំសុវត្ថិភាព និងសន្តិសុខដល់ប្រជាជនកម្ពុជាតែប៉ុណ្ណោះទេ។ តាមពិតទៅ ពួកគេគឺជាអ្នកនាំអត្ថប្រយោជន៍ដូចគ្នានេះដល់តំបន់ ដែលត្រូវបានហែកហួរដោយសង្គ្រាម និងប្រជាជនដែលងាយរងគ្រោះ នៅទូទាំងពិភពលោក។ ឆ្នាំ២០១៦ កត់សំគាល់ខួបទី១០ ដែលប្រទេសកម្ពុជាបានក្លាយជាប្រទេសរួមចំណែកកំលាំងយោធាដល់ប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ខ្ញុំសូមសរសើរកងយោធពលខេមរភូមិន្ទចំពោះជោគជ័យនេះ ដែលមានតែកំលាំងយោធា ដែលមានការហ្វឹកហ្វឺនខ្ពស់ និងពោរពេញដោយសមត្ថភាពទេទើបសំរេចបាន។ ប្រជាជននៅតំបន់ឆ្ងាយៗ ដូចជានៅប្រទេសស៊ូដង់ ឆាដ ម៉ាលី និងប្រទេសលីបង់ ដឹងគុណចំពោះកងកំលាំងថែរក្សាសន្តិភាពកម្ពុជា ដែលហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ នៅទីនោះ។
ឧទាហរណ៍ទាំងនេះ ដែលខ្ញុំបានលើកឡើង គឺជាហេតុផលខ្លះៗដែលសហរដ្ឋអាមេរិកមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយកងយោធពលខេមរភូមិន្ទ នៅក្នុងសមយុទ្ធឆ្មាំអង្គរនេះ។ ទាហាននៃប្រទេសយើងទាំងពីរនឹងទទួលបានជំនាញថែមទៀត ហើយកាន់តែចេះធ្វើការជាមួយគ្នា ហើយមានការត្រៀមបានល្អក្នុងការនាំយកសន្តិភាព និងសន្តិសុខដែលជាតំរូវការ ទៅកន្លែងណាដែលអាកាសធាតុ ស្ថានភាពភូមិសាស្រ្តនយោបាយដែលកាន់តែមិនអាចអោយគេទស្សន៍ទាយមុនបាន នាពេលបច្ចុប្បន្ន និងវិបត្តិដទៃទៀត ដោយសារធម្មជាតិ ឬដោយសារមនុស្ស។ ខ្ញុំសូមជូនពរអោយអ្នកចូលរួមនៅក្នុងសមយុទ្ធឆ្មាំអង្គរ ឆ្នាំ ២០១៦ ទទួលបានជោគជ័យ ហើយខ្ញុំសង្ឃឹមថា នឹងមានឱកាសច្រើនថែមទៀត សំរាប់អោយកងយោធពលខេមរភូមិន្ទ និងយោធាអាមេរិកធ្វើសហប្រតិបត្តិការជាមួយគ្នា។ សូមអរគុណ។