សុន្ទរកថា​របស់​លោក​វរសេនីយ​ឯក Craig Tippins នៅ​ក្នុង​ពិធី​បិទ​វគ្គ​រៀនសូត្រ​សំរាប់​គ្រូ​ផ្នែក​ថែ​រក្សាសន្តិភាព GPOI

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
កំពង់ស្ពឺ
ថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៥

សូម​ជំរាបសួ​ ឯកឧត្តម​ ឧត្តមសេនីយ សែម សុវណ្ណនី ភ្ញៀវ​កិត្តិយស កំលាំង​ថែ​​រក្សា​សន្តិភាព អស់​លោក​លោកស្រី​។ តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​មាន​កិត្តិយស​សូម​អបអរសាទរ​អ្នក​រៀន​សូត្រ​ក្នុង​វគ្គ​ហ្វឹកហ្វឺន​គ្រូ​ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ឆ្លង​កាត់​ការ​ហ្វឹកហ្វឺន​ដ៏​មាន​តំលៃ​នេះ​។

ខ្ញុំ​សូម​អបអរ​សិស្ស​ប្រលង​ជាប់​ទាំងអស់ ដែល​នៅ​ចំពោះ​មុខ​យើង​នា​ថ្ងៃ​នេះ ទីមួយ ដោយសារ​ការ​ចូលរួម​របស់​គេ​នៅ​ក្នុង​បុព្វហេតុ​នៃ​ប្រតិបត្តិការ​ថែ​​រក្សា​សន្តិភាព​អន្តរជាតិ តែ​ក៏​ដោយសារ​ការ​ដែល​គេ​បាន​ទទួល​ឋានៈ​នៅ​ក្នុង​វគ្គ​នេះ​ជា​គ្រូ​ផ្នែក​ថែ​​រក្សា​សន្តិភាព​ផង​ដែរ​។ ក្នុង​នាម​ជា​អ្នក​ត្រូវ​បាន​គេ​ប្រគល់​សេចក្តី​ទុក​ចិត្ត​អោយ​បង្រៀន​អ្នក​ថែ​រក្សា​សន្តិភាព​នៅ​ពេល​អនាគត​របស់​ប្រទេស​ខ្លួន ខ្ញុំ​មាន​ជំនឿ​ថា អ្នក​រៀន​សូត្រ​ទាំង​នេះ​តំណាង​អោយ​បុគ្គលិក​ល្អបំផុត​នៅ​ក្នុង​យោធា​របស់​គេ​។

ចំពោះ​អ្នក​ដែល​ទើប​រៀន​ចប់​ថ្មី​ៗ​នេះ ខ្ញុំ​សូម​និយាយ​ថា ខ្ញុំ​សូម​វាយតំលៃ​ខ្ពស់​ចំពោះ​ពេលវេលា និង​ការ​ខិតខំ​ដែល​លោក​អ្នក​បាន​ចំណាយ​ក្នុង​ការ​រៀន​សូត្រ​នៅ​ទី​នេះ ហើយ​ខ្ញុំ​សូមលើក​ទឹកចិត្ត​អោយ​លោក​អ្នក​ចែក​រំលែក​មេរៀន​ដែល​លោក​អ្នក​បាន​រៀន​ពី​វគ្គ​ហ្វឹកហ្វឺន​នេះ ​ហើយ​យក​វា​ទៅ​អនុវត្ត​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេស​របស់​លោក​អ្នក​។ ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​លោក​អ្នក​នៅ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព និង​ឆន្ទៈ​របស់​លោក​អ្នក​ក្នុង​ការ​គាំទ្រ ​និង​បង្ហាត់​ដល់​អ្នក​ដទៃ​លើ​ប្រតិបត្តិការ​ថែ​រក្សា​សនិ្តភាព ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​ចរិក​លក្ខណៈ​ដ៏​ប្រពៃ​។

អ្នក​ថែ​រក្សា​សន្តិភាព​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ខ្លួន​គេ ដើម្បី​ជួយ​អ្នក​ដទៃ​អោយ​មាន​ជីវិត​រស់នៅ​ត​ទៅ​ទៀត នៅ​កន្លែង​មាន​ជំលោះ ដែល​គេ​មិន​អាច​គេច​ចេញ​បាន​។ការ​ហ្វឹកហ្វឺន​និង​ចំណេះដឹង​ដែល​គេ​បាន​ទទួល​នៅ​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ អាច​ជួយ​អនាគត​អ្នក​ថែ​រក្សា​សន្តិភាព​អោយ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជួយ​ម្តាយ​ដែល​គ្មាន​ផ្ទះ កុមារ​ដែល​គ្មាន​អ្វី​បរិភោគ ឬ​ជីតាដែល​ហៀប​នឹង​ស្លាប់​ហើយ​គ្មាន​លុយ​ទិញ​ថ្នាំ​។ សហរដ្ឋ​អាមេរិក​មើល​ឃើញ​ពី​តំលៃ​និង​ផល​ដែល​អាច​មាន​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ ហើយ​មាន​កិត្តិយស​ក្នុង​ការ​ជួយ​ដល់​ភារកិច្ច​នៃ​ការ​ហ្វឹកហ្វឺន ​និង​ធ្វើ​អោយ​កង​កំលាំង​មាន​ការ​ត្រៀម​រៀបចំ​ជា​ស្រេច​សំរាប់​បំពេញ​ការងារ នៅ​ក្នុង​បេសកកម្ម​ថែ​រក្សា​សន្តិភាព​។

យើង​មាន​អ្នក​សិក្សា​មក​ពី​ប្រទេស​កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ហ្វីលីពីន និង​វៀតណាម ដែល​ជា​ការ​ធ្វើ​អោយ​ពិធី​បិទ​វគ្គ​ពេល​រៀន​ចប់​នេះ​មាន​សារៈសំខាន់​ជា​ពិសេស ជាមួយ​នឹង​អត្ថន័យ​អន្តរជាតិ​ពិត​ៗ​។ ចំពោះ​តួនាទី​របស់​គេ​ក្នុង​ការ​ធ្វើ​អោយ​វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​ជោគជ័យ ដំបូង តាង​នាម​អោយ​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​អរគុណ​ប្រទេស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ កង​យោធពល​ខេមរភូមិន្ទ និង​ដោយ​ឡែក មជ្ឈមណ្ឌល​ជាតិ​សំរាប់​ថែ​រក្សា​សន្តិភាព និង​លុប​បំបាត់​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម ។ គេ​បាន​ផ្តល់​ទីកន្លែង ធ្វើការ​សំខាន់​ៗ​ដែល​បាន​កែ​ប្រែ​ផែនការ​អោយ​ទៅ​ជា​ការ​ពិត ហើយ​បង្ហាញ​ភាព​រាក់ទាក់​និង​កក់ក្តៅ ​នៅ​ក្នុង​ពិធី​នា​ថ្ងៃ​នេះ​។

ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ចំពោះ​គ្រូ​របស់​យើង​ដែល​មក​ពី​ប្រទេស​អូស្រ្តាលី ប្រេស៊ីល នូវែលសេឡង់ និង​ស៊ុយអែដ ដែល​បាន​មក​ចែក​រំលែក​ចំណេះដឹង និង​ឯកទេស ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​។ ការ​ចូលរួម និង​ការ​រួម​ចំណែក​របស់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​វគ្គ​នេះ បង្ហាញ​អោយ​ឃើញ​អ្វី​ដែល​អាច​ធ្វើ​បាន តាមរយៈ​ការ​ធ្វើ​សហប្រតិបត្តិការ​ជា​អន្តរជាតិ ហើយសហរដ្ឋ​អាមេរិក​មាន​មោទនភាព​ដោយ​ស្ថិត​ក្នុង​ចំណោម​អ្នក​ធ្វើ​ការ​ឧបត្ថម្ភ​។

នៅ​ទី​បញ្ចប់ ខ្ញុំ​សូម​ជូនពរ​អោយ​អ្នក​ចូលរួម​កម្ពុជា​នូវ​ពរ​ឆ្នាំថ្មី​អោយ​ប្រកប​តែ​នឹង​វិបុលភាព ​ជោគជ័យ និង​សុភមង្គល​។ ចំពោះ​អ្នក​ដែល​នឹង​វិល​ត្រឡប់​ទៅ​មាតុប្រទេស​វិញ សូម​អោយ​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ជោគជ័យ​។ ចំពោះ​អ្នក​ចូលរួម​ទាំងអស់ សូម​អោយ​ជួប​តែ​សំណាង​ល្អ​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន​ផ្នែក​ថែ​រក្សា​សន្តិភាព​របស់​លោក​អ្នក និង​បេសកកម្ម​នៅ​ពេល​អនាគត​ដែល​លោក​អ្នក​នឹង​ចូលរួម​។ សូម​អរគុណ​។