សុន្ទរកថា​របស់​លោក​វរសេនីយ​ឯក Craig Tippins នៅ​ក្នុង​ពិធី​បើក​នៃ​សន្និសីទ​ស្តីពី​គំនិត​ផ្តួចផ្តើម​នៃ​មេ​បញ្ជាការ​នៅ​ឈូង​សមុទ្រ​ថៃ

សៀមរាប
ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៥

ជា​បឋម​នា​ពេល​ព្រឹក​នេះ ខ្ញុំ​សូម​សំដែង​ការ​គោរព និង​អំណរ​គុណ​ចំពោះ​ឯកឧត្តម ឧត្តមនាវី ទា វិញ និង​តំណាង​កិត្តិយស​ដទៃ​ទៀត​របស់​គណកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា​។ ខ្ញុំ​សូម​អរគុណ​អស់​លោក លោកស្រី​ទាំងអស់ ដែល​បាន​ទទួល​រៀបចំ​ពិធី​នេះ​ឡើង នៅ​ក្នុង​ប្រទេស​របស់​លោក លោកស្រី​។ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សនិ្នសីទ​នេះ​នៅ​ខេត្ត​សៀមរាប​នឹង​ផ្តល់​អោយ​យើង​នូវ​ឱកាស​បាន​ទស្សនា​ប្រាសាទ​អង្គរវត្ត ដែល​ជា​ទីតាំង​ដ៏​ល្បី​ក្នុង​ពិភពលោក ដែល​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្រ្ត​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​សម្រស់​អស្ចារ្យ​ថែម​ទៀត​ផង​។ ខ្ញុំ​ដឹង​ប្រាកដ​ថា ខ្ញុំ​និយាយ​តាង​នាម​អោយ​សហការី​របស់​យើង​មក​ពី​ប្រទេស​វៀតណាម ថៃ ម៉ាឡេស៊ី និង​ប្រទេស​ឥណ្តូនេស៊ី នៅ​ពេល​ខ្ញុំ​និយាយ​ពី​ថា យើង​មាន​កិត្តិយស​ដែល​យើង​បាន​មក​ឃើញ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សំបូរ​បែប​នេះ​។

ជា​បន្ត​ទៅ​នេះ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​សហការី​របស់​យើង​ពី​ក្នុង​តំបន់ ដែល​មក​ចូលរួម ដែល​មាន​ឧត្តមសេនីយ​ទោ Ngoc Thu មក​ប្រទេស​វៀតណាម ឧត្តមសេនីយ​ទោ Pragit ក្នុង​កង​នគរបាល​ពី​ប្រទេស​ថៃ ឧត្តមនាវី Christopher ពី​ប្រទេស​ម៉ាឡេស៊ី ឧត្តមនាវី Royani ពី​ប្រទេស​ឥណ្តូនេស៊ី និង​វរនាវីឯក Andrew Dakin ពី​ប្រទេស​អូស្រ្តាលី​។ វត្តមាន​របស់​លោក​អ្នក​មាន​ភាព​ចាំបាច់​ដើម្បី​ធ្វើ​អោយ​ពិធី​នេះ​មាន​ជោគជ័យ និង​ដើម្បី​សំរេច​គោលដៅ​របស់​យើង​ក្នុង​ការ​កែ​លំអ​សន្តិសុខ​លំហ​សមុទ្រ​។

នៅ​ពេល​ខ្ញុំ​ក្រលេក​មើល​ទៅ​តំណាង​នៃ​ប្រទេស​នានា​ជា​ច្រើន​ពេល​នេះ ហើយ​នៅ​ពេល​ខ្ញុំ​គិត​ពី​បញ្ហា​ប្រឈម​ដ៏​ច្រើន ដែល​យើង​មាន​រួម​គ្នា ក្នុង​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​នៅ​ក្នុង​តំបន់​នេះ​ ខ្ញុំ​សូម​លើក​ជា​គំនិត​ថា យើង​គួរ​ទាញ​ការ​លើក​ទឹក​ចិត្ត​ពី​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរ​។ អ្នក​ដែល​បាន​មក​ទស្សនា​ប្រាសាទ​នេះ​មាន​ការ​ស្ញប់ស្ញែង​ចំពោះ​ទេពកោសល្យ និង​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​កសាង​សំណង់​ដ៏​ធំ និង​អស្ចារ្យ​នេះ ដែល​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា ជា​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​។ យ៉ាង​ណា​ក្តី នៅ​ពេល​លោក​អ្នក​សំលឹង​សំណង់​បូរាណ​ទាំង​នេះ ខ្ញុំ​សូម​អោយ​លោក​អ្នក​ចាំ​ថា ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ និង​ទំហំ​ដ៏​ធំ​របស់​វា​កើត​ចេញ​ពី​ចិត្ត បេះដូង និង​ដៃ​របស់​មនុស្ស​។

ពី​បូរាណកាល ប្រជាជន​ខ្មែរ​មាន​ជោគជ័យ​ក្នុង​ការ​កសាង​ប្រាសាទ​អង្គរ ដោយ​សំរបសំរួល​ប្រាជ្ញា និង​ការ​ខិតខំ​របស់​មនុស្ស​ជា​ច្រើន ដំបូង​ដោយ​ប្រម៉ើល​មើល​ប្លង់​ដ៏​ធំ ហើយ​បន្ទាប់​មក បាន​ប្រែ​ក្លាយ​វា​ជា​ការ​ពិត ដោយ​តំរៀប​ថ្ម​លើ​គ្នា​។ នៅ​សប្តាហ៍​នេះ ខ្ញុំ​សុំ​អោយ​លោក​អ្នក​ចាំ​ថា សមិទ្ធផល​ដ៏​ធំ​ធេង​នេះ​ត្រូវ​បាន​សំរេច​បាន​តាម​របៀប​នេះ ដោយ​បោះ​ជំហាន​ម្តង​បន្តិច​ៗ មួយ​ម្តង​ៗ ដើម្បី​សំរេច​គំរោង​ដ៏​ធំ​មួយ​។ ខ្ញុំ​សង្ឃឹម​ថា យើង​ប្រហែល​ជា​អាច​ធ្វើ​តាម​គំរូ​របស់​ខ្មែរ​ពី​សម័យ​ដើម ចំពោះ​ការងារ​សំខាន់​ៗ​នៅ​ពី​មុខ​យើង​។

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​អន្តរជាតិ ខ្ញុំ​ដឹង​ថា លោក​អ្នក​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ពី​ភាព​ស្មុគស្មាញ ដែល​យើង​ប្រឈម​មុខ​ជាមួយ ក្នុង​ពេល​ដែល​យើង​ចាប់​បង្កើត​ផែនទី​ផ្លូវ​សំរាប់​សន្តិសុខ​លំហ​សមុទ្រ​។ តែ​យើង​ត្រូវ​ចាំ​ថា ផល​ចំណេញ​ដែល​អាច​បាន​មក និង​ឱកាស​រួម​គ្នា​ធំ​ជាង​ការ​លំបាក​មួយ​ៗ ដែល​យើង​អាច​នឹង​ប្រឈម​ជាមួយ​នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​។

យើង​ប្រហែល​ជា​មិន​អាច​ទទួល​បាន​ជោគជ័យ​បាន​ដោយ​គ្មាន​គំនិត​ថ្មី​ៗ និង​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​ពិសេស​ទេ​។ ឧទាហរណ៍ តើ​ការ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ការពារ​មិន​អោយ​មាន​គ្រឿង​ញៀន​ខុស​ច្បាប់​ចូល​មក​ដល់​ស្រុក​កំណើត​របស់​យើង​មាន​តំលៃ​យ៉ាង​ណា​? តើ​ការ​អភិរក្ស​ទី​ជំរក​សត្វ​សមុទ្រ ដែល​ធ្វើ​អោយ​ប្រជាជន​យើង​មាន​ការងារ​ធ្វើ និង​អាហារ​បរិភោគ សម​នឹង​អោយ​យើង​ធ្វើការ​ខិតខំ​ច្រើន​ប៉ុន​ណា​​? តើ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​យើង ហើយ​ចែកចាយ​ផល​ចំណេញ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ចំណោម​ប្រទេស​របស់​យើង មាន​តំលៃ​ប៉ុនណា​?

ការ​បញ្ឈប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ ការ​ការពារ​ធនធាន​របស់​ជាតិ​ដែល​ផ្តល់​ជា​មុខរបរ​ចិញ្ចឹម​ជីវិត​ដល់​មនុស្ស​រាប់​លាន​នាក់​របស់​យើង ហើយ​និង​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​គ្រាន់​តែ​ជា​ឧទាហរណ៍​​បី​នៃ​ការ​ទទួល​ខុស​ត្រូវ​ចាំបាច់​ដែល​យើង​មាន​ចំពោះ​ប្រទេស​របស់​យើង​។ ទោះ​បី​ជា​បញ្ហា​ទាំង​នេះ​មើល​ទៅ​មាន​លក្ខណៈ​ពិបាក​ខ្លាំង​យ៉ាង​ណា​ក្តី តែ​សន្និសីទ​នេះ​គឺ​ជា​ជំហាន​វិជ្ជមាន និង​ប្រកប​ដោយ​ការ​លើក​ទឹក​ចិត្ត ឆ្ពោះ​ទៅ​រក​ការ​ការពារ​បរិស្ថាន និង​ធានា​ពាណិជ្ជកម្ម​សេរី ដោយ​ទន្ទឹម​នឹង​នោះ កាត់​បន្ថយ​ការ​គំរាម​កំហែង​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។

ជា​ទី​បញ្ចប់​នេះ តាង​នាម​អោយ​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​មោនភាព​យ៉ាង​ធំ​ចំពោះ​ការ​ចូលរួម​ក្នុង​ការ​រៀបចំ​សន្និសីទ​នេះ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​អោយ​ពិធី​នេះ​កើត​មាន​ទៅ​បាន​។ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រតិភូ និង​សូម​អោយ​កិច្ច​ប្រជុំ​នេះ​ប្រកប​ដោយ​ផ្លែ​ផ្កា ដើម្បី​ជា​ការ​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​។ សូម​អរគុណ​។