ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
សូមជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង វេជ្ជបណ្ឌិត ហុក គឹមចេង និងសមាជិកកិត្តិយសដទៃទៀតរបស់ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានវត្តមាននៅពេលនេះ។ សូមអរគុណដែលបានអញ្ជើញខ្ញុំមកចូលរួមនៅក្នុងពិធីនេះ។ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយ ដោយមានវត្តមាននៅទីនេះ ដើម្បីបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងដើម្បីផ្តល់កិត្តិយសដល់កិច្ចការងារសង្គ្រោះជីវិតដែលបានធ្វើឡើងជារៀងរាល់ថ្ងៃ ដោយបុគ្គលិកពេទ្យនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ពិតមែនតែពិធីនេះគឺដើម្បីបង្ហាញការប្រគល់គ្រឿងបរិក្ខាមន្ទីរពិសោធន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដល់ក្រសួងសុខាភិបាលកម្ពុជាក្តី តែថ្ងៃនេះ ខ្ញុំចង់ផ្តោតការចាប់អារម្មណ៍ មិនមែនទៅលើម៉ាស៊ីន និងគ្រឿងប្រដាប់នោះទេ តែទៅលើភាពជាដៃគូដ៏សំខាន់ដែលយើងមានជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ភាពជាដៃគូនេះបានទាក់ទាញការវិនិយោគជាបន្ត ទៅលើបេសកកម្ម និងជោគជ័យរបស់មជ្ឈមណ្ឌល។
នៅក្នុងការពិភាក្សាពីភាពជាដៃគូជិតស្និទ្ធ រវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហរដ្ឋអាមេរិក ជាដំបូងខ្ញុំសូមអរគុណឯកឧត្តម ម៉ម ប៊ុនហេង ចំពោះការដឹកនាំរបស់លោកនៅក្នុងក្រសួងសុខាភិបាល ដែលធ្វើអោយទំនាក់ទំនងសហប្រតិបត្តិការដ៏រស់រវើករវាងយើងបន្តរីកចំរើន។ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ខ្ញុំសូមអរគុណចំពោះវេជ្ជបណ្ឌិត ហុក គឹមចេង។ លោកបានធ្វើការសំរបសំរួលដោយមិនខ្លាចនឿយហត់លើសកម្មភាពនិងគំរោងនានាជាមួយយើង ការដឹកនាំរបស់លោកដែលប្រកបដោយលក្ខណៈយុទ្ធសាស្រ្ត និងចក្ខុវិស័យ បានទទួលការកោតសរសើរនិងការគោរពពីមនុស្សជាច្រើន។ តាំងពីចាប់ចូលធ្វើការនៅក្នុងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅឆ្នាំ១៩៩៤ វេជ្ជបណ្ឌិត ហុក គឹមចេង បានប្រើអាជីពរបស់លោកដើម្បីជួយជីវិត តាមរយៈការងាររបស់លោកក្នុងការពង្រឹងសេវាផ្តល់ឈាមរបស់ប្រទេសកម្ពុជា។ តាងនាមអោយសហរដ្ឋអាមេរិក ខ្ញុំសូមអរគុណលោក ចំពោះការងារទាំងអស់ដែលលោកធ្វើដើម្បីជួយដល់សុខភាពរបស់ប្រជាជនកម្ពុជា។
ថ្វីបើការខិតខំរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងការធានាការប្រមូលរក្សាទុក និងចែកចាយឈាមស្អាតនិងប្រកបដោយសុវត្ថិភាពសំរាប់ប្រជាជនកម្ពុជាគឺជាគ្រឹះនៃផ្នែកសុខភាពសាធារណៈក្តី តែការរួមចំណែកទាំងនេះច្រើនតែគ្មានលក្ខណៈដែលនាំអោយគេឆាប់មើលឃើញទេ។ ឧទាហរណ៍ អ្នកដែលរួចជីវិតពីគ្រោះថ្នាក់ម៉ូតូធ្ងន់ធ្ងរ ប្រហែលមិនដែលបានឈានជើងចូលមកដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមទេ តែបើមុខរបួសរបស់គេធ្វើអោយបាត់បង់ឈាមច្រើន ជនរងគ្រោះទាំងនេះប្រហែលបានរួចជីវិតដោយសារឈាមដែលបានមកពីទីនេះ។ ដូចគ្នានេះដែរ ចំពោះម្តាយដែលមានការបាត់បង់ឈាមរហូតដល់ជីវិតស្ថិតនៅក្នុងគ្រោះថ្នាក់ នៅក្នុងពេលឆ្លងទន្លេ។
ការរួមចំណែកដ៏សំខាន់មួយទៀតរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលខ្ញុំចង់បញ្ជាក់គឺការងាររបស់មជ្ឈមណ្ឌលនេះ នៅក្នុងការទប់ស្គាត់ជំងឺដែលបណ្តាលមកពីឈាម ពិសេសជំងឺអេដស៍។ ឈាមដែលមិនត្រូវបានធ្វើតេស្តនិងវិភាគបានល្អិតល្អន់ ផ្ទុយទៅវិញ អាចក្លាយជាមធ្យោបាយចំលងជំងឺធ្ងន់ធ្ងរ ដែលធ្វើអោយអន្តរាយ ជាជាងរក្សាជីវិត។ ជាថ្មីម្តងទៀត យើងអាចអរគុណការងាររបស់អ្នកវិទ្យាសាស្រ្ត និងអ្នកឯកទេសនៅទីនេះ ដែលបានការពារភាពត្រឹមត្រូវនូវការផ្គត់ផ្គង់ឈាមនៅកម្ពុជា។
តួនាទីជាគន្លឹះរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងការថែទាំសុខភាពនៅកម្ពុជាគឺការខិតខំរួមគ្នាជាមួយស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិក។ បរិក្ខាមន្ទីរពិសោធន៍ដែលយើងប្រគល់នៅថ្ងៃនេះបានមកពីថវិការបស់បញ្ជាការដ្ឋាននៃកងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ឬ PACOM ក្រោមការគ្រប់គ្រងរបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក។ គ្រាន់តែនៅសប្តាហ៍នេះ PACOM ថែមទាំងបានបញ្ចប់សិក្ខាសាលាថ្នាក់ជាតិមួយស្តីពីសុវត្ថិភាពឈាម នៅខេត្តកំពង់ចាម ដែលមានការចូលរួមនៃអ្នកជំនាញពេទ្យអាមេរិក និងបុគ្គលិកក្រសួងសុខាភិបាលចំនួនជាង ១០០ នាក់ ដើម្បីពិភាក្សាពីវិធីទុកដាក់ឈាមដើម្បីធ្វើអោយវាមានសុវត្ថិភាពនិងផ្តល់ផលប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា។ ប្រហែលប្រការសំខាន់បំផុតគឺថា PACOM កំពុងតែផ្តល់ថវិកា និងមើលខុសត្រូវដល់ការសាងសង់ទីតាំងថ្មីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅរាជធានីភ្នំពេញ។ យើងមានចិត្តរំភើបចំពោះគំរោងនេះ ដែលកំណត់ត្រូវបញ្ចប់ក្នុងឆ្នាំ២០១៦។ លើសពីនេះទៀត មជ្ឈមណ្ឌលផ្តល់ឈាមតាមតំបន់កំពុងត្រូវបានសាងសង់ នៅខេត្តកំពង់ចាម និងខេត្តសៀមរាប។
កម្មវិធីបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកសំរាប់ការបន្ធូរបន្ថយផ្នែកជំងឺអេដស៍ ឬ PEPFAR និងទីភ្នាក់ងារកំចាត់ជំងឺរបស់សហរដ្ឋអាមេរិកថែមទាំងមានទំនាក់ទំនងយូរជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។ កម្មវិធី និងទីភ្នាក់ងារនេះ ដោយធ្វើការសំរបសំរួលជាមួយកាកបាទក្រហមអូស្រ្តាលី និងម្ចាស់អំណោយដទៃទៀតដែលជាមិត្តរបស់យើង បាននិងកំពុងជួយក្នុងការធ្វើផែនការជាយុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍សំរាប់ការផ្គត់ផ្គង់ឈាមនៅកម្ពុជា ហើយកំពុងធ្វើការដើម្បីអោយអន្តរជាតិទទួលស្គាល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។
ជាទីបញ្ចប់ ខ្ញុំសូមនិយាយថា ខ្ញុំមានកិត្តិយសដោយបានចូលរួមជាមួយ បុគ្គលិកមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបុគ្គលិកក្រសួងសុខាភិបាល ដែលគាំទ្រពួកគេ និងការងារដ៏សំខាន់ដែលលោកអ្នកធ្វើនៅក្នុងការការពារជីវិតនិងសុខភាពរបស់ប្រជាជនកម្ពុជា ហើយខ្ញុំសូមជូនពរអោយលោកអ្នកទទួលបានជោគជ័យជាបន្តទៀត។ សូមអរគុណ។