សុន្ទរកថា​របស់​លោក​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Scott Busby នៅ​សន្និសិទកាសែត​នៅ​ស្ថានទូត​អាមេរិក

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
ស្ថានទូត​អាមេរិក ភ្នំពេញ
ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៥

សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​រឹង​មាំ​ ជាមួយ​ប្រជាជន​កម្ពុជា ហើយ​មាន​ការ​ចាប់​អារម្មណ៍យ៉ាង​ជ្រាលជ្រៅ​លើ​ជោគជ័យ និង​ការ​អភិវឌ្ឍន៍​ជា​បន្ត​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​បាន​មកប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ពង្រាង​ច្បាប់​ស្តីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGO) ព្រម​ទាំង​ពង្រាង​ច្បាប់​ដទៃ​ទៀត​ស្តីពី​សហជីព និង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិនធ័រណែត ដែល​កំពុងត្រូវ​បាន​ពិចារណា​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ ក្នុង​ពេល ២ ថ្ងៃកន្លង​ទៅ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​តំណាង​នៃ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ដើម្បី​ស្តាប់​យោបល់របស់​គេ​លើ​ច្បាប់​ទាំង​នេះ និង​ដំណើរការ​នៅ​ជុំវិញ​ច្បាប់​ទាំង​នេះ​។

ការ​គាំទ្រ​សង្គម​ស៊ីវិល​នៅ​ជុំវិញ​ពិភពលោក​ គឺ​ជា​គ្រឹះ​នៃ​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​។ លោក​ប្រធានាធិបតី Obama បាន​ថ្លែង​សង្កត់​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGO) តាមរយៈ​ការ​បង្កើត​គំនិត​ផ្តួចផ្តើម​មួយ​ដែល​មាន​ចំណងជើង​ថា ឈរ​ជាមួយ​សង្គម​ស៊ីវិល កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​អង្គការ​សហប្រជាជាតិ​។ កាល​ពី​ឆ្នាំ​ទៅ លោក​បាន​ចេញ​អនុស្សារណៈ​របស់​ប្រធានាធិបតី ដែល​អំពាវនាវ​អោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គាំទ្រ​សង្គម​ស៊ីវិល​នៅ​ជុំវិញ​ពិភពលោក ពិសេស​នៅ​ក្នុង​ប្រទេស ​ដែល​សង្គម​ស៊ីវិល​អាច​រង​ការ​គំរាមកំហែង​។ ស្រប​តាម​ការ​ចង្អុល​បង្ហាញ​របស់​លោក​ប្រធានាធិបតី Obama យើង​កំពុង​តាមដាន​ការ​វិវត្ត​នៃ​ពង្រាង​ច្បាប់​ស្តីពី​អង្គការ NGO ពី​ទីក្រុង Washington ដូច​ដែល​យើង​កំពុង​ធ្វើ​នៅ​តាម​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​។

ប្រជាជន​កម្ពុជា​មាន​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការ​មាន​មោទនភាព​ចំពោះ​សង្គម​ស៊ីវិល​ដែល​មាន​ភាព​រឹងមាំ និង​រស់រវើក នៅ​កម្ពុជា​សព្វថ្ងៃ​។ នៅ​ពេល​នេះ មាន​អង្គការ NGO រាប់​ពាន់​នៅ​កម្ពុជា ដែល​កំពុង​ធ្វើការ​លើ​បញ្ហា​សំខាន់​ៗ​នានា​។ អង្គការ​ទាំង​នេះ​លើក​កំពស់​មុខមាត់​រ​បស់​ប្រទេស​កម្ពុជា​ក្នុង​សាកលលោក កសាង​មូលដ្ឋាន​រឹងមាំ​សំរាប់​សេដ្ឋកិច្ច ហើយ​គាំទ្រ​ការ​អភិវឌ្ឍន៍​ដោយ​សន្តិភាព និង​តាម​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ជា​ប្រយោជន៍​សំរាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។ អង្គការ​ទាំង​នេះ​ជំរុញ​អោយ​មាន​អភិបាលកិច្ច​ល្អ ប្រសិទ្ធភាព ​និង​តំលាភាព ដែល​សុទ្ធតែ​ជា​ធាតុផ្សំ​យ៉ាង​សំខាន់​នៃ​សង្គម​មួយ​ដែល​រឹងមាំ​ល្អ​។

ថ្វី​បើ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​តស៊ូ​មតិ​លើ​បញ្ហា​នយោបាយ ច្រើន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​ក្តី តែ​តាម​ពិត​ទៅ អង្គការ NGO ភាគ​ច្រើន​នៅ​កម្ពុជា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ដូចជា​សុខភាព ការ​អប់រំ បរិស្ថាន និង​ការ​អភិវឌ្ឍន៍​សហគមន៍​។ អង្គការ ​NGO ទាំង​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​បន្ថែម​នៅ​កន្លែង​ដែល​ថវិកា​របស់​រដ្ឋាភិបាល​សំរាប់​សេវា​បែប​នេះ​មាន​កំរិត ដោយ​រួម​ទាំង​សហគមន៍​ដែល​មិន​សូវ​ទទួល​បាន​សេវា​។ គេ​គ្មាន​ការ​សង្ស័យ​ទេ​ថា ការ​ចំរើន​ឡើង​នៅ​កម្ពុជា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ​ពោល​គឺ​កំណើន​សេដ្ឋកិច្ច កំណែ​លំអ​ផ្នែក​ថែទាំ​សុខភាព និង​សាលារៀន ភាព​ជឿនលឿនផ្នែក​សិទ្ធិ​មនុស្ស​ជាដើម គឺ​មួយ​ផ្នែក​ធំ មាន​មក​ដោយសារ​ការងា​ររបស់​អង្គការ NGO ។

ដូច​ដែល​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Samantha Powers បាន​សរសេរ​នៅ​ក្នុង Tweeter ថា​សង្គម​ស៊ីវិល​ដែល​មាន​ភាព​រឹងមាំ និង​រស់រវើក​គឺ​ជា “​គន្លឹះ​សំរាប់​វិបុលភាព ព្រមទាំង​សិទ្ធិ​មនុស្ស​”​។ នៅ​ពេល​សង្គម​ស៊ីវិល​រឹងមាំ ប្រទេស​កាន់តែ​រឹងមាំ​។ ហេតុដូច្នេះ​ហើយ​បាន​យើង​ជឿ​ថា​ជា​វា​មាន​សារៈសំខាន់​ណាស់ដែល​គេ​ត្រូវ​ធ្វើការ​ពិភាក្សា​គ្នា​អោយ​បាន​ម៉ត់ចត់ និង​ពេញលេញ លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពីសមាគម និង​អង្គការ NGO ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ពិចារណា ដោយ​រួម​ទាំង​ការ​ពិភាក្សា​ថា​តើ​គួរ​មាន​ច្បាប់​នេះ​ដែរ​ឬ​ទេ​។

ដោយ​ផ្អែក​តាម​អ្វី​ដែល​ខ្ញុំ​បាន​លឺ​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ ខ្ញុំ​មាន​កង្វល់​មួយ​ចំនួនទាក់ទង​នឹង​ពង្រាង​ច្បាប់​ស្តីពី​អង្គការ NGO ដែល​កំពុង​ត្រូវ​បាន​ពិចារណា​ដោយ​រដ្ឋាភិបាល​កម្ពុជា ពោល​គឺ​កង្វល់​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ឯកអគ្គរដ្ឋទូត Todd ។ ខ្ញុំ​មាន​កង្វល់​ថា ច្បាប់​ដែល​កំពុង​ត្រូវ​បាន​ពិចារណា មិន​ត្រូវ​បាន​គេ​បញ្ចេញ​អោយ​សាធារណៈ​ដឹង ​ដើម្បី​អោយ​សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា​អាច​យល់​ពី​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​ពួកគេ​។ ខ្ញុំ​មាន​កង្វល់​ថា គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ស្តាប់​យោបល់​និង​អនុសាសន៍​របស់​គេ​ស្តីពី​ច្បាប់​នេះ​ទេ ហើយ​ដោយ​ផ្អែក​លើ​សំណៅ​ចុង​ក្រោយ​នៃ​ច្បាប់ ដែល​ត្រូវ​បាន​បង្ហាញ​ដល់​សាធារណជន នៅ​ឆ្នាំ​២០១១ ខ្ញុំ​មាន​កង្វល់​ថា ច្បាប់​នេះ​នឹង​ដាក់​ការ​រឹតត្បិត ឬ​បន្ទុក​លើ NGO ដែល​នឹង​ធ្វើ​អោយ​ពួកគេ​មាន​ការ​ពិបាក ឬ​រហូត​ដល់​មិន​អាច​បំពេញ​ការងារដ៏​មាន​សារៈសំខាន់​ចាំបាច់​របស់​ពួកគេ​បាន​។

នៅ​ក្នុង​ការ​ប្រជុំ​នៅ​ព្រឹក​នេះ ខ្ញុំ​បាន​សំដែង​កង្វល់​ដល់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសកម្ពុជា​។ លោករដ្ឋមន្រ្តី​បាន​ប្រាប់​ខ្ញុំ​ជា​ច្រើន​លើក​ថា ច្បាប់​ដែល​កំពុង​ត្រូវ​បាន​ពិចារណា​ ដោយរដ្ឋាភិបាល មាន​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​អង្គការ NGO​។ យើងគាំទ្រ​កិច្ចសហប្រតិបត្តិការ​បែប​នេះ តែ​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់​ថា យើង​មិន​ជឿ​ថា ចាំបាច់ត្រូវ​មាន​ច្បាប់ NGO មួយ​ថ្មី​សំរាប់​សំរេច​បំណង​នេះ​ទេ​។ ខ្ញុំ​សង្ឃឹម​ដោយ​ស្មោះ​ថា បើ​គេសំរេច​ថា ច្បាប់​នេះ​គួរតែ​ដើរ​ទៅ​មុខ វា​នឹង​លើក​ទឹកចិត្ត ហើយ​សំរួល​ដល់ NGO ក្នុង​ការងារ​ដ៏មាន​សារៈសំខាន់​ដែល​អង្គការ​ទាំង​នេះ​ធ្វើ ដោយ​បន្ត​គោលនយោបាយ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​របស់​ប្រទេស​កម្ពុជា ដែល​បាន​អនុញ្ញាត​អោយ​សង្គម​ស៊ីវិល​មាន​ការ​ដុះដាល ហើយ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​។

ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​ជំហាន​បន្ទាប់ ខ្ញុំ​សុំ​អោយ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ថា តើ​ច្បាប់​ស្តីពី NGO ពិត​ជា​ចាំបាច់​ដែរ​ឬ​ទេ​នៅ​ពេល​នេះ ពីព្រោះ​កម្ពុជា​មាន​ច្បាប់​រួច​ហើយ ស្តីពី​ការ​ប្រឆាំង​ភេរវកម្ម និង​សកម្មភាព​ឧក្រិដ្ឋកម្ម ព្រម​ទាំង​ក្រម​រដ្ឋប្បវេណី សំរាប់​ដោះស្រាយ​កង្វល់​ដែល​ច្បាប់​ដែល​គេ​ចង់​អោយ​មាន​នេះ​មាន​បំណង​ដោះស្រាយ​។ បើ​សិន​ជាគេ​គិត​ថា ច្បាប់​នេះ​ពិត​ជា​បំរើ​ផលប្រយោជន៍​សាធារណៈ ខ្ញុំ​សុំ​អោយ​រាជរដ្ឋាភិបាល​បញ្ចេញ​អោយ​​សមាជិក​សង្គម​ស៊ីវិល និង​សាធារណជន​ទូទៅ​បាន​ឃើញ​ពង្រាង​ច្បាប់​នេះ​អោយ​បាន​ឆាប់​បំផុត និង​នៅ​មុន​ពេល​បញ្ជូន​វា​ទៅ​រដ្ឋសភាជាតិ​។ ខ្ញុំ​សុំ​ផង​ដែរ​អោយ​សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា​មាន​ពេល​គ្រប់គ្រាន់​សំរាប់​ពិនិត្យ​មើល និង​ធ្វើការ​ពិគ្រោះ​យោបល់​លើ​ច្បាប់​ណា​ទាំងអស់ ដើម្បី​​អោយ​គេ​អាច​ផ្តល់​មតិ​ទៅ​តំណាង​ជាប់​ឆ្នោត​របស់​គេ នៅ​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​លើ​ច្បាប់​នេះ​។ ជា​ចុង​ក្រោយ ខ្ញុំ​សុំ​ថា​ ពង្រា​ង​ច្បាប់​ណា​មួយ​ត្រូវ​គោរព​តាម​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ចងក្រង​ជា​ក្រុម​ជា​សមាគម និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​សន្យា​អនុវត្ត តាមរយៈ​ការ​ធ្វើ​សច្ចានុម័ត​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ជន​ស៊ីវិល ហើយ​មិនដាក់​ការ​រឹត​ត្បិ​ត​ដោយ​មិន​សមស្រប​លើ​លទ្ធភាព​សំរាប់​អោយ​សង្គម​ស៊ីវិល​ធ្វើការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ដោយ​សេរី​។ ខ្ញុំ​សុំ​អោយ​មាន​ការ​ធ្វើ​តាម​ដំណើរការ​ដូច​គ្នា​នេះ ចំពោះ​ច្បាប់​ដែល​គេ​ចង់​អោយ​មាន​ឡើង ស្តីពី​សហជីព និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ិនធ័រណែត ដែល​ជា​ផ្នែក​ពីរ​ទៀត​ដែល​មាន​សារៈសំខាន់​សំរាប់​ជោគជ័យ​យូរ​អង្វែង​របស់​ប្រទេស​កម្ពុជា​។

ក្នុង​ពេល​ដែល​ការ​ពិភាក្សា​ដេញដោល​គ្នា​លើ​ច្បាប់ NGO ត្រូវ​បាន​គេ​បន្ត​ធ្វើ គេ​ត្រូវ​ដឹង​ថា ​ពិភពលោក​កំពុង​តែ​សំលឹង​មើល​មក​។ រដ្ឋាភិបាល​ដែល​ប្រកាន់​តាម​លទ្ធិ​ប្រជាធិបតេយ្យ​អាច​មាន​ទំរង់​និង​ដំណើរការ​ខុស​គ្នា តែ​យើង​មាន​ជំនឿ​ដូច​គ្នា​ថា សង្គម​ស៊ីវិល​មួយ​ដែល​រឹងមាំ​ល្អ ​ហើយ​មាន​ភាព​សេរី​គឺ​ជា​ផ្នែក​គ្រឹះ​មួយ​នៃ​សង្គម​ដែល​មាន​ជោគជ័យ​។ ដំណើរ​ការ​ណា​មួយ​ផ្នែក​ច្បាប់​ដែល​មាន​ការ​ប៉ះពាល់​ដល់​ស្ថានភាព​នៃ​សង្គម​ស៊ីវិល ឬ​បញ្ហា​ណា​មួយ​ដទៃ​ទៀត ​គួរតែ​មាន​តំលាភាព និង​គណនេយ្យភាព​។ ការ​ផ្លាស់ប្តូរ​ណា​មួយ​លើ​ច្បាប់​ដែល​រឹតត្បិត ​ជា​ជាង​ផ្តល់​លទ្ធភាព​ដល់​សង្គម​ស៊ីវិល មិន​បំរើ​ឧត្តមប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ឡើយ​។