វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥
សូមជំរាបសួឯកឧត្តម រដ្ឋមន្រ្តី ហង់ ជួនណារុន ឯកអគ្គរដ្ឋទូតអូស្រ្តាលី Alison Burrows ភ្ញៀវកិត្តិយស អស់លោក លោកស្រី
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយអស់លោក អ្នកនៅក្នុងសន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី១១។ តាងនាមអោយស្ថានទូតអាមេរិកនៅកម្ពុជា ខ្ញុំសូមសំដែងការអបអរសាទរចំពោះកម្មវិធីអប់រំនៅក្នុងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិ (IDP Education) ។ ការប្តេជ្ញាចិត្តរបស់លោកអ្នកនៅក្នុងមួយទសវត្សកន្លងទៅនេះបានធ្វើអោយកម្មវិធីបង្រៀនភាសាអង់គ្លេស CamTESOL ជាស្ថាប័នពិតមួយនៅកម្ពុជា។ បើនិយាយពីការប្តេជ្ញាចិត្ត វាពិតជាមិនគប្បីសំរាប់ខ្ញុំ បើខ្ញុំនិយាយដោយធ្វើមិនដឹងមិនលឺចំពោះគ្រូល្អៗដែលមានវត្តមាននៅពេលនេះ ដែលរួមមានគ្រូខ្មែរមកពីតាមខេត្តចំនួន ២០៦ នាក់ និងអ្នកស្រាវជ្រាវចំនួន ៨ នាក់ ដែលមានវត្តមានរបស់ពួកគាត់នៅក្នុងសន្និសីទក្នុងឆ្នាំនេះត្រូវបានឧបត្ថម្ភដោយស្ថានទូតអាមេរិក។ សូមចូលរួមជាមួយខ្ញុំក្នុងការទះដៃអបអរសាទរដល់គ្រូបង្រៀនភាសាអង់គ្លេសទាំងអស់នៅទីនេះ ចំពោះការងារដ៏ល្អដែលពួកគាត់កំពុងធ្វើ។
ការវាយតំលៃខ្ពស់របស់ខ្ញុំចំពោះលោកអ្នកផុសចេញពីតួនាទីជាអ្នកការទូតរបស់ខ្ញុំ ព្រមទាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជាជនអន្តោប្រវេសន៍។ ខ្ញុំនៅចាំពីការដែលខ្ញុំបានទៅដល់សហរដ្ឋអាមេរិកជាមួយគ្រួសារខ្ញុំ នៅពេលដែលខ្ញុំមានអាយុ៥ឆ្នាំ ពេញទៅដោយការឆ្ងល់ និងការភ័យខ្លាច ហើយមិនចេះភាសាអង់គ្លេសមួយពាក្យសោះ។ ពីដំបូង ខ្ញុំមានការពិបាកជាមួយនឹងវប្បធម៌ និងភាសាថ្មី ហើយចង់ត្រឡប់មកប្រទេសកូរេវិញ។ តែដោយមានការចិត្តទុកដាក់ដាក់ពីគ្រូថ្នាក់ទី១ ខ្ញុំក៏ចាប់មានអារម្មណ៍ធម្មតាឡើងវិញ ហើយបានចាប់ផ្តើមអានសរសេរ និងនិយាយភាសាអង់គ្លេស។ គ្រូរបស់ខ្ញុំមើលឃើញពីការចង់រៀនរបស់ខ្ញុំ ហើយខំផ្តល់មេរៀនបន្ថែមអោយខ្ញុំ និងសៀវភៅបណ្ណាល័យ ដែលខ្ញុំយកទៅផ្ទះ។ គាត់មិនមែនត្រឹមតែជាគ្រូទេ។គាត់ថែមទាំងជាអ្នកផ្តល់ប្រឹក្សាណែនាំ ដែលខ្ញុំចងចាំរហូតមកដល់ពេលនេះ។
ខ្ញុំដឹងប្រាកដក្នុងចិត្តថា លោកអ្នកយល់ពីរឿងរបស់ខ្ញុំ ពីព្រោះការខិតខំរបស់លោកអ្នកផ្តល់ផលដូចគ្នានេះទៅលើជីវិតរបស់សិស្សរបស់លោកអ្នក។ ក្នុងនាមជាម្តាយម្នាក់ ខ្ញុំចង់អោយកូនរបស់ខ្ញុំទទួលបានការសិក្សាប្រកបដោយគុណភាពមួយ។ ដើម្បីអោយការចង់បាននេះមានជោគជ័យ វាត្រូវមានគ្រូដូចជាលោកអ្នក និងគ្រូថ្នាក់ទី១ របស់ខ្ញុំ។ ការងាររបស់លោកអ្នកមានសារៈសំខាន់ណាស់ នៅក្នុងការរៀបចំខ្លួនពលរដ្ឋក្មេងៗអោយត្រូវតាមសង្គមថ្មីរបស់យើងដែលមានលក្ខណៈសាកល។ ខ្ញុំសូមសំដែងការស្ញប់ស្ញែងចំពោះការយកចិត្តទុកដាក់របស់លោកអ្នកនៅក្នុងការបំពេញការងារ នៅក្នុងស្ថានភាពដែលមានការពិបាក។ ចរឹកលក្ខណៈអាជីព ការប្តេជ្ញាចិត្ត និងការចង់បានរបស់លោក នៅក្នុងការលើកកំពស់ជំនាញរបស់លោកអ្នកពិតជាគួរអោយសរសើរមែន។
កម្មវិធី CamTESOL ផ្តល់ឱកាសពិសេសមួយសំរាប់ជំរុញការបង្រៀនភាសាអង់គ្លេសនៅកម្ពុជា និងនៅក្នុងតំបន់ ហើយលើកទឹកចិត្តអោយមានការធ្វើសហប្រតិបត្តិការគ្នានៅក្នុងវិស័យនេះ។ នៅចុងសប្តាហ៍នេះ លោកអ្នកមានពេលពិភាក្សាគ្នាពីរឿងទាក់ទងនឹងការសិក្សាអប់រំ ដូចជាការរៀបចំកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងការគ្រប់គ្រងកម្មវិធីបង្រៀនភាសាអង់គ្លេស ដើម្បីជួយបង្កើនគុណភាពនៃការអប់រំ។ ហេតុផលមួយក្នុងចំណោមហេតុផលដែលខ្ញុំចូលចិត្តរៀនភាសាផ្សេងៗ គឺពីព្រោះភាសាជួយអោយអ្នកមានទំនាក់ទំនងជាមួយមនុស្សច្រើន។ ស្ថានភាពពិតនៃពិភពលោកនាពេលសព្វថ្ងៃគឺថា ភាសាអង់គ្លេស ដែលជាភាសាសំរាប់ការធ្វើជំនួញ ការសិក្សានៅថ្នាក់ឧត្តម និងភាសានៅក្នុងអ៊ិនធ័រណែត គឺជាការធម្មតាដែលផ្តល់ឱកាសអោយប្រជាជនកម្ពុជាក្នុងការពង្រឹងការទាក់ទងរបស់គេជាមួយពិភពលោក ពិសេសទាក់ទងនឹងការធ្វើសមាហរណកម្មអាស៊ាននៅពេលខាងមុខនេះ។ និយាយដូច្នេះ ខ្ញុំសង្ឃឹមថា លោកអ្នកដឹងថា អ្វីដែលលោកអ្នកធ្វើបន្ទាប់ពីសន្និសីទនេះ មិនត្រឹមតែមានផលទៅលើសិស្សម្នាក់ៗទេ តែលោកអ្នកអាចមានឥទ្ធិពលទៅលើការអភិវឌ្ឍន៍នៃប្រទេសទាំងមូល។
ស្តាប់ទៅ គួរអោយរំភើបណាស់ មែនទេ? ដោយសារអ្នកជំនាញដែលមានវត្តមាននៅក្នុងសន្និសីទ CamTESOL នេះ ខ្ញុំប្រាកដក្នុងចិត្តថា លោកអ្នកនឹងទទួលបានព័ត៌មាន និងស្គាល់គ្នា ដែលជាការអាចជួយក្នុងការខិតខំរបស់លោកអ្នក។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណគ្រូបង្រៀនភាសាអង់គ្លេសទាំងអស់ ដែលមានវត្តមាននៅពេលនេះ និងសូមអរគុណជាពិសេសចំពោះលោករដ្ឋមន្រ្តី ណារុន ចំពោះចក្ខុវិស័យ និងការដឹកនាំ នៅក្នុងវិស័យអប់រំ។ គ្រូដូចជាលោកអ្នកគឺជាគន្លឹះនៃជោគជ័យ នៅពេលនេះ និងនៅពេលអនាគត។ តាមរយៈការចូលរួមក្នុងសន្និសីទនេះ ការចែករំលែកយោបល់ និងការធ្វើការជាមួយគ្នា ដើម្បីកែលំអគុណភាពនៃការបង្រៀននិងរៀនភាសាអង់គ្លេស យើងអាចបើកទ្វារបានច្រើនទៀតសំរាប់យុវជនកម្ពុជា និងយុវជននៅជុំវិញពិភពលោក។ សូមអរគុណ។