សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិភាគ​សៀមរាប

Deputy Chief of Mission Julie Chung at the Dedication Ceremony for Siem Reap Regional Blood Center
(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
សៀមរាប
ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៦

សូម​ជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ឯកឧត្តម សុង រីហា អភិបាល​រង​ខេត្ត​សៀមរាប វេជ្ជបណ្ឌិត ហុក គឹមហេង នាយក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប និង​ភ្ញៀវ​ដទៃ​ទៀត​ដែល​មាន​វត្តមាន​នៅ​ពេល​នេះ​។ ខ្ញុំ​រីករាយ​ដោយ​បាន​មក​ខេត្ត​សៀមរាប​ដ៏​ស្រស់​ស្អាត ពិសេស​នៅ​ក្នុង​ឱកាស​ដូច​ថ្ងៃ​នេះ ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ រវាង​ប្រទេស​យើង​ទាំង​ពីរ ហើយ​ដែល​នឹង​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​ឡើង​ថ្មី​ៗ ចំពោះ​ការ​ថែ​ទាំ​សុខភាព​របស់​មនុស្ស​នៅ​ក្នុង​សហគមន៍​។

ជា​បឋម ខ្ញុំ​សូម​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នា​ថ្ងៃ​នេះ សំរាប់​ការ​ថែទាំ​សុខភាព នៅ​កម្ពុជា និង​នៅ​ខេត្ត​សៀមរាប​។ មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិ​ភាគ​ថ្មី ដែល​យើង​បើក​នៅ​ថ្ងៃ​នេះ នឹង​ទទួល រក្សា​ទុក ហើយ​ចែកចាយ​ឈាម​ស្អាត និង​ប្រកប​ដោយ​សុវត្ថិភាព សំរាប់​សហគមន៍​នេះ ដែល​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​សំរាប់​សុខភាព​សាធារណៈ​។

ដូច​យើង​ដឹង​ច្បាស់​ហើយ គ្រោះថ្នាក់​ចរាច​ធ្ងន់ធ្ងរ ជា​ឧទាហរណ៍ អាច​បណ្តាល​អោយ​ជន​រង​គ្រោះ​បាត់បង់​ឈាម​យ៉ាង​ច្រើន​។ ឈាម​ដែល​មជ្ឈមណ្ឌល​ថ្មី​ដែល​យើង​បើក​នា​ថ្ងៃ​នេះ នឹង​ប្រមូល​មក​រក្សា​ទុក អាច​ជា​គន្លឹះ​សំរាប់​ជួយ​អាយុ​ជីវិត​របស់​គេ​។ វា​ដូច​ករណី​ម្តាយ​ដែល​បាត់បង់​ឈាម​ច្រើន​ពេល​ឆ្លង​ទន្លេ ហើយ​ដែល​ជីវិត​របស់​គាត់​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង ក៏​ដូចជា​ជន​រងគ្រោះ ដែល​ហូរ​ឈាម​នៅ​ក្នុង​ក្រពះ ដោយសារ​ការ​ប្រើ​ថ្នាំ​ក្លែងក្លាយ​ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​គេ​មិន​ដឹង​។ ការ​រួច​ជីវិត​នៅ​ក្នុង​ករណី​បែប​នេះ​នៃ​កា​បាត់បង់​ឈាម ពឹង​ផ្អែក​លើ​ការ​មាន​ឈាម​យក​មក​ជំនួស​។

ការ​រួម​ចំណែក​សំខាន់​មួយ​ទៀត​របស់​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិភាគ មិន​ត្រឹម​តែ​ទប់ទល់​បាន​នឹង​បញ្ហា​សុខភាព​ដែល​បណ្តាល​មក​ពី​ការ​បាត់បង់​ឈាម​នោះ​ទេ តែ​ថែម​ទាំង​ទប់ទល់​បាន​នឹង​ជំងឺ​ដែល​ឆ្លង​ដោយ​ចៃដន្យ តាមរយៈ​ឈាម​។ ការ​គំរាម​កំហែង​ដល់​សុខភាព​ខ្លះ​ដែល​គ្រោះ​ថ្នាក់​បំផុត​នៅ​កម្ពុជា ដូចជា​ជំងឺ​អេដស៍ និង​ជំងឺ​គ្រុន​ចាញ់ ស្ថិត​នៅ​ក្នុង​ជំពូក​នេះ​។ មជ្ឈមណ្ឌល​ផ្តល់​ឈាម​ថ្មី​ភូមិ​ភាគ​នេះ​មាន​បុគ្គលិក និង​បរិក្ខា​សំរាប់​ធ្វើ​ការ​វិភាគ​បាន​ម៉ត់ចត់ ​សំរាប់​រក​មើល និង​ការពារ​ការ​រាលដាល​នៃ​ជំងឺ​បែប​នេះ​។

ដើម្បី​សំរេច​ការ​ឈាន​ឡើង​ទៅ​មុខ​បែប​នេះ នៅ​ក្នុង​ការ​ថែទាំ​សុខភាព​នៅ​កម្ពុជា ខ្ញុំ​សូម​អបអរសាទរ និង​អរគុណ​ចំពោះឯកឧត្តម ម៉ម ប៊ុនហេង ចំពោះ​ការ​រៀប​ចំ​ផែនការ និង​មាន​ចក្ខុវិស័យ​ទៅ​មុខ​។ នៅ​ក្នុង​ការ​ប្រមូល និង​គ្រប់គ្រង​ឈាម វេជ្ជបណ្ឌិត ហុក គឹមចេង គឺ​ជា​អ្នក​អនុវត្ត​ការងារ​ដោយ​ស្មោះ និង​ប្រកប​ដោយ​សមត្ថភាព​។

នៅ​ខេត្ត​សៀមរាប ខ្ញុំ​សូម​អរគុណ​ចំពោះ​ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ព្រម​ទាំង​អភិបាល​រង សុង រីហា ដែល​បាន​ដឹកនាំ​ក្នុង​ការ​ធ្វើ​អោយ​ការ​ថែ​ទាំ​សុខភាព​ជា​វិស័យ​អាទិភាព​សំរាប់​តំបន់​នេះ និង​សូម​អរគុណ​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ដែល​ខ្ញុំ​ដឹង​ថា​ជា​អ្នក​បាន​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ដល់​ការ​ថែ​ទាំ​សុខភាព​របស់​ខេត្ត​នេះ​។ ចំពោះ​លោក​អ្នក​ទាំង​អស់ និង​មនុស្ស​ប្រុស​ស្រី ដែល​ខិតខំ​បំពេញ​ការងារ និង​ដែល​អស់​លោក​ដឹកនាំ ហើយ​ដែល​មាន​វត្តមាន​នៅ​ទី​នេះ​ជា​ច្រើន ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ការងារ​ជួយ​សង្រ្គោះ​ជីវិត ដែល​លោក​អ្នក​ធ្វើ​រាល់​ថ្ងៃ​។

សហរដ្ឋ​អាមេរិក​មាន​កិត្តិយស​ក្នុង​ការ​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​លោក​អ្នក នៅ​ក្នុង​ការ​ធ្វើ​អោយ​ខេត្ត​សៀមរាប និង​តំបន់​ដទៃ​ទៀត​នៃ​ប្រទេស​កម្ពុជា​ជា​កន្លែង​ប្រកប​ដោយ​សុខភាព និង​សុភមង្គល​។ ខ្ញុំ​មាន​មោទនភាព​ដែល​បញ្ជាការដ្ឋាន​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​នៅ​ក្នុង​ការ​កសាង និង​បំពាក់​បរិក្ខា​ដល់​អាគារ​នៃ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិភាគ​ថ្មី​នេះ​ទេ តែ​ថែម​ទាំង​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ធ្វើ​ការ​បណ្តុះបណ្តាល និង​រៀបចំ​ដល់​បុគ្គលិក​ប្រុសស្រី​ដែល​នឹង​ធ្វើការ​នៅ​កន្លែង​នេះ​។

ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​អ្នក​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​កម្ពុជា ​រាប់​ពី​ថ្នាក់​កំពូល​ដល់​ថ្នាក់​ក្រោម​បំផុត បាន​ទាក់ទាញ​ការ​វិនិយោគ​ជា​បន្ត​ជា​ច្រើន​ពី​សហរដ្ឋ​អាមេរិក លើ​បេសកកម្ម និង​ជោគជ័យ​របស់​គេ​។ កាល​ពី​ជាង ២ សប្តាហ៍​មុន ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បាន​បើក​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ដូច​គ្នា​នេះ​នៅ​ខេត្ត​កំពង់ចាម ​ហើយ​នៅ​ចុង​ឆ្នាំ​នេះ នឹង​មាន​ការ​បើក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​មួយ​ថ្មី នៅ​ភ្នំពេញ​។

កម្មវិធី​បន្ទាន់​សំរាប់​ការ​បន្ធូរ​បន្ថយ​ផ្នែក​ជំងឺ​អេដស៍​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (PEPFAR) និង​ទីភ្នាក់ងារ​បង្ការ​និង​កំចាត់​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក​ថែម​ទាំង​មាន​ទំនាក់ទំនង​ដ៏​យូរ​មក​ហើយ​ក្នុង​ការ​ជួយ​ផ្នែក​ផ្តល់​ឈាម​ស្អាត និង​ប្រកប​ដោយ​សុវត្ថិភាព សំរាប់​កម្ពុជា​។ រួម​ជាមួយ​នឹង​មិត្ត​របស់​យើង​គឺ​កាកបាទ​ក្រហម​អូស្ត្រាលី និង​អង្គការ​សុខភាព​ពិភពលោក ​ពួកគេ​បាន​ជួយ​ក្នុង​ការ​ធ្វើ​ផែនការ​ជា​យុទ្ធសាស្រ្ត ការ​បណ្តុះបណ្តាល និង​ការ​អភិវឌ្ឍ​សំរាប់​ផ្នែក​ផ្តល់​ឈាម​នៅ​កម្ពុជា ហើយ​បាន​ធ្វើការ​ដើម្បី​អោយ​អន្តរជាតិ​ទទួល​ស្គាល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​កម្ពុជា​។ សហរដ្ឋ​អាមេរិក​វាយតំលៃ​ខ្ពស់​ចំពោះ​ការ​បាន​ចូលរួម​នៅ​ក្នុង​ភាព​ជា​ដៃគូ និង​ធ្វើ​សហប្រតិបត្តិការ​បែប​នេះ​។

នៅ​ទី​បញ្ចប់ តាង​នាម​អោយ​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​ជា​ថ្មី​នូវ​ការ​មាន​កិត្តិយស ដែល​បាន​ជួយ​ដល់​ការងារ​ដ៏​សំខាន់ ដែល​លោក​អ្នក​ធ្វើ​ដើម្បី​ទ្រទ្រង់​ដល់​សុខភាព​របស់​ប្រជាជន​កម្ពុជា​។ ខ្ញុំ​សូម​អោយ​លោក​អ្នក​ទទួល​បាន​ជោគជ័យ​ជា​បន្ត ក្នុង​ការ​ការពារ​អាយុ​ជីវិត និង​សុខមាលភាព​របស់​អ្នក​ជិត​ខាង មិត្តភក្តិ គ្រួសារ និង​អ្នក​ទស្សនា​អន្តរជាតិ​ជា​ច្រើន ដែល​មក​មើល​ប្រាសាទ​អង្គរវត្ត ហើយ​ទទួល​បាន​ភាព​រាក់ទាក់​របស់​ប្រជាជន​នៅ​សៀមរាប ​ដែល​ជា​កន្លែង​គោលដៅ​ទេសចរ​ដ៏​ល្បី ក្នុង​ពិភពលោក​។ ជា​ចុង​ក្រោយ ខ្ញុំ​សូម​អរគុណ​អស់​ពី​ដួងចិត្ត​ដល់​អ្នក​ធ្វើការ​ផ្នែក​ថែ​ទាំ​សុខភាព​ទាំងអស់​នៅ​ទី​នេះ ដែល​ខិតខំ​ធ្វើ​ការ​រាល់​ថ្ងៃ​ដើម្បី​សហគមន៍​របស់​គេ​។ សូម​អរគុណ​។