សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung ក្នុង​សិក្ខាសាលា របស់​មូលនិធិ Harpswell ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
មូលនិធិ Harpswell រាជធានីភ្នំពេញ
ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥

សូម​ជំរាបសួ ។ ខ្ញុំ​សូម​អរគុណ​បណ្ឌិត Alan Lightman អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់ អេង វ៉ារុននី និង​លោក​អ្នក​ទាំងអស់​នៅ​ក្នុង​មូលនិធិ Harpswell Foundation ដែល​បាន​អញ្ជើញ​ខ្ញុំ​អោយ​មក​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថ្ងៃ​នេះ​ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​។ ខ្ញុំ​មាន​កិតិ្តយស​ដោយ​មាន​វត្តមាន​នៅ​ទីនេះ ជាមួយ​ស្រ្តី​វ័យ​ក្មេង​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ដែល​ខ្ញុំ​បាន​លឺ​ច្រើន​ពី​ពួក​គាត់​។

តាំងពី​ត្រូវ​បាន​បង្កើត​ឡើង អង្គការ​មូលនិធិ Harpswell បាន​ផ្តល់​ការ​អប់រំ កន្លែង​ស្នាក់នៅ និង​ការ​បណ្តុះបណ្តាល​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ សំរាប់​ស្រ្តី​វ័យ​ក្មេង​កម្ពុជា​។ ស្ថានទូត​អាមេរិក​មាន​កិត្តិយស​ ដោយ​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ Harpswell នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​។ ដូច​លោក​អ្នក​ប្រហែល​ជា​បាន​ដឹង​ហើយ កាល​ពី​ឆ្នាំ​ទៅ ​លោក​ឯកអគ្គរដ្ឋទូត Todd បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កម្មវិធី​ស្តីពី​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី ដើម្បី​ទទួល​ស្គាល់ និង​គាំទ្រ​ដល់​ការងារ​ដែល​កំពុង​ធ្វើ​ដោយ​អង្គការ Harpswell គំរោង​ស្តីពី​ស្រ្តី​ក្នុង​ការងារ​សាធារណៈ និង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​។

វា​ជា​ការ​ត្រឹមត្រូវ​ដែល​យើង​មក​ជួបជុំ​គ្នា​នៅ​ពេល​នេះ នៅ​ថ្ងៃ​ទី​១ នៃ​ខែ​មិនា ដើម្បី​ចាប់ផ្តើម​ខែ​ប្រវត្តិសាស្រ្ត​របស់​នារី​។ នៅ​សហរដ្ឋ​អាមេរិក យើង​អបអរ​សមិទ្ធផល​ជា​ច្រើន​ផ្នែក​សង្គមកិច្ច សេដ្ឋកិច្ច និង​នយោបាយ​របស់​ស្រ្តី​។ នៅ​ថ្ងៃ​ទី​៨ ខែ​មិនា ប្រទេស​កម្ពុជា​និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​នឹង​ធ្វើការ​អបអរ​ទិវា​នារី​អន្តរជាតិ​។

ខ្ញុំ​មក​នេះ ដើម្បី​ជំរាប​រឿង​ផ្ទាល់​ខ្លួន​ខ្លះ​របស់​ខ្ញុំ ដែល​រួម​មាន​បញ្ហា​ប្រឈម​ខ្លះ​ ដែល​ខ្ញុំ​បាន​ជួប ក្នុង​នាម​ជា​ជនអន្តោប្រវេសន៍​នៅ​សហរដ្ឋ​អាមេរិក និង​ក្នុង​នាម​​ជា​ស្រ្តី​មាន​ការងារ​អាជីព​ដែល​រក្សា​តល្យភាព​គ្នា​រវាង​ការងារ​និង​គ្រួសារ​។

ជា​បឋម នៅ​ពេល​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​គឺ​​​ជា​អ្នក​ការទូត​អាមេរិក ដែល​ធ្វើការ​​នៅ​ក្នុង​ស្ថានទូត​អាមេរិក គេ​ច្រើន​និយាយ​ថា “​តែ​លោកស្រី​មើល​ទៅ​ដូច​អាស៊ី​!​”​។ ខ្ញុំ​ពន្យល់​ប្រាប់​គេ​ថា ខ្ញុំ​បាន​កើត​នៅ​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​រដ្ឋ California ជាមួយ​គ្រួសារ​ខ្ញុំ នៅ​ពេល​ខ្ញុំ​មាន​អាយុ ៥​ឆ្នាំ​។ ខ្ញុំ​នៅ​ចាំ​​ពី​ការ​ដែល​យើង​បាន​រៀបចំ​អីវ៉ាន់​ដាក់​ចូល​ទៅ​ក្នុង​វ៉ាលី ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថ្មី​មួយ​ដែល​យើង​មិន​ចេះ​និយាយ​ភាសា​និង​ស្គាល់​វប្បធម៌​របស់​គេ​។ យ៉ាង​ណា​ក្តី គ្រួសារ​ខ្ញុំ​ទទួល​យក​ការ​ចាប់ផ្តើម​ថ្មី​នេះ​ជាមួយ​នឹង​អារម្មណ៍​ចំរុះ​គ្នា​នៃ​ការ​ចង់​ដឹង ការ​ភ័យ​ខ្លាច និង​ស្មារតី​ផ្សង​ព្រេង​។

ឪពុក​ខ្ញុំ​បានចាប់ផ្តើម​ធ្វើការ​ជា​អ្នក​បោស​សំអាត ចំណែក​ម្តាយ​ខ្ញុំ​រក​បាន​ការងារ​ធ្វើ​ជា​អ្នក​លាង​ចាន ។ លោក​ទាំង​ពីរ​ទទួល​ប្រាក់​កំរ៉ៃ​ទាប​បំផុត​។ តាមរយៈ​ការ​ខិតខំ​ធ្វើការ​និង​ការ​តាំង​ចិត្ត ឪពុក​ខ្ញុំ​បាន​ទៅ​រៀ​ន​ពេលយប់​ដើម្បី​យក​សញ្ញាប័ត្រ​អនុបណ្ឌិត ហើយ​នៅ​ទី​បំផុត បាន​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​គ្រឿង​ចក្រ​មួយ​ដ៏​មាន​ជោគជ័យ ដែល​ធ្វើការ​អោយ​ស្ថានីយ៍​អវកាស​អន្តរជាតិ​។ រឿង​នេះ​បង្ហាញ​គំរូ​នៃ​សុបិន​របស់​អាមេរិក ហើយ​បង្ហាញ​ថា ប្រទេស​អាមេរិក​គឺ​​ជា​ប្រទេស​ដែល​ផ្តល់​ឱកាស​។ ជោគជ័យ​របស់​ឪពុក​ខ្ញុំ​បាន​មក​ដោយសារ​ការ​សិក្សា ការ​ខិតខំ​ធ្វើការ និង​ជំនឿ ដែល​ទាំងអស់​នេះ​នៅ​តែ​ជា​សសរ​ស្តម្ភ​នៅ​ក្នុង​គ្រួសារ​ខ្ញុំ រហូត​មក​ដល់​ពេល​នេះ​។ ឆ្នាំ​ដំបូង​ៗ​មិន​ស្រួល​ទេ តែ​វា​ធ្វើ​អោយ​គ្រួសារ​យើង​រឹង​មាំ ហើយ​ខ្ញុំ​រៀន​ផ្តល់​តំលៃ​លើ​ស្មារតី​នៃ​ការ​ផ្សង​ព្រេង និង​សុទិដ្ឋិនិយម នៅ​ក្នុង​ប្រទេស​ថ្មី​របស់​ខ្ញុំ គឺ​ប្រទេស​អាមេរិក​។

បន្ទាប់​ពី​ទទួល​សញ្ញាប័ត្រ​បរិញ្ញា​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ពី​សាកលវិទ្យាល័យ California នៅ​ទីក្រុង San Diego និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​កិច្ចការ​អន្តរជាតិ និង​នយោបាយ​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ Columbia ខ្ញុំ​បាន​ធ្វើ​ជា​មន្រ្តី​បំរើ​កិច្ចការ​បរទេស​ក្នុង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​១៩៩៦​។ នៅ​ក្នុង​អាជីព​របស់​ខ្ញុំ ខ្ញុំ​បាន​បំរើ​ការងារ​នៅ​ក្នុង​ប្រទេស​ចិន ជប៉ុន កូរេ វៀតណាម កូឡុំប៊ី អ៊ីរ៉ាក់ ថៃ និង​ប្រទេស​កម្ពុជា​នា​ពេល​នេះ​។

ដូច​ស្រ្តី​ដទៃ​ទៀត​ដែរ ខ្ញុំ​បាន​ជួប​នឹង​បញ្ហា​ប្រឈម​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​ជា​អ្នក​ការទូត​។ ពី​ដំបូង​ឡើយ​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​នៅ​អាស៊ី​ខាង​កើត ជា​ញឹកញាប់ ខ្ញុំ​គឺ​​ជា​ស្រ្តី​តែ​ម្នាក់​គត់​នៅ​ក្នុង​អង្គ​ប្រជុំ​។ បុរស​នៅ​ក្នុង​អង្គ​ប្រជុំ​ច្រើន​គិត​ថា ខ្ញុំ​គឺ​ជា​លេខា ដែល​ទៅ​ឆុងកាហ្វេ​អោយ​គេ​។ ខ្ញុំ​ត្រូវ​ពន្យល់​ដោយ​គួរសម​ថា ខ្ញុំ​គឺ​ជា​មន្រ្តី​រដ្ឋាភិបាល​អាមេរិក ដែល​តំណាង​អោយ​ស្ថានទូត​អាមេរិក​។ រឿង​នេះ​មិន​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់​ផ្អើល​ទេ តែ​ខ្ញុំ​ដឹង​ថា ពេល​ខ្លះ​គេ​វាយ​តំលៃ​យើង​តាមរយៈ​រូបរាង​ខាងក្រៅ​របស់​យើង ឬ​ដោយសារ​អាយុ​របស់​យើង ឬ​ដោយសារ​អ្នក​ជា​ស្រ្តី​។ ខ្ញុំ​ជំ​នះ​បញ្ហា​នេះ​ដោយ​គ្មាន​ញញើត ហើយ​ដោយ​មាន​ការ​តាំងចិត្ត​ក្នុង​ការ​បង្ហាញ​សមត្ថភាព​របស់​ខ្ញុំ និង​បង្ហាញ​អោយ​ឃើញ​តាមរយៈ​ការ​ខិតខំ​។

តាំងតែ​ពី​បាន​ក្លាយ​ជា​អនុប្រធាន​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ កាល​ពី​៧​ខែ​មុន ខ្ញុំ​បាន​ដើរ​ជុំវិញ​ប្រទេស​កម្ពុជា ហើយ​បាន​និយាយ​ជាមួយ​ប្រជាជន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ផ្សេង​ៗ​ជា​ច្រើន​គ្នា​។ ជា​ញឹកញាប់ ខ្ញុំ​បាន​ឃើញ​តួនាទី​ដ៏​សំខាន់​របស់​ស្រ្តី​ខ្មែរ នៅ​ក្នុង​គ្រួសារ និង​សហគមន៍​។ គេ​មើល​កន្លែង​លក់​ឥវ៉ាន់ មើល​ខុស​ត្រូវ​ក្រុមហ៊ុន​តូច​ធំ ដំណើរការ​កិច្ចការ​ស្រែ​ចំការ និង​រោងចក្រ ដោយ​ជា​ញឹកញាប់ មើល​ខុស​ត្រូវ​ផ្ទះ និង​កូន​តូច​ៗ​។ ក្នុង​នាម​ជា​ម្តាយ​ម្នាក់​ដែល​មាន​កូន​អាយុ ២ ឆ្នាំ ខ្ញុំ​យល់​ពី​ការ​ពិបាក​ក្នុង​ការ​រក្សា​តល្យភាព​គ្នា​រវាង​កាតព្វកិច្ច​គ្រួសារ និង​ការ​ទាមទារ​នៃ​ការងារ​។ ដូចស្រ្តី​នៅ​កម្ពុជា​ដែរ ខ្ញុំ​ស្វែង​រក​ការ​ជួយ​ពី​ប្តី គ្រួសារ និង​មិត្តភក្តិ​របស់​ខ្ញុំ​។ តាម​ពិត​ទៅ ខ្ញុំ​ជឿ​ថា ការ​មិន​ខ្លាច​នឹង​សុំ​រក​ជំនួយ​គឺ​ជា​សញ្ញា​នៃ​ភាព​ខ្លាំង​របស់​ស្រ្តី​។

ថ្វី​ត្បិត​តែ​មាន​ភាព​ជឿនលឿន​ច្រើន​មក​ហើយ​ក្តី តែ​ស្រ្តី​នៅ​កម្ពុជា​នៅ​តែ​ជួប​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​ឈាន​ទៅ​សំរេច​សក្តានុពល​របស់​គេ​។ របាយការណ៍​ក្នុង​ពេល​ថ្មី​ៗ​នេះ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​បាន​លើក​ឡើង​កត្តា​ធំ​ជា​ង​គេ​ពីរ ដែល​បង្អាក់​ដល់​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តី​នៅ​កម្ពុជា គឺ​កង្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ការ​គាំទ្រ​តិចតួច​ពី​គ្រួសារ ឬ​សហគមន៍​។ ប្រពៃណី​វប្បធម៌​ក៏​រារាំង​ស្រ្តី​មិន​អោយ​ស្វែង​រក​តួនាទី​ដឹកនាំ​នយោបាយ និង​ចូលរួម​ក្នុង​កិច្ចការ​ពលរដ្ឋ​ផង​ដែរ​។ ពិត​មែន​តែ​ឧបសគ្គ​ទាំង​នេះ​មើល​ទៅ​ហាក់​ដូច​ជា​ធំ តែ​ខ្ញុំ​មាន​ការ​ប្រាកដ​ក្នុង​ចិត្ត​ថា ជំនាន់​របស់​អ្នក​មាន​ជោគជ័យ​ច្រើន ក្នុង​ការ​ជំរុញ​អោយ​មាន​សមភាព​សំរាប់​ស្រ្តី​នៅ​កម្ពុជា​។ នេះ​គឺ​ជា​អ្វី​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ មិន​មែន​សុទ្ធតែ​មាន​ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​ទៅ​លើ​នារី​នោះ​ទេ​។ យ៉ាង​ណា​ក្តី មេ​ដឹកនាំ​បុរស​ស្រ្តី​ដែល​ហ៊ាន​និយាយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​យើង បាន​ធ្វើ​ការ​ដើម្បី​អោយ​ជីវិត​របស់​មនុស្ស​មួយ​​ជំនាន់​ៗ​មាន​ភាព​ប្រសើរ​ឡើង​។ សូម្បី​តែ​មក​ដល់​ពេល​នេះ​ក្តី ក៏​មាន​ការ​ខិតខំ​ជា​បន្ត ដើម្បី​ជំរុញ​បុព្វហេតុ​របស់​ស្រ្តី​ដើម្បី​ឯករាជ្យ និង​សិទ្ធិ​ស្មើ​គ្នា​ដែរ នៅ​សហរដ្ឋ​អាមេរិក​។ យើង​តស៊ូ​ដើម្បី​អោយ​មាន​ភាព​ស្មើ​គ្នា​ក្នុង​រឿង​ប្រាក់ខែ ការ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព ការ​អប់រំ​ក្នុង​តំលៃ​ដែល​គេ​អាច​ទទួល​បាន​។ ដោយ​សារ​មាន​អ្នក​ដឹកនាំ​ច្រើន​ឡើង​លើក​កំពស់​ការ​យល់​ដឹង​ពី​បញ្ហា​ទាំង​នេះ យើង​មាន​ឱកាស​ធ្វើ​អោយ​មាន​បរិយាកាស​ប្រសើរ​ឡើង​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​។ ដូច​លោក​ប្រធានាធិបតី Obama បាន​មាន​ប្រសាសន៍​មក​ថា “​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​មិន​មែន​គ្រាន់តែ​ជា​ការ​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ តែ​វា​ក៏​ជា​ការ​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត​ដែល​ត្រូវ​ធ្វើ​ផង​ដែរ​”​។

ខ្ញុំ​ជឿជាក់​ថា ស្រ្តី​គួរ​តែ​មាន​ឱកាស​ដូច​បុរស ដើម្បី​អោយ​ប្រទេស​កម្ពុជា​ឈាន​ទៅ​សំរេច​សក្តានុពល​ពេញលេញ​របស់​ខ្លួន​បាន​។ ការ​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា​អប់រំ​សំរាប់​ស្រ្តី​មាន​សារៈសំខាន់​ណាស់ ហើយ​បើ​មាន​ការ​ជួយ និង​ការ​ណែនាំ​ត្រឹមត្រូវ ខ្ញុំ​គ្មាន​ការ​សង្ស័យ​ទេ​ថា អ្នក​ក្នុង​នាម​ជា​ស្រ្តី​វ័យ​ក្មេង​កម្ពុជា អាច​សំរេច​អ្វី​ៗ​ទាំងអស់​ដែល​អ្នក​ចង់​បាន​។ អ្នក​អាច​ក្លាយ​ជា​អ្នក​វិទ្យាសាស្រ្ត ជា​វិស្វករ ជា​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ ជា​អ្នក​ការ​ទូត ឬ​ជា​អ្នក​ដឹកនាំ​សហគមន៍​។

មុន​ពេល​ខ្ញុំ​បញ្ចប់ ខ្ញុំ​សូម​អោយ​អ្នក​ស្វែង​រក​ឱកាស​និង​កម្មវិធី​ជា​ច្រើន​ ដែល​ស្ថានទូត​អាមេរិក​ផ្តល់​អោយ​សំរាប់​យុវជន​កម្ពុជា ដូចជា​ការ​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ស្តីពី​មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) ដែល​ជា​កម្មវិធី​ផ្តួចផ្តើម​ឡើង​ដោយ​លោក​ប្រធានាធិបតី Obama ដើម្បី​ជួយ​ដល់​យុវវ័យ​ដូច​ជា​អ្នក ដែល​មាន​ការ​គិតគូរ​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ការ​ការពារ​បរិស្ថាន ការ​អប់រំ និង​ការ​ចូលរួម​របស់​ពលរដ្ឋ នៅ​អាស៊ី​អាគ្នេយ៍​។ ក្នុង​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​ហែម ម៉ារី ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី YSEALI Professional Fellow Program នៅ​ក្នុង​រដ្ឋ Montana ។ អាហារូបករណ៍​រយៈពេល​មួយ​ខែ ដែល​មាន​ឈ្មោះ​ល្បី​នេះ​​នៅ​សហរដ្ឋ​អាមេរិក ធ្វើ​អោយ​ម៉ារី​អាច​បង្កើន​ជំនាញ​របស់​នាង​លើ​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី ធ្វើការ​ទាក់ទង​ជា​បណ្តាញ​ជាមួយ​សហការី​អាមេរិក និង​មេ​ដឹកនាំ​ថ្មី​ៗ នៅ​ជុំវិញ​ពិភពលោក​។ វា​ជា​ការ​ល្អ​ដែល​ឃើញ​ម៉ារី​ប្រើ​បទពិសោធន៍​របស់​នាង​​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើការ​តស៊ូ​មតិ​អោយ​មាន​សមភាព​ជេនឌ័រ​នៅ​ក្នុង​វិស័យ​អប់រំ ហើយ​ធ្វើ​ការ​ណែនាំ​ដល់​កូន​សិស្ស​នៅ​ខេត្ត​កំពង់ចាម​។

ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​អ្នក​ទាំងអស់​គ្នា​ចំពោះ​អ្វី​ដែល​អ្នក​សំរេច​បាន​នៅ​ក្នុង​ការ​សិក្សា​។ អ្នក​បំផុស​ទឹក​ចិត្ត​ដល់​ខ្ញុំ និង​អ្នក​ដទៃ​ជា​ច្រើន​ទៀត​។ អ្នក​ម្នាក់​ៗ​មាន​រឿង និង​ការ​តស៊ូ​ផ្ទាល់​ខ្លួន​ដើម្បី​ដើរ​មក​ដល់​នេះ និង​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ដើរ​ពី​ចំណុច​នេះ​ទៅ​ទៀត​។ រឿង​របស់​ខ្ញុំ និង​រឿង​របស់​គ្រួសារ​ខ្ញុំ​គឺ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​រាប់​លាន​នៅ​ជុំវិញ​ពិភពលោក​ដែល​បង្ហាញ​ស្មារតី​នៃ​ការ​ខិតខំ និង​ការ​ព្យាយាម​ជំនះ​បញ្ហា​ប្រឈម​។ ខ្ញុំ​សង្ឃឹម​ថា អ្នក​រក្សា​ស្មារតី​នេះ ដើម្បី​បំផុស​ទឹកចិត្ត​របស់​អ្នក​អោយ​បន្ត​ខំ​សិក្សា និង​ស្វែង​រក​ឱកាស​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ភាព​សកម្ម នៅ​ក្នុង​សហគមន៍​របស់​អ្នក​។ ក្នុង​នាម​ជា​អនាគត​អ្នក​ដឹកនាំ​ប្រទេស អ្នក​មាន​អំណាច​យ៉ាង​សម្បើម​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​ភាព​ប្រសើរ និង​ខ្លាំង​ជាង​នេះ និង​ក្នុង​ការ​អោយ​គេ​លឺ​សំលេង​របស់​អ្នក​។ សូម​អរគុណ​។