សណ្ឋាគារអាំងទែរកុងទីណង់តាល់ ភ្នំពេញ
ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥
សូមជំរាបសួឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលឺ លោកស្រី Rebecca Black ប្រធាននៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ នៅកម្ពុជា លោក Gianpietro Bordignon តំណាងនិងជាប្រធាននៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅកម្ពុជា លោកស្រី Sun Ah Kim Suh តំណាងរងនៃអង្គការ UNICEF នៅកម្ពុជា លោកស្រី Nina Brandstrup តំណាងនៃអង្គការស្បៀងអាហារនិងកសិកម្ម (FAO) ប្រចាំនៅកម្ពុជា អស់លោកលោកស្រី លោកជំទាវ ឯកឧត្តម និងសមាជិកនៃរាជរដ្ឋាភិបាល។
ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយអស់លោកអ្នកទាំងអស់ ដើម្បីនិយាយអំពីអ្វីដែលមនុស្សជាច្រើនអះអាងថា ជាអាទិភាពទីមួយរបស់កម្ពុជា សំរាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ពោលគឺអាហារូបត្ថម្ភសំរាប់កុមារ។ ក្នុងរយៈពេល ៣ ឆ្នាំរបស់ខ្ញុំនៅកម្ពុជា អាហារូបត្ថម្ភគឺជាប្រធានបទមួយដែលគេតែងតែនិយាយប្រាប់ខ្ញុំជាធម្មតា ជារឿងមួយដែលបុគ្គលិករបស់ខ្ញុំនិងខ្ញុំបន្តយកចិត្តទុកដាក់ទៅលើនៅក្នុងការជួយរដ្ឋាភិបាល និងសហគមន៍នៅកម្ពុជាអោយមានការកែលំអ។
អាហារូបត្ថម្ភល្អគឺជាមូលដ្ឋានសំរាប់ការអភិវឌ្ឍទាំងអស់ សំរាប់អោយមនុស្សម្នាក់ៗសំរេចសក្តានុពលពេញលេញរបស់គេផ្នែករាងកាយ និងចំណេះប្រាជ្ញា និងសំរាប់អោយសហគមន៍ និងប្រទេសមានប្រជាជនដែលមានភាពសំបូរសប្បាយ ធ្វើការបានល្អ និងមានសុខភាពមាំមួន។ បើយើងតាមមើលកុមារពីរនាក់ដែលមានអាយុស្មើគ្នា នៅក្នុងសហគមន៍តែមួយ កុមារដែលមានអាហារូបត្ថម្ភត្រឹមត្រូវ ទឹកស្អាតនិងអនាម័យល្អ ហើយកុមារមួយទៀតដែលគ្មានអាហារូបត្ថម្ភបានត្រឹមត្រូវដូចកុមារមួយទៀត គេងាយនឹងឃើញភាពខុសគ្នារវាងកុមារទាំងពីរនេះ។ កុមារដែលមានអាហារូបត្ថម្ភមិនសមស្រប ច្រើនចាញ់កុមារដទៃ។ អ្វីដែលពិតសំរាប់កុមារទាំងពីរនេះ គឺពិតសំរាប់ប្រទេសទាំងមូល។ ការលូតលាស់និងការអភិវឌ្ឍរបស់ប្រទេសមួយមានការទាក់ទងយ៉ាងច្បាស់ទៅនឹងការលូតលាស់ និងការអភិវឌ្ឍរបស់កុមារនៃប្រទេសនោះ។ អាហារូបត្ថម្ភល្អមានសារៈសំខាន់ចាំបាច់ នៅក្នុងរយៈពេល១០០០ ថ្ងៃដំបូងនៃជីវិតរបស់កុមារ ហើយមានផលយ៉ាងជ្រាលជ្រៅទៅលើការលូតលាស់ និងការរៀនសូត្ររបស់គេ ជួយរួមចំណែកអោយមានវិបុលភាពរបស់គ្រួសារ សហគមន៍ និងប្រទេសរបស់គេ។
ដោយមានសេដ្ឋកិច្ច និងប្រជាជនដែលកំពុងមានការអភិវឌ្ឍ និងកំណើនយ៉ាងរហ័ស ប្រទេសកម្ពុជាត្រូវការកំលាំងពលកម្មដែលមានសុខភាពល្អ មានភាពរហ័សរហួន ហើយអាចរៀនឆាប់ចេះ និងសំរបខ្លួនបានយ៉ាងរហ័ស។ ចំណុចនេះមានសារៈសំខាន់ណាស់ដោយសារកម្ពុជាមានតួនាទីនៅក្នុងសហគមន៍នៃប្រជាជាតិអាស៊ាន។ សង្គមកម្ពុជាដែលមានមនុស្សមានសុខភាព និងការអប់រំល្អ មានសារៈសំខាន់ណាស់ដើម្បីអោយកម្ពុជាអាចធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សាតំបន់ដែលមានភាពបើកចំហ និងសេដ្ឋកិច្ចសាកលលោកដែលចេះតែរីកធំឡើង។ ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើអោយកុមារទាំងអស់សំរេចសក្តានុពលរបស់គេ ហើយអាចរួមចំណែកបានពេញលេញដល់ស្ថិរភាព និងកំណើនលូតលាស់នៃប្រទេសនិងតំបន់របស់គេ គួរទទួលបានការអបអរសាទរ ហើយនិងការគាំទ្រពេញបន្ទុក។
ការឈានជាលំដាប់របស់ប្រទេសកម្ពុជាទៅរកប្រទេសដែលមានចំណូលមធ្យមត្រូវបានឆ្លុះបញ្ចាំងអោយឃើញតាមរយៈកំណែលំអដែលយើងឃើញនៅក្នុងផ្នែកសុខភាព និងអាហារូបត្ថម្ភនៃប្រជាជនខ្លួន។ នៅព្រឹកនេះ អ្នកជំនាញបច្ចេកទេសនឹងបង្ហាញលទ្ធផលនៃការអង្កេតផ្នែកសុខភាព និងផ្នែកប្រជាសាស្រ្តនៅប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤ ដែលត្រូវបានបញ្ចេញក្នុងពេលថ្មីៗនេះ។ លទ្ធផលទាំងនេះបង្ហាញថា អាហារូបត្ថម្ភនៅកម្ពុជាមានភាពប្រសើរឡើងខ្លះ។ តួលេខចុងក្រោយបង្ហាញថា ៣២% នៃកុមារកម្ពុជាមានភាពក្រិនក្នុងការលូតលាស់ នៅឆ្នាំ២០១៤។ ចំនួននេះចុះពីចំនួន៤០% នៅឆ្នាំ២០០៨ និង៤៣% នៅឆ្នាំ ២០០៥។ ពិតមែនតែវា គឺជាការផ្លាស់ប្តូរគួរជាទីសង្ឃឹមក្តី តែផ្លូវដើរទៅមុខនៅមានវែងឆ្ងាយទៀត។ កុមារកម្ពុជាចំនួនជិត ១ ភាគ ៣ មិនធំលូតលាស់ដូចដែលគេគួរធំនោះទេ ហើយអាចប្រឈមនឹងការមិនអាចសំរេចសក្តានុពលផ្នែករាងកាយ និងផ្នែកប្រាជ្ញាស្មារតី។ ដោយផ្តោតការយកចិត្តទុកដាក់លើអាហារូបត្ថម្ភរបស់ស្រ្តី និងកុមារ យើងមានឱកាសធ្វើអោយខ្លួនប្រាណមានសុខភាពល្អ ដែលអាចធ្វើអោយយើងអាចកសាងប្រទេសដែលមានភាពរឹងមាំល្អ។
មិនមែនគ្រាន់តែទំលាប់ក្នុងការហូបចុកតែប៉ុណ្ណោះទេដែលគំរាមកំហែងដល់សុខមាលភាពផ្នែកអាហារូបត្ថម្ភនៅកម្ពុជា តែការផ្គត់ផ្គង់ត្រីដែលជាប្រភពសំខាន់បំផុតនៃជាតិប្រូតេអ៊ីននៅកម្ពុជា អាចរងផលប៉ះពាល់យ៉ាងខ្លាំងដោយទំនប់វារីអគ្គិសនី ដែលត្រូវបានគ្រោងសង់នៅត្រង់ផ្នែកសំខាន់ៗនៃទន្លេមេគង្គ។ ខ្ញុំគិតថា មានសំណាងដែលបានរស់នៅជិតផ្លូវទឹកដ៏ធំ និងសំខាន់នេះ ហើយការដឹងថា ទន្លេនេះមានសារៈសំខាន់យ៉ាងណាសំរាប់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាធ្វើអោយខ្ញុំរឹតតែផ្តល់តំលៃដល់ទន្លេនេះថែមទៀត។ រដ្ឋាភិបាលក៏ដូចជាពលរដ្ឋសាមញ្ញត្រូវការរក្សាអោយទន្លេនេះនៅតែជាធនធានសំរាប់មនុស្សជាច្រើន ដើម្បីអោយវាសំបូរត្រី ដើម្បីអោយកសិករអាចបន្តដាំដំណាំស្បៀងអាហារសំរាប់ប្រទេស ហើយធានាសន្តិសុខស្បៀងនៅពេលអនាគតរបស់កម្ពុជា។
ដូច្នេះ តើយើងនឹងធ្វើអ្វី? ខ្ញុំគិតថា យើងអាចចាប់ផើ្តមដោយត្រូវដឹងថា បញ្ហាអាហារូបត្ថម្ភគឺជាបញ្ហាស្មុគស្មាញមួយ។ មានកត្តារួមចំណែកច្រើនចំពោះបញ្ហាបច្ចុប្បន្ននៃភាពក្រិន។ គេអាចដោះស្រាយបញ្ហាស្មុគស្មាញ ដោយដំណោះស្រាយដែលមានការគិតគូរច្បាស់។ តែដំណោះស្រាយទាំងនោះមិនមែនមានមកដោយគ្មានការធ្វើការរួមគ្នានោះទេ។ បើយើងត្រូវបន្តធ្វើអោយអត្រានៃភាពក្រិននៅកម្ពុជាធ្លាក់ចុះ ហើយសំរេចសក្តានុពលរបស់ប្រជាជនដែលមានភាពមាំទាំ និងសុខភាពល្អ នោះយើងត្រូវតែធ្វើការជាមួយគ្នា កំណត់យកយុទ្ធសាស្រ្តច្រើនវិស័យ ហើយដោះស្រាយកត្តានានាដែលមានចំណែកធ្វើអោយមានភាពក្រិន ហើយសំខាន់ចាំបាច់ចំពោះជីវិតរបស់ស្រ្តី និងកុមារដែលស្ថិតក្នុងអាយុក្រោម ២ ឆ្នាំ។ ទឹកស្អាតហើយសុវត្ថិភាពសំរាប់បរិភោគ ការមានស្បៀងអាហារចំរុះ និងប្រកបដោយជីវជាតិ ទំលាប់ដែលនាំអោយមានសុខភាពល្អ លទ្ធភាពទទួលបានការថែទាំសុខភាព ការបញ្ចូលចំណុចទាំងនេះ និងផ្នែកសំខាន់ៗដទៃទៀតនឹងធ្វើអោយកម្ពុជាអាចបន្តការកាត់បន្ថយប្រកបដោយជោគជ័យ ដែលយើងឃើញនៅក្នុងទិន្នន័យស្តីពីការអង្កេតផ្នែកសុខភាព និងប្រជាសាស្រ្តនៅកម្ពុជា ក្នុងឆ្នាំនេះ។
ខ្ញុំសូមបញ្ជាក់ថា យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានៃកង្វះអាហារូបត្ថម្ភ ហើយនិងអ្វីដែលយើងកំពុងធ្វើការទាក់ទងនឹងរឿងនេះ។ អាទិភាពសំខាន់បំផុតរបស់ប្រទេសអាមេរិកនៅកម្ពុជាគឺជួយកែលំអជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។ ការលើកកំពស់អាហារូបត្ថម្ភគឺជាផ្នែកសំខាន់មួយនៃអាទិភាពនេះ។
តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមស្តីពីការចិញ្ចឹមអនាគតរបស់លោកប្រធានាធិបតី Obama ដែលជាយុទ្ធនាការជាសាកលមួយដើម្បីប្រឆាំងនឹងភាពអត់ឃ្លាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ និងដៃគូរបស់ខ្លួនក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងជួយកសិករនៅតាមខេត្តនៅជុំវិញបឹងទន្លេសាបក្នុងការបង្កើនទិន្នផលរបស់គេ និងប្រាក់ចំណូលរបស់គេ ដោយប្រើបច្ចេកទេស និងមធ្យោបាយងាយតែមានប្រសិទ្ធភាព។ គេក៏កំពុងរៀនផងដែរពីវិធីជ្រើសរើស និងរៀបចំអាហារដែលផ្តល់អោយគ្រួសាររបស់គេនូវជីវជាតិល្អបំផុត។
កាលពីឆ្នាំទៅ យើងអបអរគំរោងមួយដែលមានឈ្មោះថា NOURISH របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលត្រូវបានឧបត្ថម្ភថវិកាមួយចំណែកពីគំរោងចិញ្ចឹមអនាគត (Feed the Future) ។ គំរោង NOURISH នេះ គឺជាគំរោងគំនិតផ្តួចផ្តើមដែលមានរយៈពេល ៥ ឆ្នាំ ហើយមានទឹកប្រាក់ចំនួន ១៦,៥ លានដុល្លាអាមេរិក ដែលកំពុងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកអាហារូបត្ថម្ភ និងអនាម័យ ដែលជាតំរូវការសំរាប់ដោះស្រាយភាពក្រិន។
យើងជួយផងដែរដល់កម្មវិធីផ្តល់អាហារនៅតាមសាលាជាមួយដៃគូរបស់យើង គឺកម្មវិធីស្បៀងអាហារពិភពលោករបស់សហប្រជាជាតិ។ កម្មវិធីនេះមិនត្រឹមតែធ្វើអោយសិស្សទៅរៀនទេ តែវាថែមទាំងផ្តល់អោយពួកគេនូវថាមពល និងសុខភាពសំរាប់រៀន និងចងចាំចំណេះនិងជំនាញដែលគេត្រូវការនៅក្នុងជីវិតរបស់គេ។
បុគ្គលិកយោធារបស់យើង ដែលយើងច្រើនតែគិតថា សកម្មភាពរបស់គេទាក់ទងនឹងសង្គ្រាម និងជំលោះ បានមូជើងខោ ដៃអាវដើម្បីកសាងសាលារៀននៅប្រទេសកម្ពុជា។ តាំងពីឆ្នាំ ២០១០ មក យើងបានបំពេញគំរោងផ្តល់ជំនួយមនុស្សធម៌ចំនួន ៤២ នៅតាមខេត្តចំនួន ៦ ដោយចំណាយអស់ទឹកប្រាក់ចំនួន ១១,២ លានដុល្លាអាមេរិក ហើយយើងនឹងបន្តកសាងបន្ទប់ទឹក មណ្ឌលសុខភាព និងសាលារៀននៅទូទាំងប្រទេស ដើម្បីជួយប្រទេសកម្ពុជាក្នុងការបំរើប្រជាជនខ្លួនអោយបានល្អ នៅក្នុងវិស័យសុខាភិបាល អប់រំ និងស្ថានភាពអនាម័យ។ លោកអ្នកអាចដឹងច្រើនថែមទៀតពីវិធីជាច្រើនដែលយើងបំពេញការងារទាំងនេះ តាមទំព័រ Facebook របស់យើង។
បុគ្គលិករបស់ខ្ញុំនឹងបន្តជំរុញអោយមានជំនួយសំរាប់លើកកំពស់អាហារូបត្ថម្ភសំរាប់អំឡុងពេល ១០០០ ថ្ងៃ ដ៏មានសារៈសំខាន់ ហើយជួយកែលំអជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។ តែយើងមិនអាចធ្វើការងារនេះតែម្នាក់ឯងបានទេ។ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន គ្រប់គ្នាត្រូវមានតួនាទីត្រូវបំពេញ។
មិនយូរកន្លងមកនេះទេ លោកឯកអគ្គរដ្ឋទូតបានជួបជាមួយ Joel ដែលជាអ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តនៅក្នុងទីភ្នាក់ងារ Peace Corps របស់យើងប្រចាំនៅខេត្តសៀមរាប។ ជាបន្ថែមលើការទទួលខុសត្រូវជាធម្មតារបស់គាត់ Joel កំពុងធ្វើការជាមួយគ្រួសារម្ចាស់ផ្ទះ ដើម្បីចាប់ផ្តើមគំរោងសួនបន្លែសាកល្បងមួយ។ ខ្ញុំមានការចាប់អារម្មណ៍ចំពោះសួនបន្លែរបស់គេដែលផ្តល់ផលច្រើន ហើយនិងការដែលគាត់ និងគ្រួសាររបស់គាត់បានធ្វើអោយយុវជនឯទៀតនៅក្នុងសហគមន៍របស់គេមានការចាប់អារម្មណ៍ច្រើនឡើង។ ក្នុងពេលដែលគេបង្កើតអោយមានឱកាសដើម្បីពង្រីកស្បៀងនៅក្នុងមូលដ្ឋាន បង្កើនចំណូល ធ្វើអោយយុវជនចូលរួម ពួកគេថែមទាំងបង្ហាញជាគំរូនូវសារៈសំខាន់នៃជោគជ័យ ដែលយើងទទួលបាន តាមរយៈការធ្វើសហប្រតិបត្តិការជាមួយគ្នា។ អាហារូបត្ថម្ភ និងកសិកម្មទាមទារអោយមានការយកចិត្តទុកដាក់រួម និងការវិនិយោគរួម តែគំរូដូចជាគំរូរបស់ Joel ក្នុងការចូលរួមក្នុងមូលដ្ឋាន និងដោយផ្ទាល់ មានតួនាទីយ៉ាងសំខាន់នៅក្នុងដំណោះស្រាយ។
ការវិនិយោគលើអាហារូបត្ថម្ភរបស់ស្រ្តី និងកុមារដែលស្ថិតនៅក្នុងអាយុក្រោម ២ ឆ្នាំ គឺជាការវិនិយោគលើសុខភាពរបស់ប្រទេសទាំងមូល។ ដោយគិតជាមធ្យម ប្រាក់មួយដុល្លាៗដែលត្រូវបានវិនិយោគលើអាហារូបត្ថម្ភ លទ្ធផលទទួលបានត្រឡប់វិញមាន១៦ដងលើសពីប្រាក់នេះទៅទៀត ហើយនៅតាមប្រទេសខ្លះ គឺមានច្រើនជាងនេះទៅទៀត។ ទាំងនេះគឺជាការវិនិយោគសំរាប់រយៈពេលយូរ។ យើងមិនអាចរំពឹងទទួលបានលទ្ធផលភា្លមៗទេ។ តែដោយដឹងថា អាហារូបត្ថម្ភគឺជាមូលដ្ឋាននៃលទ្ធផលវិជ្ជមានទាំងអស់ដែលយើងចង់ឃើញមានសំរាប់ប្រទេសកម្ពុជា វាគឺជាការវិនិយោគដែលយើងមិនអាចខ្វះបាន។ សូមអរគុណ។