សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិធី​កាត់​ខ្សែបូរ​នៅ​សាលារៀន​ឃុំ​រំចេក

សាលារៀន​ឃុំ​រំចេក ខេត្ត​កំពង់ចាម
ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥

សូម​ជំរាប​សួ​ ឯកឧត្តម​ លោក​ជំទាវ​ ភ្ញៀវ​កិត្តិយស​ សិស្ស​និង​បុគ្គលិក​សាលា​រំចេក​ និង​ប្រជាជន​​នៅ​ខេត្ត​​កំពង់ចាម។​ សូម​អរគុណ​ដែល​បាន​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​ក្នុង​ពិធី​ដ៏​សប្បាយ​នា​ថ្ងៃ​​នេះ។​ ខ្ញុំ​រីករាយ​ដោយ​បាន​មក​​កាន់​​ខេត្ត​កំពង់ចា​ម ហើយ​ជួប​ជាមួយ​មនុស្ស​ល្អៗ​ ដែល​ចាត់​ទុក​តំបន់​នេះ​ជា​ស្រុក​កំណើត​របស់​គេ។​

ថ្ងៃ​​នេះ​​ យើង​​អបអ​រ​ការ​​កសាង​​អាគារ​​ថ្មីៗ​​ ដូច្នេះ​​ ខ្ញុំ​​គិត​​ថា​​ វា​​មាន​​ភាព​​សម​​ហេតុ​ផល​​​ដោយ​​ជា​ដំបូង​​ធ្វើកា​រ​​​រៀបរាប់​ពី​ទំនាក់ទំនង​រវាង​សាលារៀន និង​សហគមន៍​ដែល​សាលារៀន​​នេះ​ស្ថិត​នៅ ​ទៅ​តាម​ពាក្យ​ដែល​អ្នក​ធ្វើការ​​សាង​សង់​ប្រើ​ គឺ​ថា ​សាលារៀន​គឺ​ជា​គ្រឹះ​នៃ​សហគមន៍។​ បើ​គ្មាន​មូលដ្ឋាន​រឹងមាំ​​នៃ​ស្ថាប័ន​មួយ​ដែល​ធ្វើ​អោយ​កុមារ​​អាច​​ទទួល​បាន​ការ​សិក្សា​ដ៏​មាន​តំលៃ​ទេ​ ដែល​ក្នុង​នោះ ​គ្រូ​បង្រៀន​បង្កើន​ចំណេះ​ដឹង​ និង​ភាព​វាងវៃ​នៃ​សិស្ស​​របស់​​គាត់​ នោះ​ការ​ចំរើន​ទៅ​មុខ​ និង​ស្ថិរភាព​​នៃ​រចនាសម្ព័ន្ធ​សហគមន៍​ដែល​មាន​គ្រឹះពឹង​ផ្អែក​លើ​សាលារៀន​ នឹង​មិនមាន​​ច្រើនទេ។​ សហគមន៍​​មួយ​ត្រូវ​ការ​មនុស្ស​ដែល​មាន​ភាពវាងវៃ​ ហើយ​និង​ចំណេះ​ដឹង​ អោយ​ធ្វើ​ជា​អ្នក​ដឹកនាំ​ អ្នកផ្គត់​​ផ្គង់​សំរាប់​គ្រួសារ​របស់​គេ​ និង​ឪពុក​ម្តាយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ។​ ទាំងអស់នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​តួនាទី​​ដទៃ​ទៀត​ដែល​មាន​ច្រើន​រាប់​មិន​អស់​ របស់​មនុស្ស​ នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ការ​រីកចំរើន។​ ដោយសារ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេសកម្ពុជា​ ពេលនេះ​ យើង​កំពុង​អបអរ​ការ​បើកសាលារៀនថ្មី​មួយ​ដែល​ផ្តល់​​​អោយ​ឃុំរំចេក​នូវ​មូលដ្ឋាន​រឹង​មាំ​នៃ​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​សិក្សាអប់រំ​ ដែល​គ្រប់​សហគមន៍​​ទាំងអស់​​ត្រូវ​​ការ​ ហើយ​គ្រប់​កុមារ​ទាំងអស់​សម​នឹង​ទទួល​បាន។​

តាង​នាម​អោយ​ស្ថានទូត​អាមេរិក​ ខ្ញុំសូ​ម​អរគុណ​ចំពោះ​ការងារ​ដ៏​ប្រពៃ​របស់​ក្រុម​វិស្វករ​នៃ​កងទ័​ពជើងគោក​​សហរដ្ឋ​អាមេរិក​ និងដៃ​គូខាងកម្ពុជា​របស់គេ​ដែលជា​អ្នកម៉ៅការ​ ក្នុង​ការ​កសាង​ទីកន្លែងថ្មី ​ដែល​យើង​កំពុង​បើក​នៅ​ថ្ងៃ​នេះ។​ យើង​រីករាយ​នឹង​ឃើញ​គំរូនេះ​​នៃ​យោធាអាមេរិក​ នៅ​ក្នុង​ការ​ផ្តល់​អោយ​សហគមន៍​នានា ​ដូចជា​សហគមន៍​​រំចេក​​នេះ។​ គុណភាព​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​គេ​បាន​ផ្តល់​អោយ​ទី​កន្លែង​នានា ​ដូចជា​កន្លែង​សំរាប់​​ផ្តល់​ការ​ថែ​ទាំ​​សុខ​ភាព និង​ការ​សិក្សា​អប់រំ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​ភាព​គួរ​អោយ​កត់​សំគាល់។​ តែ​ពួកគេ​មិន​ត្រឹម​តែគិត​​គូរ​តែ​ពី​​សំណង់​តែ​ប៉ុណ្ណោះទេ​។​ សំខាន់​ជាង​នេះ​ទៅទៀ​ត​ គេ​បាន​ធ្វើ​ការ​សំរេចចិត្ត​ដែល​បង្ហាញថា ​គេ​គិតគូរ​ពី​​មនុស្ស ​ដែល​​ប្រើប្រាស់​អាគារថ្មី​ទាំងនេះ។​ លោក​អ្នក​អាច​កត់សំគាល់​ឃើញថា​ កង​វិស្វករ​នៃ​កងទ័ព​​ជើងគោក​​អាមេរិក​បាន​សង់​​សាលារៀន​ខ្ពស់ពីដី ​ដើម្បី​កុំអោយទឹកចូលដល់​ នៅ​ពេល​មាន​ទឹកជំនន់។​ អាគារ​ត្រូវ​បាន​សង់​ខ្ពស់​​បន្តិច​ ដើម្បី​អោយ​​គេអាច​ដើរ​នៅពីក្រោម​បាន​ដោយ​សុវត្ថិភាព​ និង​ដោយស្រួល​ ហើយអាចចតកង់ ម៉ូតូបាន។​ បង្គន់​ថ្មី​ត្រូវ​បាន​បញ្ចូល​​ទៅ​ក្នុង​គំរោង​សំរាប់​ភាព​ងាយស្រួល​និង​អនាម័យ​​សំរាប់កុមារ​ និងបុគ្គលិក​ ហើយមាន​បន្ទប់​​បង្គន់​មួយ​ត្រូវ​បាន​ធ្វើ​​ឡើង​​សំរាប់​រទេះ​ជន​ពិការ​ចូលដល់។​ ជាទូទៅ​ លោក​អ្នក​រំពឹងថា​ អ្នក​សាងសង់​មាន​ដៃរឹងមាំ​ តែ​ការ​ខិតខំ​ប្រកប​ដោយ​ការ​ចេះ​គិតគូរ​​ទាំងនេះ​បង្ហាញ​អោយ​ឃើញ​ថា ​អ្នក​ធ្វើការ​សាងសង់​របស់​យើង​​មាន​ចិត្ត​​ទូលាយ​ថែម​ទៀត​ផង។ ​សូម​ទះ​ដៃ​អបអរ​សាទរ​​ចំពោះ​វិស្វករ​ និង​អ្នក​សាងសង់​ ដែល​បាន​ធ្វើ​ការ​ក្នុង​​គំរោង​សាលារៀន​ដ៏ល្អ​នេះ។​

ជា​ទី​បញ្ចប់​នេះ​ ខ្ញុំ​សូម​លើក​ឡើង​នូវ​ពាក្យ​ប្រៀន​ប្រដៅ​មួយ​របស់​ខ្មែរ​សំរាប់​កុមារ​ ដែល​និយាយ​ថា ​ចង់​គា​ប់​​ប្រសើរ​ ត្រូវ​ស្វះស្វែង​រៀនសូត្រ​ រៀនត្រេះរិះ​គ្រប់សារពើ។​ ខ្ញុំ​ចង់​អោយ​កុមារ​នៅ​ឃុំ​រំចេក​ និង​កុមារ​កម្ពុជា​ទាំងអស់​ មាន​ជីវិត​រស់​នៅ​សុខ​ស្រួល​ ដោយ​ប្រើប្រាស់​អំណាច​នៃ​ការ​សិក្សា​ដែល​គេ​បាន​ទទួល ​ដើម្បី​សំរេច​បំណង​​របស់គេ។​

ខ្ញុំ​សូមអបអ​រចំ​ពោះ​ប្រជាជន​នៅ​ខេត្ត​កំពង់ចាម​ ពិសេស​កុមារ​ និង​បុគ្គលិក​​នៃ​សាលា​ឃុំរំចេក។ ​សូមអរគុណ។