សុន្ទរកថា​​របស់​​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិព័រណ៍​យុវជន ក្រោម​ប្រធានបទ យុវជន និង​ភាព​ជា​អ្នក​ដឹកនាំ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)
កោះពេជ្យ រាជធានីភ្នំពេញ
ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៥

សូម​ជំរាបសួ​ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា អស់​លោក លោកស្រី​ជាភ្ញៀវ​កិត្តិយស

ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ​ជាមួយ​លោក​អ្នក សំរាប់​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​ក្នុង​ការ​រៀបចំ​ពិព័រណ៍​យុវជន ឆ្នាំ​២០១៥​។ តាង​នាម​អោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​ដើម្បី​អរគុណ​លោក Yin Bendarom ដែល​មក​ពី​វិទ្យាស្ថាន International Republican Institute និង​អ៊ឹម សុទ្ធី ដែល​មក​ពី​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា និង​ក្រុម​របស់​គាត់ ដែល​បាន​រៀបចំ​ពិធី​នេះ​ឡើង ហើយ​អញ្ជើញ​ខ្ញុំ​មក​ថ្លែង ​នៅ​ថ្ងៃ​នេះ​។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​លោក យក់ ង៉ុយ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ខ្ញុំ​សូម​សរសើរ​ក្រសួង​អប់រំ​ចំពោះ​កំណែ​លំអ​គួរ​អោយ​កត់​សំគាល់​ នៅ​ក្នុង​ដំណើរការ​រៀបចំ​ការ​ប្រលង​ថ្នាក់​ទុទិយភូមិ កាល​ពី​ខែ​មុន​។ នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​!

ក្នុង​ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​អ្នក​មក​មើល ខ្ញុំ​មាន​ចិត្ត​រំភើប​ ដោយ​ឃើញ​យុវជន​កម្ពុជា​ជា​ច្រើន ដែល​មាន​ទេពកោសល្យ និង​មាន​ក្តីសោមនស្ស​រីករាយ​។ ខ្ញុំ​បាន​លឺ​ពី​ការងារ​ដ៏​ប្រពៃ​ដែល​គេ​កំពុង​ធ្វើ ដើម្បី​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច នៅ​តាម​សហគមន៍​គេ​។ ខ្ញុំ​ដឹង​ថា ពេល​នេះ​មាន​អ្នក​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា​។ ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កោះកុង​និង​ខេត្ត​បាត់ដំបង ក្នុង​ពេល​ថ្មី​ៗ​នេះ និង​ទៅ​ខេត្ត​សៀមរាប នៅ​មុន​នោះ ខ្ញុំ​បាន​ជួប​នឹង​យុវជន​ដូច​អ្នក​ទាំងអស់​គ្នា ដែល​កំពុង​ជួយ​សហគមន៍​របស់​គេ​។ នៅ​ទូទាំង​ប្រទេស​កម្ពុជា ​គេ​បាន​បង្ហាញ​អោយ​ឃើញ​ថា គេ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​អោយ​ប្រទេស​របស់​គេ​មាន​ការ​រីក​ចំរើន​។ ខ្ញុំ​ដឹង​ថា គេ​ម្នាក់​ៗ​មាន​បញ្ហា​ប្រឈម​ផ្ទាល់​ខ្លួន​របស់​គេ​នៅ​ក្នុង​ជីវិត ហើយ​ឪពុក​ម្តាយ និង​ជីដូន​ជីតា​របស់​គេ​បាន​ធ្វើការ​លះបង់​ច្រើន​សំរាប់​ពួកគេ​។ ជោគជ័យ និង​ស្មារតី​រឹងប៉ឹង​របស់​គេ​គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​សំរាប់​យើង​ទាំងអស់​គ្នា​។ ខ្ញុំ​សូម​សរសើរ​ដល់​ពួកគេ​ទាំងអស់​ដែល​បាន​ខិតខំ​ធ្វើការ ហើយ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​ពួកគេ ​កុំ​អោយ​បោះបង់​ក្នុង​ការ​ឈាន​ទៅ​សំរេច​គោលដៅ​ក្នុង​ជីវិត​។

ពិធី​នេះ​បង្ហាញ​ពី​សារៈសំខាន់​ចាំបាច់​នៃ​យុវជន​ចំពោះ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​។ យុវជន​ក៏​ជា​ផ្នែក​សំខាន់​ផង​ដែរ​នៃ​សង្គម​ស៊ីវិល​។ ខ្ញុំ​ជឿ​ថា សង្គម​ស៊ីវិល​មួយ​ដែល​មាន​សេរីភាព រស់រវើក និង​រឹងមាំ ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​ភាព​រឹងមាំ​។ ខ្ញុំ​គ្មាន​ការ​សង្ស័យ​ទេ​ថា ការ​ចំរើន​ទៅ​មុខ​ដែល​ប្រទេស​កម្ពុជា​មាន នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ពោល​គឺ​សេដ្ឋកិច្ច ដែល​កំពុង​រីក​ចំរើន កំណែ​លំអ​លើ​ការ​ថែទាំ​សុខភាព និង​សាលារៀន ជា​ដើម មួយ​ចំណែក​ធំ​គឺ​បាន​មក​ដោយសារ​ការងារ​របស់​សង្គម​ស៊ីវិល ដែល​ធ្វើការ​ស្រប​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។

សហរដ្ឋ​អាមេរិក​កំពុង​ជួយ​កម្មវិធី​ល្អ​ៗ​ជា​ច្រើន ដែល​លើក​ទឹក​ចិត្ត​អោយ​យុវជន​ចូលរួម​នៅ​កម្ពុជា ពីព្រោះ​ការ​ចូលរួម​របស់​យុវជន​គឺ​ជា​គន្លឹះ​សំរាប់​អោយ​ប្រទេស​ឈាន​ទៅ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​សំរាប់​ទាំងអស់​គ្នា​។ តាំង​ពី​ឆ្នាំ​២០០៩ មក មាន​យុវជន​កម្ពុជា​ជាង ១៧ ០០០ នាក់បាន​ឆ្លង​កាត់​កម្មវិធី​អប់រំ​ពលរដ្ឋ ដែល​បង្រៀន​ដោយ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា តាមរយៈ​កម្មវិធី​ស្តីពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​អភិបាលកិច្ច និង​នយោបាយ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ។ តាំង​ពី​ឆ្នាំ ២០១២ មក ទីភ្នាក់ងារ USAID បាន​ឧបត្ថម្ភ ៤០ វគ្គ​ក្នុង​កម្មវិធី​ពិភាក្សា​ដេញដោល​គ្នា​លើ​គោលនយោបាយ​របស់​មនុស្ស​ជំនាន់​ថ្មី​តាម​ទូរទស្សន៍ ដែល​ធ្វើ​អោយ​សារ​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ពិភាក្សា​ដេញដោល​លើ​គោលនយោបាយ​បាន​ឃើញ​និង​លឺ​ដោយ​មនុស្ស​រាប់​លាន​នាក់ នៅ​ទូទាំង​ប្រទេស​។

នៅ​ក្នុង​សកម្មភាព​ដោយ​ឡែក​មួយ មាន​អ្នក​ចូលរួម​ចំនួន ៤១ នាក់ ដែល​ក្នុង​នោះ មាន ១៤ នាក់​ជា​នារី បាន​ឆ្លង​វគ្គ​រៀនសូត្រ​ស្តីពី​មេ​ដឹកនាំ​ពេល​អនាគត ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ USAID ។ អ្នក​រៀនសូត្រ​ចំនួន ១៤ ក្នុង​ចំណោម​នេះ ពេល​នេះ កំពុង​តែ​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​។ ២ នាក់​នៅ​ក្នុង​រដ្ឋសភា​ជាតិ និង ៤ នាក់​នៅ​ក្នុង​មុខ​តំណែង​ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្សនយោបាយ​។ យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​យុវជន​កម្ពុជា​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​ទាំង​នេះ​។ យើង​ចង់​ឃើញ​នារី​ច្រើន​ថែម​ទៀត​កាន់​តំណែង​ជា​អ្នក​ដឹកនាំ នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​នៅ​កម្ពុជា ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ជួយ​បង្កើត​មជ្ឈមណ្ឌល​ស្តីពី​ភាព​ជា​សហគ្រិន​របស់​ស្រ្តី កាល​ពី​សប្តាហ៍​មុន​។

យុវជន​កម្ពុជា​ក៏​មាន​ការ​ចូលរួម​សកម្ម​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​។ កាលពី​ខែ​មិថុនា​កន្លង​ទៅ ​យុវជន​កម្ពុជា​ចំនួន ៦ រូប ស្ថិត​ក្នុង​ចំណោម​យុវជន​ក្នុង​អាជីព​មួយ​ក្រុម​ដែល​បាន​ជួប​លោក​ប្រធានាធិបតី Obama នៅ​សេតវិមាន​។ អ្នក​ទាំង ៦ នោះ​បាន​ចូលរួម​ជា​ផ្នែក​មួយ​ នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តីពី​មេ​ដឹកនាំ​យុវជន​វ័យ​ក្មេង​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ នៅ​ក្នុង​ការ​ជួប​គ្នា​នោះ លោក​ប្រធានាធិបតី Obama បាន​ដាស់​តឿន​អោយ​ពួកគេ​ប្រើ​បទពិសោធន៍​របស់​គេ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ក្រុម​អ្នក​មាន​ជំនាញ​អាជីព និង​ក្រុម​មនុស្ស​ដែល​មាន​វប្បធម៌​ផ្សេង​គ្នា នៅ​ក្នុង​ប្រទេស​របស់​គេ​។ កម្មវិធី YSEALI គឺ​ជា​មធ្យោបាយ​មួយ​សំរាប់​អោយ​យុវជន​ល្អ​ៗ​នៅ​តំបន់​អាស៊ាន​ធ្វើការ​សហការ​ជាមួយ​គ្នា និង​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឈម​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ​បំផុត​ខ្លះ នៅ​ក្នុង​តំបន់​។ តាមរយៈ​កម្មវិធី YSEALI អ្នក​នឹង​មាន​ឱកាស​ល្អ​ៗ ដូច​ជា​ការ​ចងក្រង​គ្នា​ជា​បណ្តាញ ថវិកា​សំរាប់​ផ្តួចផ្តើម​គំរោង និង​មាន​រហូត​ដល់​ឱកាស​បាន​ធ្វើ​ដំណើរ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​អោយ​គ្រប់​គ្នា​ចុះ​ឈ្មោះ​តាម​អ៊ិនធ័រណែត នៅ​ថ្ងៃ​នេះ បើ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ទេ​។

ដូច​យុវជន​កម្ពុជា​ដែល​បាន​ទៅ​សេតវិមាន នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែរ អ្នក​គឺ​ជា​អនាគត​អ្នក​ដឹកនាំ​។ អ្នក​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សហគមន៍​របស់​អ្នក​អោយ​មាន​ការ​យល់​ដឹង​ច្រើន​ពី​តួនាទី​របស់​អ្នក​ដឹកនាំ​វ័យ​ក្មេង ក្នុង​ការ​កំណត់​អនាគត​នៃ​ប្រទេស​ជាតិ​របស់​អ្នក​។

មុន​ពេល​ខ្ញុំ​បញ្ចប់ ខ្ញុំ​សូម​សំដែង​អំណរគុណ​ម្តង​ទៀត​ដល់លោក យុក ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំពោះ​អ្វី​ៗ​ដែល​ក្រសួង​បាន​ធ្វើ​ដើម្បី​គាំទ្រ​ដល់​យុវជន នៅ​កម្ពុជា​។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​វិទ្យាស្ថាន International Republican Institute និង​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា ដែល​បាន​រៀបចំ​ពិធី​នេះ​ឡើង​។ ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ​ដោយ​មាន​វត្តមាន​នៅ​ទីនេះ​។ ខ្ញុំ​សូម​ជូនពរ​អោយ​គ្រប់​គ្នា​ទទួល​បាន​ជោគជ័យ​ជា​បន្ត ក្នុង​ពេល​ដែល​លោក​អ្នក​ធ្វើការ ដើម្បី​ជំរុញ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ដំណើរការ​នយោបាយ​។ ពាក្យ​ស្លោក​មួយ​របស់​ខ្មែរ​ដែល​ខ្ញុំ​ពេញចិត្ត​ជាង​គេ និយាយ​ថា “​រលក​ក្រោយ​ច្រាន​រលក​មុខ​” ដែល​មាន​ន័យ​ថា មនុស្ស​ជំនាន់​ក្រោយ​កំណត់​មនុស្ស​ជំនាន់​មុន​។ ខ្ញុំ​រីករាយ​នឹង​លឺ​ជោគជ័យ​នៅ​ពេល​អនាគត​របស់​អ្នក​។