សណ្ឋាគារសុខា ភ្នំពេញ
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥
សូមជំរាបសួ ឯកឧត្តម ខៀវ កាញ៉ារីទ ភ្ញៀវកិត្តិយស អស់លោក លោកស្រី។ សូមអរគុណចំពោះការសា្វគមន៍ដ៏កក់ក្តៅ។
ខ្ញុំមានកិតិ្តយសធំធេងដោយបានចូលរួមជាមួយក្រុមហ៊ុន RMA Cambodia ក្នុងការអបអរការសម្ពោធលក់រថយន្តថ្មីស្រឡាង ម៉ាក Ford Explorer 2016 ។ តាំងពីក្រុមហ៊ុនរថយន្ត Ford ត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩០៣ មក ម៉ាកដ៏ល្បីរបស់អាមេរិកនេះបានដើរឈានមុខគេ ដោយនាំមកនូវផលិតផលបែបថ្មីដល់ពិភពលោក។ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយក្រុមហ៊ុន Ford នាំមកនូវរថយន្តប្រភេទ Ford Explorer ជាទីទុកចិត្ត និងអាចប្រើបានច្រើនយ៉ាង ចូលមកក្នុងទីផ្សាកម្ពុជា។
ដោយសារសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមានកំណើនជាបន្តបន្ទាប់នៅក្នុងរយៈពេល ១៥ឆ្នាំនេះ ប្រទេសកម្ពុជាអាចធ្វើអោយប្រជាជនខ្លួនបំពេញក្តីស្រឡាញ់របស់គេលើគំរូប្លង់និងបច្ចេកទេសទំនើបបំផុតនៃយានយន្តដែលគេបើកបរ។ យើងអាចឃើញលក្ខណៈនេះច្បាស់ នៅពេលយើងបើកបរនៅតាមផ្លូវ នៅកម្ពុជា។
នៅពេលរថយន្តម៉ាក Ford Mustang ត្រូវបានដាក់លក់ជាលើកដំបូង នៅកម្ពុជា កាលពីខែកក្កដា រថយន្តត្រូវលក់អស់ភ្លាម។ ខ្ញុំសង្ឃឹមថា នឹងមានការស្រឡាញ់ចូលចិត្តចំពោះរថយន្ត Ford Explorer ដូចគ្នានេះដែរ។ តំរូវការលើផលិតផលអាមេរិកគឺជាឱកាសមួយសំរាប់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ខ្ញុំសូមអបអរសាទរចំពោះក្រុមហ៊ុន RMA Cambodia ដែលបានដើរតួនាទីយ៉ាងធំ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរ។ ការទាក់ទងគ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជំរុញអោយមានការងារធ្វើនៅក្នុងប្រទេសទាំងពីរ និងស្ថិរភាព ហើយលើកកំពស់ជីវិតរស់នៅរបស់ប្រជាជនសាមញ្ញ។
នៅឆ្នាំ១៩១៣ លោក Henry Ford បានបង្កើតអោយមានរោងចក្រដំឡើងរថយន្តលើកដំបូងនៅក្នុងពិភពលោក ហើយបានធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំង លើវិធីផលិតដុំ។ គំនិតថ្មីៗរបស់លោកបានធ្វើអោយមុខមាត់នៃរោងចក្រផលិតមានការប្រែប្រួល ដែលជាឥទ្ធិពលមួយដែលមានរហូតមកដល់សព្វថ្ងៃនេះ នៅជុំវិញពិភពលោក ដោយរួមទាំងប្រទេសកម្ពុជាផងដែរ។ យើងថែមទាំងចង់ជួយដល់ការអភិវឌ្ឍន៍ និងអនាគតនៃប្រទេសកម្ពុជា។
ខ្ញុំសូមលើកមកបង្ហាញនូវសំដីរបស់លោក Henry Ford ដែលលោកបាននិយាយថា “ការមកជុំគ្នាគឺជាការចាប់ផ្តើម។ ការនៅជុំគ្នាគឺជាដំណើរការមួយ។ ការធ្វើការជាមួយគ្នាគឺជាជោគជ័យ”។ ដើម្បីអោយប្រទេសកម្ពុជាសំរេចសក្តានុពលពេញលេញរបស់ខ្លួនបាន យើងត្រូវធ្វើការរួមគ្នា៖ ជនជាតិខ្មែរធ្វើការជាមួយគ្នា ផងជាមួយដៃគូអន្តរជាតិផង។
ដោយធ្វើការជាមួយក្រុមហ៊ុនអាមេរិក សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចពង្រីកការប្តេជ្ញាចិត្តរបស់យើង ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសកម្ពុជា។ តាងនាមអោយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ ខ្ញុំសូមអរគុណលោកអ្នកដែលគាំទ្រផលិតផលអាមេរិក។ សូមអបអរសាទរចំពោះក្រុមហ៊ុន RMA ដែលបាននាំយករថយនុ្ត Ford Explorer 2016 ចូលមកប្រទេសកម្ពុជា ហើយខ្ញុំសូមជូនពរអោយលោកអ្នកទាំងអស់ទទួលបានជោគជ័យជាបន្តទៀត។
សូមអរគុណ។